ក្រុងមែលប៊ន: កីឡាករវាយកូនបាល់ Andy Murray បានរងនូវការខកចិត្តតាមរយៈការប្រកួតក្នុងព្រឹត្តិការណ៍ Australian Open ប៉ុន្តែ រូបគេនឹងសម្លឹងរកការឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រជាលើកទី ៥ ក្នុងរយៈពេល ៧ ឆ្នាំនៅពេលដែលរូបគេជួបជាមួយនឹងកីឡាករឡើងទម្រង់លេង Milos Raonic ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីនេះ។
វាបានក្លាយជាយុទ្ធនាការលំបាកមួយសម្រាប់ម្ចាស់ជើងឯកពានរង្វាន់ធំពីរសម័យកាលរូបនេះ ដែលស្ទើរតែបានដកខ្លួនចេញនៅពេលដែលឪពុកក្មេករបស់គេ និងជាគ្រូគឺលោក Nigel Sears បានដួលនៅលើទីលាន Rod Laver Arena កាលពីសប្តាហ៍មុន។
កីឡាករមានចំណាត់ថ្នាក់លេខ ២ Murray ដែលមិនទាន់ឈ្នះពានដើមឆ្នាំរបស់កម្មវិធី Grand Slam មួយនេះ ក៏មានការព្រួយបារម្ភពីហេតុការណ៍នៅឯផ្ទះផងដែរ ខណៈភរិយារបស់គេគឺ Kim Sears កំពុងតែមានផ្ទៃពោះជិតគ្រប់ខែជាមួយនឹងកូនដំបូងរបស់ពួកគេ។
Serena រំពឹងបង្កើតកំណត់ត្រាពេលជួប Kerber វគ្គផ្តាច់ព្រ័ត្រ
កីឡាការិនី Serena Williams បានបង្កើតការរំពឹងទុកមួយនៃការឈ្នះពាន Australian Open ជាលើកទី ៧ របស់នាងកាលពីថ្ងៃម្សិលមិញតាមរយៈការផ្តួលកីឡាការិនី Agnieszka Radwanska ខណៈដែលមានតែកីឡាការិនី Angelique Kerber ប៉ុណ្ណោះពេលនេះ ដែលជាអ្នកអាចមានសមត្ថភាពរារាំងមិនឲ្យនាងឈ្នះពាន Grand Slam ជាកំណត់ត្រារហូតដល់ ២២ លើក ក្នុងយុគសម័យកាល Open។
កីឡាការិនីមានចំណាត់ថ្នាក់លេខ ១ ប្រចាំព្រឹត្តិការណ៍រូបនេះ បានស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យ ខណៈនាងបានផ្តួល Radwanska របស់ប៉ូឡូញ ក្នុងលទ្ធផល ៦-០ និង ៦-៤ នៅលើទីលាន Rod Laver Arena។ កីឡាការិនីអាល្លឺម៉ង់ Kerber បានផ្តួលកីឡាការិនីចក្រភពអង់គ្លេស Johanna Konta ៧-៥ និង ៦-២ ដើម្បីទៅវគ្គផ្តាច់ព្រ័ត្រ៕


