កីឡាករ Dejdamrong Sor Amnuaysirichoke របស់ថៃ បានរងបរាជ័យក្នុងការប្រកួតការពារខ្សែក្រវាត់ជាលើកទីមួយរបស់គេនៅពីមុខអ្នកគាំទ្ររបស់ខ្លួនកាលពីថ្ងៃសុក្រ នៅពេលរូបគេចាញ់កីឡាករជប៉ុន Yoshitaka “Nobita” Naito ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោករបស់ ONE ក្នុងទម្ងន់ ៥២ គីឡូក្រាមនៃព្រឹត្តិការណ៍ ONE: KINGDOM OF CHAMPIONS នៅសង្វៀន Impact Arena ក្នុងទីក្រុងបាងកក។
ជាមួយនឹងកំណត់ត្រាឈ្នះ ១០ លើកពី ១០ ប្រកួត Naito បានរក្សាកំណត់ត្រានៃការមិនស្គាល់ចាញ់របស់គេតាមរយៈការផ្តួល Dejdamrong ដោយស្នៀតក្លេបំពង់កក្នុងទឹកទី ៤ ដើម្បីឈ្នះខ្សែក្រវាត់ ONE។ ក្នុងការប្រកួតគូឯកមួយគូទៀត កីឡាករ Marat “Cobra” Gafurov បានការពារខ្សែក្រវាត់ពិភពលោករបស់ ONE ក្នុងទម្ងន់ ៦៥,៨ គីឡូក្រាមរបស់គេយ៉ាងជោគជ័យនៅពេលដែលរូបគេបានប្រើប្រាស់ស្នៀតក្លេបំពង់កដើម្បីផ្តួលកីឡាករជប៉ុន Kazunori Yokota ក្នុងទឹកទី ២ ដើម្បីរក្សាការមិនស្គាល់ចាញ់របស់គេ។
ស្របពេលជាមួយគ្នានេះ កីឡាករយុទ្ធគុនចម្រុះពីរនាក់របស់កម្ពុជា សុទ្ធសឹងបានរងបរាជ័យដោយសន្លប់ដូចគ្នាក្នុងទឹកទីមួយនាព្រឹត្តិការណ៍របស់ ONE ដែលត្រូវបានរៀបចំឡើងជាលើកទីមួយនៅលើទឹកដីរបស់ថៃមួយនេះ។ កីឡាករថៃ Yodsanan Sityodtong បានបង្ហាញពីស្នៀតប្រកួតដ៏គួរឲ្យចាប់អារម្មណ៍តាមរយៈការផ្តួលឲ្យកីឡាករខុន ស៊ីចាន់ របស់កម្ពុជា សន្លប់ដោយបច្ចេកទេសនៅក្នុងទឹកទី ១ ក្នុងការប្រកួតក្នុងទម្ងន់ ៦២ គីឡូក្រាម។
ចំណែកការប្រកួតមួយគូទៀត កីឡាករ Kritsada Konsrichai របស់ថៃ បានប្រើប្រាស់ស្នៀតទាត់ដ៏គួរឲ្យកត់សម្គាល់ដើម្បីផ្តួលឲ្យកីឡាករ Kev Hemmorlor របស់កម្ពុជា សន្លប់ដោយបច្ចេកទេស នៅត្រឹមទឹកទីមួយដូចគ្នា៕

