តុលាការប្រទេសអេស្ប៉ាញ បានបង្គាប់ឲ្យកីឡាករ Neymar ឡើងផ្តល់សក្ខីកម្មក្នុងការស៊ើបអង្កេតមួយដែលត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងផ្ទេរកីឡាកររូបនេះមកលេងនៅក្លិប FC Barcelona។
តុលាការបានប្រកាសថា ឪពុករបស់ Neymar រួមជាមួយនិងអតីតប្រធានក្លិប Barcelona លោក Sandro Rosell និង ប្រធានក្លិបបច្ចុប្បន្ន លោក Josep Bartomeu នឹងត្រូវបង្ហាញខ្លួន មុនពេលការជំនុំជម្រះក្តីមកដល់។ ខ្សែប្រយុទ្ធរបស់ប្រទេសប្រេស៊ីលរូបនេះ ត្រៀមនឹងផ្តល់សក្ខីកម្មនៅថ្ងៃទី ២ កុម្ភៈ ខាងមុខនេះ។
សូមបញ្ជាក់ថា កាលពីឆ្នាំមុន តុលាការអេស្បាញនេះបានច្រានចោលការស្នើសុំ Neymar ឲ្យលុបចោលការស៊ើបអង្កេតជុំវិញរឿងរ៉ាវមិនប្រក្រតីនេះ ប៉ុន្តែបែរជាយកពាក្យបណ្តឹងដែលក្រុមអ្នកវិនិយោគជនជាតិប្រេស៊ីល ដែលបានអះអាងថា ធ្វើឱ្យប៉ះពាល់ដល់ផ្នែក ហិរញ្ញវត្ថុរបស់ខ្លួន ខណៈពេលដែលក្លិប Barcelona និង Neymar រងការចោទប្រកាន់ថា បានកាត់ទុក ចំនួនទឹកប្រាក់ពិតប្រាកដនៃតម្លៃខ្លួនផ្ទេរកីឡាករនេះពីក្លិបក្នុងប្រទេស ប្រេស៊ីល Santos កាលពីឆ្នាំ ២០១៣។
ពាក្យបណ្តឹងដែលធ្វើឡើងកាលពីខែ មិថុនា ដោយក្រុមអ្នកវិយោគិន DIS បានកត់ឈ្មោះ Neymar, ឪពុករបស់គេ និងក្លិប FC Barcelona ជាជនជាប់ចោទរួមជាមួយលោក Rosell និង លោក Bartumeu ផងដែរ៕


