ភ្នំពេញ: ការប្រកួតជម្រុះស្វែងរកជើងឯករបស់សហព័ន្ធកីឡាហុកគីកម្ពុជាដែលមានឈ្មោះថា 1st Women Hockey Championship ដែលចំណាយរយៈពេលប្រកួតចំនួន ៥ ថ្ងៃនោះ បានបិទបញ្ចប់កាលពីព្រឹកថ្ងៃអាទិត្យ ដើម្បីបន្តទៅចូលរួមប្រកួតនៅប្រទេសថៃ ក្នុងព្រឹត្តិការណ៍កីឡាហុកគីនារីអាស៊ានលើកទី ៤ នៅរាជធានីបាងកក ដែលមាន ៦ ប្រទេសចូលរួម។
ក្នុងការប្រកួតកាលពីម្សិលមិញ ក្រុមកម្ពុជាដែលឈ្នះ គឺក្រុមមកពីខេត្តពោធិ៍សាត់ ប៉ុន្តែ ក្រុមដែលត្រូវបានជ្រើសរើសទៅចូលរួមប្រកួតនៅប្រទេសថៃនោះ ត្រូវបានជ្រើសរើសចេញពីសមាជិកក្រុមរបស់ខេត្តពោធិ៍សាត់ ខេត្តកណ្តាល ភ្នំពេញ ស្ទឹងមានជ័យ និង PSE។
លោករ៉ាណា គ្រូបង្វឹកកីឡាហុកគីកម្ពុជា សញ្ជាតិប៉ាគីស្ថាន ដែលជាស្ថាបនិកប្រឹងប្រែងបង្កើតកីឡាហុកគីកម្ពុជា ឲ្យមានសកម្មភាពដំណើរការ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «យើងជ្រើសរើសបានក្រុមកម្ពុជាដើម្បីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានហុកគីនារីលើកទី ៤ នៅប្រទេសថៃ ដោយចេញដំណើរនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៦ នេះ ដើម្បីទៅហ្វឹកហាត់បន្ថែមមុននឹងចូលប្រកួតចាប់ពីថ្ងៃ ទី ១ ដល់ទី ៩ ខែតុលា ឆ្នាំ ២០១៦»។
លោកបានបន្តថា៖ «នេះជាព្រឹត្តិការណ៍ប្រកួតមួយដែលទាក់ទាញ ហើយក៏ជាលើកទី ៤ ដែលមាន ៨ ប្រទេសចូលរួម។ កម្ពុជា ស្ថិតនៅក្នុងពូលមួយដែលមានកម្ពុជា ហុងហុង សិង្ហបុរី និងឥណ្ឌូនេស៊ី ខណៈដែលពូលមួយទៀតមានថៃ ចិនតៃប៉ិ ប៉ាគីស្ថាន និងអ៊ូសបេគីស្ថាន»។
លោករ៉ាណា បានបន្ថែមថា៖ «កីឡាហុកគីកម្ពុជាដែលមានលោកវ៉ាត់ ចំរើន ជាប្រធានផងនោះ បានជំរុញ និងលើកទឹកចិត្តដើម្បីមានសកម្មភាពល្អដូចបច្ចុប្បន្ន។ យើងទទួលបានឱកាសចេញទៅប្រកួតលើឆាកអន្តរជាតិជាញឹកញាប់ និងទទួលបានលទ្ធផលល្អគួរឲ្យកត់សម្គាល់»។
ជាមួយគ្នានេះដែរ លោករ៉ាណា គ្រូបង្វឹកកីឡាហុកគី បានអះអាងថា សកម្មភាពកីឡាហុកគីកន្លងមកមានវិស័យឯកជនជួយឧបត្ថម្ភជាច្រើន ក្នុងនោះសហព័ន្ធកីឡាហុកគីថៃ ក៏បានជួយជ្រោមជ្រែងផងដែរ។ ទាក់ទងទៅនឹងការរំពឹងពីលទ្ធផលប្រកួតនៅថៃលើកនេះ លោករ៉ាណា បញ្ជាក់ថា លោករំពឹងទុកថា ក្រុមកីឡាហុកគីនារី នឹងទទួលបានលទ្ធផលល្អមួយជាមិនខាន៕


