ភ្នំពេញៈ ក្រុមជម្រើសជាតិអាយុក្រោម ១៩ ឆ្នាំកម្ពុជា (U19) នឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម នៅថ្ងៃសុក្រនេះ ដើម្បីទៅចូលរួមការប្រកួតពានរង្វាន់ AFF U19 Championship ឆ្នាំ ២០១៦ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១១ ដល់ទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ហើយទូរទស្សន៍ BTV នឹងធ្វើការផ្សាយបន្តផ្ទាល់ពីការប្រកួតរបស់ក្រុម U19 កម្ពុជា។
ក្រុមកីឡាករចំនួន ២៥ នាក់ ត្រូវបានសម្រិតសម្រាំងដោយគ្រូបង្គោលជនជាតិជប៉ុនលោក Ohara Kazunori ព្រមទាំងគ្រូជំនួយជនជាតិខ្មែរ និងបរទេសផ្សេងៗទៀត សម្រាប់ការត្រៀមទៅចូលរួមការប្រកួតពាន AFF U19 Championship នេះ ដោយក្នុងនោះយុជនរបស់ក្លិបភ្នំពេញក្រោន បានជាប់នៅក្នុងបញ្ជីឈ្មោះ ២៥ នាក់ចុងក្រោយនេះច្រើនជាងគេគឺរហូតដល់ ១៦ នាក់ ឯមកពីក្លិបព្រះខ័នរាជស្វាយរៀង ៣ នាក់ ក្លិបណាហ្គាវើល ៣ នាក់ ក្លិបវេស្ទើន ២ នាក់ និងក្លិបបាល់ទាត់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ១នាក់។
ប៉ុន្តែបើតាមលោក ឈូក ពិសិដ្ឋ អ្នកចាត់ការទូទៅក្រុម U19 កម្ពុជា បានប្រាប់កាលពីម្សិលមិញថា មានតែកីឡាករ ២៤ នាក់ទេ ដែលត្រូវចេញទៅប្រកួត AFF U19 Championship 2016 នៅប្រទេសវៀតណាម គឺត្រូវជម្រុះចេញ ១ នាក់ ហើយកីឡាករម្នាក់ដែលត្រូវជម្រុះចេញនោះ អាចនឹងត្រូវប្រកាសនៅថ្ងៃសុក្រនេះ គឺមុនពេលចេញដំណើរនៅ ៥:៥០។
សម្រាប់ការត្រៀមខ្លួនចេញទៅប្រកួត AFF U19 Championship នេះ ក្រុម U19 កម្ពុជា ត្រូវបានគេមើលឃើញថា មានទម្រង់លេងរីកចម្រើនគួរឲ្យគត់សម្គាល់ ខណៈលោក ស៊ុំ វណ្ណា គ្រូជំនួយក្រុមតំណាងឲ្យកម្ពុជាមួយនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ក្រុម U19 កម្ពុជា មានភាពស៊ីចង្វាក់គ្នាទាំងបច្ចេកទេស និងការបញ្ជូនបាល់ គឺសឹងតែគ្មានចំណុចខ្វះខាត សម្រាប់ការត្រៀមខ្លួនចេញទៅប្រកួតពានរង្វាន់ AFF U19 Championship នេះ។
ការលើកឡើងរបស់លោក ស៊ុំ វណ្ណា បែបនេះគឺផ្នែកទៅលើការពិនិត្យមើលការប្រកួតជាក់ស្តែងរបស់ក្រុម U19 កម្ពុជាក្នុងការប្រកួតដកស្រង់បច្ចេកទេស ៥ លើកកន្លងមក ពិសេសការយកឈ្នះលើក្រុមប៉ូលិស ២-១ នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី កាលពីថ្ងៃពុធ បន្ថែមទៅលើការឈ្នះក្រុមបឹងកេតអង្គរ ៥-០ ឈ្នះក្រុមប៉ូលិស ៣-០ ស្មើក្រុមណាហ្គាវើល ១-១ និងចាញ់ក្រុម African All Stars ២-០។
យ៉ាងណាក៏ដោយ ក្រុម U19 កម្ពុជា នឹងត្រូវប្រឈមជាមួយការប្រកួតដ៏តានតឹងបំផុត ក្នុងការប្រកួតពានរង្វាន់ AFF U19 Championship 2016នេះ ខណៈពួកគេ បានឈរនៅក្នុងពូល B ជាមួយថៃ ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងអូស្ត្រាលី នោះឯពូល A មានម្ចាស់ផ្ទះវៀតណាម ម៉ាឡេស៊ីទីម័រខាងកើត សិង្ហបុរី និងប្រទេសហ្វីលីពីន៕


