ក្រុងប៊ែរឡាំង: ខ្សែបម្រើប្រយុទ្ធ Arjen Robben កំពុងតែទាមទារឲ្យក្រុមរបស់ខ្លួនបង្ហាញពីភាពខ្លាំង នៅពេលដែល Bayern Munich ចាប់ផ្តើមការប្រមាញ់រកការឈ្នះពានជាលើកទីជាប់ៗគ្នារបស់ពួកគេនៅលើទឹកដីក្រុម Freiburg នៅរាត្រីនេះ ខណៈដែលក្របខ័ណ្ឌ Bundesliga នឹងចាប់ផ្តើមដំណើរការឡើងវិញ ក្រោយពីការសម្រាកនារដូវរងា។
ក្របខ័ណ្ឌរបស់អាល្លឺម៉ង់ នឹងត្រូវចាប់ផ្តើមដំណើរការឡើងវិញ ក្រោយពីការសម្រាករយៈពេល ៤ សប្តាហ៍ ខណៈដែលក្រុម Bayern កំពុងនាំមុខ ៣ ពិន្ទុលើគូប្រជែងដ៏ប្រកៀកបំផុតគឺ RB Leipzig ដែលបានធ្វើឲ្យក្រុម Bayern ស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ អស់រយៈពេល ៣ សប្តាហ៍ រហូតដល់ដើមខែធ្នូ។
ក្រុម Bayern បានផ្តួលក្រុម Leipzig ក្នុងលទ្ធផល ៣-០ ក្នុងទីក្រុង Munich នៅពេលដែលក្រុមទាំងពីរជួបគ្នានៅមុនពេលថ្ងៃបុណ្យណូអែល ប៉ុន្តែ បច្ចុប្បន្ន Robben ចង់ឲ្យមានការបង្ហាញពីទម្រង់លេងដ៏រឹងមាំមួយផ្សេងទៀត នៅកីឡដ្ឋាន Schwarzwald Stadion របស់ក្រុម Freiburg ដែលជាកន្លែងលំបាកសម្រាប់ក្រុមខ្លាំងៗក្នុងការយកឈ្នះ។
ក្រុម Freiburg មិនស្គាល់ចាញ់សោះក្នុងការប្រកួតលីកបួនលើកចុងក្រោយរបស់ពួកគេ និងបានឈ្នះ ៥ លើកក្នុងចំណោមការប្រកួតលើទឹកដីខ្លួនឯង ៧ លើកចុងក្រោយរបស់ពួកគេ នៅរដូវកាលនេះ។
Robben បានឲ្យដឹងថា៖ «ការរំពឹងទុកផ្សេងៗពិតជាធំ។ យើងគ្រាន់តែចង់ឈ្នះការប្រកួតទី១របស់យើង និងបង្កើតការចាប់អារម្មណ៍។ យើងចង់បានភាពខ្លាំងរបស់របស់យើង ហើយខ្ញុំជឿជាក់ថា យើងធ្វើបានកាន់តែល្អប្រសើរ ប៉ុន្តែ ការនិយាយគ្មានន័យអ្វីឡើយ ហេតុនេះ យើងត្រូវតែបង្ហាញពីភាពខ្លាំងរបស់យើង»។
Robben នឹងឈានចូលវ័យ ៣៣ ឆ្នាំនៅថ្ងៃចន្ទ ហើយក្រោយពីបានចុះហត្ថលេខាបន្តកុងត្រារយ់ពេល ១ ឆ្នាំរហូតដល់ឆ្នាំ ២០១៨ កីឡាកររូបនេះបាននិយាយថា រូបគេចង់ជួបរយៈពេល ១៨ ខែចុងក្រោយដ៏រីករាយនៅឯក្លិប Bayern មុនពេលសម្រេចពីអនាគតរបស់គេ។
ក្រោយពីបានរងបរាជ័យក្រោមស្នាដៃក្រុម Bayern ក្រុមឈរលេខ ២ Leipzig ចាំបាច់ត្រូវតែវិលទៅកាន់ផ្លូវនៃជ័យជម្នះវិញនៅថ្ងៃសៅរ៍ ស្អែកនេះ នៅពេលជួបជាមួយនឹងក្រុមស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ Eintracht Frankfurt ដែលក៏ជាក្រុមបានបង្ហាញពីភាពខ្លាំងនៅរដូវកាលនេះផងដែរ។
Frankfurt បានរក្សាវត្តមានរបស់ពួកគេក្នុងក្របខ័ណ្ឌ Bundesliga កាលពីរដូវកាលមុន តាមរយៈការដណ្តើមបានជ័យជម្នះក្នុងការប្រកួតវគ្គ Playoff ដើម្បីកាត់សេចក្តីថា ក្រុមណាទៅលេងក្នុងក្របខ័ណ្ឌកំពូល និងក្រុមណាត្រូវធ្លាក់ចេញ។
ប៉ុន្តែ ក្រុមរបស់លោក Niko Kovac បានស្ថិតក្នុងទម្រង់លេងយ៉ាងមុតស្រួចនៅរដូវកាលនេះ ខណៈដែលខ្សែបម្រើ Marco Fabian បានស៊ុតបាល់បញ្ចូលទី ៣ គ្រាប់ និងបានជួយឲ្យមិត្តរួមក្រុមរកបាន ៤ គ្រាប់ផ្សេងទៀតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ខ្សែការពាររបស់ពួកគេបានបណ្តោយឲ្យមានគ្រាប់បាល់ចូលទីតែ ១២ គ្រាប់គត់ ដែលជាកំណត់ត្រាដ៏ល្អលំដាប់ទី ២ ក្នុងការប្រកួតក្របខ័ណ្ឌលីក បន្ទាប់ពីក្រុម Bayern៕


