ក្រុងលីវើភូល: លោក Roberto Martinez អ្នកចាត់ការទូទៅរបស់ Everton នឹងដឹកនាំក្រុមរបស់លោកក្នុងការធ្វើដំណើរដ៏ខ្លីទៅកាន់កីឡដ្ឋាន Anfield ដោយមានបំណងដណ្តើមយកភាពរីករាយក្នុងការប្រកួតក្នុងតំបន់ Merseyside តែមួយជាមួយនឹងក្រុម Liverpool នៅរាត្រីនេះ។
លោក Martinez ក៏នឹងត្រូវដឹកនាំក្រុមរបស់លោកក្នុងការប្រកួតពាន FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Manchester United នៅថ្ងៃសៅរ៍ ខាងមុខនេះផងដែរ ខណៈក្រុមទូកក្តោងមួយនេះសម្លឹងរកការឈ្នះពានរង្វាន់ដ៏ធំជាលើកទី ១ ក្នុងរយៈពេល ២១ ឆ្នាំ ប៉ុន្តែ វានៅតែមិនទាន់មានការជឿជាក់ខ្ពស់ខ្លាំងជាមួយនឹងរជ្ជកាលរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះក្នុងចំណោមអ្នកគាំទ្រជាច្រើននៅឡើយទេ។
ការបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ កាលពីចុងសប្តាហ៍មុនជាមួយនឹងក្រុម Southampton មានន័យថា ក្រុម Everton បានឈ្នះត្រឹមតែ ១៧ ពិន្ទុគត់ក្នុងចំណោមពិន្ទុសរុប ៥១ ពិន្ទុនៅកីឡដ្ឋាន Goodison Park នៅរដូវកាលនេះ ហើយការស្ថិតក្នុងចំណាត់ថ្នាក់លេខ ១១ នៅលើតារាងលីកនាពេលបច្ចុប្បន្ន ហាក់បង្ហាញពីការខ្វះនូវទេពកោសល្យក្នុងក្រុមរបស់ពួកគេ។
ប៉ុន្តែ លោក Martinez បានច្រានចោលលើការលើកឡើងពីសម្ពាធផ្សេងៗក្នុងតួនាទីរបស់លោក តាមរយៈការលើកឡើងទាក់ទងនឹងអេស្ប៉ាញ ដែលជាប្រទេសកំណើតរបស់លោក។
គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «វាមាននូវសប្តាហ៍ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនសម្រាប់ក្រុមផ្សេងៗក្នុងកីឡាបាល់ទាត់ពិភពលោក។ Barcelona បានជួបសប្តាហ៍ខកចិត្តតែមួយគត់ដែលនៅពេលនោះពួកគេបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League»។
លោក Martinez បានប្រាប់បន្តទៀតថា៖ «ពិតណាស់ សប្តាហ៍នេះពិតជាដ៏មានន័យ ប៉ុន្តែ យើងនឹងផ្តោតអារម្មណ៍ និងសម្លឹងឆ្ពោះទៅមុខ។ ខ្ញុំតែងតែនិយាយថា បាល់ទាត់មិនមែនអាស្រ័យលើអ្នកចាត់ការទូទៅឡើយ។ ការងាររបស់ខ្ញុំគឺអនុញ្ញាតឲ្យកីឡាកររបស់ខ្ញុំរីករាយជាមួយនឹងបាល់ទាត់ រីករាយនឹងឱកាសនៅពីមុខពួកគេ និងធ្វើឲ្យល្អតាមដែលអាច»។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបន្ថែមទៀតថា៖ «បន្ទាប់មក យើងនឹងរង់ចាំមើលថា យើងស្ថិតនៅទីតាំងណា? វានឹងកំណត់សម្រាប់រដូវកាលនេះ។ រាល់ក្រុមទាំងអស់មានសប្តាហ៍ដ៏ជាក់លាក់មួយ»។
Everton មិនបានប្រើប្រាស់ខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេ Romelu Lukaku និងខ្សែបម្រើអន្តរជាតិអង់គ្លេស Ross Barkley នៅពេលប្រកួតជាមួយនឹងក្រុម Southampton ឡើយ។
ប៉ុន្តែ កីឡាករទាំងពីររូបនេះអាចនឹងវិលចូលលេងវិញនៅលើទឹកដីក្រុម Liverpool រួមជាមួយនឹង James McCarthy ដែលនឹងវិលពីការជាប់ពិន័យព្យួរមួយប្រកួត។
ប៉ុន្តែ ខ្សែបម្រើ Seamus Coleman នឹងត្រូវអវត្តមានដោយសារតែរបួសសរសៃពួរគន្លាក់ជើង ដែលក៏អាចធ្វើឲ្យរូបគេអវត្តមានក្នុងការប្រកួតពាន FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕


