ពូល E Bayer Leverkusen v Barcelona
ក្រុម Bayer Leverkusen ចាំបាច់ត្រូវតែយកឈ្នះលើក្រុមលេខ ១ ក្នុងពូល Barcelona ដើម្បីទទួលបានឱកាសមួយក្នុងការឈានទៅវគ្គ ១៦ ក្រុមចុងក្រោយ។ បន្ទាប់មក ក្រុមរបស់អាល្លឺម៉ង់មួយនេះក៏នៅតែត្រូវការឲ្យក្រុម Roma បាត់បង់ពិន្ទុនៅពេលជួបជាមួយនឹងក្រុម BATE Borisov ក្នុងការប្រកួតមួយគូទៀតក្នុងពូលនេះដើម្បីឈានទៅវគ្គបន្ដ។
ទម្រង់លេងនាពេលបច្ចុប្បន្នរបស់ក្រុម Leverkusen ពិតជាអន់ ខណៈពួកគេបានរងបរាជ័យ ២-១ នៅលើទឹកដីក្រុម Hertha Berlin កាលពីចុងសប្តាហ៍មុន ដើម្បីធ្វើឲ្យក្រុមរបស់លោក Roger Schmidt រកបានត្រឹមតែ ១ ពិន្ទុគត់ពីការប្រកួត ៧ លើកចុងក្រោយ។
Roma v BATE Borisov
បើទោះបីរងបរាជ័យក្នុងលទ្ធផល ៦-១ ក្រោមស្នាដៃក្រុម Barcelona កាលពី ២ សប្តាហ៍មុនក៏ដោយ ប៉ុន្តែ Roma នៅតែស្ថិតក្នុងទីតាំងក្នុងការបញ្ចប់ចំណាត់ថ្នាក់លេខ ២ ក្នុងពូល E។
ក្រុមរបស់លោក Rudi Garcia មាន ៥ ពិន្ទុស្មើគ្នាជាមួយនឹងក្រុម Bayer Leverkusen ប៉ុន្តែ មានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង ដែលមានន័យថា ការទទួលជ័យជម្នះលើក្រុម BATE Borisov នឹងធ្វើឲ្យក្រុមរបស់អ៊ីតាលីមួយនេះ ឈានទៅវគ្គបន្ដ ។
Roma បានបណ្តោយឲ្យមានគ្រាប់បាល់ប៉េណាល់ទីនៅជិតបញ្ចប់ការប្រកួតក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ កាលពីថ្ងៃសៅរ៍នៅលើទឹកដី Torino ដែលបានធ្វើឲ្យពួកគេដេញតាមពីក្រោយក្រុមឈរលេខ ១ Inter Milan រហូតដល់ ៥ ពិន្ទុ។
ពូល F Dinamo Zagreb v Bayern Munich
វានៅមានក្តីសង្ឃឹមស្តួចស្តើងមួយក្នុងការប្រកួតថ្ងៃចុងក្រោយរបស់ក្រុម Dinamo Zagreb នៅពេលប្រកួតជាមួយនឹងក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់ Bayern Munich ប៉ុន្តែ ក្រុមរបស់ក្រូអាស៊ីមួយនេះ គួរតែត្រៀមលក្ខណៈរបស់ខ្លួនរួចរាល់សម្រាប់ជួបក្រុមខ្លាំង Bayern ដែលទើបតែរងបរាជ័យ ៣-១ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Borussia Moenchengladbach។
ការរងបរាជ័យនេះ គឺជាបរាជ័យជាលើកទី ១ របស់ Bayern ក្នុងក្របខ័ណ្ឌ Bundesliga នារដូវកាលនេះ បើទោះបីលោក Pep Guardiola បានស្វាមន៍ Franck Ribery ត្រឡប់ពីរបួសរយៈពេល ៩ ខែក៏ដោយ។
ក្រុម Zagreb ដែលបានរងបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០ ក្នុងទីក្រុង Munich នឹងសង្ឃឹមថា បញ្ចប់យុទ្ធនាការរបស់ពួកគេជាមួយនឹងលទ្ធផលដ៏ល្អ ក្រោយពីការរងបរាជ័យបួនលើកជាប់ៗគ្នាបានធ្វើឲ្យពួកគេឈរនៅបាតតារាងនៃពូល។
Olympiakos v Arsenal
ក្តីសង្ឃឹមនៃការឈានទៅវគ្គបន្តរបស់ក្រុម Arsenal កំពុងតែស្រពេចស្រពិល ខណៈដែលក្រុមកាំភ្លើងធំមួយនេះដឹងថា ពួកគេត្រូវតែផ្តួលក្រុម Olympiakos តាមរយៈគ្រាប់បាល់ ២ គ្រាប់ ឬ ៣ គ្រាប់ ក្នុងការទម្លាក់ឲ្យក្រុមរបស់ក្រិកមួយនេះធ្លាក់ចេញពីលេខ ២។
ក្រុមរបស់លោក Arsene Wenger នឹងប្រមាញ់រកការឈ្នះកៅអីទៅវគ្គ ១៦ ក្រុមចុងក្រោយក្នុងរដូវកាលទី ១៦ ជាប់ៗគ្នា ប៉ុន្តែ បញ្ហារបួសនៅតែកើនឡើងសម្រាប់ក្លិបយក្សរបស់ក្របខ័ណ្ឌ Premier League មួយនេះ ខណៈដែលខ្សែបម្រើ Santi Cazorla ត្រូវអវត្តមានរហូតដល់ទៅ ៤ ខែដោយសាររបួសជង្គង់។
ពូល G Dynamo Kiev v Maccabi Tel-Aviv
ការទទួលជ័យជម្នះដ៏មិននឹកស្មានដល់របស់ក្រុម Dynamo Kiev ក្នុងប្រទេសព័រទុយហ្គាល់ កាលពី ២ សប្តាហ៍មុន មានន័យថា ក្រុមរបស់អ៊ុយក្រែនមួយនេះអាចនឹងឈានទៅវគ្គ ១៦ ក្រុមចុងក្រោយជាលើកទី ១ បើគិតចាប់តាំងពីរដូវកាលឆ្នាំ ១៩៩៩-២០០០ ជាមួយនឹងការទទួលជ័យជម្នះមួយលើក្រុម Maccabi Tel-Aviv។
Dynamo ក៏អាចបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១ ផងដែរ ប្រសិនបើក្រុម Chelsea និង Porto បញ្ចប់ក្នុងលទ្ធផលស្មើ។ ក្នុងការប្រកួតលីកក្នុងស្រុក ក្រុម Dynamo បានឈានទៅកាន់ថ្ងៃសម្រាកនារដូវរងាក្នុងប្រទេសអ៊ុយក្រែនដោយស្មើពិន្ទុជាមួយនឹងក្រុមឈរលេខ ១ Shakhtar Donetsk ក្រោយពីផ្តួលក្រុម Metalurh Zaporizhya ៦-០។
Chelsea v Porto
សម្ពាធគឺកំពុងតែស្ថិតនៅលើលោក Jose Mourinho និងកីឡាកររបស់ក្រុម Chelsea របស់លោកក្នុងការគេចឲ្យផុតពីការធ្លាក់ចេញក្នុងក្របខ័ណ្ឌអឺរ៉ុប ក្រោយពីក្រុមតោខៀវមួយនេះបានរងបរាជ័យ ១-០ ក្នុងផ្ទះខ្លួនឯងនៅពេលប្រកួតជាមួយនឹងក្រុម Bournemouth កាលពីចុងសប្តាហ៍ដែលបានធ្វើឲ្យពួកគេនាំមុខត្រឹមតែ ២ ពិន្ទុគត់ពីលើតំបន់កាត់ចោល។
Chelsea នឹងឈានទៅកាន់ការប្រកួតតាមពូលចុងក្រោយនេះដោយការឈរលេខ ១ ក្នុងដោយមាន ១០ ពិន្ទុស្មើជាមួយ Porto និងឈានទៅកាន់ទៅវគ្គបន្តក្នុងនាមជាក្រុមឈរលេខ ១ ក្នុងពូល ប្រសិនបើឈ្នះ ខណៈដែលលទ្ធផលស្មើក៏ធ្វើឲ្យពួកគេទៅវគ្គបន្តផងដែរ។
ពូល H Valencia v Lyon
លោក Gary Neville គ្រូបង្វឹកថ្មីរបស់ក្លិប Valencia នឹងមានពេលវេលាតិចតួចណាស់ក្នុងការដោះស្រាយបញ្ហាក្នុងតួនាទីថ្មីរបស់លោក ខណៈក្រុមរបស់អេស្ប៉ាញមួយនេះត្រូវតែផ្តួលក្រុម Lyon ដើម្បីទទួលបានឱកាសក្នុងការឡើងឈរពីលើក្រុម Gent ក្នុងចំណាត់ថ្នាក់លេខ ២។
លោក Neville អតីតខ្សែការពាររបស់ក្រុមអង់គ្លេស និងក្លិប Manchester United បានរៀបចំវគ្គហ្វឹកហាត់ជាលើកទី ១ របស់លោកកាលពីថ្ងៃចន្ទ ពោលគឺរយៈពេល ២ ថ្ងៃបន្ទាប់ពី Valencia បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹង Barcelona ក្នុងក្របខ័ណ្ឌ La Liga និងពួកគេមិនត្រូវធ្វើឲ្យមានកំហុសឡើយនៅពេលប្រកួតជាមួយនឹងក្រុមធ្លាក់ ទម្រង់លេង Lyon។
Gent v Zenit Saint Petersburg
ក្រុមម្ចាស់ជើងឯកបែលហ្ស៊ិក អាចនឹងឈ្នះកៅអីរបស់ពួកគេក្នុងវគ្គ ១៦ ក្រុមចុងក្រោយជាមួយនឹងការទទួលជ័យជម្នះលើក្រុមឈរលេខ ១ ក្នុងពូល Zenit ដែលមានកំណត់ត្រាយ៉ាងល្អក្នុងយុទ្ធនាការនៅឆ្នាំនេះ។
ការទទួលជ័យជម្នះជាប់ៗគ្នាលើក្រុម Valencia និង Lyon បានធ្វើឲ្យក្រុម Gent ឡើងទៅឈរលេខ ២ ហើយពួកគេនឹងបន្តដំណើរប្រកួតក្នុងក្របខ័ណ្ឌ Champions League របស់ពួកគេប្រសិនបើពួកគេរកបានលទ្ធផលល្អជាងលទ្ធផលរបស់ក្រុម Valencia និង Lyon។
ការប្រកួតទាំងអស់នឹងចាប់ផ្តើមនៅម៉ោង ២:៤៥ ទៀបភ្លឺ ម៉ោងនៅកម្ពុជា៕


