ភ្នំពេញ: ព្រឹត្តិការណ៍ National League ដែលជាកម្មវិធីប្រកួតកីឡាបាល់ទាត់ទើបបង្កើតថ្មីសម្រាប់ក្រុមជម្រើសជាតិប្រចាំតំបន់អឺរ៉ុប នឹងចាប់ផ្តើមឆ្នាំទី ១ របស់ខ្លួន នៅរាត្រីនេះ នៅពេលដែល League D ដែលប្រជុំដោយក្រុមមានចំណាត់ថ្នាក់ទាប និងមិនសូវខ្លាំងរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប ហៅកាត់ថា UEFA ចាប់ផ្តើមដំណើរការប្រកួតរបស់ខ្លួន។
យុទ្ធនាការថ្មីនេះ ដែលត្រូវបានរៀបចំឡើងសម្រាប់ប្រទេសជាសមាជិកទាំង ៥៥ របស់ UEFA នោះ ត្រូវបានបែងចែកចេញជា ៤ League ចាប់ពី A ដល់ D ដោយក្នុង ១ លីក មាន ៤ ពូល។ ព្រឹត្តិការណ៍ ដែលជាយុទ្ធនាការរយៈពេល ២ ឆ្នាំម្តងមួយនេះ នឹងត្រូវចាប់ផ្តើមការប្រកួតរបស់ខ្លួនចាប់ពីខែកញ្ញានេះ រហូតដល់ខែវិច្ឆិកា មុននឹងឈានទៅដល់ជុំផ្តាច់ព្រ័ត្ររបស់ខ្លួន នៅខែកក្កដា។
League A ដែលប្រជុំដោយក្រុមខ្លាំងៗ និងមានចំណាត់ថ្នាក់ខ្ពស់ប្រចាំអឺរ៉ុបនោះ មាន ១២ ក្រុម League B មាន ១២ ក្រុម ខណៈដែល League C និង Leaue D មាន ១៥ និង ១៦ ក្រុមរៀងៗខ្លួន។
ទោះបីជាយ៉ាងណា មានតែក្រុមក្នុង League A ប៉ុណ្ណោះ មានឱកាសប្រជែងគ្នាដើម្បីក្លាយជាម្ចាស់ជើងឯក National League ខណៈដែលក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១ នៃពូលនីមួយៗក្នុងលីកកំពូលនេះ នឹងមានសិទ្ធិឈានទៅប្រកួតជុំផ្តាច់ព្រ័ត្រ ខណៈដែលវាក៏មានការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ការប្រកួតដណ្តើមលេខ ៣ និងវគ្គផ្តាច់ព្រ័ត្រផងដែរ។
សម្រាប់លីក ៣ ផ្សេងទៀត ក្រុមជម្រើសជាតិទាំងអស់ ដែលនឹងត្រូវលេងការប្រកួត ៤ ឬ ៦ លើកក្នុងពូលរបស់ខ្លួននេះ នឹងត្រូវធ្វើការប្រកួតដើម្បីបានឱកាស ឬឈ្នះសិទ្ធិឡើងទៅកាន់លីក កាន់តែខ្ពស់ ឬក៏ត្រូវកាត់ចេញ។
ក្នុងលីកនីមួយៗ ក្រុមឈរលេខ ១ ក្នុងពូលទាំង ៤ ក្រុម លើកលែកតែ League A ប៉ុណ្ណោះ នឹងឈ្នះសិទ្ធិឈានទៅកាន់លីកកាន់តែខ្ពស់ ខណៈក្រុមស្ថិតក្នុងចំណាត់ថ្នាក់ទាបជាងគេ នឹងត្រូវកាត់ចេញ លើកលែកតែលីក D៕
កម្មវិធីប្រកួតនៅរាត្រីនេះ
កាហ្សាក់ស្ថាន v ហ្សកហ្ស៊ី – ១០ យប់
អាមេនី v លិចតិនស្តាញ – ១១ យប់
អាល្លឺម៉ង់ v បារាំង -១ :៤៥ ទៀបភ្លឺ
សា.ឆែក v អ៊ុយក្រែន – ១:៤៥ ទៀបភ្លឺ
វេលស៍ v អៀរឡង់ – ១:៤៥ ទៀបភ្លឺ
ន័រវែស v ស៊ីប -១:៤៥ ទៀបភ្លឺ
ស្លូវេនី v ប៊ុលហ្គារី – ១:៤៥ ទឿបភ្លឺ
ហ្ស៊ីប្រាល់តា v ម៉ាសេដ្វាន – ១:៤៥ ទៀបភ្លឺ
ឡេតូនី v អង់ដូរ៉ា -១:៤៥ ទៀបភ្លឺ


