
ភ្នំពេញ: ONE Fighting Championship (ONE FC) ដែលជាក្រុមហ៊ុនរៀបចំការប្រកួតសិល្បៈក្បាច់គុនចម្រុះនាំមុខគេប្រចាំទ្វីបអាស៊ីនោះ បានប្រកាសពីឈ្មោះកីឡាករដែលត្រូវប្រកួតចំនួន៥គូកាលពីថ្ងៃម្សិលមិញសម្រាប់ព្រឹត្តិការណ៍ប្រដាល់ ONE FC: Kings & Champions របស់ខ្លួននៅថ្ងៃទី៥ ខែមេសា ដើម្បីបង្ហាញពីការវិលត្រឡប់ដ៏គួរឲ្យចាប់អារម្មណ៍ទៅ កាន់សង្វៀន Singapore Indoor Stadium។
កីឡាករប្រដាល់ Ronald Low របស់សិង្ហបុរី នឹងធ្វើការបង្ហាញខ្លួនជាលើកទី១របស់គេក្នុងព្រឹត្តិការណ៍ ONE FC នៅ ពេលប្រកួតជាមួយនឹងកីឡាករ Chen Yun Ting របស់ម៉ាឡេស៊ី ក្នុងកម្មវិធីនេះ ខណៈ Jake Butler សញ្ជាតិអាមេរិក ដែលជាកីឡាករប្រដាល់ក្នុងកម្មវិធី NCAA Division I Wrestler និងដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Princeton នោះ នឹងត្រូវជួបជាមួយកីឡាករ Nuur Muhammad របស់ឥណ្ឌា។
អ្នកប្រយុទ្ធមកពីរុស្ស៊ី Yusup Saadulaev នឹងត្រូវឡើងសង្វៀនប្រកួតជាមួយនឹង Leandro Issa របស់ប្រេស៊ីលនៅក្នុងទម្ងន់ស្រាល (ទម្ងន់ចាប់ពី៥៦,៦ ទៅ ៦១,៧គីឡូក្រាម) ខណៈកីឡាករ Rene S. Catalan របស់ហ្វីលីពីន ដែលជាម្ចាស់ជើងឯកកីឡាវ៉ូស៊ូពិភពលោក និងជាអតីតម្ចាស់មេដាយមាសព្រឹត្តិការណ៍អាស៊ីហ្គេម និងស៊ីហ្គេម នឹងជួបជាមួយ Alex Silva ដែលជាម្ចាស់ជើងឯកកីឡា Jiu-Jitsu ពិភពលោករបស់ប្រេស៊ីល។
នៅក្នុងខណៈនោះផងដែរ កីឡាករប្រដាល់សិល្បៈក្បាច់គុនចម្រុះ Bashir Ahmad របស់ប៉ាគីស្ថាន នឹងត្រូវជួបប្រកួតជាមួយនឹងកីឡាករ Shannon Wiratchai របស់ថៃ។
លោក Victor Cui នាយកប្រតិបត្តិរបស់ ONE FC បាននិយាយថា៖ «ការប្រដាល់ទាំង៥គូដែលត្រូវបានបន្ថែមនៅថ្ងៃនេះ សុទ្ធសឹងជាអ្នកប្រដាល់កំពូលៗរបស់អាស៊ីដើម្បីធានាថា ការប្រកួតលើកនេះ ពោរពេញទៅដោយគូដ៏រំភើបចាប់តាំងពីកំពូលរហូតដល់ក្រោម»។ អ្នកដែលសេ្នហាវិស័យកីឡាប្រដាល់ជិត១២,០០០នាក់ នឹងប្រមូលផ្តុំគ្នានៅឯសង្វៀន Singapore Indoor Stadium ដើម្បីធ្វើឲ្យវាក្លាយជាការប្រដាល់ដ៏ធំបំផុតនៅក្នុងទ្វីបអាស៊ីនៅឆ្នាំនេះ»។
ការរៀបចំការប្រកួតជាលើកទី១នៅពេលរាត្រីមួយនេះ នឹងធ្វើឲ្យការប្រកួតប្រជែងផ្នែកកីឡានេះរវាងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី មានជីវិតឡើងវិញ ខណៈ Low ដែលមិនធ្លាប់ស្គាល់បរាជ័យសោះក្នុងអាជីពកីឡាមួយថៃ និងសិល្បៈក្បាច់គុនចម្រុះរបស់គេ ត្រូវជួបជាមួយ Chen ដែលបានធ្វើការហ្វឹកហាត់នៅឯ Muayfit រួមជាមួយនឹងកីឡាកររបស់ ONE FC ផ្សេងទៀតដូចជា Peter Davis, Eric Kelly និង Arnaud Lepont។
កីឡាករជំនាញផ្នែកបោកចំបាប់ Butler របស់អាមេរិក នឹងវិលទៅប្រកួតវិញ ក្រោយពីការបង្ហាញខ្លួនជាលើកទី១របស់គេក្នុង ONE FC ប្រកបដោយភាពជោគជ័យកាលពីខែមុននៅក្នុងប្រទេសម៉ាឡេស៊ី នៅពេលរូបគេប្រកួតជាមួយនឹងកីឡាករ Muhammad សញ្ជាតិបេហ្គាល់ ដែលជាម្ចាស់ជើងឯកនៅក្នុងសិល្បៈក្បាច់គុនចម្រុះនេះ។
ការប្រកួតដ៏សំខាន់នេះ នឹងចាប់ផ្តើមការប្រកួតគូបើកឆាករបស់ខ្លួនជាមួយនឹងជំនួបរវាងកីឡាករ Ahmad របស់ប៉ាគីស្ថាន ដែលបង្ហាញខ្លួនជាលើកទី១ក្នុង ONE FC និងកីឡាករ Shannon Wiratchai របស់ថៃ។ កីឡាករប្រដាល់ទាំងពីរសុទ្ធសឹងមានកំណត់ត្រាមិនស្គាល់ចាញ់ដូចគ្នា ប៉ុន្តែមានតែកីឡាករតែម្នាក់ប៉ុណ្ណោះនឹងចាកចេញជាមួយនឹងការទទួលជ័យជម្នះរបស់គេ៕ IS


