ភ្នំពេញ: ការផ្តល់រង្វាន់ជាច្រើនមជ្ឈដ្ឋាន និងការសុំថត ឬកុងត្រាថតផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនមួយចំនួននៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេចំពោះកីឡាការិនីស៊ន សៀវម៉ី ដែលជួយឲ្យកម្ពុជាឈ្នះមេដាយមាសកម្រិតអាស៊ីជាលើកទី១ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
បន្ថែមជាងនេះទៅទៀត កាលពីល្ងាចថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០១៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ស៊ន សៀវម៉ី ត្រូវបានតែងតាំងជាអគ្គរាជទូតសុច្ឆន្ទៈឯកសិទិ្ធក្រុមហ៊ុនសែលកាតក្រោមអធិបតីភាពរបស់លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC និងលោកអៀន វ៉ាន់សុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត។
លោកថោង ខុន បានឲ្យដឹងថា៖ «ស៊ន សៀវម៉ី ដែលដណ្តើមបានមេដាយមាស ជាវីរភាពសម្រាប់ជាតិយើងទាំងអស់គ្នាក្នុងការនាំឲ្យប្រទេសកម្ពុជា និងវិស័យកីឡាមានកិត្តិយសដ៏ខ្ពង់ខ្ពស់ ហើយជ័យជម្នះនេះនាំឲ្យវិស័យឯកជនសស្រោកសស្រាំបានជួយឧបត្ថម្ភជាបន្តបន្ទាប់រហូតដល់ថ្ងៃនេះ»។ លោកបានបន្តថា ក្នុងនាមជាស្ថាប័នដឹកនាំកីឡា លោកសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដល់ម្ចាស់មេដាយមាស ស៊ន សៀវម៉ី។
លោកអៀន វ៉ាន់សុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានលើកឡើងថា៖ «ជ័យជម្នះរបស់ស៊ន សៀវម៉ី បានធ្វើឲ្យកម្ពុជាត្រូវបានពិភពលោកស្គាល់ និងកោតសរសើរនៅលើឆាកអន្តរជាតិ ហើយបើនិយាយពីមជ្ឈដ្ឋានស្រទាប់យុវជននៅកម្ពុជាវិញ គឺមានមោទនភាព និងនិយមគាំទ្រជាទីបំផុត ហេតុនេះក្រុមហ៊ុនសែលកាត ក៏មានសុច្ឆន្ទៈពេញចិត្តនឹងផ្តល់នូវងារជាអគ្គរាជទូតសុច្ឆន្ទៈឯកសិទិ្ធ និងបំពេញបំណងនៃការបើកសាលាគុនរបស់នាង ផងដែរ»។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ពីខ្លឹមសារនៃកិច្ចព្រមព្រៀងរវាងសៀវម៉ី និងក្រុមហ៊ុនសែលកាត ថា៖ «ក្រុមហ៊ុនផ្តល់ជូននូវការតែងតាំងជាអគ្គរាជទូតសុច្ឆន្ទៈឯកសិទ្ធិ និងទំហំទឹកប្រាក់ចំនួន២ម៉ឺនដុល្លារសម្រាប់សាងសង់អគារសាលាហ្វឹកហាត់តេក្វាន់ដូផ្ទាល់ខ្លួនដែលជាកន្លែងថ្មីមួយអាចឲ្យនាងបង្វឹកសិស្សថ្មីៗបាន។
លោកបានបន្ថែមទៀតថា៖ «បន្ថែមពីលើនេះក្រុមហ៊ុនផ្តល់ជូននូវរង្វាន់លើកទឹកចិត្តកញ្ចប់ប្រើប្រាស់សែលកាតដោយឥតគិតថ្លៃរយៈពេលមួយឆ្នាំ»។ ចំណែក ស៊ន សៀវម៉ី គ្មានអ្វីថ្លែងប្រាប់ក្រៅពីការថ្លែងអំណរគុណនោះឡើយ។
ក្រុមអ្នកយកព័ត៌មានជាច្រើនដែលចោមរោមចង់សម្ភាសកញ្ញាស៊ន សៀវម៉ី ភាគច្រើនបានត្អូញត្អែរពីការលំបាកក្នុងទំនាក់ទំនងសុំសម្ភាសជាមួយកញ្ញាផ្ទាល់ដោយមានអ្នកខ្លះលាន់មាត់ថា សៀវម៉ី ពេលនេះមានភាពរើសអើងខ្លាំង ផ្ទុយពីពេលមុនទទួលបានមេដាយ។
ជុំវិញបញ្ហានេះភ្នំពេញប៉ុស្តិ៍ព្យាយាមសុំបំភ្លឺលើបញ្ហានេះ ហើយស៊ន សៀវម៉ី ក៏បានផ្តល់ឱកាសបកស្រាយដោយខ្លីថា៖ «ការពិត ខ្ញុំមានបញ្ហារវល់ និងមានបម្រាមស្តីពីការសម្ភាសទាំងឡាយ ដោយត្រូវតែឆ្លងកាត់ NOCC សិន»៕


