ក្រុងប៉ារីស: Roger Federer មានភាពស៊ាំទៅនឹងការបញ្ចប់ក្របខ័ណ្ឌ Grand Slam នៅថ្ងៃអាទិត្យ ជាងការចាប់ផ្តើមប្រកួតនៅថ្ងៃអាទិត្យ ប៉ុន្តែ កម្មវិធីប្រកួតយ៉ាងចម្លែករបស់ព្រឹត្តិការណ៍ French Open មិនអាចជះឥទ្ធិពលអាក្រក់ដល់ទម្រង់លេងរបស់កីឡាករសញ្ជាតិស្វ៊ីសរូបនេះឡើយ ខណៈដែលរូបគេបានទទួលជ័យជម្នះក្នុងការប្រកួតបើកឆាករបស់គេនៅលើទីលាន Roland Garros ជាមួយនឹងលទ្ធផលយ៉ាងកក់ក្តៅ។
កីឡាករវាយកូនបាល់វ័យ៣១ឆ្នាំរូបនេះ បានរងនូវការខកចិត្តមួយនៅពេលត្រូវបានបង្ខំឲ្យលេងការប្រកួតបើកឆាកនៅថ្ងៃអាទិត្យ ដែលជាថ្ងៃព្រឹត្តិការណ៍ French Open បានកំណត់យកជាថ្ងៃចាប់ផ្តើមកាលពីឆ្នាំ២០០៦ ប៉ុន្តែ រូបគេបានស្ថិតក្នុងភាពស្ងប់ស្ងៀម ស្របពេលគេបានផ្តួលកីឡាករចំណូលថ្មីសញ្ជាតិអេស្ប៉ាញ Pablo Carreno-Busta ក្នុងលទ្ធផល ៦-២ ៦-២ និង៦-៣ នៅក្នុងការប្រកួតជុំទី១នៃឆ្នាំនេះ។ សូមបញ្ជាក់ថា រូបគេក៏បានស្ថិតក្នុងស្ថានភាពយ៉ាងល្អផងដែរ។
Federer ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Grand Slam ចំនួន១៧សម័យកាល បានចាកចេញពីទីលាន Philippe Chatrier យ៉ាងលឿន ក្រោយពីម្ចាស់ជើងឯកពានរង្វាន់សំខាន់១៥សម័យកាល Serena Williams បានផ្តល់នូវភាពគួរឲ្យកត់សម្គាល់មួយផ្សេងទៀតជាមួយនឹងជ័យជម្នះក្នុងលទ្ធផល ៦-០ ៦-១ ក្នុងថិរវេលា៥១នាទីលើកីឡាការិនី Anna Tatishvili របស់ហ្សកហ្ស៊ី។
កីឡាការិនីសញ្ជាតិស៊ែប៊ី Ana Ivanovic អតីតម្ចាស់ជើងឯក French Open បីសម័យកាល ត្រូវតែធ្វើការខិតខំព្យាយាមឲ្យខ្លាំងជាងនេះបន្តិចដើម្បីឈានទៅប្រកួតក្នុងជុំទី២។ ម្ចាស់ជើងឯកឆ្នាំ២០០៨រូបនេះ បានផ្តួលកីឡាការិនីសញ្ជាតិក្រូអាស៊ី Petra Martic ក្នុងលទ្ធផល ៦-១ ៣-៦ និង៦-៣។
Gilles Simon ដែលជាកីឡាករម្នាក់ចំណោមកីឡាករទាំង៦នាក់របស់បារាំងក្នុងការជួយឲ្យប្រទេសម្ចាស់ផ្ទះមួយនេះមានម្ចាស់ជើងឯកផ្នែកបុរសជាលើកទី១បើគិតចាប់ពីកីឡាករ Yannick Noah ធ្វើបានក្នុងឆ្នាំ១៩៨៣នោះ បានផ្តល់អ្នកគាំទ្រនូវការរន្ធត់ចិត្តមួយ ខណៈដែលរូបគេបានដេញតាមពីក្រោយពីរសិតនៅពេលប្រកួតជាមួយកីឡាករជើងចាស់ Lleyton Hewitt នៅមុនពេលធ្វើការវាយបកដើម្បីទទួលជ័យជម្នះក្នុងលទ្ធផល ៣-៦ ១-៦ ៦-៤ ៦-១ និង៧-៥។
ចំណែកកីឡាការិនី Venus Williams របស់អាមេរិក បានរងបរាជ័យក្នុងការប្រកួតជុំទីមួយជាលើកទី៥របស់នាងក្នុងចំណោមយុទ្ធនាការ Grand Slam ចំនួន៥៩លើក នៅពេលដែលនាងបានរងបរាជ័យក្នុងលទ្ធផល ៧-៦ ៦-៧ និង៦-៤ ក្រោមស្នាដៃរបស់កីឡាការិនីសញ្ជាតិប៉ូឡូញ Urszula Radwanska៕ IS

