ភ្នំពេញ: ការប្រកួតរ៉ូបូតមនុស្សយន្តនៅកម្ពុជា ត្រូវបានធ្វើឡើងជាលើកដំបូង កាលពីថ្ងៃទី ១៧-១៩ ខែ ធ្នូ ឆ្នាំ ២០២១ ដែលមានការគាំទ្រដោយមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង និងក្រសួងអប់រំយុវជន និងកីឡា រៀបចំ និងផ្តួចផ្តើមគំនិតពីខាងសហភាពសហព័ន្ធកម្ពុជាខេត្តស្វាយរៀង និងដឹកនាំដោយលោក ឌី វិជ្ជា។
ការប្រកួតរ៉ូបូតមនុស្សយន្តនេះ និងកម្មវិធីការប្រកួតយន្តហោះកៅស៊ូ ស្ថិតក្នុងការប្រកួតយន្តហោះ និងបច្ចេកវិទ្យា (Air and Tech Competitions, ATC) ដែលតែបែកចេញពីកម្មវិធីធំគឺ ការតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air and Tech Show, ATS) ដែលធ្វើឡើងជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ ២០១៨។
លោក ហែម សុធីរិទ្ធិ ជាប្រធានក្រុម ATC ប្រាប់គោលដៅរបស់កម្មវិធីមក ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ពាក់ព័ន្ធទៅគំនិតនៃការរៀបចំកម្មវិធីទី១ យើងចង់លើកស្ទួយវិស័យបច្ចេកវិទ្យានៅកម្ពុជា។ ទី២ យើងចង់បណ្ដុះគំនិត ជំរុញទឹកចិត្តឱ្យសិស្សសាលា និងសិស្សសាកលវិទ្យាល័យបានបង្ហាញពីសមត្ថភាពរបស់គាត់ក្នុងវិស័យនេះ»។
ការរៀបចំប្រកួតរ៉ូបូតមនុស្សយន្តនេះ សុធីរិទ្ធិ ឱ្យដឹងដែរថា មានផលលំបាកជាច្រើនដែរ ព្រោះគ្រប់យ៉ាងហាក់នៅថ្មី តម្រូវឱ្យទាំងសិស្ស និងរូបលោកជាអ្នករៀបចំផ្ទាល់ និងគណៈកម្មាធិការសិក្សាដកស្រង់បទពិសោធច្រើន។ មួយទៀតនោះ ស្ថានភាពកូវីដ ធ្វើឱ្យការកំណត់កាលបរិច្ឆេទចុះឈ្មោះ និងប្រកួតជាផ្លូវការខើចពេលវេលា។
ធ្លាប់ជាអតីតនិស្សិត នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជារូបនេះបន្ថែមថា ជាក់ស្ដែងបើទោះកាលពីឆ្នាំចាស់ៗ លោកធ្លាប់បានចូលរួមជួយខ្លះៗក្នុងកម្មវិធី ATS ដែរ តែលោកទើបតែក្លាយជាប្រធានគ្រប់គ្រងក្នុងកម្មវិធី ATC ទាំងមូល កាលពីឆ្នាំ ២០២១ នេះប៉ុណ្ណោះ។
ប្រធានគ្រប់គ្រងកម្មវិធី ATC វ័យ ២៤ ឆ្នាំរូបនេះ បន្តថា៖ «ដោយសារយើងមិនដែលបានរៀបចំពីមុនមកយើងនៅខ្សោយបទពិសោធច្រើន។ ហើយសិស្សតាមសាលាមួយៗក៏នៅរាងស្ទើរច្រើនដែរ»។
លោកបានបន្តថា៖ «អ៊ីចឹងក្នុងនាមយើងជាអ្នករៀបចំកម្មវិធី យើងត្រូវរកវិញ្ញាសាណា ដែលសិស្សយើងអាចធ្វើទៅបាន និងរៀបចំបច្ចេកទេសឱ្យត្រឹមត្រូវ។ យើងបានរៀបចំវគ្គបណ្ដុះបណ្ដាលខ្លីៗ ដើម្បីជួយដល់ពួកគាត់។ តែដោយសារពេលយើងខើច យើងក៏មិនសូវបានបង្ហាត់គាត់ច្រើនដែរ»។
ក្នុងការប្រកួតនេះមាន ១០ ក្រុម ចូលរួមឧបសគ្គដូចជា ឆ្លងកាត់ហ្សូន ដើរកាត់របារ និងឆ្លងកាត់ឧបសគ្គផ្សេងៗ ដោយជម្រុះយក ៤ ក្រុមទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្នុងការប្រកួតទាត់បាល់អ្នកណាអាចបញ្ជាឱ្យរ៉ូបូតទាត់បាល់បញ្ចូលទីបានច្រើនជាងគេនឹងឈ្នះ ហើយក៏មានការធ្វើបទបង្ហាញទាំង ១០ ក្រុមផងដែរ។
លោកឱ្យដឹងដែរថា ការប្រកួតរ៉ូបូត ផ្នែក ២ សំខាន់គឺ Hardware និង Software។ សិស្សភាគច្រើនស្ទើរផ្នែក Hardware ដូចជាការគូរ 3D ព្រីន តែលោកថា លោកពិតជាសរសើរដល់សិស្សវិទ្យាល័យ ដែលចេះគូរ ហើយអាចធ្វើវាទៅបាន។
មិនតែប៉ុណ្ណោះ សិស្សដែលជាប់ជយលាភីលេខ ១ ក្នុងឆ្នាំប្រកួតដំបូងក៏មកពីសិស្សវិទ្យាល័យដែរ ដោយពួកគេមានសមាជិកចំនួន ៣ នាក់គឺ ឆេង សុណ្ណារិទ្ធិ និង សុគន្ធ ទិត្យា ១៧ ឆ្នាំ និង ខេង សុភារាជ ១៤ ឆ្នាំ។
ទិត្យា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «ខ្ញុំ និង សុណ្ណារិទ្ធិ ធ្លាប់ចូលរួមកម្មវិធីទាក់ទង នឹងបច្ចេកវិទ្យាខ្លះៗដែរ តែការប្រកួតរ៉ូបូតមនុស្សយន្តនេះជាលើកដំបូង តែ សុភារាជ នេះជាការប្រកួតលើកដំបូងបំផុតរបស់គាត់ ហើយពួកយើងពិតជារីករាយណាស់ ដែលបានជាប់ជយលាភីលេខ ១ ក្នុងកម្មវិធីការប្រកួតរ៉ូបូតនេះលើកដំបូងនៅក្នុងប្រទេសយើង»។
ការប្រកួតមនុស្សយន្ត ជយលាភីលេខ ១ ឈ្នះមេដាយមាស ប្រាក់រង្វាន់ ១,៨ លានរៀល និងបណ្ណសរសើរ ជយលាភីទី២ មេដាយប្រាក់ ប្រាក់រង្វាន់ ១,៤ លានរៀល បណ្ណសរសើរ និងទី៣ មេដាយសំរិទ្ធ ប្រាក់រង្វាន់ ១ លានរៀល និងបណ្ណសរសើរ។
ជាការលើកទឹកចិត្តបន្ថែម ការប្រកួតក៏មានបណ្ណសរសើរសម្រាប់អ្នករចនារ៉ូបូតឆ្នើម ១ និងអ្នកធ្វើបទបង្ហាញឆ្នើម ១ ផងដែរ។
សុណ្ណារិទ្ធិ ដែលជាប្រធានក្រុម ប្រាប់ថា ពួកគេសម្រេចចិត្តចូលប្រកួតដោយសារ មានក្រុមសហព័ន្ធជួយជំរុញលើកទឹកចិត្ត ហើយវាក៏ជាចំណូលចិត្តរបស់ពួកគេផ្ទាល់ដែរ។
សម្រាប់បញ្ហាប្រឈម សុណ្ណារិទ្ធិ ឱ្យដឹងដែរថា ទី១ គឺខ្វះខាតបទពិសោធនិងចំណេះដឹងផ្នែកនេះ ទី២ គឺការផ្គុំរូបរាងរ៉ូបូត។
សុណ្ណារិទ្ធិ បញ្ជាក់ថា៖ «យើងមានបញ្ហាខាងបច្ចេកទេសរ៉ូបូតច្រើន។ ដោយសារយើងជាសិស្សវិទ្យាល័យដូច្នេះនៅក្នុងសាលាមិនបានរៀនស៊ីជម្រៅទាក់ទងនឹងផ្នែកហ្នឹងទេ។ មិនតែប៉ុណ្ណោះ ផ្នែករូបរាងរ៉ូបូត Hardware យើងត្រូវដូរវាជាច្រើនដង ព្រោះដំបូងយើងប្រើជ័រ។ តែក្រោយមកទៀត ពេលយើងតេស្តចលនា វាដើរដួល ទង្គិចនេះនោះធ្វើឱ្យបែកបាក់។ ទើបចុងក្រោយយើងក៏ដូរមកប្រើដែកវិញ»។
ទាំងអរគុណដល់សហព័ន្ធ ដែលបានបង្កើតកម្មវិធីនេះឡើង សុវណ្ណារិទ្ធិ ចង់ឱ្យមានការប្រកួតបែបនេះជារៀងរាល់ឆ្នាំ ដើម្បីឱ្យយុវជនខ្មែរបានបញ្ចេញសមត្ថភាពទេពកោសល្យក្នុងផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ដើម្បីការទទួលស្គាល់លើឆាកអន្តរជាតិ។
ទិត្យា បានលើកឡើងដែរថា៖ «អ្នកដែលចង់ចូលរួមមិនបាច់បារម្ភច្រើនពីរឿងគ្មានបទពិសោធទេ អ្វីក៏ត្រូវតែមានលើកទី១ ដែរ ដូច្នេះឱ្យតែយើងមានការខិតខំប្រឹងប្រែងព្យាយាមយើងនឹងបានជោគជ័យ»។
ខេង សុភារាជ ក៏ប្រាប់ដែរថា៖ «បើកម្មវិធីមានឆ្នាំក្រោយៗទៀតខ្ញុំនឹងបន្តចូលរួម ហើយលើកទឹកចិត្តឱ្យអ្នកដទៃចូលរួម ព្រោះខ្ញុំបានរៀនពីការប្រកួតជាច្រើន។ ខ្ញុំបានស្គាល់ សហការជាមួយសិស្សច្បង និងក្រេបយកចំណេះដឹងពីគាត់បានយ៉ាងច្រើន»។
លោក សុធីរិទ្ធិ បានលើកទឹកចិត្តឱ្យយុវជនចូលរួម ដោយមានការហ្វឹក ការពិភាក្សា និងជួយគាំទ្របេក្ខជនទាំងគ្រឿងសម្ភារផងដែរ។
ប្រធានក្រុម ATC រូបនេះបានលើកទឹកចិត្តយុវជនថា៖ «បើទោះមិនបានជយលាភី យ៉ាងហោចណាស់គាត់ចេះធ្វើវាដែរ។ ហើយខ្ញុំនឹងជួយសម្រួល បង្វឹក និងបង្កើតកម្មវិធីប្រកួតច្រើនទៀតនៅឆ្នាំខាងមុខៗ»៕