
រ៉ូបូតចាប់់ចំណិតនំប៉័ងជ្រលក់ទឹកឈីស ដែលកូរផ្សំគ្រឿងរួចជាស្រេច។ រូបថត AFP
ក្រុងប៊េន: មុខម្ហូបប្រចាំជាតិស្វ៊ីស គឺ Fondue ជាអាហាររម្ងាស់ឈីស ពេលនេះអាចធ្វើ កូរ និងបម្រើដោយរ៉ូបូត ដែលអរគុណដល់ភាពវៃឆ្លាតនៃបច្ចេកវិទ្យាដ៏ជឿនលឿនបំផុត។
ក្រុមការងារជនជាតិស្វ៊ីស បានបំពេញការងារអស់រយៈពេលជាយូរលើការបង្កើតរ៉ូបូត Bouebot ដែលអាចជំនួសកិច្ចការប្រពៃណីប្រទេសនៅជួរភ្នំ Alpine មួយនេះ។
នៅខាងក្រៅជ្រលងផ្ទាំងទឹកកក Rhone ដែលខណ្ឌចែកតំបន់ Wallis ភាគខាងត្បូងប្រទេសស្វ៊ីស ខ្យល់ជំនោរភ្នំដ៏សែនត្រជាក់ដែលបោកបក់ពីកំពូលភ្នំពោរពេញដោយទឹកកក។
ប៉ុន្ដែនៅស្នាក់ការកណ្ដាលក្រុមហ៊ុន Workshop 4.0 ក្នុង Sierre នៅខាងក្រោមរីសតស្គី Crans-Montana ខ្យល់មានសីតុណ្ហភាពក្ដៅភាយពីម៉ាស៊ីនរបស់រ៉ូបូត Bouebot និងជាប់ក្លិនឈីសខាប់។
រ៉ូបូតត្រៀមបង្ហាញវត្ដមាននៅពិព័រណ៍កសិកម្មអន្ដរជាតិក្រុងប៉ារីស ជាព្រឹត្ដិការណ៍ពិព័រណ៍ពាណិជ្ជកម្មផលិតផលម្ហូបអាហារដ៏ធំ ១ ក្នុងពិភពលោក ដែលរៀបចំឡើងពីថ្ងៃទី ២៦ ខែកុម្ភៈ ដល់ថ្ងៃទី ៦ ខែមីនា។
រ៉ូបូត Bouebot យកឈ្មោះតាមលំនាំក្មេងប្រុសម្នាក់ ដែលចំណាយពេលវេលានៃរដូវក្ដៅក្នុងផ្ទះឈើនៅតាមជើងភ្នំ និងជួយអ្នកចិញ្ចឹមសត្វ ដោយយកចិត្ដទុកដាក់ក្នុងការប្រមូលផលទឹកដោះមកផលិតឈីស។

ស្ថាបនិករ៉ូបូត Bouebot ដែលអាចចម្អិនអាហារប្រពៃណីស្វ៊ីស។ រូបថត AFP
រ៉ូបូតអាចកូរឈីសក្នុងល្បឿន ៦ កម្រិត។ វាលាយស្រាសក្នុងបរិមាណសមល្មមទៅក្នុងឆ្នាំងមានដងកាន់ រួចដាក់វានៅក្រោមដែកឈូសឈីស។
នៅលើម៉ាស៊ីនកម្ដៅ រ៉ូបូត Bouebot ធ្វើកិច្ចការកូររំលាយឈីស លាងស្លាបព្រា រោយគ្រឿងផ្សំ ចោះនំប៉័ង និងជ្រលក់ទឹកឈីសជាដើម។
បញ្ហាប្រឈមគឺដៃរ៉ូបូតពិបាកនឹងលៃលកចាប់កាន់វត្ថុពុំមានរូបរាងជាក់លាក់ដូចជាដុំឈីស និងគ្រឿងផ្សំមានទម្រង់ច្រើនសណ្ឋាន។
គម្រោងទាំងមូលមានតម្លៃចន្លោះពី ២៥ ម៉ឺន ទៅ ៣០ ម៉ឺនហ្វ្រង់ស្វ៊ីស (២៧ ម៉ឺន ទៅជាង ៣២ ម៉ឺនដុល្លារ) ដោយគ្រាន់តែដៃរ៉ូបូតតែមួយក៏មានតម្លៃ ៨ ម៉ឺនហ្វ្រង់ស្វ៊ីសផងដែរ។
សហនាយក Workshop 4.0 លោក នីកូឡាស ហ្វុងធៀន អាយុ ៣០ ឆ្នាំ ដែលពាក់មួកបេសបលពណ៌ខ្មៅ រំលេចពាក្យ «ចំណង់ចំណូលចិត្ដឈីស» និយាយថា ការផលិតរ៉ូបូត Bouebot ត្រូវចំណាយពេល ២ ឆ្នាំ។
លោកបន្តថា៖ «យើងចង់បង្កើតគម្រោង ១ ដែលរួមបញ្ចូលភាពច្នៃប្រឌិតជាមួយប្រពៃណីស្វ៊ីស ហើយមុខម្ហូប Fondue គឺជាជម្រើសដ៏ស័ក្ដិសមបំផុត។ សម្រាប់ស្វ៊ីស Fondue គឺជានិមិត្ដរូបតំណាងជាតិ។ វាក៏ពាក់ព័ន្ធនឹងផ្លូវអារម្មណ៍ ពីព្រោះវាជាផ្នែក ១ នៃអត្ដសញ្ញាណរបស់យើង ឬក៏ជាចំណេះដឹងមួយ»៕ AFP/HR