
ស្មាតហ្វូនបត់ P50 Pocket ពីក្រុមហ៊ុន Huawei។ រូបថត AFP
ក្រុងបាសេឡូណា: «ផ្លាប់!» ជាសំឡេងបត់ទូរស័ព្ទដែលបន្លឺឡើងពីក្រុមហ៊ុនស្មាតហ្វូនយក្ស Samsung, Oppo និង Huawei ក្នុងសមាជទូរស័ព្ទចល័តពិភពលោក Mobile World Congress ក្នុងទីក្រុងបាសេឡូណានាសប្តាហ៍នេះ។
ធ្លាប់ជាកំពូលទូរស័ព្ទនៃដើមទសវត្សរ៍ឆ្នាំ ២០០០ ស៊េរីតួបត់ កំពុងត្រឡប់មកវិញជាមួយក្រុមហ៊ុនធំៗដោយសង្ឃឹមថា កំណែថ្មីនៃបច្ចេកវិទ្យាខ្ពស់ធ្វើឱ្យស្មាតហ្វូនដែលអាចបត់បាន វិលមកពេញនិយមសាជាថ្មី។
នៅពេលដែលតម្លៃផលិតកម្មស្មាតហ្វូនទម្រង់បត់ចាប់ផ្តើមធ្លាក់ចុះ អ្នកវិភាគរំពឹងថា ការលក់នឹងកើនឡើងដប់ដងនៅឆ្នាំ ២០២៦។
ក្រុមហ៊ុន Samsung គឺជាអ្នកត្រួសត្រាយផ្លូវក្នុងវិស័យនេះ ដោយបង្ហាញស្មាតហ្វូនអាចបត់បានដំបូងគេនៅក្នុងសន្និសីទក្រុងបាសេឡូណាកាលពី ៣ ឆ្នាំមុន។
ក្រុមហ៊ុនកូរ៉េខាងត្បូងនេះមានចំណែកទីផ្សារ ៨៧ ភាគរយនៃការលក់ទូរស័ព្ទដែលអាចបត់បានកាលពីឆ្នាំមុន។ នេះបើយោងតាមអ្នកវិភាគ DSCC។
លោក Francois Hernandez មកពីក្រុមហ៊ុន Samsung France បាននិយាយថា៖ «យើងកំពុងធ្វើការជាមួយក្រុមហ៊ុនផ្ដល់ទស្សនីយភាពកម្សាន្តដូចជា Disney+ និង YouTube ដើម្បីធ្វើសមាហរណកម្មកម្មវិធីពួកគេឱ្យល្អបំផុតត្រូវនឹងទំហំអេក្រង់ទម្រង់បត់ និងបង្កើនគុណប្រយោជន៍ឱ្យបានច្រើនបំផុតនៃពីស៊េរីស្មាតហ្វូនបត់នេះ»។

ស្មាតហ្វូនបត់ Samsung Galaxy Z Fold 3 ដែលមានតម្លៃប្រមាណ ១៧០០ដុល្លារ។ រូបថត AFP
លោកបាននិយាយថា ប៉ុន្តែជាមួយនឹងផលិតផលក្រុមហ៊ុន Huawei (និង P50 Pocket របស់វា) Xiaomi, Motorola និងសូម្បីតែ Google ដែលធ្វើការលើម៉ូដែលផ្ទាល់ខ្លួនរបស់ពួកគេ ភាគហ៊ុននោះត្រូវបានគេរំពឹងថា នឹងឈានដល់ ៣,៥ ភាគរយនៅឆ្នាំ ២០២៥។
វេលាដ៏សំខាន់ ១ នឹងមកដល់នៅពេលដែលក្រុមហ៊ុន Apple ចូលរួមក្នុងចំណែកទីផ្សារស្មាតហ្វូនបត់ ដែលអ្នកវិភាគរំពឹងថា នឹងត្រូវបានមើលឃើញនៅឆ្នាំ ២០២៥។
លោក Ritesh Bendre អ្នកវិភាគនៅ Counterpoint Research បាននិយាយថា៖ «Apple គឺជាក្រុមហ៊ុនដែលមានឥទ្ធិពលយ៉ាងខ្លាំង»។
តាមការប៉ាន់ប្រមាណថា ការលក់ទូរស័ព្ទអាចបត់បាននឹងលើសពី ៦០ លានគ្រឿងនៅពេលដែល Apple ពាក់ព័ន្ធក្នុងទីផ្សារនេះ។
ខណៈក្រុមហ៊ុន Samsung កំពុងសោយរាជ្យនៅទីផ្សារស្មាតហ្វូនបត់ លោក Ross Young មកពី DSCC បានបន្តថា៖ «វានឹងផ្ដល់ភាពជឿជាក់បន្ថែមទៀត និងជួយបើកទីផ្សារស្មាតហ្វូនបត់ដល់អតិថិជន iPhone។ ទំហំផលិតអាស្រ័យលើថា តើ Apple ចង់ធ្វើប្រភេទអាចបត់បានក្នុងតម្លៃថ្លៃជាង ឬថោកជាងនេះ៕ AFP/HR