
រថយន្ត Volkswagen ID-Buzz ជារថយន្តវ៉ែនថាមពលអគ្គិសនី។ រូបថត AFP
ក្រុងហ្វ្រេងហ្វឺត: ៧០ ឆ្នាំ បន្ទាប់ពីម៉ូដែលដំបូងរបស់ខ្លួនបានដំណើរការចេញពីរោងចក្រ ក្រុមហ៊ុន Volkswagen កំពុងបង្កើតរថយន្តវ៉ែន VW ឡើងវិញ ដែលជានិមិត្តសញ្ញានៃវប្បធម៌ស៊េរីពនេចរហ៊ីបស្ទ័រ សម្រាប់មនុស្សជំនាន់ថ្មីដែលគិតគូរពីការប្រែប្រួលអាកាសធាតុ ប៉ុន្តែអ្នកនិយមឡានវ៉ែនកន្តុបពីអតីតកាលនេះ ទាមទារពេលវេលាក្នុងការទទួលយករថយន្តរចនាបែបថ្មីសន្លាងដូច្នេះ។
ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ទើបតែបង្ហាញការកែប្រែថ្មីបំផុតរបស់រថយន្តវ៉ែន Volkswagen Camper ដែលត្រូវបានដាក់ឈ្មោះថា រថយន្ត ID.Buzz ជាការរស់ឡើងវិញនៃនិមិត្តរូបនៃរថយន្តវ៉ែនដ៏គួរឱ្យស្រឡាញ់ និងដ៏លន្លង់លន្លោចពីអតីតកាល។
យោងតាមនាយកប្រតិបត្តិក្រុមលោក Herbert Diess បាននិយាយថា៖ «ម៉ូដែលថ្មីជាមួយនឹងរូបរាងកោងរបស់វាស្រដៀងទៅនឹងរថយន្ត VW ដើម ដែលផ្ដល់ភាពរីករាយដល់ម្ចាស់ក្នុងទសវត្សរ៍ទី៦០ និង ៧០»។
ការរចនារថយន្តវ៉ែនបែបបុរាណ គឺជាការបំផុសគំនិតរបស់អ្នកនាំចូល ហូឡង់ Ben Pon ដែលចាប់អារម្មណ៍លើរថយន្តដឹកជញ្ជូន នៅពេលដែលលោកបានទៅលេងរោងចក្រ Volkswagen ក្នុងឆ្នាំ ១៩៤៧។
លោក Pon បានព្រាងផែនការដំបូង ហើយបានបញ្ចុះបញ្ចូលឱ្យក្រុមហ៊ុនផ្ដើមផលិតកម្មនៅខែមីនា ឆ្នាំ ១៩៥០ ហើយវាទទួលជោគជ័យជាពិសេសនៅក្នុងសហរដ្ឋអាមេរិក។

រថយន្តវ៉ែនស៊េរីចាស់ Camper ដែលត្រូវបានកែកុនតុបតែងឡើងវិញ។ រូបថត AFP
រថយន្តវ៉ែននេះ បានក្លាយជាវប្បធម៌ដ៏ពេញនិយមពីអតីតកាល ហើយក្រុមហ៊ុន Volkswagen សង្ឃឹមថា នឹងបង្កើតរូបភាពវិជ្ជមានរបស់អ្នកបោះជំរំជាមួយស៊េរីថ្មី ID.Buzz បំពាក់នូវថាមពលបៃតង។
ទោះជាយ៉ាងណាក៏ដោយ ការយកឈ្នះចិត្តម្ចាស់រថយន្តវ៉ែនបុរាណ ឱ្យងាកទៅស្រឡាញ់ម៉ូដែលអគ្គិសនីថ្មី គឺជាកិច្ចការដ៏ពិបាកបន្តិច។
អ្នកស្រី មេឡានី វូហ្វ អាយុ ៣៣ ឆ្នាំ ជាសមាជិកក្លិប VW Bus-lovers នៅតំបន់បាវ៉ារៀ បាននិយាយថា៖ «ID.Buzz បានយករាងអក្សរ V នៅលើគម្របនៃ T1 camper ដើម»។
ជាមួយនឹងដៃគូរបស់នាង លោក ថូបាស ថបឡេក អាយុ ៤៣ ឆ្នាំ នាងតែងតែជិះរថយន្តវ៉ែនដ៏ចំណាស់ស៊េរីឆ្នាំ ១៩៧៣ នេះលើផ្លូវ រួមទាំងដំណើរកម្សាន្តនៅប្រទេសន័រវែស ផងដែរ។
លោក ថូបាស បាននិយាយថា៖ «ខ្ញុំចាប់អារម្មណ៍ថា Volkswagen ដកឥទ្ធិពលវប្បធម៌ពនេចរស៊េរី ហ៊ីបស្ទ័រ និងងាកមកការផលិតបែបរថយន្តវ៉ែនទំនើបវិញ»៕ AFP/HR