
អ្នកវិទ្យាសាស្ត្រអាយុ៥៣ឆ្នាំ ជាសហស្ថាបនិក និងជានាយកប្រតិបត្តិលោក មីឆែល ស្ពីហ្គេលម៉ាជ័រ Bionaut Labs។ AFP
ក្រុងឡូសអេនជឺលេស៖ បើយោងធុរកិច្ចមួយនៅរដ្ឋកាលីហ្វ័រនីញ៉ាបានឱ្យដឹងថា ការបញ្ជូនរ៉ូបូតខ្នាតតូចចូលទៅក្នុងលលាដ៍ក្បាលមនុស្សដើម្បីព្យាបាលជំងឺទាក់ទងនឹងខួរក្បាលធ្លាប់តែជារឿងក្នុងភាពយន្ដប្រឌិតបែបវិទ្យាសាស្ត្រតាំងពីយូរយារណាស់មកហើយ ប៉ុន្តែវាអាចក្លាយជាការពិតក្នុងពេលឆាប់ៗនេះ។
Bionaut Labs គ្រោងសាកល្បងព្យាបាលលើកដំបូងលើមនុស្សក្នុងរយៈពេលត្រឹមតែ២ឆ្នាំសម្រាប់រ៉ូបូតតូចៗអាចចាក់បញ្ចូលក្នុងសរីរាង្គ ដែលអាចដឹកនាំដោយប្រុងប្រយ័ត្ននៅក្នុងខួរក្បាលតាមរយៈការប្រើប្រាស់មេដែក។
សហស្ថាបនិក និងជានាយកប្រតិបត្តិលោក មីឆែល ស្ពីហ្គេលម៉ាជ័រ បាននិយាយថា៖ «គំនិតប្រើប្រាស់រ៉ូបូតខ្នាតតូចបានកើតឡើងមុនពេលខ្ញុំកើត»។
លោក ស្ពីហ្គេលម៉ាជ័រ បានឱ្យដឹងថា ដូចទូរស័ព្ទដៃទំនើបនាពេលបច្ចុប្បន្ននេះបំពាក់សមាសធាតុដ៏មានឥទ្ធិពលខ្លាំង ដែលមានមាឌតូចជាងគ្រាប់អង្ករបច្ចេកវិទ្យានៅពីក្រោយមីក្រូរ៉ូបូត«ដែលធ្លាប់ជារឿងប្រឌិតបែបវិទ្យាសាស្ត្រក្នុងទសវត្សរ៍ឆ្នាំ១៩៥០ និង៦០» ឥឡូវនេះគឺជា«រឿងវិទ្យាសាស្ដ្រពិត»។
អ្នកវិទ្យាសាស្ត្រអាយុ៥៣ឆ្នាំរូបនេះបានប្រាប់ AFP អំឡុងពេលដំណើរកម្សាន្តទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុនលោកនៅក្រុងឡូសអេនជឺលេសថា៖«យើងចង់យកគំនិតចាស់នោះរួចប្រែក្លាយវាឱ្យក្លាយជាការពិត»។

អ្នកវិទ្យាសាស្ត្របង្ហាញរ៉ូបូតខ្នាតតូចចូលទៅក្នុងលលាដ៍ក្បាលមនុស្ស ដើម្បីព្យាបាលជំងឺទាក់ទងនឹងខួរក្បាល។ AFP
ដោយធ្វើការជាមួយវិទ្យាស្ថានស្រាវជ្រាវ Max Planck ដ៏ល្បីល្បាញរបស់ប្រទេសអាល្លឺម៉ង់ Bionaut Labs បានជ្រើសយកការប្រើប្រាស់ថាមពលម៉ាញេទិកដើម្បីជំរុញរ៉ូបូត ជាជាងការប្រើប្រាស់បច្ចេកទេសអុបទិកឬអ៊ុលត្រាសោន ព្រោះវាមិនបង្កគ្រោះថ្នាក់ដល់រាងកាយមនុស្សទេ។
ឧបករណ៏ម៉ាញេទិកដែលដាក់នៅខាងក្រៅលលាដ៍ក្បាលរបស់អ្នកជំងឺត្រូវបានភ្ជាប់ជាមួយនឹងកុំព្យូទ័រដែលអាចបញ្ជាមីក្រូរ៉បូតពីចម្ងាយនិងយ៉ាងឆ្ងាញ់ចូលទៅក្នុងបរិវេណរងផលប៉ះពាល់នៃខួរក្បាលមុនពេលយកវាចេញតាមមធ្យោបាយដូចគ្នា។
ក្រុមអ្នកបង្កើតសង្ឃឹមថា នឹងប្រើមនុស្សយន្តដើម្បីទម្លុះដុំសាច់ពកដែលពោរពេញទៅដោយសារធាតុរាវនៅក្នុងខួរក្បាលនៅពេលដែលការសាកល្បងព្យាបាលចាប់ផ្តើមក្នុងរយៈពេល២ឆ្នាំ។
ប្រសិនបើជោគជ័យដំណើរការនេះអាចត្រូវបានប្រើដើម្បីព្យាបាលជំងឺ Dandy-Walker Syndrome ជាជំងឺខួរក្បាលដ៏កម្រដែលប៉ះពាល់ដល់កុមារ។
លោក ស្ពីហ្គេល ម៉ាជ័រ បាននិយាយថា Bionaut Labs បានសាកល្បងមនុស្សយន្តរបស់ខ្លួនលើសត្វធំៗដូចជាចៀម និងជ្រូកហើយ «ទិន្នន័យបង្ហាញថាបច្ចេកវិទ្យានេះមានសុវត្ថិភាពសម្រាប់មនុស្សយើង»។
រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) កាលពីឆ្នាំមុនបានផ្តល់ការយល់ព្រមពី Bionaut Labs ដែលត្រួសត្រាយផ្លូវសម្រាប់ការសាកល្បងព្យាបាលដើម្បីព្យាបាលរោគសញ្ញា Dandy-Walker ក៏ដូចជា gliomas ជាដុំសាច់មហារីកខួរក្បាលជារឿយៗត្រូវបានចាត់ទុកថាមិនអាចវះកាត់បាន។
ក្នុងករណីបន្ទាប់មីក្រូរ៉ូបូតនឹងត្រូវបានប្រើដើម្បីចាក់ថ្នាំប្រឆាំងនឹងជំងឺមហារីកដោយផ្ទាល់ទៅក្នុងដុំសាច់ក្នុងខួរក្បាលនៅក្នុង «ការចាក់ឱ្យចំគោលដៅ»៕ AFP/HR

រ៉ូបូតខ្នាតតូចចូលទៅក្នុងលលាដ៍ក្បាលមនុស្ស ដើម្បីព្យាបាលជំងឺ Dandy-Walker Syndrome ដ៏កម្រដែលប៉ះពាល់ដល់កុមារ។ AFP