ក្រុងខាទុំ៖ សហគ្រិន​ជនជាតិ​ស៊ូដង់ ម៉ូហាមេដ សាមៀរ សម្លឹង​មើល​ដោយ​មោទនភាព ខណៈ​កម្មករ​ប្រមូលកំពុង​ដំឡើង​រ៉ឺម៉ក​ពណ៌​ស្រស់​ឆើតឆាយ ដែលមាន​លក្ខណៈ​ប្លែក​ពី​គេ​ក្នុងប្រទេស​អាហ្វ្រិក​ខាងជើងជាមួយ​ដំណើរការ​​ដោយ​អគ្គិសនី​ក្នុង​គោលបំណង​ដោះស្រាយ​ថ្លៃ​ថាមពល។​

​នៅ​ប្រទេស​ស៊ូដង់ រ៉ឺម៉ក​កង់​៣​សម្រាប់​អ្នកដំណើរនិង​រ៉ឺម៉ក​ដឹកទំនិញ​គឺជា​មធ្យោបាយ​ដឹកជញ្ជូន​ដ៏​ពេញនិយម និង​តម្លៃ​សមរម្យ​តាំងពី​យូរយារ​ណាស់​មកហើយ​ ដើម្បីបំពេញតម្រូវការ​មនុស្ស​រាប់ម៉ឺន​នាក់​លើ​ចរាចរណ៍​លើ​ផ្លូវ​នៃ​រដ្ឋធានីខាទុំ​​។​

​ខណៈ​ប្រទេស​ស៊ូដង់​​រង​នូវ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរបន្ថែមដោយ​ឥទ្ធិពល​កាន់តែ​អាក្រក់​នៃភាព​ភាពចលាចល​នយោបាយ បន្ទាប់ពី​រដ្ឋប្រហារ​យោធា​កាលពី​ខែតុលា​ឆ្នាំមុនតម្លៃ​នៃ​ការ​ដំណើរការ​ម៉ាស៊ីន​សាំង និង​ប្រេង​បាន​ហក់ឡើង​ខ្លាំង។

​វិស្វករ សាមៀរ អាយុ៤៤​ឆ្នាំ​បាន​និយាយ​នៅឯ​រោងចក្រ​នៅភាគខាង​ជើង​រដ្ឋធានី​ខាទុំ​ថា៖ «​អ្នក​ដែល​ប្រើ​រ៉ឺម៉ក​ចាក់ប្រេង​​មានការ​ឈឺចាប់​នឹងតម្លៃឥន្ធនៈ។​

នៅ​ប្រទេស​ស៊ូដង់រ៉ឺម៉ក​កង់​៣​សម្រាប់​អ្នកដំណើរនិង​រ៉ឺម៉ក​ដឹកទំនិញ​ គឺជា​មធ្យោបាយ​ដឹកជញ្ជូន​ដ៏​ពេញនិយម។ AFP

លោក​បាន​បន្ត​ថា៖ «​យើង​ចង់​ផ្តល់​ដំណោះស្រាយ​ដ៏ល្អមួយ​»។

​​កម្មវិធី​បរិស្ថាន​រប​ស់​អង្គការសហប្រជាជាតិ​បាន​ព្រមាន​នៅក្នុង​របាយការណ៍​មួយ​ពី​ឆ្នាំ ២០២០​ ថា យានជំនិះ​ដែល​ប្រើ​ប្រេងសាំងក្រៅពី​បង្កើន​កម្ដៅ​ការ​ប្រែប្រួល​អាកាសធាតុវា​ក៏​បណ្តាលឱ្យមាន «សំឡេង​រំខាន និង​ការបំពុល​ខ្យល់​អាកាស​» ​ផង​ដែរ។​

​របាយការណ៍​​បាន​បន្ថែមថា៖ «ការ​បំ​ភាយ​ផ្សែង​ចេញពី​កង់​៣​ធ្វើ​ឱ្យ​បរិយាកាស​អាប់អួរបណ្តាលឱ្យ​ខូចខាត​ដល់​ដំណាំ ​និង​នាំឱ្យ​កើត​ជំងឺ​ផ្លូវដង្ហើម​ចំពោះ​មនុស្ស​»។​

លោក សាមៀរ បាននិយាយថា យានជំនិះ​អគ្គិសនី​ថ្មី​ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​​ចីរភាព​របស់​អង្គការសហប្រជាជាតិ​គឺ៖ ការប្រយុទ្ធ​ប្រឆាំងនឹង​ភាពក្រីក្រ ការការពារ​សុខភាព និង​ការការពារ​បរិស្ថាន​។​

​លោក​បាន​បន្ថែមថា​៖ «​វា​ក៏​បង្កើត​សំឡេង​តិច​ផងដែរ​»។​

​លោក សាមៀរ បាន​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​ឆ្នាំ​ក្នុងការ​ធ្វើឱ្យ​រោងចក្រ​របស់គាត់​ចាប់ផ្តើម​ដំណើរការ។

លោក​បាន​​លក់​ត្រីចក្រយានយន្ត​បាន​ជាង ១០០​ គ្រឿង និង​រ៉ឺម៉ក​ដឹក​អ្នកដំណើរ​ចំនួន១២​គ្រឿង​ចាប់តាំងពី​ឆ្នាំមុន​។​

កម្មករ​ប្រមូលកំពុង​ដំឡើង​រ៉ឺម៉ក​ពណ៌​ស្រស់​ឆើតឆាយដើរ​ដោយថាមពលអគ្គិសនី នៅ​ប្រទេសស៊ូដង់ដែល​មានតម្លៃប្រេង​ខ្ពស់។ AFP

តម្លៃ​ប្រេង​បាន​កើនឡើង​ជាង​២​ដង​ចាប់តាំងពី​រដ្ឋប្រហារ​ម​ក​។ លើសពីនេះការខ្វះខាត​ប្រេងឥន្ធនៈ​ម្តង​ហើយ​ម្តងទៀត​បានធ្វើឱ្យ​អ្នកបើកបរ​តម្រង់​ជួរ​ជាច្រើន​ម៉ោង​នៅ​ខាងក្រៅ​ស្ថានីយថាមពល​ ដើម្បី​បំពេញ​ធុងប្រេង​របស់​ពួកគេ​។​

​អ្នកបើកបរក៏​​ត្អូញត្អែរ​ពី​ការរក​ប្រាក់ចំណូល​តិចជាង​ពួកគេ​ចំណាយ​។​

​នោះ​គឺជា​ហេតុផល​សំខាន់​ដែល​អ្នកលក់​ផ្លែឈើ បាកគ្រី ម៉ូហាម៉ាដ បាន​លក់​រ៉ឺម៉ក​កង់​៣​ប្រើ​សាំង​​​របស់គាត់ហើយ​បាន​ទិញ​កង់​៣​អគ្គិសនី​កាលពី​ឆ្នាំមុន​។​

​លោក ម៉ូហាម៉ាដ ​ដែល​ប្រើ​យានជំនិះ​របស់គាត់​ដើម្បី​ដឹក​ផ្លែឈើ​តាមផ្លូវ​បាន​និយាយថា​៖ «​យើង​ធ្លាប់​ចំណាយ​ច្រើន​ជាងនេះ​ឆ្ងាយ ហើយ​កាលមុន​ខ្ញុំ​ត្រូវ​បារម្ភ​អំពី​កន្លែង​ដែល​ត្រូវ​រក​ប្រេងឥន្ធនៈ និង​កន្លែង​ដែល​ត្រូវ​ប្តូរ​ប្រេងម៉ាស៊ីន​ទៀត។

លោក​​និយាយ​ដោយ​មោទនភាព​ចំពោះ​កង់​អគ្គិសនី​ថ្មី​របស់ខ្លួន​ថា៖ «វា​សន្សំសំចៃ​​ច្រើនហើយ​ខ្ញុំ​​មិនចាំបាច់​តម្រង់ជួរ​ចាក់ប្រេង​ទេ។ ខ្ញុំ​សាក​អាគុយតែ​ម្តងអាច​​​ដំណើរការ​បាន​ពេញ​១​សប្តាហ៍​។ ប្រាក់ចំណូល​ប្រចាំថ្ងៃ​របស់ខ្ញុំ​បាន​កើនឡើង​ទ្វេដង​»។​

​​កង់​៣​ត្រូវ​ចំណាយពេល​ប្រហែល៨ម៉ោង​ ដើម្បី​​សាក​ពេញដែល​អាច​ផ្ដល់ថាមពល​លើ​ចម្ងាយផ្លូវពី ៨០ទៅ១០០​គីឡូម៉ែត្រ។

សហគ្រិន​ជនជាតិ​ស៊ូដង់ ម៉ូហាមេដ សាមៀរ ថា​រោងចក្រ​របស់លោក​កំពុង​ជួយប្រទេស​​ស៊ូដង់ពន្លឿន​ ថាមពលជួយ​​បរិស្ថាន​​។ AFP

ប៉ុន្តែ​ចំពេល​មាន​វិបត្តិ​សេដ្ឋកិច្ចការផ្គត់ផ្គង់​អគ្គិសនី​របស់​ប្រទេស​ស៊ូដង់​ក៏បាន​រងគ្រោះ​ផងដែរ ដោយមាន​ការ​ដាច់​ភ្លើង​​ញឹកញាប់​។​

​ក្នុង​ខែមករា រដ្ឋាភិបាល​បាន​ដំឡើងថ្លៃ​អគ្គិសនី ដោយ​គ្រួសារនីមួយៗ​​បានឃើញ​ការកើនឡើងតម្លៃ​ប្រើប្រាស់​​ប្រហែល៥០០​ភាគរយ​នៅក្នុង​វិក្កយបត្រ​។​

​ទោះយ៉ាងណាក្ដី លោក សាមៀរ ​បាន​និយាយថា រ៉ឺម៉ក​អគ្គិសនី​នៅតែមាន​ប្រសិទ្ធភាព​ជាង និង​មានតម្លៃ​ថោក​ជាង​ការរត់​ជំនួស​។​

លោក​បាន​ទទូចថា៖ «​តម្លៃ​នៃ​ការ​សាក​ថ្ម​នៅតែ​តិចជាង​ប្រេងឥន្ធនៈ​»ជាមួយនឹង​បន្ទុក​ការ​សាក​​អគ្គីសនី​ពេញ​១​លើក​ មាន​​ចំណាយ​តិចជាង​កន្លះ​លីត្រ​នៃ​ប្រេងឥន្ធនៈ​»។​

​អ្នក​រត់​រ៉ឺម៉ក​ផ្សេងទៀត​សម្លឹងងាកទៅ​រក​ជម្រើស​​ពន្លឺព្រះអាទិត្យ​ដ៏សម្បូរហូរហៀរ​ពេញ ​១ ឆ្នាំ​របស់​ប្រទេស​ស៊ូដង់ និង​បាន​រំដោះខ្លួន​ចេញពី​ការពឹង​ផ្អែកលើ​បណ្តាញ​អគ្គិសនី​ផងដែរ​។​

លោក អាមជេតហាមដាន អាមីអ៊ីដាន ​ដែល​បាន​ទិញ​រ៉ឺម៉ក​ដើរ​ដោយ​ថាមពលអគ្គីសនី​ជាច្រើនគ្រឧង​បាន​និយាយ​ថា៖ «ខ្ញុំ​ប្រើ​បន្ទះ​សូ​ឡា​ដែល​អាច​បត់បែន​បាន។ យើង​ដាក់​វា​នៅ​ពីលើ​រ៉ឺម៉ក​ពេល​កំពុង​បើកបរហើយ​វារ​ក្សា​ការ​សាក​ថ្មជាប់ជានិច្ច»។​

ក្រឡេកមក​មើល​វិស្វករ សាមៀរ វិញលោក​បាន​អះអាងថា រោងចក្រ​របស់លោក​កំពុង​ជួយប្រទេស​​ស៊ូដង់​ពន្លឿន​ល្បឿនថាមពល​បរិស្ថាន​​ក្នុង​ពិភពលោក​ដែល​កំពុង​អភិវឌ្ឍ​យ៉ាង​លឿន​។​

លោក​​បាន​និយាយថា៖ «អ្វី​គ្រប់យ៉ាង​ដែល​ដំណើរការ​ដោយ​ឥន្ធនៈ​នឹងត្រូវ​បាន​ជំនួស​ដោយ​អគ្គិសនី​ឆាប់ៗ​នេះ។ យើង​មានឱកាស​ឥឡូវនេះ​ដើម្បី​តាម​ទាន់​ពិភពលោក​»​៕ AFP/HR

អ្នក​រត់​រ៉ឺម៉ក​ផ្សេងទៀត​សម្លឹងងាកទៅ​រក​ជម្រើស​​ពន្លឺព្រះអាទិត្យ​ដ៏សម្បូរហូរហៀរ​ពេញ​១ឆ្នាំ​របស់​ប្រទេស​ស៊ូដង់។ AFP