ភ្នំពេញៈ ខណៈ​ក្រុមនិស្សិត​នៃ​បណ្ឌិត្យ​សភា​បច្ចេក​វិទ្យា​ឌីជីថល​កម្ពុជា ​(CADT)​ បាន​បន្ត​ដល់​វគ្គ​ ៦​ ក្រុម​ចុងក្រោយ​នៃ​ការប្រកួតប្រជែង​រ៉ូ​បូត​អាស៊ី​ប៉ាស៊ីហ្វិក ​(ABURobocon)​ ឆ្នាំ​ ២០២២ ជា​ទម្រង់​អន​ឡាញដែល​រៀបចំ​នៅ​ទីក្រុង​ញូវ​ដែលី ប្រទេស​ឥណ្ឌា​ កាលពី​ថ្ងៃទី ​២១ ខែ សីហា ឆ្នាំ​ ២០២២ លោក ​ឃឹម វុទ្ធី អគ្គ​នា​យក​នៃ​អគ្គនា​យក​ដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ទទួល​ទង់​ពី​ចម្ងាយ​និង​ប្រកាស​នូវ​វិញ្ញា​សា​ «​រ៉ូ​បូត​បាច​ផ្កា​លើ​ប្រាសាទ​អង្គរ​វត្ត​» នៅ​ពេល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​ក្នុង​ខែ​សីហា ឆ្នាំ​ ២០២៣ ខាង​មុខ​នេះ​។​

​ទន្ទឹម​នឹង​ការ​បំបែក​ប្រវត្តិ​សាស្ត្រ​ឈ្នះ​ក្រុម​ម៉ាឡេ​ស៊ី និង​ហ្វី​ជី ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​លើក​ទី​១​ សម្រាប់​ក្រុម​កម្ពុជា​លោក​ ឃឹម វុទ្ធី បាន​ថ្លែង​ថា​៖ «​យើង​មាន​មោទន​ភាព​ដែល​នេះ​ជា​ឆ្នាំ​ជោគ​ជ័យ​មួយ​ទៀត​នៃ​ការ​ប្រកួត​ប្រជែង ​Robocon»​។​

​លោក​បន្ត​ថា​៖ «​យើង​បាន​ចាប់​ផ្ដើម​កិច្ចការ​រៀបចំ​ដើម្បី​ធានា​ថា​អ្នក​មក​ចូលរួម​ និង​ភ្ញៀវ​របស់​យើង​ទទួល​បាន​ពេល​វេលា​ដ៏​សប្បាយ​រីក​រាយ​អំឡុង​ពេល​ដែល​ពួក​គេ​ស្នាក់​នៅ​ប្រទេស​កម្ពុជា​»​។​

​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ទូរ​ទស្សន៍​ជាតិ​កម្ពុជា​បាន​ឱ្យដឹ​ងថា ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវ​បាន​ជ្រើស​រើស​ជាទី​តាំង​នៃ​កម្ម​វិធី​ប្រកួត​ប្រជែង​រ៉ូ​បូត​អន្តរ​ជាតិ​នេះ​។​

​លោក​ ប៉ាង ចំណាន អ្នក​រៀប​ចំ​កម្មវិធី​ការ​ប្រកួត​ប្រជែង​រ៉ូ​បូត​ថ្នាក់​ជាតិ​នៃ​ទូរ​ទស្សន៍​ជាតិ​កម្ពុជា​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា​ ជំងឺ​កូ​វីដ​ ១៩​ នឹង​លែង​បង្ក​ការ​រំខាន​ទៀត​សម្រាប់​ការ​ប្រកួត​ប្រជែង​រ៉ូ​បូត​អាស៊ី​ប៉ាស៊ី​ហ្វិក (ABU ​Robocon) ​ឆ្នាំ​ ២០២៣ ដែល​នឹង​ធ្វើ​ឡើង​ដោយ​មាន​វត្ត​មាន​ក្រុម​ប្រកួត​ពី​ប្រមាណ​ ២០ ​ប្រទេស​មក​ចូល​រួម​ផ្ទាល់​នៅ​ប្រទេស​កម្ពុជា​។​

​លោក​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​នេះ​គឺជា​សកម្ម​ភាព​មួយ​ថ្មី​សម្រាប់​ការប្រកួត​រ៉ូ​បូត​ដោយ​សារ​តែ ​១ ​ឆ្នាំៗ វិញ្ញា​សា ​គឺ​វា​អាស្រ័យ​ទៅ​លើ​ម្ចាស់​ផ្ទះ​។​ ឆ្នាំ​ ២០២៣ ​យើង​ធ្វើជា​ម្ចាស់​ផ្ទះ ​គឺ​យើង​អ្នក​តាក់​តែង​វិញ្ញា​សា ហើយ​គួប​ផ្សំ​បច្ចេក​ទេស​នៃ​ការ​លេង​ផង​ដែរ​»​។​

​កន្លង​មក បច្ចេក​ទេស​នៃ​ការ​ប្រកួត​រ៉ូ​បូត​មាន​ការ​បាញ់​ និង​ការបោះ​ជាដើម ​ប៉ុន្តែ​ឆ្នាំ​ ២០២៣ ​នេះ​ គឺជាការ​បំប្លែង​វិញ្ញា​សា​ចេញពី​ប្រពៃ​ណី​របាំ​ជូន​ពរ និង​ល្បែង​បោះ​ឡូ​។​

​លោក​បាន​បញ្ជាក់​ថា​ វិញ្ញា​សា​ផ្លូវការ​ពី​ប្រទេស​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​គឺ «​រ៉ូ​បូត​បាច​ផ្កា​លើ​ប្រាសាទ​អង្គ​រវត្ត​»​។ ផ្កា​ត្រូវបាន​តំណាង​ដោយ​កង ហើយ​បង្គោល​៣​ដូច​ជា​កំពូល​ប្រាសាទ​អង្គ​រវត្ត ដែល​តម្រូវ​ឱ្យ​រ៉ូ​បូត​យក​កង​គប់​លើ​បង្គោល​ដូច​ទៅ​នឹង​ការ​បា​ចផ្កា​។​

​អ្នក​រៀប​ចំ​កម្មវិធី​ការ​ប្រកួត​ប្រជែង​រ៉ូ​បូត​ថ្នាក់​ជាតិ​រូបនេះ​បាន​ពន្យ​ល់ថា​៖ «​មា​នន័យ​ថា​ មាន​គូ​ទឹក​មាន​បង្គោល​ដែល​សំដៅលើ​កំពូល​។ បើ​និយាយ​ពី​បច្ចេក​ទេស​នៃ​ការ​លេង​ វា​លំបាក ​ហើយ​យើង​គិត​ថា​វា​ក៏​ធ្វើឱ្យ​ល្បែង​ហ្នឹង​មាន​ភាព​រំជើប​រំជួល​ក្នុង​ការ​លេង​»​។​

​ទីលាន​ត្រូវ​បាន​រចនា​ដូច​បរិវេណ​សំណង់​អច្ឆរិយ​ដោយ​មាន​គូ​ទឹក​ព័ទ្ធ​ជុំវិញ​តំបន់​ពណ៌​ខៀវ និង​តំបន់​ក្រហម​មុន​នឹង​ទៅ​ដល់​កំពូ​ល​ប្រា​សាទ​អង្គ​រវត្ត​ចំ​កណ្ដាល​នោះ​។​

​នីតិវិធី​នៃ​ការលេង​ត្រូវបាន​លោក​ពន្យល់​ថា ​ក្រុម​នីមួយៗ​មាន​រ៉ូ​បូត​ ២​ គ្រឿង​សហ​កា​រគ្នា​គប់​កង​ធ្វើ​ពី​ទុយោ​ឱ្យ​ទើរ​លើ​បង្គោល ​ហើយ​ទាល់​តែ​បង្គោល​ណា​មាន​កង​ពណ៌​របស់​ខ្លួន​ស្ថិត​នៅ​ខាង​លើ​គេ ទើប​បាន​ពិន្ទុ​។​

​លោក​ ចំណាន​ លើក​ឡើង​ថា​៖ «​អ៊ីចឹង​ត្រង់​ចំណុច​ហ្នឹង​វា​ធ្វើឱ្យ​ការ​ប្រកួត​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លះ ដណ្ដើម​គ្នា​ទៅ​វិញ​ទៅ​មក​»​។​

​លោក​ក៏បាន​លើក​ពី​ផល​វិបាក​នៃ​វិញ្ញា​សា​ប្រកួត​រ៉ូ​បូត​ដែល​តាក់​តែង​ដោយ​កម្ពុជា​ផង​ដែរ​ថា រ៉ូ​បូត​ត្រូវតែ​សហ​ការគ្នា​ធ្វើ​ដំណើរ​លើ​ទីលាន​មិនមែន​​ផ្លូវ​រាបស្មើ​ទេ​ដោយ​ការ​គប់​នៅ​តំបន់​ខាង​ក្នុង​មាន​កម្ពស់ ​២ ​តឹក​ពី​បរិ​វេណ​ខាង​ក្រៅ​។​

​លោក​ថា​៖«​អ៊ីចឹង​បើ​រ៉ូ​បូត​ចង់​គប់​ដល់ ​ទាល់តែ​គាត់​ឡើង​។ អង្គរ​វត្ត​របស់​យើង​វា​ខ្ពស់ វា​មាន​ជណ្ដើរ​ឡើង តែ​យើង​មានតែ​ស្ពាន​ ១ ​ទេ ក្រៅពី​ហ្នឹង​ គឺ​យើង​ត្រូវ​ឡើង​ខ្លួន​ឯង​ទាំង​អស់​»​។​

​មុន​នឹង​រៀបចំ​ការ​ប្រកួត​អន្តរ​ជាតិ លោក​ក៏ត្រូវ​ធ្វើ​ការ​រៀបចំ​ការ​ប្រកួត ​Robocon ថ្នាក់​ជាតិ​ដែរ ​ដើម្បី​ជ្រើស​រើស​ក្រុម​តំណាង​កម្ពុជា​ ២ ​ក្រុម​ ត្រៀម​ចូល​រួម​ប្រកួត​អន្តរ​ជាតិ​។​

​លោក ​ចំណាន ​លើក​ឡើង​ថា​៖ «​ម្ចាស់​ផ្ទះ​គេ​ឱ្យ​ ២​ ក្រុម​ចូល​រួម តែ​ភ្ញៀវ​គេ​ឱ្យតែ​ ១ ​ក្រុម​។ ដូច្នេះ​ពេល​ប្រកួត​អន្តរ​ជាតិ ​យើង​មាន​កូ​តា​ច្រើន​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​បន្ត​។​នេះ​គ្រាន់​តែ​ជាការ​សង្ឃឹម​ទេ ប៉ុន្តែ​ជាក់​ស្ដែង វា​សុទ្ធ​សឹង​តែ​ជា​សមត្ថ​ភាព ​យុទ្ធ​សាស្ត្រ បច្ចេក​ទេស​របស់​ក្រុម​នីមួយៗ​ក្នុង​ការ​លេង​»​។​

​វិញ្ញា​សា​ប្រកួត​ឆ្នាំ ២០​២៣ ​កាន់​តែ​ស្មុគ​ស្មាញ និង​បំផុស​ការ​ប្រកួត​ប្រជែង​ខ្ពស់ តែ​អ្នក​រៀប​ចំ​កម្មវិធី​ការ​ប្រកួត​ប្រជែង​រ៉ូ​បូត​ថ្នាក់​ជាតិ​រូបនេះ​បាន​ឱ្យដឹង​ថា លោក​សង្កេត​ឃើញ​ពី​សមត្ថ​ភាព​កាន់​តែ​ប្រសើរ​នៃ​ក្រុម​តំណាង​កម្ពុជា​ស្រប​ពេល​ដែល​ក្រុម​និស្សិត​នៃ​បណ្ឌិត្យ​សភា​បច្ចេក​វិទ្យា​ឌីជីថល​កម្ពុជា ​(CADT)​ បាន​ទទួល​លទ្ធ​ផល​ជាទី​មោទនៈ​ដោយ​ឈ្នះ​ក្រុម​តំណាង​ម៉ាឡេ​ស៊ី​និង​ហ្វី​ជី។

​ក្រោយ​ពី​ទទួល​បាន​ជយ​លាភី​លេខ​ ១ ​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​រ៉ូ​បូត​ថ្នាក់​ជាតិ​លើក​ទី​៩ ឆ្នាំ​ ២០២២ កាល​ពី​ថ្ងៃទី​ ២៦ ​មិថុនា ២០២២ ​ក្រុម​រ៉ូ​បូត CADT 01 មកពី​បណ្ឌិត្យ​សភា​បច្ចេក​វិទ្យា​ឌីជីថល​កម្ពុជា នៃ​ក្រសួង​ប្រៃស​ណីយ៍ និង​ទូរ​គមនា​គមន៍ បាន​ចូល​រួម​ប្រកួត​វិញ្ញា​សា​ «​ល្បែង​រៀប​សំណង់​ថ្ម​និង​គប់​បាល់ ឡា​ហ្គូ​រី​» ​ដែល​មាន​ការ​ចូល​រួម​ពី​បណ្តា​ក្រុម​និស្សិត​ពី​សាកល​វិទ្យា​ល័យ​បច្ចេក​វិទ្យា​ល្បីៗ​តំណាង​ប្រទេស​ចំនួន​១២​ផ្សេង​ទៀត​។​

​ទោះ​ជា​ការ​ប្រកួត​នេះ កម្ពុជា​មិន​អាច​ដណ្តើម​បាន​ពាន​រង្វាន់​ជយ​លាភី​ក៏​យើង​មាន​កិត្តិ​យស​ទទួល​បាន​ពាន​រង្វាន់​ពិសេស គឺ​ពាន​រង្វាន់​របស់​ក្រុម​ហ៊ុន​តូយ៉ូ​តា (Toyota​ Awards)​។​

​ការ​ប្រកួត​ឆ្នាំ ២០២២ នៅ​ប្រទេស​ឥណ្ឌា​លើក​នេះ​ លោក ប៉ាង ចំណាន​ បាន​និយាយ​ថា​៖ «​ការ​ប្រកួត​វគ្គ​ ៦ ​ក្រុម ​យើង​បាន​ចាញ់​ក្រុម​ឥណ្ឌា ក៏​យើង​មិន​សោក​ស្ដាយ​ដែរ​ ព្រោះ​ឥណ្ឌា​គេ​ចូល​រួម​ប្រកួត Ro​bocon​យូរ​ហើយ យើង​ទើប​តែ​បាន​ចូល​ ៤-៥​ ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ​»​។​

​លោក​បន្ត​ថា​៖ «​យើង​រីករាយ​នឹង​អ្វីដែល​យើង​បានធ្វើ​ក្នុង​ឆ្នាំ​នេះ ហើយ​សង្ឃឹម​ថា ឆ្នាំក្រោ​យ​កម្ពុជា​នឹងធ្វើ​បានល្អ​ប្រសើរ​ថែម​ទៀត​នៅ​ពេល​យើង​ធ្វើ​ម្ចាស់​ផ្ទះ ​ឆ្នាំ​ ២០២៣​ នៅ​រាជ​ធានី​ភ្នំពេញ​នា​ចុងខែ​សីហា​»៕