
ការចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាមួយនឹងការប្រើប្រាស់ម៉ាស៊ីនរ៉ូបូត ដើម្បីត្រួតពិនិត្យប្រព័ន្ធ លូក្នុងក្រុងសៀមរាប ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។ រូបភាព ក្រសួងសាធារណការ និងដឹកជញ្ជូន
ក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនរ៉ូបូតជាលើកដំបូង ដើម្បីត្រួតពិនិត្យប្រព័ន្ធលូទឹកភ្លៀង និងទឹកកង្វក់ ដោយម៉ាស៊ីននេះមានមុខងារភ្ជាប់ជាមួយកាមេរ៉ា ដែលអាចមើលឃើញស្ថានភាពជាក់ស្ដែងប្រព័ន្ធលូផ្ទៃខាងក្នុង និងការកកស្ទះកាកសំណល់ផ្សេងៗ។
ការដាក់ដំណើរការឱ្យប្រើប្រាស់ម៉ាស៊ីនរ៉ូបូតនេះ ធ្វើឡើងនាឱកាសលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី ១៣ កញ្ញា។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា ម៉ាស៊ីនរ៉ូប៉ូតត្រួតពិនិត្យប្រព័ន្ធលូទឹកភ្លៀង និងប្រព័ន្ធលូកង្វក់នេះ គឺជាម៉ាស៊ីនដំបូងរបស់ក្រសួង ដើម្បីដាក់ឱ្យប្រើប្រាស់ពិនិត្យប្រព័ន្ធលូ ហើយវាមានមុខងាររត់នៅក្នុងលូ ដោយមានភ្ជាប់កាមេរ៉ា ហើយមន្ត្រីអាចមើលឃើញស្ថានភាពទាំងអស់ នៅក្នុងប្រព័ន្ធលូ។
លោកថ្លែងពន្យល់ថា៖ «ម៉ាស៊ីននេះដាក់ចូលទៅ វារត់នៅក្រោមលូតែម្តង ដោយមានកាមេរ៉ាវា ហើយយើងមើលរូបភាពនៅក្នុងដៃយើង យើងដឹងទាំងអស់។ ថាតើលូស្ទះ ដោយសារអ្វី យើងឃើញហើយ កន្លែងខ្លះស្ទះដោយសារខ្លាញ់ បងប្អូនចាក់ខ្លាញ់ចូលក្នុងលូហ្នឹង។ ដូច្នេះម៉ាស៊ីនយើងនេះល្អណាស់ គឺវារត់បាន ២០០ ម្រ៉ែត វាថតរូបឱ្យយើងទាំងអស់ មើលបានទាំងលូទឹកស្អុយ និងលូទឹកភ្លៀង»។
លោកបន្តថា ការដាក់ដំណើរការម៉ាស៊ីនរ៉ូប៉ូតនេះ គឺជាលើកដំបូងសម្រាប់កម្ពុជា ព្រោះកន្លងមកការត្រួតពិនិត្យបញ្ហាក្នុងប្រព័ន្ធលូ ពិតជាមានការលំបាកណាស់ ព្រោះតម្រូវឱ្យមនុស្សដើរក្នុងលូតែម្តង ដើម្បីត្រួតពិនិត្យ។
លោកមានប្រសាសន៍ដូច្នេះថា៖ «កាលមុនឱ្យមនុស្សចុះក្រោមលូហ្នឹង វាថប់ដង្ហើមបញ្ចូលខ្យល់អុកស៊ីហ្ស៊ែនម៉េចបានឆ្ងាយណាស់។ ដល់ពេលនេះ យើងមានម៉ាស៊ីន វារត់ខ្លួនវា មើលពីក្រៅយើងដឹងថា វាស្ទះ ឬមិនស្ទះ។ បើឃើញស្ទះនៅកន្លែងណា យើងយកឡានយើងមក ដោយសារម៉ាស៊ីនយើងមានក្បាលវាបាញ់សម្អាតលូខ្លាំងណាស់ ហើយយើងបូមទឹកចេញទៅ»។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ពន្យល់បន្ថែមថា ម៉ាស៊ីនរ៉ូប៉ូតត្រួតពិនិត្យប្រព័ន្ធលូ គឺជាបច្ចេកវិទ្យាទំនើបមានភ្ជាប់ជាមួយកាមេរ៉ា អាចមើលឃើញស្ថានភាពជាក់ស្ដែងប្រព័ន្ធលូផ្ទៃខាងក្នុង ការកកស្ទះ ឬការខូចខាត ដើម្បីចាត់វិធានការដោះស្រាយបានទាន់ពេលវេលា។
លោក ហ៊ាង សុទ្ធាយុត្តិ៖ «ម៉ាស៊ីននេះ គឺជាគម្រោងចល័ត។ ដូច្នេះគឺយើងអាចយកទៅប្រើកន្លែងណាក៏បានដែរ។ វាជាការប្រើប្រាស់លើកទី១ ហើយក៏ជាការប្រើប្រាស់សាកល្បងដែរ។ យើងនឹងរៀបចំឱ្យបានល្អ ហើយក្រសួងនឹងធ្វើការពង្រីកនូវការប្រើប្រាស់កាន់តែច្រើន កាន់តែទូលាយជាងនេះ»។
ទន្ទឹមនឹងនេះ លោក ស៊ុន ចាន់ថុល ក៏បានអញ្ជើញចុះពិនិត្យ និងចាត់វិធានការដោះស្រាយ ក៏ដូចជាស្វែងរកមូលហេតុនៃការបង្កឱ្យមានជំនន់ទឹកភ្លៀង ជន់លិចបណ្តាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប បង្កការបាក់ច្រាំងដងស្ទឹងសៀមរាប និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ។
លោករដ្ឋមន្ត្រីក៏បានសំណូមពរឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា សម្អាតចិញ្ចើមផ្លូវមុខផ្ទះឱ្យបានស្អាត ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ពីព្រោះសំរាមជាប្រភពនាំមកនូវការកកស្ទះដល់ប្រព័ន្ធលូ ជាពិសេសកុំចាក់ដីខ្ពស់ជាងផ្លូវ ដែលអាចបង្កឱ្យមានការជន់លិច ធ្វើឱ្យផ្លូវឆាប់ខូចមុនអាយុកាល និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍៕