
លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ពេលប្រគល់រង្វាន់ជូនលោក ឡី កំថូង នាយកប្រតិបត្ដិធុរកិច្ចCheckinMe កាលពីឆ្នាំមុន ។ រូបថត សហការី
ភ្នំពេញ: ថ្វីដ្បិតតែក្រុមហ៊ុនទាំង ២ របស់លោក ចិវ សាន់ឃុន ជាក្រុមហ៊ុនដែលមានចំនួនបុគ្គលិកមិនដល់ ១០ នាក់ក៏ដោយ ក៏ឪពុករបស់លោកត្រូវចុះទៅមើលការខុសត្រូវនៅតាមទីតាំងទាំង ២ ផ្ទាល់ជារៀងរាល់ពេលដែរ។
ប៉ុន្ដែដល់ជំនាន់ លោក សាន់ឃុន ដែលមានអាយុ ២៨ឆ្នាំ គ្រប់គ្រងវិញ លោកបានប្រើកាមេរ៉ាសុវត្ថិភាពក្នុងការត្រួតពិនិត្យសកម្មភាព និងវត្ដមានរបស់បុគ្គលិក។ ឆ្នាំ ២០២២ កន្លងទៅ លោកបានប្រើប្រាស់កម្មវិធី CheckinMe ដែលអាចជួយសម្រួលកិច្ចការរបស់លោកបានកាន់តែច្រើនទាំងលើការឆែកវត្ដមាន និងសកម្មភាពផ្នែកលក់ទៀតផង។
លោក សាន់ឃុន ជាម្ចាស់ក្រុមហ៊ុន KP ជាហាងលក់ម៉ូតូ និង K+ ជាហាងលក់ស្លាកយីហោបានថ្លែងថា៖ «កាលពីសម័យប៉ាខ្ញុំ ទាល់តែយើងទៅដល់ក្រុមហ៊ុនទើបយើងដឹងថា បុគ្គលិកគោរពម៉ោងការងារឬក៏អត់ ហើយដល់សម័យខ្ញុំដំបូង ខ្ញុំប្រើកាមេរ៉ាសុវត្ថិភាពឆែក ហើយដល់ពេលមាន CheckinMe វាមិនដូច្នោះទេ។ ពេលពួកគាត់មកដល់ទីតាំងនិងស្គេនវត្ដមាន វាបានបង្ហាញលើកម្មវិធីទូរស័ព្ទយើងតែម្ដង»។
លោកបានបន្ដថា៖«ចំណុចមួយទៀតបើយើងគ្រប់គ្រងលើផ្នែកលក់វិញកន្លងមកយើងជួបការលំបាកមែនទែន។ ពេលខ្លះ យើងមិនបានដឹងថាតើពួកគាត់បានធ្វើអ្វីខ្លះលើកលែងតែយើងទៅឆែកផ្ទាល់។ ប៉ុន្ដែពេលមាន CheckinMe យើងបានដឹងពីសកម្មភាពរបស់ពួកគាត់ ដែលជួយកាត់បន្ថយការចំណាយពេលចុះផ្ទាល់ជាមួយពួកគាត់ច្រើន»។
ផ្ដើមចេញពីភាពសាមញ្ញនៃភាសារអ៊ូរទាំរបស់ម្ចាស់អាជីវកម្មមួយចំនួនដែលតែងតែនិយាយថាពួកគេមានការលំបាកក្នុងគ្រប់គ្រងបុគ្គលិកលើវត្ដមានដោយត្រូវការប្រើប្រព័ន្ធបច្ចេកទេសច្រើន ដោយពួកគេយល់ថាប្រសិនបើមានកម្មវិធីណាស្គេនវត្ដមានលើ QR Code ដូចស្គេនលុយអ៊ីចឹង មិនដឹងថាល្អយ៉ាងណា គួបផ្សំចំណេះដឹងផ្នែកបច្ចេកវិទ្យា សហគ្រិនវ័យក្មេង ក៏នឹកឃើញបង្កើតកម្មវិធីអ្វីមួយដែលផ្ដល់ភាពងាយស្រួលលើបញ្ហានេះ។
លោក ឡី កំថូង ជានាយកប្រតិបត្ដិធុរកិច្ច CheckinMe បានឱ្យដឹងថា អ្វីដែលលោកអាចធ្វើបាននោះគឺការប្រើប្រាស់ QR Code ភ្ជាប់ជាមួយ GPS ដោយបុគ្គលិកអាចស្គេនវត្ដមានបានតែនៅទីតាំងក្រុមហ៊ុនបានកំណត់ប៉ុណ្ណោះ ដោយមិនអាចថតទុកដើម្បីយកទៅស្គេននៅផ្ទះបានឡើយ។
លោក កំថូង បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖«ពេលយើងបង្កើតបច្ចេកវិទ្យា QR Code ភ្ជាប់ជាមួយ GPS បានរួចហើយ យើងត្រូវគិតលើកត្ដាថវិកាសម្រាប់តម្រូវការចំពោះសហគ្រាសធុនតូច និងធុនមធ្យមផងដែរ»។
យុវជន កំថូង អាយុ២៨ឆ្នាំ និងសហស្ថាបនិកដទៃទៀតបានចាប់ផ្ដើមសិក្សាគម្រោង start-up មួយដែលផ្ដល់ភាពងាយស្រួលដល់ម្ចាស់សហគ្រាសធុនតូចនិងធុនមធ្យមលើការគ្រប់គ្រងបុគ្គលិក ក៏ដូចជាផ្នែកលក់ក្នុងឆ្នាំ២០១៩ រីឯ CheckinMe វិញបានលេចចេញជារូបរាងនៅក្នុងឆ្នាំ ២០២១។
ពេលនេះ CheckinMe មានសមត្ថភាពគ្រប់គ្រងការស្រង់វត្ដមានផ្នែកលក់ក៏ដូចជា ការងាររដ្ឋបាលមួយចំនួនជាមួយបុគ្គលិករហូតដល់ ២ ពាន់នាក់។
ផ្ដើមពីលទ្ធភាពនៃការស្រង់វត្ដមាន CheckinMe ពេលចូលដល់ទីផ្សារនៃការប្រើប្រាស់ វាត្រូវបានអភិវឌ្ឍខ្លួនទៅជាការបន្ថែមមុខងារដាក់ស្នើសុំច្បាប់ និងអនុម័តច្បាប់តាមអនឡាញ ដោយអាចឆែកចំនួនថ្ងៃសម្រាកសេសសល់បានទៀតផង។
CheckinMe បានវិវឌ្ឍបន្ថែមមុខងារមួយទៀត គឺការស្នើសុំធ្វើការក្រៅម៉ោង និងការអនុម័តលើការស្នើសុំតាមអនឡាញ ហើយថ្មីៗនេះក្រុមហ៊ុនធំមួយ បានស្នើបង្កើតសេវាមួយទៀតគឺការលើកទឹកចិត្ដដល់បុគ្គលិកតាមរយៈវត្ដមានរបស់ពួកគេ។
លោក កំថូង មកពីស្រុកមង្គលបុរី ខេត្ដបន្ទាយមានជ័យ ដែលសិក្សាផ្នែកព័ត៌មានវិទ្យានៅសាកលវិទ្យាល័យន័រតុន និងបន្ដទៅប្រទេសឥណ្ឌា ក៏ដូចជា ជប៉ុន បានឱ្យដឹងថា៖ «ម្ចាស់ក្រុមហ៊ុនចង់ដំឡើងប្រាក់ខែដល់បុគ្គលិករបស់គាត់តាមរយៈការគោរពម៉ោងពេលការងារ និង ចំណូលនៃការលក់របស់ពួកគេ។ យើងបង្កើតបច្ចេកវិទ្យាមួយដោយផ្អែកលើការស្រង់វត្ដមាន និងសមត្ថភាពផ្នែកលក់តាមកម្រិតផ្កាយរបស់ពួកគេ»។
លោកបានបន្ដថាលោកបានបង្កើតបច្ចេកវិទ្យាមួយឈ្មោះថា Sales Activity អាចតាមដានសកម្មភាពផ្នែកលក់ ដែលពួកគេបានទៅជួបភ្ញៀវណាខ្លះ នៅតាមទីផ្សារ នៅពេលណា និងអាចធ្វើរបាយការណ៍ស្វ័យប្រវត្ដិតាមទូរស័ព្ទដៃបានទៀតផង។
CheckinMe មានសមត្ថភាពវាយតម្លៃបាន ២ ប្រភេទ គឺតាមរយៈការស្រង់វត្ដមាននិងការលក់របស់បុគ្គលិកផ្នែកលក់។ ប៉ុន្ដែ ចំពោះការវាយតម្លៃលើបុគ្គលិកការិយាល័យ ឬបុគ្គលិក (Back Office) នៅមានការស្មុគស្មាញច្រើនដោយសារពួកគេមានភារកិច្ចខុសៗគ្នាច្រើន ដែលត្រូវការពេលវេលាច្រើនជាងនេះទៀត។
លោក កំថូង បានលើកឡើងថា អ្នកប្រើប្រាស់នៅក្នុងស្រុកនឹងអាចប្រើប្រាស់ CheckinMe Mobile App សាកល្បងរយៈពេលចន្លោះពី២ទៅ៣ខែ។
លោកបាននិយាយថា៖«យើងឃើញម្ចាស់អាជីវកម្មមាន២ប្រភេទ ដោយម្ខាងជាបុគ្គលបែបប្រពៃណីដែលពួកគេត្រូវការច្បាស់លាស់ត្រូវការនិយាយ និងត្រូវការជួបផ្ទាល់ ហើយមនុស្ស ១ប្រភេទគឺមានអាយុខ្ទង់៣០ចុះក្រោម ពួកគាត់មិនចូលចិត្ដជួបផ្ទាល់ទេ តែសាកល្បងខ្លួនឯងមើលខ្លួនឯងធ្វើខ្លួនឯង និងប្រើខ្លួនឯង»។
គួររំឭកថា ក្នុងឆ្នាំ២០២២ កន្លងទៅ CheckinMe បានឈ្នះពានរង្វាន់ចំនួន៥ ដោយ២ជាពានរង្វាន់កម្រិតអន្ដរជាតិ និង៣ផ្សេងៗទៀតជាពានរង្វាន់ស្រុកដោយមានការទទួលស្គាល់ពីក្រសួងរបស់រាជរដ្ឋាភិបាល។
លោក កំថូង បានលើកឡើងថា៖ «ពានរង្វាន់ទី១ គឺ 1st Runner-up មានន័យថា ជយលាភីទី២ ដែលរៀបចំនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមាន start-up ចំនួន ១៣០ហើយពានរង្វាន់ទី ២ គឺដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះកម្មវិធីអាស៊ាន (ASEAN SUMMIT) បានរៀបចំកម្មវិធីប្រកួតបច្ចេកវិទ្យា»។
កម្មវិធីនេះធ្វើឡើងនៅប្រទេសសិង្ហបុរីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រនៅចិន ដោយមាន start-up ចំនួន១៥០ ដែល CheckinMe ទទួលបានលេខ ៣។
លោកបានបន្ដថា ចំពោះពានរង្វាន់ក្នុងស្រុក CheckinMe ត្រូវបានទទួលស្គាល់ជាបច្ចេកវិទ្យាឌីជីថលឆ្នើមប្រចាំឆ្នាំ ២០២២ ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការប្រគល់ពានរង្វាន់ពីលោករដ្ឋមន្ដ្រីផ្ទាល់។ ពានរង្វាន់ជយលាភីលេខ៣ ពីសហគ្រិនខ្មែរនិងពានរង្វាន់សហគ្រិនឆ្នើមលើផ្នែកបច្ចេកវិទ្យាដោយទទួលស្គាល់ពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា។
ការប្រើប្រាស់ CheckinMe មាន ២ ជម្រើសគឺការដំឡើងប្រព័ន្ធបច្ចេកវិទ្យា និងការដោនឡូតសម្រាប់ប្រើប្រាស់នៅក្រៅប្រទេសដែលត្រៀមដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗ អំឡុងឆ្នាំនេះនៃតំបន់អាស៊ី។
នាយកប្រតិបត្ដិវ័យក្មេងរូបនេះបានបញ្ជាក់ថា៖ «អតិថិជនអាចឱ្យក្រុមការងារ យើងរៀបចំប្រព័ន្ធសេវាកម្មនៅតាមគ្រឹះស្ថានសហគ្រាស ហើយមួយទៀត អតិថិជនអាចចូលក្នុងផេចទិញប្រើប្រាស់ខ្លួនឯងតាមរយៈការបង្ហាត់បង្រៀនលើវីដេអូ ដោយយើងមានផែនការរុញ CheckinMe ទៅប្រទេសក្រៅដូចជា ថៃ ឬ កាណាដា ដែលយើងមិនអាចទៅជួបពួកគាត់ផ្ទាល់»៕