​ក​ណ្ដ​លៈ ​និស្សិត​ខ្មែរ​ ១ ​ក្រុម​បាន​ស្រាវជ្រាវ​បង្កើត​ឧបករណ៍​ឆ្លាត​វៃ​សម្រាប់​ស្រោច​ដំណាំ​ស្វ័យប្រវត្តិ​ដោយ​គ្រាន់តែ​បញ្ជា​តាម​ទូរស័ព្ទ​ប៉ុណ្ណោះ​។ ដោយ​សារ​ការបង្កើតបាន​ឧបករណ៍​នេះ​ក្រុមនិស្សិត​ខាងលើ​បាន​ជាប់​ជយលាភី និង​ទទួលបាន​មេដាយមាស ​១ ​គ្រឿង​ក្នុងការ​ប្រកួត​ជាមួយ​ក្រុមនិស្សិត​ជាង​ ១០០​ ក្រុម​ផ្សេងទៀត​រួមទាំង​និស្សិត​បរទេស​ផងដែរ​។

​បច្ចេកវិទ្យា​នេះ​ត្រូវបាន​កសិករ​ម្នាក់​កំពុង​យកទៅ​ប្រើ​ស្រោច​បន្លែ​របស់គាត់​លើ​ផ្ទៃដី​ទំហំ​ ២៥​ អា​។ ការប្រើ​បច្ចេកវិទ្យា​ឧ​បករ​ណ៍​កសិកម្ម​ឆ្លាត​វៃ​នេះ​បាន​ជួយ​សន្សំ​ទាំង​ថវិកា ពេលវេលា និង​កម្លាំង​ពលកម្ម​ផងដែរ​។​

​លោក ក​យ បូ​រិ​ន អាយុ ​៥០​ ឆ្នាំ រស់នៅ​ភូមិ​អូរ​រំចេក ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​កណ្ដាល បាន​រៀបរាប់ថា បច្ចុប្បន្ន​លោក​ដាំ​បន្លែ​ចម្រុះ​លើដី​ទំហំ​ ២៥​ អា ដោយ​ប្រើ​ឧបករណ៍​ឆ្លាត​វៃ​ឈ្មោះថា ​[CAM-Smart Irrigation]​ របស់​និស្សិត​ ១​ ក្រុម​ដែល​បាន​បំពាក់​ឱ្យ​លោក​ដោយ​មិន​គិតថ្លៃ ហើយ​លោក​បាន​ប្រើ​ឧបករណ៍​ឆ្លាត​វៃ​នេះ​អស់​រយៈ​ពេល ៣ ​ខែ​មកហើយ​។​

​លោក​បាន​បន្តថា ពីមុនមក​លោក​ធ្លាប់តែ​បូមទឹក​ពី​អណ្តូង​ស្នប់​ដើម្បី​ស្រោចស្រព​ដំណាំ​ហើយ​អ្វីដែល​លោក​បាន​ប្រើ​នោះ​គឺ​លោក​ត្រូវ​ចំណាយ​កម្លាំង​មនុស្ស​ដើម្បី​អូស​ទុយោ​ទឹក​។ ពេល​បូមទឹក​ស្រោច​ដំណាំ​បន្លែ​ទៀតសោត​ក៏ត្រូវ​ចាំមើល​បរិមាណ​ទឹក​ក្នុង​ចម្ការ​ដើម្បី​កុំឱ្យ​បន្លែ​រលាំ​ទឹក​ងាប់​។ ដូច្នេះ​ការប្រើ​តាម​ទម្លាប់​ចាស់​ជួប​ការលំបាក​ច្រើន​ទម្រាំ​ទទួលផល​បន្លែ​។​

​លោក​បាន​ថ្លែងថា​៖ «​ខុសគ្នា​ត្រង់​ថា ពីមុនមក​ខ្ញុំ​ត្រូវ​ប្រើ​កម្លាំង​ពលកម្ម​ហើយ​ចំណាយពេល​ច្រើន​ខាត​ពេលវេលា​។ ម្យ៉ាង​ពីមុន​ខ្ញុំ​ចេះតែ​បាញ់​ទឹក​ស្រោច​ដំណាំ​មិនដឹងថា ទឹក​ខ្វះ​ក្នុង​ដីចម្ការ ឬក៏​លើស​ទេ ខ្ញុំ​ចេះតែ​បាញ់ៗ​ទៅ​។ ឥឡូវ​ខ្ញុំ​ដឹង​ព្រោះ​មាន​ឧបករណ៍​ឆ្លាត​វៃ​»​។​

​បើតាម​លោក បូ​រិ​ន ឧបករណ៍​បច្ចេកទេស​ថ្មី​បង្កើតឡើង​ដោយ​ក្រុមនិស្សិត​ដែល​លោក​បាន​ប្រើ​នេះ គឺ​លោក​ចំណេញ​ទាំង​ទឹក ចំណេញ​ទាំង​ពេលវេលា និង​មិន​ចំណាយ​កម្លាំង​ពលកម្ម​ដូច​មុន​ឡើយ​។ ឧបករណ៍​នេះ​នៅពេលដែល​ដីចម្ការ​ខ្វះ​សំណើម​ទឹក​ដែល​មិនអាច​ផ្គត់ផ្គង់​ឱ្យ​ដំណាំ​បាន​គឺ​វា​ផ្តល់​ជា​សញ្ញា​ឱ្យដឹង​នៅលើ​ទូរស័ព្ទ​ភ្លាម​។ នៅពេលនោះ​លោក​គ្រាន់តែ​ចុច​​បញ្ជា​តាម​ទូរស័ព្ទ គឺ​ម៉ូ​ទ័​រ​បូម​ទឹកនឹង​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​ហើយ​នៅពេលដែល​ទឹក​ស្រោច​ស្រព​ដល់​បន្លែ និង​ដី​មាន​សំណើម​គ្រប់គ្រាន់​ហើយ​នោះ​វា​នឹង​ផ្តល់​ជាស​ញ្ញា​ឱ្យ​លោក​ដឹង​ទៀតផង​។​

​លោក​បាន​ប្រាប់ថា​៖ «​យើង​ប្រើ​ឧបករណ៍​ហ្នឹង​វា​មានការ​វាស់​​ស្ទង់​សំណើម​ខ្ពស់​សំណើម​ទាប​គឺ​វា​លោត​ជា​សញ្ញា​ក្នុង​ទូរស័ព្ទ​ឱ្យ​យើង​ដឹង​។ យើង​ទៅណា​ឆ្ងាយ​ពី​ចម្ការ ឬ​ទៅ​ខេត្ត​ឆ្ងាយ​អី យើង​មិន​បារម្ភ​ទេ គ្រាន់តែ​បញ្ជា​តាម​ទូរស័ព្ទ​បាន​ហើយ មិន​បារម្ភ​ដូច​មុន​ឡើយ​»​។​

​លោក​ឱ្យដឹងថា លោក​អរគុណ​ដល់​ក្រុមនិស្សិត​ដែលមាន​កញ្ញា នាក់ សុខ​គីម ជា​ស្ថាបនិក​រួម​នឹង​ក្រុម​សមាជិក​របស់​កញ្ញា​ផង​ដែល​បាន​បំពាក់​ឧបករណ៍​បច្ចេក​​វិទ្យា​ឆ្លាត​វៃ​នេះ​នៅក្នុង​ចម្ការ​របស់លោក​ដោយ​មិន​យក​កម្រៃ ហើយ​បច្ចេកទេស​ថ្មី​នេះ​លោក​ក៏​មិនដែល​ជួបប្រទះ​ដែរ​។​ទន្ទឹមនឹងនេះ​លោក​ក៏បាន​ផ្សព្វផ្សាយ​បន្ត​ដល់​ប្រជាកសិករ​ក្នុង​តំបន់​ដើម្បីឱ្យ​ងាក​មកប្រើប្រាស់​ឧបករណ៍​ឆ្លាត​វៃ​នេះ​ដូច​លោក​ដែរ​។

​ពាក់ព័ន្ធ​ការប្រើ​ឧបករណ៍​ស្រោចស្រព​ដំណាំ​ឆ្លាត​វៃ​នេះ កញ្ញា នាក់ សុខ​គីម អាយុ​ ២០​ ឆ្នាំ​ជា​និស្សិត​ឆ្នាំ​ទី​ ៣ ​ដែល​កំពុង​សិក្សា​ជំនាញ​វិស្វកម្ម​បច្ចេក​វិទ្យា​ព័ត៌មាន​នៃ​សាកលវិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កញ្ញា មាន​ស្រុកកំណើត​នៅ​ភូមិ​តា​ប៉ាវ​បំពេញ​ទេស ឃុំរ​កាព​ប្រាំ ស្រុក​​ខេត្ត​ត្បូងឃ្មុំ​។​

​កញ្ញា​បានឱ្យដឹងថា ការបង្កើត​ឧបករណ៍​ឆ្លាត​វៃ​នេះ​គឺជា​ស្នាដៃ​របស់​ក្រុម​របស់​កញ្ញា​ដែលមាន​សមាជិក​ប្រុស​ស្រី​ជា​និស្សិត​ចំនួន​ ១១ ​រូប​។ កម្មវិធី​នេះ​ហៅថា ​[CAM-Smart Irrigation]​ ដែល​អាចជួយ​សម្រួល​ដ​ល់​កសិករ​ក្នុងការ​ស្រោចស្រព​ដំណាំ ពោលគឺ​ឧបករណ៍​នេះ​អាច​បិទ និង​បើកទឹក​ដោយ​ស្វ័យ​​ប្រវត្តិ​។​ចំពោះ​ប្រសិទ្ធភាព​របស់​ឧបករណ៍​នេះ វា​អាច​កំណត់​ម៉ោង​ក្នុងការ​ស្រោចស្រព អាច​វាស់​ស្ទង់​កម្រិត​សំណើម​ដី​នៅក្នុង​កសិដ្ឋាន​បាន​ទៀត​។​

​កញ្ញា​សុខ​គីម បាន​បញ្ជាក់ថា មុន​បំពាក់​ឧបករណ៍​នេះ​បាន​គឺ​លុះត្រាតែ​ក្រុម​អ្នក​បច្ចេក​ទេស​របស់​កញ្ញា​ចុះទៅ​សិក្សា​នៅ​កសិដ្ឋាន​នោះ​ជាមុនសិន​ដើម្បី​មើល​ប្រភពទឹក រៀបចំ​បំពាក់​ទុយោ​ទឹក និង​ភ្លើង​។ បន្ទាប់មក​ត្រូវ​ភ្ជាប់​កម្មវិធី​ចូលក្នុង​ទូរស័ព្ទ​ដើម្បី​បញ្ជា​ពី​ចម្ងាយ​។ ការបង្កើត​ឧបករណ៍​នេះ​ឡើង​ដោយសារ​ក្រុមការងារ​របស់​កញ្ញា​មើល​ឃើញថា កសិករ​ជួប​ការលំបាក​ច្រើន​ក្នុង​ការងារ​កសិកម្ម​។ ម្យ៉ាង ក្រុមការងារ​របស់​ក​ញ្ញា​ក៏​សុទ្ធ​ជា​កូន​កសិករ​ហើយក៏​ធ្លាប់​ឆ្លង​កាត់​បទពិសោធន៍​ទាំង​នេះដែរ ពិសេស​ឪពុកម្តាយ​របស់​ក្រុម​កញ្ញា​ផ្ទាល់​។ ដូច្នោះ​ហើយ​ទើប​រួមគំនិត​គ្នា​បង្កើតបាន​ដូច​អ្វីដែល​ក្រុម​កញ្ញា​បាន​រំពឹងទុក​នេះ​។​

​បើតាម​កញ្ញា សុខ​គីម ការ​បង្កើត​ឧបករណ៍​ឆ្លាត​វៃ​នេះ​គឺ​ក្រុមការងារ​របស់​កញ្ញា​បានចាប់ផ្តើម​តាំងពី​ឆ្នាំ​ ២០២១ ​មក ហើយ​ចេះតែ​បន្ត​ស្រាវជ្រាវ​មករ​ហូត​ទទួលបាន​ជោគជ័យ​។ នៅ​ឆ្នាំ​ ២០២១​ ក្រុម​របស់​កញ្ញា​ក៏​ធ្លាប់​ចូលរួម​ប្រកួត​បាន​ជយលាភី​លេខ​ ១ ​ក្នុង​កម្មវិធី 1st winner of Bandos Digital Startup 2021, ក្នុង​ឆ្នាំ​ ២០២២​ ក្នុង​កម្ម​វិធី Winner of SAAMBAT Digital Agriculture Accelerator Program 2022,​ក្នុង​ឆ្នាំ​ ២០២៣ ​ក្នុង​កម្មវិធី 1st place winner of Business Model Competition Cambodia 2023 ហើយ​លើកចុងក្រោយ​នេះ ទទួលបាន​មេដាយមាស​ដែលមាន​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ​[NUM] សហការ​ជាមួយ​ BusinessModel CAMBODIA រួមទាំង​ស្ថាប័នឯកជន​មួយចំនួនទៀត​ក្នុង​ការជួយ​ជ្រោ​ម​​ជ្រែង​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ដណ្តើម​ជយលាភី​នេះ​៕