ក្រុមហ៊ុន Toyota Motor កាលពីថ្ងៃពុធបាននិយាយថា ខ្លួននឹងប្រមូលរថយន្តចំនួន ១,១២ លានគ្រឿងនៅទូទាំងពិភពលោកមកកែតម្រូវឡើងវិញ ដោយសារតែសៀគ្វីខ្លីនៅក្នុងឧបករណ៍ចាប់សញ្ញាអាចបណ្តាលឱ្យពោងខ្យល់សុវត្ថិភាពមិនដំណើរការដូចដែលបានរចនា។
ការប្រមូលរថយន្តមកវិញគ្របដណ្តប់លើរថយន្តចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ ក្នុងនោះមានរថយន្តប្រភេទ Avalon, Camry, Corolla, RAV4, Lexus ES250, ES300H, ES350, RX350 Highlander និង Sienna Hybrid ដែលមានបញ្ហាឧបករណ៍ចាប់សញ្ញាមិនដំណើរការ។ ក្នុងចំណោមនោះវារួមបញ្ចូលទាំងរថយន្តចំនួន ១ លានគ្រឿងនៅក្នុងទឹកដីសហរដ្ឋអាមេរិកផងដែរ។
ឧបករណ៍ចាប់សញ្ញា ឬជាភាសាអង់គ្លេស sensorsដែលមានបញ្ហានៅលើប្រភេទរថយន្តខាងលើនេះគឺ វាមិនអាចបញ្ជាពោងសុវត្ថិភាពឱ្យដំណើរការបានល្អនោះទេសូម្បីពេលមនុស្សធំ ឬកុមារតូចអង្គុយនៅកៅអីខាងមុខ។ តំណាងចែកចាយរបស់ Toyota នឹងត្រូវត្រួតពិនិត្យ ឬផ្លាស់ប្តូរឧបករណ៍ចាប់សញ្ញាបើចាំបាច់ ខណៈក្រុមហ៊ុនខ្លួនឯងផ្ទាល់នឹងចាប់ផ្តើមជូនដំណឹងនៅខែកុម្ភៈជុំវិញការប្រមូលរថយន្តមកវិញនេះ។
កាលពីខែកក្កដាឆ្នាំ ២០២២ ក្រុមហ៊ុន Toyota ក៏ធ្លាប់បានចេញសេចក្តីប្រកាសប្រមូលរថយន្ត RAV4 ចំនួន ៣ពាន់ ៥រយគ្រឿងនៅក្នុងសហរដ្ឋអាមេរិកផងដែរ ដោយសារតែបញ្ហាផ្នែកខាងក្នុងរបស់វាអាចបណ្តាលឱ្យឧបករណ៍ចាប់សញ្ញា OCS ដំណើរការមិនត្រឹមត្រូវ។
ជុំវិញបញ្ហាពោងខ្យល់សុវត្ថិភាពនេះ រដ្ឋបាលសុវត្ថិភាពចរាចរណ៍អាមេរិកបានឱ្យដឹងថាពោងខ្យល់ខាងមុខបានជួយសង្គ្រោះជីវិតមនុស្សជាង ៥ម៉ឺននាក់នៅសហរដ្ឋអាមេរិកក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ។
គួរជម្រាបថា ការប្រមូលរថយន្តត្រលប់ទៅវិញក្រោយមានបញ្ហាបច្ចេកទេសមិនមែនជាបញ្ហាថ្មីនោះទេ ដោយគ្រប់ក្រុមហ៊ុននៅក្នុងវិស័យឧស្សាហកម្មរថយន្តសុទ្ធតែមានបទពិសោធន៍ស្រដៀងគ្នានេះ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ដែលមានបច្ចេកវិទ្យាកំពូលបំផុតមួយក៏បានប្រមូលរថយន្តរបស់ខ្លួនជាង ២ លានគ្រឿងនៅក្នុងសហរដ្ឋអាមេរិកដើម្បីដំឡើងប្រព័ន្ធការពារថ្មីជំនួយអ្នកបើកបរនៅក្នុងប្រព័ន្ធ Autopilot (បើកបរដោយស្វ័យប្រវត្តិ) បន្ទាប់ពីនិយតករសុវត្ថិភាពសហព័ន្ធបានលើកឡើងពីកង្វល់អំពីសុវត្ថិភាពនៃប្រព័ន្ធនេះ៕