The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ឧទ្ធម្ភាគចក្រ​យោធា​លីបង់​​ ផ្ដល់​សេវា​ដឹក​ភ្ញៀវ​ទេសចរ​​ម្ដង​ត្រឹម​តែ ១៥០ ​ដុល្លារ​




ឧទ្ធម្ភាគចក្រ​យោធា​លីបង់​​ ផ្ដល់​សេវា​ដឹក​ភ្ញៀវ​ទេសចរ​​ម្ដង​ត្រឹម​តែ ១៥០ ​ដុល្លារ​

Content image - Phnom Penh Post
​ឧទ្ធម្ភាគចក្រយោធាលីបង់ជិះកាត់ឆ្នេរសមុទ្រ នាវេលាថ្ងៃរៀបលិច​។ រូបថត AFP

ឧទ្ធម្ភាគចក្រ​យោធា​លីបង់​​ ផ្ដល់​សេវា​ដឹក​ភ្ញៀវ​ទេសចរ​​ម្ដង​ត្រឹម​តែ ១៥០ ​ដុល្លារ​

ក្រុង​បេរ៉ូត៖ យោធា​លីបង់​នឹង​ចាប់​ផ្ដើម​ផ្ដល់​សេវា​ជិះ​ឧទ្ធម្ភាគចក្រ​កម្សាន្ត​ដល់​ភ្ញៀវ​ទេសចរ​ក្នុង​សប្ដាហ៍​នេះ ក្នុង​បំណង​ស្រោចស្រង់​វិស័យ​ទេសចរណ៍​នៅ​ប្រទេស​រ៉ាំរ៉ៃ​ដោយ​វិបត្តិ។

វិបត្តិ​សេដ្ឋកិច្ច​ដែល​ធនាគារ​ពិភព​លោក​ពិពណ៌នា​ថា ជា​បញ្ហា​ស្ថិត​នៅ​ក្នុង​កម្រិត​យ៉ាប់យ៉ឺន​បំផុត​ ចាប់​តាំង​ពី​​ទសវត្សរ៍​ឆ្នាំ ១៨៥០ បាន​វាយប្រហារ​លើ​វិស័យ​យោធា​​លីបង់​យ៉ាង​ធ្ងន់ធ្ងរ ដោយ​សូម្បី​តែ​​ការ​ផ្គត់ផ្គង់​ប្រាក់​បៀវត្សរ៍​ចិញ្ចឹម​ជីវិត​​​ដល់​កងកម្លាំង​យោធា សឹង​​តែ​ពុំ​អាច​ធ្វើ​ទៅ​បាន។

សេចក្ដី​ប្រកាស​​ពី​វេបសាយ​យោធា​លីបង់​បាន​ឱ្យ​ដឹង​ទៀត​ថា ពេល​នេះ​ពលរដ្ឋ​ស៊ីវិល និង​ភ្ញៀវ​ទេសចរ​អាច​មាន​ឱកាស​ទស្សនា​​ទឹកដី​លីបង់​ពី​លើ​អាកាស តាមរយៈ​ការ​ហោះហើរ​កម្សាន្ត​រយៈពេល​ ១៥ ​នាទី។

ដំណើរ​កម្សាន្ត​លើ​អាកាស​តាមរយៈ​ឧទ្ធម្ភាគចក្រ​យោធា​ Robinson R44 Raven នឹង​ចាប់​ផ្ដើម​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​នេះ ហើយ​បន្ត​ស្វាគមន៍​អ្នក​ដំណើរ​ក្មេង​បំផុត​ចាប់​ពី​អាយុ​ ៣ ​ឆ្នាំ​ឡើង​ទៅ។

ក្នុង​ជើង​ហោះហើរ ១ លើក អាច​ស្វាគមន៍​ភ្ញៀវ​​ចំនួន ៣ ​នាក់ ជាមួយ​តម្លៃ​ ១៥០ ​ដុល្លារ ដោយ​តម្រូវ​ឱ្យ​បង់​ជា​សាច់​ប្រាក់​សុទ្ធ។

ប្រភព​ពី​មន្ត្រីយោធា​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ថា៖ «គោល​បំណង​របស់​យើង​ គឺ​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​ប្រទេស​លីបង់ ដោយ​ការ​កែប្រែ​មុខ​​មាត់​ថ្មី ហើយ​នេះ​ក៏​ជា​ការ​​ស្វែង​រក​ចំណូល​ផ្គត់ផ្គង់​កងកម្លាំង​​​អាកាស​ផង​ដែរ»។

វិបត្តិ​សេដ្ឋកិច្ច​នៅ​ប្រទេស​លីបង់ ​បាន​ស៊ី​រូង​​កញ្ចប់​ថវិកា​សម្រាប់​ផ្គង់ផ្គង់​បៀវត្សរ៍​យោធា និង​ការ​ចំណាយ​ថែទាំ​ឧបករណ៍​យាន​ជំនិះ​នានា។

ចាប់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​មុន​មក កង​កម្លាំង​យោធា​នៅ​ក្នុង​ប្រទេស​រួម​រឹត​ដោយ​វិបត្ដិ​សេដ្ឋកិច្ច​នេះ ត្រូវ​បាន​​កាត់​បន្ថយ​សាច់​ក្នុង​របប​អាហារ​​​ដែល​បាន​បម្រើ​ជូន​ដល់​ទាហាន​ដែល​កំពុង​បំពេញ​បេសកកម្ម ដោយសារ​តែ​តម្លៃ​ម្ហូប​អាហារ​ឡើង​ថ្លៃ​ខ្លាំង​នៅ​ក្នុង​ប្រទេស​​នេះ​​៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍