ក្រុងតូក្យូ៖ រយៈពេល ១ ឆ្នាំហើយដែលកំពូលភ្នំហ្វូជីរបស់ប្រទេសជប៉ុន ផ្អាកស្វាគមន៍ភ្ញៀវដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស។ ប៉ុន្តែពេលនេះអ្នកឡើងភ្នំកំពុងវិលត្រឡប់មកភ្នំដ៏ពិសិដ្ឋស្វែងរកពន្លឺព្រះអាទិត្យរះដ៏អស្ចារ្យពីលើសមុទ្រពពក។
ហ្វូជីមានជម្រាលស៊ីមេទ្រីនៃភ្នំភ្លើងសកម្ម ត្រូវបានបិទជាសាធារណៈកាលពីរដូវក្តៅមុនព្រោះតែវិបត្តិកូវីដ ហើយទើបតែបើកឡើងវិញនៅខែកក្កដានេះ។
នៅព្រឹកព្រលឹមទៀបភ្លឺនៃថ្ងៃបន្ទាប់ មនុស្សជាង ១០០ នាក់ ដែលបានចំណាយពេលឡើងភ្នំ និងគេងសម្រាករង់ចាំមើលថ្ងៃរះ បានប្រមូលផ្តុំគ្នារួចជាស្រេចនៅឯកំពូលភ្នំដ៏ពិសិដ្ឋដែលត្រូវបានគ្របដណ្ដប់ដោយទឹកកក និងព្រឹល។
អ្នកឡើងភ្នំ តូក្យូ រី អាយុ ៣៤ ឆ្នាំបាននិយាយថា៖ «ទោះបីខ្ញុំមិនមែនជាអ្នកជឿសាសនាអីក៏ពិតមែន តែខ្ញុំមាន អារម្មណ៍បរិសុទ្ធពេលមកដល់កំពូលភ្នំហ្វូជី»។
ភ្នំកម្ពស់ ៣ ៧៧៦ ម៉ែត្រ មានចម្ងាយផ្លូវដោយធ្វើដំណើរប្រមាណ ២ ម៉ោងពីកណ្តាលទីក្រុងតូក្យូតាមរថភ្លើង។
ប៉ុន្តែភ្នំដ៏ខ្ពស់ និងធំមហិមានេះអាចត្រូវបានគេមើលឃើញចម្ងាយរាប់ពាន់គីឡូម៉ែត្រ និងស្ថិតនៅក្នុងស្នាដៃសិល្បៈគំនូរជប៉ុនរាប់មិនអស់។
នាម៉ោង ៤ កន្លះទៀបភ្លឺ បន្ទាប់ពីការឡើងភ្នំដ៏វែងឆ្ងាយ និងសម្រាករយៈពេលខ្លីនៅលើកំពូលភ្នំ អ្នកឡើងភ្នំទាំងឡាយ បានចាត់ទុកជាទេសភាពដ៏អស្ចារ្យនៃព្រះអាទិត្យរះលើសមុទ្រពពកនេះថាពិតជាមិនខកបំណងនោះទេ។
អ្នកឡើងភ្នំនៅលើកំពូលភ្នំអាចមើលឃើញពន្លឺសូរ្យសែងផុសចេញពីពពកនៅពីក្រោយក្លោងទ្វារបុរាណតូរិអិនៅលើភ្នំ។
ប៉ុន្តែខណៈដែលភ្នំដ៏ពិសិដ្ឋមានថាមពលទាក់ចិត្តដ៏អស្ចារ្យ វាក៏ជាទីដ៏មានគ្រោះថ្នាក់ផងដែរ។
ផ្លូវឡើងពីស្ថានីយ៍ទី ៥ ជាទីជម្រាលបន្តរហូតដល់កំពូលភ្នំ បើកដំណើរការតែត្រឹមចន្លោះដើមខែកក្កដាដល់ខែកញ្ញាប៉ុណ្ណោះ។
យ៉ាងណាក៏វាមិនអាចបញ្ឈប់វត្តមានមនុស្សដើរឡើងនោះឡើយ។ ផ្លូវដ៏គ្រោះថ្នាក់នេះ បានឆក់យកជីវិតបុរសម្នាក់រអិលធ្លាក់ស្លាប់ ពេលប្រើទូរស័ព្ទឡាយវីដេអូកាលពីខែតុលាឆ្នាំ ២០១៩។
ភ្នំភ្លើងហ្វូជីបានផ្ទុះឡើងចុងក្រោយក្នុងឆ្នាំ ១៧០៧ ហើយពេលនេះវាមិនបានបង្ហាញសញ្ញាសកម្មនៃបន្ទុះថ្មីនាប៉ុន្មានទសវត្សរ៍ចុងក្រោយនោះទេ។
យ៉ាងណាមិញ អ្នកជំនាញបាននិយាយថា បន្ទុះរបស់វាអាចធ្វើឱ្យក្រុងតូក្យូក្លាយជាផេះ និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសចេញពីទីជម្រក។
បច្ចុប្បន្ននេះ ភ្នំហ្វូជីដ៏ពិសិដ្ឋនៅបន្តទាក់ទាញអ្នកផ្សងព្រេងពេលព្រឹកព្រហាមដូចជាកញ្ញា ឈីកាកូ កូគូបូ។
អ្នកដើរភ្នំវ័យ ២៩ ឆ្នាំរូបនេះបាននិយាយថា៖ «វាពិតអារម្មណ៍ស្រស់ថ្លា និងពោរពេញដោយថាមពល។ ថ្ងៃរះគឺជាការចាប់ផ្តើមអ្វី និងក្ដីសង្ឃឹម»៕ AFP/HR