
វីឡា Amber Kampot ទាំង ២៥ ខ្នង រួមទាំងបរិវេណទាំងអស់នឹងទទួលថាមពលពីកសិដ្ឋានសូឡាភាគច្រើន។ រូបថត សហការី
កំពត: ស្ថិតនៅប្រ៉បតាមដងព្រែកកំពត រីសត Amber Kampot ចំទើតក្បែរជើងភ្នំដំរី គឺជារីសតផ្ទះវីឡាដ៏ប្រណីតដែលផ្ដល់ជាទីឋានសម្រាកលម្អែផាសុកភាព។ តែពីក្រោយនេះ វាពឹងអាស្រ័យទាំងស្រុងលើសម្រស់ធម្មជាតិជុំវិញសម្រាប់ផ្គាប់ចិត្ដភ្ញៀវ ដែលស្រឡាញ់បរិស្ថានដ៏ស្រស់បំព្រងនៃខេត្ដកំពត។
ស្ថិតនៅលើទីតាំងដងព្រែកកំពត រីសតបរិស្ថាន ដែលអះអាងថា គ្មានប្លាស្ទិកលើបរិវេណរីសតជាង ១ ហិកតា បានពង្រីកវិសាលភាពនៃសម្រស់បៃតងទៅដល់ទីក្រុងទាំងមូលដើម្បីស្វាគមន៍ភ្ញៀវទេសចរ។
ប្រធានក្រុមហ៊ុន Amber International Holdings លោក Taihei Yamada ថ្លែងថា៖ «យើងគ្រោងធ្វើឱ្យខេត្តកំពតក្លាយទៅជាទិសដៅដ៏ល្បីល្បាញលំដាប់អន្តរជាតិ ខណៈយើងសាងសង់រមណីយដ្ឋានប្រណីតលំដាប់ផ្កាយ ៥ ដំបូងគេបង្អស់នៅក្នុងទីតាំងដែលមិនទាន់មានការកែច្នៃនៃសម្រស់ធម្មជាតិដ៏ប្រណីតដែលមិនធ្លាប់មាននៅតំបន់អាស៊ីដូចជាតំបន់ Labuan Bajo ប្រទេសឥណ្ឌូនេស៊ី កោះ Ogasawara ក្នុងប្រទេសជប៉ុន និងតំបន់ Tash-kent នៅអ៊ូសបេគីស្ថានជាដើម»។
ជាទីឋានបដិសណ្ឋារកិច្ចភាគខាងត្បូងប្រទេស Amber Kampot គិតគូរខ្លាំងពីបរិស្ថាន ដោយមានសកម្មភាពដាំដើមឈើ សម្អាតទីក្រុង និងការកសាងប្រព័ន្ធថាមពលសូឡា។
លោក Ayub Yuliainto ជានាយកគ្រប់គ្រងទូទៅ Amber Kampot បានឱ្យដឹងថា៖ «បើភ្ញៀវពេញចិត្ដ Amber Kampot វាពិតជាកិត្ដិយសណាស់។ ប៉ុន្ដែច្បាស់ណាស់ យើងចង់បង្កើតលើកតម្កើងមុខមាត់ក្រុងកំពតជារួម និងខិតខំផ្លាស់ប្ដូរផ្នត់គំនិតប្រជាជនជួយគិតគូរដល់ទីក្រុងដ៏ផូរផង់នេះ»។
Amber Kampot ធ្វើខ្លួនជាគំរូក្នុងការប្រែក្លាយជាទីឋានបដិសណ្ឋារកិច្ចបៃតង និងលើកទឹកចិត្ដឱ្យអ្នកដទៃចូលរួមក្នុងការវិនិយោគលើជម្រើសធម្មជាតិបៃតងនេះ។
លោក Ayub បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «លទ្ធផលនឹងនៅរង់ចាំរយៈពេលយូរទៀត។ ធ្វើការជាមួយសហគមន៍មិនខុសពីការអប់រំនោះទេ យើងត្រូវវិនិយោគលើពេលវេលា និងកិច្ចខិតខំប្រឹងប្រែង តែពេលទីក្រុងកាន់តែស្អាត កាន់តែបៃតងយើងនឹងប្រាកដថា វាកាន់តែទាក់ទាញភ្ញៀវទេសចរមកលេងទីក្រុងយើងបន្ថែមទៀត»។
ដោយសហការជាមួយ A&I Energy ជាក្រុមហ៊ុនជំនាញដំឡើងថាមពលសូឡាវីឡារបស់ Amber Kampot ទាំង ២៥ ខ្នង រួមទាំង បរិវេណទាំងអស់នឹងទទួលថាមពលពីកសិដ្ឋានសូឡាភាគច្រើន។
ដំឡើងនៅលើបរិវេណដំបូលអគារ គន់ឆ្លុះទេសភាពដងព្រែកកំពត និងជួរភ្នំក្បែរខាង សូឡាជាង ១០០ បន្ទះ បានផ្ដល់ថាមពលនៃការប្រើប្រាស់ភាគច្រើនដល់រីសតមួយនេះ។
លោក Ayub បានបន្ដថា៖ «Amber Kampot ជាទីកន្លែងដែលផ្ដល់បទពិសោធក្រេបភេសជ្ជៈគន់ថ្ងៃលិច ទទួលទានអាហារពេលល្ងាចលើដែនកោះ ទូកបណ្ដែត លេងជិះក្ដារលើដងព្រែកកំពត និងអូប័រ បានបំពាក់ឧបករណ៍សូឡា ១៤៤ បន្ទះ ដែល ១ បន្ទះ ផលិតថាមពលអគ្គិសនី ៧៧ គីឡូវ៉ាត់ម៉ោង។ កសិដ្ឋានសូឡានេះផ្ដល់ថាមពលសរុប ២៩០ គីឡូវ៉ាត់ម៉ោង ក្នុង ១ ថ្ងៃ ដែលគ្របដណ្ដប់ការប្រើប្រាស់មូលដ្ឋានជាច្រើន»។
ចាប់ពីអគារអាណានិគម ទេសភាពលើកំពូលភ្នំ អេកូរីសតនៅតាមដងស្ទឹងកំពត រហូតដល់អាហារគ្រឿងសមុទ្រ និងផ្លែទុរេន ទាំងអស់នេះសុទ្ធតែជាភាពទាក់ទាញនៃខេត្ដកំពត។
លោក Ayub បានបន្ដថា ខេត្ដកំពតមានអ្វីៗលើសពីភ្នំបូកគោ និងទុរេនច្រើនទៀត។ ទីក្រុងចំណាស់មួយនេះបានសម្រស់ធម្មជាតិដ៏ល្អឯក ពីទេសភាពភ្នំរហូតដល់ស្ទឹង បឹង និងល្អាង ក៏ដូចជាទីតាំងដ៏អំណោយផលចន្លោះក្រុងព្រះសីហនុ និងកែប។
ទោះខេត្ដកំពតទទួលភ្ញៀវជាមធ្យមត្រឹមការសម្រាក១យប់មុនពេលជួបវិបត្ដិកូវីដ ទីក្រុងមួយនេះមានបំណងទាក់ទាញឱ្យភ្ញៀវបន្ដស្នាក់នៅ ២-៣ រាត្រី ដោយចាប់ផ្ដើមពីកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍ទាំងមូល។

ចំទើតក្បែរជើងភ្នំដំរី គឺជារីសតផ្ទះវីឡាដ៏ប្រណីត Amber Kampot ផ្ដល់ជាទីឋានសម្រាកលម្អែផាសុកភាព។ សហការី
លោក Ayub បានបន្ថែមថា៖ «យើងត្រូវការដោះស្រាយបញ្ហាគ្រឹះមួយចំនួន ដូចជា សំរាម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ បន្ទាប់មក យើងត្រូវផ្សព្វផ្សាយពីទីក្រុងយើង។ យើងប្រាកដថា ភ្ញៀវទេសចរនឹងមកលេងទីនេះច្រើន ដោយសារតែភាពស្អាតស្រស់បំព្រង។ បើកំពតបន្ដរក្សាភាពស្អាត វាប្រាកដជាលេចធ្លោជាងបណ្ដាទីក្រុងដទៃ»។
លោកបានឱ្យដឹងថា ថាមពលអគ្គិសនីសូឡាពិតជាជម្រើសដ៏ល្អ តែរីសតសម្រេចយកការប្រើប្រាស់ថាមពលទាំង ២។ ទោះបីជាលោកសារភាពថា ការប្រើប្រាស់ថាមពលស្អាតត្រូវចំណាយខ្ពស់យ៉ាងណាក៏ដោយ ក៏លោកមើលឃើញថា វាមិនមានបញ្ហាអ្វីដែរ ដោយសារវាក៏ជាក្ដីបំណងរបស់អតិថិជនទូទៅផងដែរ។
អ្នកគ្រប់គ្រងទូទៅដែលបម្រើការនៅកម្ពុជាជាង ១០ ឆ្នាំរូបនេះ អះអាងថា៖ «សំខាន់បំផុតភ្ញៀវរបស់យើងពិតជាគាំទ្រដល់គំនិតផ្ដួចផ្ដើមនេះ»។
ម្យ៉ាងវិញទៀត រីសតក៏ប្រើប្រាស់ផលិតផលក្នុងស្រុកដោយលោក Ayub បានឱ្យដឹងថា គ្រឿងសេរ៉ាមិក ផលិតផលកំប្លោក និងផ្ដៅពីសិប្បករខេត្ដសៀមរាប។
លោកនិយាយថា វិស័យទេសចរណ៍បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយកាន់តែអាក្រក់ថែមទៀត វិបត្ដិកូវីដ ១៩ បន្ដអូសបន្លាយពេលលើសពីការគិតទុក។
រដ្ឋាភិបាលកម្ពុជាបានបំពេញកិច្ចបានយ៉ាងល្អក្នុងលក្ខខណ្ឌនៃការចាក់វ៉ាក់សាំង ដែលធ្វើឱ្យរាជាណាចក្រមួយនេះបន្ដបន្ធូរបន្ថយការរឹតបន្ដឹង។
លោកបានលើកឡើងថា៖ «ចំពោះខេត្ដកំពតយើងនេះ ខ្ញុំគិតថា យើងពិតជាមានសំណាងណាស់។ អំឡុងពេលវិបត្ដិកូវីដ យើងជាប់បម្រាមគោចរតិចតួច បើធៀបនឹងបណ្ដាទីក្រុងដទៃក្នុងប្រទេស ដែលអំណោយផលដល់ភ្ញៀវមកពីទីក្រុងភ្នំពេញមកលេងច្រើន»។
Amber Kampot ស្ថិតក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ចម្ងាយប្រមាណ ៣,៥ គីឡូម៉ែត្រពីរង្វង់មូលផ្លែទុរេន ឬ ១៥២ គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕