ក្រុងហាណូយ៖ កុំមើលចុះក្រោម! ប្រទេសវៀតណាមបានចាប់ផ្តើមភាពទាក់ទាញថ្មីមួយសម្រាប់ភ្ញៀវទេសចរចិត្តសឿងមិនខ្លាចទីខ្ពស់ ជាមួយការបើកសម្ពោធស្ពានបាតកញ្ចក់ផុសលើកម្ពស់១៥០ម៉ែត្រពីព្រៃព្រឹក្សាបៃតង។
ស្ពានថ្មើរជើង Bach Long ដែលមានឈ្មោះបកប្រែថា «នាគស" នៅខេត្តស៊ុនឡា ភាគពាយ័ព្យ ពត់ពេនជុំវិញជម្រាលថ្មភ្នំ មុននឹងលាតសន្ធឹងលើជ្រលងបុព្វតាដ៏អស្ចារ្យរវាងកំពូលភ្នំពីរ ដែលមានប្រវែងសរុប ៦៣២ម៉ែត្រ។
បាតស្ពាននេះផលិតពីកញ្ចក់ធន់មាំស្វិត Tempered Glass ដែលផលិតដោយបារាំង ធ្វើឱ្យវារឹងមាំអាចផ្ទុកចំនួនមនុស្សបានដល់ទៅ ៤៥០នាក់ក្នុងពេលតែមួយ ខណៈដែលពួកគេរីករាយនឹងថតរូប ក៏ដូចជាគយគន់នូវទិដ្ឋភាពដ៏អស្ចារ្យនៃរុក្ខជាតិពណ៌បៃតងនៅជ្រលងជ្រៅខាងក្រោមដ៏ព្រឺព្រួច។
លោក Hoang Manh Duy តំណាងប្រតិបត្តិករស្ពានបាននិយាយថា៖ «នៅពេលឈរនៅលើស្ពាន អ្នកធ្វើដំណើរនឹងអាចគយគន់ភាពស្រស់ស្អាតនៃធម្មជាតិ»។
ក្រុមហ៊ុនបាននិយាយថា វាគឺជាស្ពានកញ្ចក់ដែលវែងជាងគេបំផុតលើពិភពលោក ដែលលើសពីរចនាសម្ព័ន្ធប្រវែង ៥២៦ម៉ែត្រនៅទីក្រុងគ័ងដុង ប្រទេសចិន។
មន្ត្រីមកពីកំណត់ត្រាហ្កីនណេសពិភពលោក ត្រូវបានគេរំពឹងថានឹងមកពិនិត្យផ្ទៀងផ្ទាត់អំណះអំណាងនេះនៅខែក្រោយ។
ថ្នាក់ដឹកនាំវិស័យទេសចរណ៍វៀតណាមកំពុងស្វែងរកការទាក់ទាញភ្ញៀវទេសចរត្រឡប់មកវិញ បន្ទាប់ពីការបិទប្រទេសរយៈពេលពីរឆ្នាំដោយសារតែវិបត្តិកូវីដ ១៩ ជាសកល ដែលរារាំងអ្នកធ្វើដំណើរបរទេសស្ទើរតែទាំងអស់។
នៅពាក់កណ្តាលខែមីនា ប្រទេសនេះបានបញ្ចប់ការដាក់ឱ្យនៅដាច់ពីគេសម្រាប់ភ្ញៀវអន្តរជាតិ និងបានបន្តការធ្វើដំណើររយៈពេល ១៥ថ្ងៃដោយគ្មានទិដ្ឋាការសម្រាប់ពលរដ្ឋមកពី ១៣ប្រទេស។
វៀតណាមគ្រោងនឹងធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ក្នុងរយៈពេលពីរសប្តាហ៍ ដែលមានអត្តពលិក និងបុគ្គលិកកីឡាជាង ១ម៉ឺននាក់មកពីប្រទេសក្នុងតំបន់ដែលបើកសម្រាប់ការធ្វើដំណើរ។
ស្ពាន Bach Long គឺជាស្ពានកញ្ចក់ទី៣ របស់ប្រទេសវៀតណាម។
អ្នកស្រុក Bui Van Thach បាននិយាយបន្ទាប់ពីដើរឆ្លងកាត់វាថា៖ «ខ្ញុំសង្ឃឹមថា ស្ពាននេះនឹងទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិកាន់តែច្រើនមកកាន់តំបន់របស់យើង»៕ AFP/HR