
ដំណើរផ្សងព្រេងទៅកាន់តំបន់ជ្រោះមរណៈកាលពីពេលកន្លងមក។ រូបថត សហការី
ភ្នំពេញ: ឮសម្ដីចាស់ៗនិយាយតំណាលប្រាប់ថា នៅក្នុងព្រៃជ្រៅនៃជួរភ្នំក្រវាញមានជ្រោះដ៏ជ្រៅបំផុតមួយនៅក្នុងប្រទេសកម្ពុជា នោះហៅថា ឆាយ ១០០ ឬជ្រោះមរណៈ។
ទោះឆ្ងាយប៉ុនណា លំបាកប៉ុនណា ឱ្យតែទីឋានរម្យនាដែលនឹងក្លាយជាតំបន់អេកូទេសចរណ៍ថ្មីសម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិយ៉ាងណាក៏ដោយ ក៏យុវតី ផេង ស្រីស តាំងចិត្ដឆ្លងកាត់ព្រៃភ្នំទ័ពទាកខាំ តាំងពីចុងជើងរហូតដល់ក្បាល ចេញយាត្រាស្វែងរកឱ្យទាល់តែបាន។
ស្បៀងអាហារក្រៀមៗ និងចំណីកញ្ចប់ផ្សេងៗ ត្រូវបានរៀបចំទុកសម្រាប់រយៈពេល ១ សប្ដាហ៍ កញ្ញា ស្រីស និងដៃគូ ក៏ដូចជាអ្នកនាំផ្លូវ៣នាក់ទៀត ចាប់ផ្ដើមដំណើរផ្សងព្រេងស្វែងរកជ្រោះមរណៈ។
ឆាយ ១០០ ឬជ្រោះមរណៈក៏ជាទីឋានផ្ដល់បទពិសោធដ៏រីករាយផង និងធ្លាក់ក្អួតផងជាមួយដំណើរផ្សងព្រេងចាប់ពីថ្ងៃទី ៤ រហូតដល់ថ្ងៃទី ១៣ ខែមីនាកន្លងទៅនេះ។
កញ្ញាខ្លួនល្អិតតូចច្រឡឹង តែជើងវែង ស្រីស បានរំឭកថា៖ «មុនចេញដំណើរ គ្រប់យ៉ាងបានត្រៀមទុករួចរាល់សម្រាប់រយៈពេលយ៉ាងយូរ ៧ ថ្ងៃ ដោយត្រូវត្រឡប់មកដល់ភូមិវិញ ក្នុងនោះមានទាំងស្បៀងអាហារ កាហ្វេ នំ និងសម្ភារចាំបាច់សម្រាប់ប្រើប្រាស់មួយចំនួន»។
ជាមួយសមាជិក ៥ នាក់ ដោយ ៣ នាក់ ជាអ្នកនាំផ្លូវនៅក្នុងសហគមន៍ កញ្ញា ស្រីស និងមិត្ដភក្ដិម្នាក់ទៀត បានរៀបរាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ជាមួយបទពិសោធបានឃើញទេសភាពស្រស់ស្អាតប្លែកៗនិងឧបសគ្គនានា រួមទាំងការខ្វះស្បៀងផងដែរ។

រូបថត សហការី
ថ្ងៃទី១៖ ពួកគេធ្វើដំណើរដោយថ្មើរជើងចេញពីភូមិលើចម្ងាយផ្លូវ ១២ គីឡូម៉ែត្រឡើងភ្នំទៅកាន់តំបន់ទេសចរណ៍ខ្នងផ្សារ និងសម្រាកមួយយប់។
ថ្ងៃទី២៖លើកសម្ពាយដាក់លើស្មារួចចរយាត្រាពីម៉ោង ៨ ព្រឹក ពីខ្នងផ្សារឆ្ពោះទៅកាន់ក្បាលស្ទឹងអន្ទៀស និងតម្រង់គោលដៅទៅរកច្រមុះភ្នំធំ មុនពេលចុះដល់ក្បាលឆាយ ១០០ (ក្បាលស្ទឹងត្រង់)។
កញ្ញាបានឱ្យដឹងថា៖ «នៅតាមផ្លូវត្រូវដើរឡើងចុះភ្នំនិងឆ្លងអូរតូចៗដើរមិនសូវជាបានសម្រាកជើងទេយ៉ាងច្រើនពួកខ្ញុំ និង (guides) ឈប់ឈរហូបទឹកបន្តិចក៏បន្តដំណើរទៅមុខទៀត។ ដើរអស់ពេលជាង ៣ ម៉ោង យើងក៏បានមកដល់ក្បាលស្ទឹងអន្ទៀសដូចការរំពឹងទុក»។
ក្បាលស្ទឹងអន្ទៀសជាទីសំចតរាត្រីទី២ ដោយពួកគេបារម្ភខ្លាចមិនដល់គោលដៅនិងគ្មានទឹកប្រើប្រាស់ បើពួកគេសម្រេចបន្ដដំណើរដោយមិនបោះជំរំ។
ថ្ងៃទី៣៖ ក្រុមផ្សងព្រេងស្រស់ស្រូបអាហារពេលព្រឹក និងក្រេបកាហ្វេមុនពេលបន្ដដំណើរដែលដើរឡើងភ្នំរហូតដល់ម៉ោង ១២ ថ្ងៃត្រង់ និងសម្រាកបាយថ្ងៃត្រង់ រួចបន្ដដំណើរ ៣ ម៉ោងទៅដល់ក្បាលឆាយ ១០០។
ស្រីស បានបន្ដថា៖ «បន្ទាប់ពីសម្រាកបាយត្រឹម ១៥ នាទី ក៏រូតរះបន្តដំណើរទៅមុខទៀតដោយដើរទៅមុខបានប្រហែល ១ ម៉ោង (guides) ប្រាប់ថា បាត់ផ្លូវចុះ អ៊ីចឹងក៏ដើរចុះឡើងរហូតឃើញផ្លូវចាស់មួយ។ យើងចេះតែដើរឡើងចុះភ្នំរហូតដល់ម៉ោង ៥ ល្ងាច នៅតែមិនដល់ទាន់ឮសំឡេងទឹកឆាយទៀត។មេឃក៏ផ្តើមងងឹតបន្តិចស្រាប់តែ (guides) ប្រាប់ថា យើងចុះតែបន្តិចទៀតដល់ក្បាលស្ទឹងអន្ទៀសវិញបាត់»។
ស្ដាប់ឮពាក្យថា វិលមកកន្លែងដើមវិញ ចិត្តរាងអស់សង្ឃឹមបន្តិច តែចិត្ដមិនរួញរាឡើយ។ ពួកគេគិតគ្នាបន្តិចក៏សម្រេចចិត្តចែកផ្លូវគ្នារកប្រភពទឹកសិន ព្រោះបើគ្មានទឹក ពួកគេមិនអាចបោះជំរំសម្រាកបានទេ។ សំណាង ល្អ ពួកគេប្រទះឃើញកូនអូរតូចមួយដែលសល់ទឹកមួយថ្លុកតូច។
ថ្ងៃទី៤៖ ជាថ្មីម្ដងទៀត ពួកគេឡើងភ្នំចោតខ្លាំងសំដៅទៅកំពូលភ្នំដើម្បីស្វែងរកក្បាលឆាយ។ ដើរឡើងដើរចុះ ឆ្លងខ្នងមួយទៅខ្នងមួយពីអូរមួយទៅអូរមួយទៀតនៅតែរកក្បាលស្ទឹងមិនឃើញ។
កញ្ញា ស្រីស បាននិយាយថា៖ «លុះដល់ម៉ោង ១២ ថ្ងៃត្រង់ យើងបានដើរជួបក្បាលស្ទឹងធំគួរសមមួយហើយ (guides) ប្រាប់ថា នេះហើយក្បាលស្ទឹងឆាយ។ ឮហើយក្នុងចិត្តក៏រាងសប្បាយមកវិញ ព្រោះមានសង្ឃឹមអាចទៅដល់ឆាយ ១០០ នៅល្ងាចនេះ»។

រូបថត សហការី
យ៉ាងណាមិញ ពួកគេដើររហូតដល់ម៉ោង ៥ ល្ងាចទៅហើយ នៅតែមិនឃើញឆាយ ១០០ តែជាកន្លែងមានថ្មធំៗ ហើយក៏ជាទីជម្រាលមួយ ដែលពួកគេយកធ្វើជាកន្លែងសំចតមួយរាត្រីទៀត។
ដោយគ្មានកន្លែងបោះតង់ស្រួលដោយសារវាតូចចង្អៀត និងពិបាកដើរសូម្បីតែចៀសគ្នា។ ស្ថានភាពនោះ មានអ្នកនាំផ្លូវម្នាក់កើតអាការគ្រុន ខណៈសមាជិកម្នាក់ៗសុទ្ធតែអស់កម្លាំងខ្លាំងក្រោយដើរជាង ៨ ម៉ោង។
កញ្ញាបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «មុនចូលគេងខ្ញុំរកកន្លែងបត់ជើងតូចមិនបានផងព្រោះកន្លែងតូចចង្អៀត។ អង្រឹងរបស់ (guides) និងតង់ខ្ញុំសឹងតែជាប់គ្នាហើយ។ ណាមួយស្រីតែម្នាក់ឯងមានតែចូលតង់អង្គុយសម្ងំរង់ចាំ (guides) សម្រាន្ដអស់ទើបចេញមកថ្មមៗដើម្បីបត់ជើងតូច»។
ថ្ងៃទី៥៖ ពួកគេចាប់ផ្ដើមដើរត្របាញ់ជើងដោយរយៈពេល ២ ឬ ២ ម៉ោងសម្រាកតែ ៣-៤ នាទី ដោយឆ្លងកាត់ព្រៃទាក និងមិនមានពេលអង្គុយបេះទាកនោះទេ។ រហូតដល់ម៉ោង ១២:៣០ ទើបសម្រាកបាយថ្ងៃត្រង់ ប្រមាណ ១៥ នាទី ពួកគេក៏ស្រូតរូតដំណើរ បានទៅដល់ស្ទឹងក្រោមឆាយ ១០០។
មកដល់គោលដៅនេះ ទើបពួកគេបានដឹងថា អ្វីដែលយល់ថា ជាក្បាលឆាយ ១០០ វាមិនមែនទេ តាមពិតវាជាពាមស្ទឹងក្រោមឆាយ ១០០ ហើយពួកគេត្រូវដើរកាត់ព្រៃ កាត់ទឹក ដើម្បីឡើងទៅកាន់ឆាយ ១០០។
ដើរជាង ៣ ម៉ោង កញ្ញា ស្រីស បាននិយាយទាំងក្ដីសង្ឃឹមទៅកាន់អ្នកនាំផ្លូវ និងដៃគូថា៖ «ថ្ងៃនេះដើរឱ្យដល់គោលដៅមើល ប៉ុន្មានថ្ងៃហើយយប់នេះទៅដេកនៅក្រោយឆាយ ១០០ តែម្តង។ដើរយូរៗទៅមេឃក៏ចាប់ផ្តើមងងឹតម្តងបន្តិចៗហ្គាយ (guides) ក៏ចាប់ផ្តើមគិតគ្នារកកន្លែងដាក់សំណាក់មួយយប់ទៀត ព្រោះបើទៅមុខក៏យប់ហើយខ្លាចអត់កន្លែងសម្រាក»។
ទីសំណាក់ថ្ងៃទី៥ មានខ្សាច់និងថ្មធំៗ ដែលអំណោយផលដល់ការបោះតង់ក៏ដូចជាចងអង្រឹងសម្រាក។ ពួកគេថែមទាំងបានឆ្ងាញ់មាត់ជាមួយត្រីធម្មជាតិស្ងោរជ្រក់ និងអាំងជ្រលក់ទឹកត្រីអម្ពិលទុំមុនពេលចូលនិន្ទ្រា។
ថ្ងៃទី៦៖ ចាប់ផ្ដើមបន្ដដំណើរពួកគេដើរមួយបត់ហើយមួយបត់ទៀត ហួសជ្រលងភ្នំមួយទៅជ្រលងភ្នំមួយទៀត ដើរឆ្លងទឹកកម្ពស់ត្រឹមចង្កេះ ដើរតោងវល្លិ តោងថ្ម និងជញ្ជាំងថ្មដាច់ទាំងញ័រជើង ដែលមានអន្លង់ទឹកខ្មៅងងឹតនៅពីក្រោម និងឆ្លងកាត់ថ្មរអិល ដួលទីណាត់ ទីណែង ឈឺទាំងស្មានិងជង្គង់នៅសល់តែកម្លាំងចិត្ដអស់រលីងកម្លាំងកាយ អស់រយៈពេល ៧ ម៉ោង។
អ្នកខេត្ដតាកែវរូបនេះ បានបន្ដថា៖ «ពេលហ្គាយ (guides) មកពីមើលផ្លូវវិញ រួចប្រាប់ថា មិនទាន់ឃើញតម្រុយឆាយ ១០០ នៅឡើយ ឮហើយអារម្មណ៍ក៏ចាប់ផ្ដើមអស់សង្ឃឹមទៅមុខលែងរួច បកក្រោយក៏ខាតពេល និងមិនប្រាកដថានឹងអាចមើលឃើញឆាយ ១០០។
ម្នាក់ៗអស់អារម្មណ៍និងទឹកចិត្ដ ណាមួយដៃគូរបស់កញ្ញាជ្រុះទូរស័ព្ទទើបទិញបាត់ហើយដើររកគោលដៅកាន់តែឆាយទៅៗ។
ក្រោយបាយដាំឆ្អិន ពួកគេអង្គុយជុំគ្នាជាមួយផ្អក៤ដុំ ឆីនៅលើថ្មក្បែរឆាយតូចមួយ ហើយមិនយូរប៉ុន្មានអ្នកនាំផ្លូវម្នាក់រកត្រីបានយ៉ាងច្រើន ពួកគេក៏ដាក់អាំង និងឆ្អើរទុកខ្លះមុនពេលប្រាសខ្លួនដេកលើផ្ទាំងថ្មទាំងឈឺចុកចាប់។
ថ្ងៃទី៧៖ ត្រីស្ងោរជ្រក់ជាអាហារពេលព្រឹកដ៏មានកម្លាំងសម្រាប់ក្រុមរុករកឆាយ ១០០ មុនពេលដំណើរ។តែវាជាថ្ងៃត្រូវដើរទន់ជើងជាមួយការឡើងជញ្ជាំងដាច់តោងវល្លិ និងតោងថ្ម។
ស្រីសបានបន្ដថា៖ «តោងឡើងជញ្ជាំងថ្មផុតបន្ដិចម្ដងៗកាន់តែខ្ពស់ទៅៗខ្ញុំលែងហ៊ានសម្លឹងមើលខាងក្រោម។ ឡើងដល់ចង្កេះភ្នំ ក៏រាងធូរចិត្ដ ពីព្រោះដើរផុតជញ្ជាំងដាច់ តែយើងត្រូវដើរឡើងរហូតដល់កំពូលភ្នំ។ខ្ញុំបានឮដៃគូស្រែកឡើងថា ដល់ឆាយ ១០០ ហើយយើងខ្ញុំឡើងមិនទាន់ដល់ស្រួលបួលផងគ្រាន់តែឃើញពីចម្ងាយ ក្នុងចិត្ដចាប់ផ្ដើមរីករាយបណ្ដើរៗទៅហើយ»។
ប៉ុន្ដែពួកគេត្រូវដើរប្រមាណ ១ ម៉ោងទៀត និងសម្រាកទទួលទានបាយថ្ងៃត្រង់នៅម៉ោង ១ រសៀល មុនពេលទៅដល់ឆាយ ១០០។
កញ្ញាបានបន្ថែមថា៖ «បាយរួចយើងក៏ដើរចុះទៅទឹកឆាយដើរបន្តិចថតៗពីដំណាក់លើរហូតដំណាក់ទី២នៅដំណាក់ទី៣។ ខាងក្រោមផុតហ្គាយរកផ្លូវចុះមិនទាន់ឃើញបានត្រឹមថតនៅផ្នែកខាងលើ ថតបានបន្តិចមេឃក៏ចាប់ផ្តើមភ្លៀងរលឹមតិចៗមកម៉ោងប្រហែល ៥ ល្ងាចយើងក៏ចាប់ផ្តើមឡើងត្រឡប់មកកន្លែងសម្រាកវិញ»។
ថ្ងៃទី៨៖ ព្រឹកឡើងបន្ទាប់ពីចុះថតរូបទឹកជ្រោះដំណាក់ទី៣រួច ពួកគេក៏ចាប់ផ្តើមបន្តដំណើរឡើងភ្នំ ដើម្បីត្រឡប់ទៅផ្ទះវិញ។ អ្នកនាំផ្លូវប្រាប់ថាដើរ ១ ថ្ងៃដល់ស្ទឹងអន្ទៀសហើយដោយពួកគេត្រូវសម្រាកតែ ១ យប់ដល់ភូមិវិញ។
កញ្ញានិយាយថា៖ «យើងគិតថា យើងដើរមិនច្រឡំផ្លូវទៀតទេ។យើងក៏ប្រឹងឡើងតម្រង់ទៅកំពូលខ្នងស្រួលរួចចុះទៅស្ទឹងមួយដើរឡើងចុះៗអស់ពេល ៤ ម៉ោងកន្លះ មេឃក៏ជិតងងឹតហ្គាយប្រាប់ថា ដើរមិនទាន់ដល់ខ្នងស្រួចទេ អ៊ីចឹងត្រូវសម្រាកដាក់ដំណាក់ ១ យប់សិន ស្អែកចាំបន្តដំណើរទៅមុខទៀត»។
ថ្ងៃទី៩៖ ចំពោះដំណើរវិលវិញ ដែលគិតថា នឹងឆាប់ដល់ប្រែជាអស់សង្ឃឹមនៅពេលអ្នកនាំផ្លូវបានស្រែកប្រាប់ថា ទើបដល់ស្ទឹងត្រង់ (ស្ទឹងក្រោមឆាយ ១០០)។
យុវតីខ្លួនតូចចិត្ដក្លាហានរូបនេះបានបន្ដថា៖ «ខ្ញុំឮហើយអស់សង្ឃឹមព្រោះម៉ោង ៣ រសៀលហើយណាមួយស្បៀងក៏ជិតអស់ទៀត។ បើសម្រាកនៅស្ទឹងត្រង់នេះច្បាស់ថា ស្អែកនឹងមិនអាចមកដល់ភូមិទេ។ ដៃគូខ្ញុំក៏រាងអន់ចិត្តក៏និយាយថា សម្រាកនៅស្ទឹងត្រង់ស្អែកចាំបន្ត។តែហ្គាយ និងខ្ញុំក៏ជម្នះចង់ដើរឡើងត្រឡប់ទៅវិញ ព្រោះយ៉ាងហោចណាស់សល់ពេល ២ ម៉ោងទៀត មុនពេលមេឃងងឹត»។
ចៃដន្យយប់ទី៩ នេះ ពួកគេត្រូវបោះជំរំសម្រាកនៅកណ្ដាលព្រៃទាក និងជាវេលាជិតអស់ស្បៀង។ អ្នកនាំផ្លូវ បានដាំបបរ ១ ឆ្នាំង ដោយទុកអង្ករខ្លះសម្រាប់មួយពេលចុងក្រោយនៅថ្ងៃបន្ទាប់។
កញ្ញាបានរំឭកថា៖ «ម្នាក់ៗហេវផង ហត់ផង ឆ្អិនមិនទាន់ទេ ក៏កាន់ចានមកអង្គុយដួសញ៉ាំ។ យប់នេះ គ្មានទឹកងូត គ្មានសូម្បីតែទឹកលាងដៃឬលុបមុខ»។
ថ្ងៃទី១០៖ ព្រឹកឡើង អ្នកនាំផ្លូវ ដាំបាយមួយឆ្នាំងចុងក្រោយ ទុកទទួលទានតាមផ្លូវពេលពួកគេស្រេកឃ្លានខ្លាំង និងអាំងសាច់ក្រក ២ ដុំ ជាមួយត្រីហើមមួយកន្ទុយចុងបង្ហើយ។
កញ្ញា ស្រីស បានឱ្យដឹងថា៖ «ម៉ោងប្រហែល ៧ ព្រឹក យើងក៏ចាប់ផ្តើមដើរឡើងលើកំពូលភ្នំខ្នងស្រួចរួចបន្តដើររហូតដល់ស្ទឹងអន្ទៀសទើបយើងឈប់បេះទាក និងសម្រាកបាយថ្ងៃត្រង់។ ញ៉ាំរួចក៏រុះរានបន្តដំណើរមកខ្នងផ្សារហើយចុះមកភូមិវិញ។ ម៉ោងប្រហែលជា ៤ រសៀលយើងទាំងអស់គ្នាក៏បានត្រឡប់មកដល់ភូមិវិញដោយសុវត្ថិភាព»។
នេះដំណើរផ្សងព្រេងលើកចុងក្រោយបំផុតរបស់កញ្ញា ផេង ស្រីស រួមជាមួយដៃគូ និងអ្នកនាំផ្លូវ ៣ នាក់ទៀត ដែលបានចំណាយកម្លាំងកាយនិងកម្លាំងចិត្តស្ទើរអស់ពីខ្លួន។
កញ្ញាបានលើកឡើងថា៖ «ការផ្សងព្រេងរយៈពេល ៩ យប់ ១០ ថ្ងៃនេះ យើងដើរថ្មើរជើងរហូត ដោយចំណាយកម្លាំងច្រើនបំផុតការហូបចុកក៏មិនគ្រប់គ្រាន់ ណាមួយម្នាក់ៗត្រូវទាកខាំច្រើនហូរឈាមរហាមរាល់ថ្ងៃ។ កម្លាំងខ្ញុំជាមនុស្សស្រីអាចទន់ខ្សោយជាងបុរសបន្តិចមែន តែកម្លាំងចិត្តខ្ញុំអាចឱ្យខ្ញុំស៊ូជម្នះគ្រប់ឧបសគ្គដោយសារការស្រឡាញ់និងការចូលចិត្តរបស់ខ្ញុំផ្ទាល់។ ឆ្លងកាត់ការផ្សងព្រេងលើកនេះរួចខ្ញុំក៏រឹតតែទទួលបានបទពិសោធផ្សងព្រេង និងរៀនជម្នះការលំបាកបានកាន់តែច្រើន»។
យុវតីរូបនេះបានបញ្ជាក់ថា ការដើរផ្សងព្រេងកើតចេញពីក្ដីស្រឡាញ់ មិនមែនបម្រើឱ្យស្ថាប័នណាមួយឡើយ និងមិនដើម្បីប្រាក់ចំណូលនោះទេ។
កញ្ញា ស្រីស បានឱ្យដឹងថា៖ «វាជាការរុករកទីតាំងថ្មីៗ ដែលស្រស់ស្អាត។ វាជាការផ្សព្វផ្សាយពីភាពស្រស់ស្អាតនៃតំបន់នោះដល់ភ្ញៀវទេសចរផ្សងព្រេង អ្នកបោះតង់បានស្គាល់។ វាជាការបង្កើនចំណូលដល់សហគមន៍តាមរយៈការផ្ដល់សេវាកម្មផ្សេងៗ។ វាកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងការដាក់អន្ទាក់សត្វព្រៃ។ វាផ្ដល់ចំណេះដឹងអំពីការទទួលភ្ញៀវទេសចរ របៀបថែរក្សាអនាម័យ និងបរិស្ថាន»៕