កំពត: ព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំបំផុតនៅកម្ពុជា និងខ្ពស់បំផុតក្នុងចំណោមព្រះពុទ្ធបដិមានៅទូទាំងពិភពលោក ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាកសាងនៅលើខ្នងភ្នំបូកគោ នៃតំបន់វាលស្រែ ៥០០ ស្ថិតក្នុងសង្កាត់បឹងទូក ក្រុងបូកគោ។
ការបញ្ចុះបឋមសិលាកសាងព្រះពុទ្ធបដិមាកម្ពស់ ១០៨ ម៉ែត្រនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៣។
ទីឋានសក្ការៈដ៏ធំស្កឹមស្កៃ ស្ថិតនៅលើកំពូលភ្នំបូកគោ នៃឧទ្យានជាតិព្រះមុនីវង្សនេះនឹងក្លាយជាតំបន់ទេសចរណ៍បែបសាសនាសម្រាប់ពុទ្ធបរិស័ទ និងភ្ញៀវទេសចរទូទាំងពិភពលោក។
លោកស្រី សុខ ចន្ថា អនុប្រធានក្រុមហ៊ុនសុខាអូតែល បានឱ្យដឹងថា៖ «ក្រុមហ៊ុន សុខាអូតែល បានមានគំនិតផ្តួចផ្តើម សាងសង់ព្រះពុទ្ធបដិមា ១ អង្គ នៅលើខ្នងភ្នំបូកគោ ដើម្បីជាទីសក្ការៈសម្រាប់ពុទ្ធសាសនិកជន ប្រណិប័តន៍ធម៌ និងឧទ្ទិសសុំសេចក្តីសុខសន្តិភាព សេចក្ដីចម្រើនរុងរឿង ជានិច្ចនិរន្ដរ៍រៀងទៅ សម្រាប់បងប្អូនប្រជាពលរដ្ឋយើង និងព្រះរាជាណាចក្រកម្ពុជាទាំងមូល»។
បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសិក្សារៀបចំអភិវឌ្ឍប្លង់មេ ដើម្បីឱ្យគម្រោងសង់ព្រះពុទ្ធបដិមាដ៏ធំដែលនឹងចំណាយប្រាក់សាងសង់ប្រមាណ ៣០ លានដុល្លារនេះ ក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ ព្រះពុទ្ធសាសនាដ៏ធំ ១ នៅកម្ពុជា និងពិភពលោក។
លោកស្រីបន្ដថា៖ «ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃនេះ នឹងបង្កើតជាសក្ដានុពលទេសចរណ៍សាសនា មិនត្រឹមតែនៅក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងស្ថិតក្នុងតំបន់ និងពិភពលោកនាពេលខាងមុខផងដែរ ហើយព្រះអង្គនឹងគង់ប្រថាប់នៅជាសម្បត្ដិវប្បធម៌ សាសនាជាតិខ្មែរ តជំនាន់សម្រាប់ជាទីសក្ការៈដ៏ថ្លៃថ្លា ឧត្តុង្គឧត្ដមបំផុតរបស់ពុទ្ធសាសនិកជនទាំងអស់គ្នា»។
លោកស្រី ចន្ថា ដែលតំណាងឱ្យលោក សុខ គង់ ជាឪពុក និងជាអគ្គនាយកក្រុមហ៊ុនសុខាអូតែល និងសូគីម៉ិចគ្រុប បានរៀបរាប់អំពីទម្រង់ និងរចនាប័ទ្មរបស់ព្រះពុទ្ធបដិមាដ៏មហិមានេះថា ជាព្រះពុទ្ធបដិមាដ៏ធំ និងខ្ពស់ដំបូងបំផុតនៅកម្ពុជា ក៏ដូចជាស្ថិតក្នុងចំណោមព្រះពុទ្ធបដិមាខ្ពស់បំផុតមួយនៅលើពិភពលោក ដោយព្រះអង្គមានទម្រង់ជាព្រះពុទ្ធមារវិជ័យ ឬផ្ចាញ់មារ ទៅតាមរចនាប័ទ្មបាយ័ន ជារចនាប័ទ្មកំពូលនៃព្រះពុទ្ធសាសនា ក្នុងរជ្ជកាលព្រះបាទ ជ័យវ័រ្មនទី ៧ នាសតវត្សរ៍ទី ១៣។
ស្ថិតនៅលើខ្នងភ្នំបូកគោ ដែលមាននីវ៉ូដីកម្ពស់ប្រមាណ ១ ពាន់ម៉ែត្រពីផ្ទៃសមុទ្រ ក្នុងភូមិសាស្ត្រវាលស្រែ ៥០០ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ព្រះពុទ្ធបដិមា សាងសង់ពីបេតុងអាម៉េពណ៌មាស បែរព្រះភក្ត្រនៅទិសខាងកើត។
លោកស្រី ចន្ថា ឱ្យដឹងថា៖ «ព្រះពុទ្ធបដិមាមានកម្ពស់ ១០៨ ម៉ែត្រ ពីនីវ៉ូសូន្យ នៃខឿនផ្ទាល់ដីដល់កំពូលព្រះមោលីតំណាងឱ្យមង្គលទាំង ១០៨ របស់ព្រះអង្គ ទ្រង់គង់ភ្នែនទៅលើបល្ល័ង្កផ្កាឈូក រាងរង្វង់ (តំណាងឱ្យវាលវដ្តសង្សារ) ដែលក្បាច់រចនារបស់បល្ល័ង្កនេះ យកតាមលំនាំនៃផ្នែកមួយរបស់សសរពេជ្រ ប្រាសាទដំរីក្រាប នៃរចនាប័ទ្មគូលែន ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ២ នាសតវត្សរ៍ទី ៩»។
ចំពោះខឿនផ្ទាល់ដីមានបណ្តោយ ២៤៨ ម៉ែត្រ ទទឹង ១៨៦ ម៉ែត្រ មានជណ្តើរធំចំនួន ៤ អមដោយបង្កាន់ដៃនាគ ដែលតំណាងឱ្យទិសធំៗទាំង ៤ យកតាមលំនាំ រចនាប័ទ្មអង្គរវត្ដ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ សតវត្សរ៍ទី១២។
ចំណែកខឿនជាន់ទី១ មានក្តារបែនឬរានហាល នៅចំពីមុខព្រះពុទ្ធបដិមា សម្រាប់ប្រារព្ធពិធីសាសនា ហើយមានព្រះពុទ្ធរូប ៧ អង្គ និងព្រះអសីតិសាវ័ក ៥ អង្គ សរុបចំនួន ១២ អង្ គ(តំណាងឱ្យខែ និងឆ្នាំទាំង១២) គង់ក្នុងប្លុក តម្កល់ជុំវិញព្រះពុទ្ធបដិមាអង្គធំ និងមានជណ្តើរចំនួន ៨ (តំណាងឱ្យទិសទាំង ៨ និងអរិយមគ្គទាំង៨) សម្រាប់ឡើងទៅកាន់ទីសក្ការៈនៃព្រះពុទ្ធបដិមា។ ចំពោះផ្នែកខាងក្នុងនៃខឿនផ្ទាល់ដី នឹងមានការរៀបចំដាក់តម្កល់ព្រះពុទ្ធរូបតូចៗនៅតាមជញ្ជាំង រៀបចំជាកន្លែងជួបប្រជុំប្រារឰពិធីសាសនា ជាសារមន្ទីរ ជាហោត្រ័យតម្កល់គម្ពីរព្រះត្រៃបិដក និងជាកន្លែងវិបស្សនាជាដើម។
លោក ជា សុផារ៉ា បានថ្លែងរំឭកអំពីប្រវត្ដិឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្នុងពេលបញ្ចុះបឋមសិលាថា ជារមណីយដ្ឋានដែលមានខ្យល់អាកាស ទេសភាពធម្មជាតិ តំបន់ភ្នំ សមុទ្រដ៏ពិសិដ្ឋ និងមានចម្ងាយ ៤២ គីឡូម៉ែត្រពីខេត្ដកំពត រមណីយដ្ឋាននេះត្រូវបានចាត់ទុកជាកន្លែងសម្រាកកាយកម្រិតខ្ពស់របស់រាជវង្សានុវង្សនៃប្រទេសកម្ពុជានិងសម្រាប់អភិជនសង្គ្រាមនៅឥណ្ឌូចិនតាំងពីដើមសតវត្សរ៍ទី ២០។ ឧទ្យានជាតិព្រះមុនីវង្ស ត្រូវបានបោះបង់ចោលជាលើកដំបូងអំឡុងឆ្នាំ ១៩៤០។
បន្ទាប់ពីឯករាជ្យរបស់កម្ពុជា ព្រះរាជាណាចក្រកម្ពុជា ព្រះមហាក្សត្រព្រះបាទនរោត្ដម សីហនុ ព្រះបរមរតនកោដិ បានធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ធលើភ្នំបូកគោ ហើយទីក្រុងថ្មីត្រូវបានសម្ពោធកាលពីខែមករា ឆ្នាំ ១៩៦២។
លោកឧបនាយករដ្ឋមន្ដ្រី បានឱ្យដឹងថា៖ «នៅឆ្នាំ ២០១៩ រាជរដ្ឋាភិបាលបានអនុម័តប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ សំដៅធានាការគ្រប់គ្រង និងអភិបាលកិច្ចទីប្រជុំជនបូកគោឱ្យមានប្រសិទ្ធភាពខ្ពស់តាមរយៈការធ្វើសមាហរណកម្ម ការអភិវឌ្ឍ ការអភិរក្សប្រកបដោយគុណភាព តុល្យភាព សមធម៌ និងចីរភាព»។
លោកបញ្ជាក់ថា៖ «រាល់ការសាងសង់ត្រូវគោរពតាមបទដ្ឋានបច្ចេកទេស នគរូប្បណិយបញ្ញត្ដិ និងធានាបាននូវចីរភាព និងបរិស្ថាន។ ព្រះពុទ្ធបដិមានេះ នឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ព្រះពុទ្ធសាសនាដ៏ធំមួយនៅព្រះរាជាណាចក្រកម្ពុជា និងពិភពលោក»។
បើតាមលោកស្រី សុខ ចន្ថា បានឱ្យដឹងថា គម្រោងសាងសង់ព្រះពុទ្ធបដិមានេះ ត្រូវបានធ្វើការសិក្សា និងគូរប្លង់ស្ថាបត្យកម្ម ដោយយុវស្ថាបត្យករ ១ ក្រុមជាកុលបុត្រ កុលធីតាខ្មែរ ដោយមានការចូលរួមផ្តល់យោបល់និងកែលម្អបន្ថែម ពីក្រុមការងារ បច្ចេកទេសអន្តរក្រសួង ដឹកនាំដោយក្រសួងបរិស្ថាន ធ្វើឱ្យមានលក្ខណៈ និងរសនិយមជាខ្មែរ ស្របតាមក្បួនខ្នាត ទំនៀមទម្លាប់ព្រះពុទ្ធសាសនា និងរចនាប័ទ្មជាតិដ៏ផូរផង់ ដោយផ្អែកតាមឯកសារគតិយុត្តនានាលើមូលដ្ឋាន «រក្សាចាស់ បង្កើតថ្មី នាសម័យតេជោ សុខសន្តិភាព និងអភិវឌ្ឍលើគ្រប់វិស័យ»។
លោកស្រីបានអះអាងថា៖ «ព្រះពុទ្ធបដិមានេះ អនុវត្តការសាងសង់ដោយ ក្រុមហ៊ុន សុខា រៀល អ៊ីស្ទេត ជាក្រុមហ៊ុនខ្មែរ មានវិញ្ញាបនបត្រប្រកបអាជីវកម្មសាងសង់ ដោយក្រុមហ៊ុននឹងប្រើប្រាស់អ្នកបច្ចេកទេសជំនាញក្នុងស្រុក និងសហការជាមួយអ្នកបច្ចេកទេសបរទេសមួយចំនួន ក្នុងករណីចាំបាច់»។
លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ដែលជាប្រធានអន្ដរក្រសួង ដោយមានការចូលរួមពីក្រសួងធម្មការ និងសាសនា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងទេសចរណ៍ ក៏ដូចជារដ្ឋបាលខេត្តកំពត ឱ្យដឹងថា ក្រុមការងារបច្ចេកទេសនឹងធ្វើការពិនិត្យមើលលើគម្រោងទាំងអស់។ ពួកគេនឹងខិតខំប្រឹងប្រែងធ្វើដូចទៅនឹងអ្វីដែលមាននៅក្នុងប្លង់មេ។
ចំពោះការកសាងព្រះពុទ្ធបដិមា ដែលទទួលបានការឯកភាពគាំទ្រពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាល នឹងត្រូវចំណាយពេល ៤ ឆ្នាំ លោក នេត្រ ភក្ដ្រា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «យើងនឹងមានក្រុមការងារបច្ចេកទេសតាមដានបន្ថែមទៀតតាំងពីការចាប់ផ្ដើមកសាងរហូតដល់ការបញ្ចប់។ វាមានន័យថា អន្ដរក្រសួង និងក្រុមសំណង់នឹងដឹកនាំការងារនៃការរៀបចំពិនិត្យមើលលើគុណភាពសំណង់ ក៏ដូចជាក្រសួងធម្មការ និងក្រសួងវប្បធម៌នឹងពិនិត្យមើលលើគម្រោងរចនាប័ទ្មដែលយើងមាន ពីព្រោះការរៀបចំនូវ master plan ជារឿងមួយហើយ ដែលស្របទៅនឹងរចនាប័ទ្ម និងបរិបទផ្សេងៗ។ អ្វីមួយទៀត គឺជាការចេញរូបរាងដើម្បីឱ្យដូចទៅនឹងអ្វីដែលបានកំណត់»។
លោកទទួលស្គាល់ថា សំណង់ជាសំណង់ព្រះពុទ្ធបដិមាធំបំផុតលើកទី ១ សម្រាប់កម្ពុជាដែលត្រូវខិតខំផ្ចិតផ្ចង់គ្រប់បែបយ៉ាងទាំងអស់ ទាំងក្បាច់រចនា។
លោកថា៖ «ការរៀបចំ master plan នេះគឺមានអន្ដរក្រសួងផ្ដល់យោបល់ ហើយស្របទៅតាមបរិបទនៃបច្ចេកទេសផង រចនាប័ទ្មដែលមានផង។ បន្ទាប់ទៅ ការសាងសង់នេះ យើងត្រូវមានការតាមដានបន្ដទៀតដែលគ្រប់គ្រងលើគុណភាពសំណង់ ដោយសារតំបន់នេះជាតំបន់ជាប់មាត់សមុទ្រ។ ដូច្នេះ បច្ចេកទេសសំណង់ត្រូវធ្វើឱ្យបន្ស៊ីទៅនឹងបរិយាកាសដែរ»។
ក្រុមហ៊ុន សុខា អូតែល បានធ្វើការវិនិយោគ និងអភិវឌ្ឍន៍នៅឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ដែលចាត់ចែងរៀបចំ និងដំណើរការគម្រោងវិនិយោគដ៏ធំមួយនេះ ចាប់តាំងពីដើមឆ្នាំ ២០០៨ មក ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ពីជើងភ្នំរហូតដល់លើខ្នងភ្នំ មានផ្លូវគមនាគមន៍ ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ជាតម្រូវការចាំបាច់ និងជាអាទិភាពបំផុតសម្រាប់ការអភិវឌ្ឍនៅលើភ្នំនេះ។
ក្រុមហ៊ុនបានអភិវឌ្ឍសំណង់សណ្ឋាគារ រមណីយដ្ឋាន លំនៅឋាន និងអគារសេវាកម្មមួយចំនួន ក៏ដូចជា ការធ្វើដំណាំកសិកម្ម និងចិញ្ចឹមសត្វផ្សេងៗទៀតនៅលើផ្ទៃដី ៤១ ០០០ ហិកតា ក្នុងចំណោមផ្ទៃដីឧទ្យានជាតិសរុប ១៥៤ ៤៥៨ ហិកតា ស្ថិតក្នុងខេត្ដចំនួន ៣ គឺខេត្ដកំពត ខេត្ដព្រះសីហនុ និងខេត្ដកំពង់ស្ពឺ។
ពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លាប្រាថ្នាចូលបច្ច័យភ្ជាប់និស្ស័យ និងអនុមោទនាទទួលផលបុណ្យក្នុងការកសាងព្រះពុទ្ធបដិមាកម្ពស់ ១០៨ ម៉ែត្រនេះ អាចចូលរួមបានតាមរយៈគណនីធនាគារ 106 108 108 សម្រាប់លុយរៀល និង 107 108 108 សម្រាប់លុយដុល្លារនៃធនាគារ ABA: Sokha Hotel Co., Ltd. (Preah Puth Padima 108m-On Bokor)៕