កោះកុងៈ ជា​ផ្ទះ​ស្នាក់​បែប​ចម្ការ​ដែល​លាត​សន្ធឹង​លើ​ផ្ទៃដី​ធំ​ល្វឹង​ល្វើយ គោលដៅ​ទេស​ចរណ៍​ថ្មី​មួយ​នេះ​បាន​ និង​កំពុង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​មហា​ជន​ជា​ច្រើន​ននៅលើ​បណ្ដាញ​សង្គម តា​មរយៈ​រូប​ទេសភាព​ស្អាតៗ​ជុំវិញ​បរិ​វេណផ្ទះ​ស្នាក់​។

​ស្មៅ​ខៀវ​ស្រ​ងាត់​ ដែល​ដុះ​ព័ទ្ធជុំវិញ​ ជា​ញឹក​ញយ​ត្រូវបាន​អ្នក​មើលថែ​កាត់​តម្រឹម​យ៉ាង​មាន​របៀបរៀបរយ​។ ផ្ទះ​ឈើ​ប្រភេទ​ផ្សេងៗ​គ្នា ត្រូវ​បាន​សាង​សង់​ដាច់​ដោយ​ឡែក​ពីគ្នា ដើម្បី​ទទួល​ភ្ញៀវ​ទៅតាម​ចំណូ​ល​ចិត្ត​ពួកគេ រីឯ​នៅ ​១ ជ្រុង​ទៀត​នៃ​ចម្ការ​ក៏មាន​ចិញ្ចឹម​សត្វ​ចៀម​២-៣​ក្បាល​ផង​ដែរ​។​

​១​ជ្រុង​ទៀត មាន​ក្បូន​ឫស្សី​បណ្ដែត​លើ​ទឹក​ព្រែក ​ទុក​សម្រាប់​ភ្ញៀវ​ជិះ​លេង​កម្សាន្ដ​ អម​ទៅ​ដោយ​ដើម​ឈើ​ខ្ពស់ៗ​ ចោល​ម្លប់​ត្រ​ឈៃ ​ទៅ​ដល់​ភ្ញៀវ​ប្រុស​ស្រី​ដែល​អង្គុយ​យោល​ជើង​លើ​ទឹក ​ជជែក​គ្នា សើច​ក្អាក​ក្អាយ​។​

​ថ្វី​ដ្បិត​ថា ទើបតែ​បង្កើត​ឡើង​បាន​ប្រមាណ​ជា១​ឆ្នាំ​ក្ដី ប៉ុន្តែ​ផ្ទះ​ស្នាក់​មួយ​នេះ​មាន​ការ​ទទួល​ស្គាល់​ច្រើន ដោយ​ហេតុ​ថា​ ទេស​ភាព​ទីនោះ​គឺ​ស្អាត​ប្លែក រីឯ​ម្ចាស់​ទីតាំង​ផ្ទាល់​ក៏​ជា​អ្នក​ស្រឡាញ់​បរិស្ថាន​ផង​ដែរ​។ ម៉្លោះ​ហើយ រាល់​ការផ្ដល់​សេវា​កម្ម​នានា ផ្ទះ​​ស្នាក់​មួយ​នេះ​តែង​តែ​ផ្ដល់​ជូន​នូវ​អ្វី​ដែល​អាច​ប្រើ​ប្រាស់​ឡើង​វិញដោ​យ​ព្យា​យាម​មិន​ប្រើ​ប្រាស់​ប្លាស្ទិក​ឡើយ​។​

​អ្នក​នាង ខេង ម៉ាលី ដែល​ជា​ម្ចាស់​ផ្ទះ​ស្នាក់​ចម្ការ​ព្រៃ ឬ​ហៅ​ជា​ភាសា​អង់​គ្លេស​ថា Wild Farm បាន​ឱ្យដឹង​ថា អ្នក​នាង​គឺជា​អ្នក​ចូល​ចិត្ត​ការ​ដើរ​ព្រៃនិង​ឡើង​ភ្នំ​១រូប​ហើយ​អ្នកនាង​មាន​ក្ដី​ស្រ​មៃចង់​បង្កើត​កន្លែង​សម្រាក​លម្ហែ​តូច​មួយ ដែលមា​ន​លក្ខណៈ​សាមញ្ញ ហើយ​ផ្សារភ្ជាប់​នឹង​ធម្មជា​តិដែល​អាច​ផ្ដល់នូវ​ភាព​ស្ងប់​សុខ​ដល់​ផ្លូវ​ចិត្ត​។​

​នៅ​ជាប់​របង​របស់​ចម្ការ​ មាន​បិទ​បម្រាម​ក្នុង​ការចាក់​តន្ត្រី​បង្ក​សំឡេង​រំខាន និង​មិន​មាន​ការលក់​​គ្រឿង​ស្រវឹង​ជូន​ភ្ញៀវ​នោះ​ឡើយ ​ដែល​ល​ក្ខ​ខណ្ឌ​បែប​នេះ វា​ហាក់​ប្លែក​ខ្លាំង​ពី​រមណី​យ​ដ្ឋា​នភា​គច្រើន​។

​ប៉ុន្តែ​ទាំង​អស់​នេះ​ត្រូវ​បាន​អ្នក​នាង ​ខេង ម៉ាលី បក​ស្រាយ​ថា ៖ «​ដោយ​សារ​ទីនេះ​ជា​តំបន់​ដាច់ស្រ​យាល មាន​ព្រៃភ្នំ​ មាន​ទឹក វា​ធ្វើឱ្យ​តំបន់​នេះ​ស្ងប់​ស្ងាត់​ល្អ ហើយ​សត្វ​ស្លាប​ក៏​ចូលចិត្ត​រស់នៅ​ទីនេះដែ​រ ដូច្នេះ​បើសិន​មាន​សំឡេង​រំខាន​ភ្ញៀវ​នឹង​លែង​បាន​ស្ដាប់​សំឡេង​​សត្វ​យំ​ហើយ​»​។​

​ដោយ​សារ​តែ​អ្នក​នាង​ចង់​ថែរក្សា​បរិស្ថាន​តំបន់​នេះ​ឱ្យ​ស្រស់ស្អា​ត​បាន​យូរ​អង្វែង​ទៅមុខ​ទៀត ​អ្នក​នាង​ក៏​បញ្ចៀស​ការ​ប្រើ​ប្រាស់​ប្លា​ស្ទិក​គ្រប់​ប្រភេទ​ផង​ដែរ​។​

​យ៉ាង​ណា​មិញ ​ម្ចាស់​ផ្ទះ​ស្នាក់​រូបនេះ​ក៏​បង្ហាញ​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ថា​អាច​នឹង​មិនមា​ន​ភ្ញៀវ ដោយ​សារតែ​លក្ខ​ខណ្ឌ​តឹង​តែង​របស់​ខ្លួន ប៉ុន្តែ​ផ្ទុយ​ស្រឡះ ផ្ទះ​ស្នាក់​របស់​អ្នក​នាង​បែរជា​ទទួល​បាន​ការ​គាំទ្រ​ច្រើន ជា​ពិសេស​ពី​អ្នក​ដែល​ស្រឡាញ់​បរិស្ថាន​ដូចគ្នា​។ បើតាម​ការ​បញ្ជា​ក់រប​ស់​អ្នក​នាង​ ខេ​ង ម៉ាលី​ ក្នុង​១ខែ អ្នក​នាង​អាច​ទទួល​បាន​ភ្ញៀវ​ជា​ចន្លោះ​ពី ៣០ ​ទៅ៥០​នាក់។​

​មិន​ត្រឹម​តែរួម​ចំណែក​ថែរក្សា​បរិស្ថាន​នោះ​ទេ បច្ចុប្បន្ន​ផ្ទះ​ស្នាក់​ចម្ការ​មួយ​នេះ​ក៏​ជួយ​ផ្ដល់​ការងា​រ ដល់​ប្រជាជន​ក្នុង​តំបន់​ជិត ១០​នាក់ ​ព្រម​ទាំង​ជួយ​គាំទ្រ​ផលិត​ផល​កសិកម្ម​រប​ស់​ពួក​គេ​ផង​ដែរ​។​

​អ្នក​នាង ​ខេង ម៉ាលី​ បាន​ថ្លែង៖ «​បច្ចុប្បន្ន​យើង​មាន​បុគ្គ​លិក​អចិ​ន្ត្រៃ​យ៍៤​នាក់ និង​បណ្ដោះ​អាសន្ន​២​ទៅ​៣​នាក់​ បុគ្គលិ​ក និង​ជាង​ធ្វើ​ផ្ទះ​ ទាំង​អស់​គឺ​យើង​សុទ្ធតែ​យក​ប្រជា​ជន​ក្នុង​តំបន់​ បើទោះជា​ពេលខ្លះ​យើង​ត្រូវ​ជួប​បញ្ហា​ប្រឈម​ខ្លះ​ក៏​ដោយ​ ព្រោះ​ខ្ញុំ​មាន​បំណង​ចង់​ផ្តល់​ប្រយោ​ជន៍ និង​កម្រៃ​ចេញពី​ការងារ​ទៅ​ដល់​អ្នក​ភូមិ​ជា​ចម្បង ​ពិសេស​ម្ហូប​អាហារ ​បន្លែ ​ផ្លែ​ឈើ នំ ​ចំណី នានា​ដែល​ជា​ស្នាដៃ​របស់​បង​ប្អូន​នៅ​ក្នុង​សហ​គមន៍​»​។​

​ភ្ជាប់​ទៅ​នឹង​គោល​ការណ៍​ថែរក្សា​បរិស្ថាន ​រាល់​ម្ហូប​អាហារ​ ចំណីចំ​ណុក នឹងត្រូវ​ដាក់​លើ​កញ្ច្រែង​ឫស្សី ការ​វេច​ខ្ចប់​របស់របរ​ផ្សេងៗគឺ​នឹង​ត្រូវ​ដាក់​ក្នុង​ថង់​បរិស្ថាន ចំណែកឯ​ទឹក​ជូន​ភ្ញៀវ​ពិសា​ ក៏ត្រូវ​ដាក់​ក្នុង ដប​ថ្ម​។ និយាយ​ជារួម ​គឺ​ផ្ទះ​ស្នាក់​មួយ​នេះ​ព្យា​យាម​ផ្សារ​ភ្ជា​ប់​នឹង​ធម្ម​ជាតិ​ឱ្យ​បានល្អ​បំផុត ​និង​មិន​ផ្ដល់​ការ​ប៉ះពាល់​ទៅ​ដល់​បរិស្ថាន​នោះ​ឡើយ​។​

​ដោយ​មើល​ឃើញ​ពី​សម្ទុះ​គាំទ្រ​ច្រើន ​ជាពិសេស​ពី​សំណាក់​យុវជ​ន អ្នក​នាង ខេ​ង ម៉ាលី បាន​បង្ហើប ​ឱ្យដឹង​ថា ខ្លួន​មាន​បំណង​ពង្រីក​សេវា​កម្ម​និង​ផ្ទះ​ស្នាក់​នៅ​បន្ថែម​ទៀត ​ដើម្បី​ឱ្យ​គ្រប់​ទៅ​តាម​តម្រូ​វកា​រ របស់​ភ្ញៀវ ក៏ដូច​ជា​ដើម្បី​ជួយ​បង្កើត​ការ​ងារ​ដល់​សហ​គមន៍​កាន់​តែ​ច្រើន​ផងដែរ​។ ម្យ៉ាង​ទៀត​អ្នក​នាង ក៏​ចង់​កែប្រែ​នូវ​ឥរិយា​បថ​មួយ​ចំនួន​របស់​អ្នក​ទេស​ចរ ដូច​ជា​ការ​ចាក់​តន្ត្រី ការ​ច្រៀង​លេង ​ការ​ផឹក​គ្រឿង​ស្រវឹង និង​បោះ​ចោល​សំរាម​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​៕