កោះកុងៈ ជីផាត​ គឺជា​ឈ្មោះ​របស់​តំបន់​ទេស​ចរណ៍​លក្ខណៈ​សហ​គមន៍​មួយ​នៅ​ខេត្ត​កោះ​កុង ​ហើយបាន​ក្លាយជា​ទីចាប់​អារម្ម​ណ៍​របស់​ភ្ញៀវ​ទេស​ចរ​ទាំង​អ្នក​មក​ពី​ក្រៅ​ស្រុក ​និង​នៅ​ក្នុងស្រុក ​តាំងពី​ឆ្នាំ ២០០៨។ មូល​ហេតុ​ដែល​នាំឱ្យ​ជីផាត​ទាក់​ចិត្ត​ទេស​ចរ​បាន ក៏​ដោយ​សារតែ​តំបន់​នោះ ​មាន​សក្តានុ​ពល​ទេសច​រណ៍​ច្រើន​ប្រភេទ។

ជិះ​កង់​ឡើ​ងភ្នំ ​ដើរ​ថ្មើរជើង ​ចូលព្រៃ​បោះតង់ ​ជិះ​កាយ៉ាក​កម្សាន្ដ​តាម​មាត់​ព្រែក​ ចូល​ល្អាង​ភ្នំ ​ងូត​ទឹកជ្រោះ ​សុទ្ធ​តែ​ជា​សកម្ម​ភាព​កម្សាន្ដ​ដែល​មាន​ក្នុង​តំបន់​នេះ។ ហេតុ​ដូច្នេះ​ហើយ ​ទើប​ជីផាត ​បាន​ក្លាយ​ជា​ទីកម្សាន្ត​ស័ក្តិស​ម​មួយ​ដែរ​ សម្រាប់​ផ្តល់​នូវ​ការ​លម្ហែ​ចិត្ត​របស់​អ្នក​ទេសចរ​ ជា​ពិសេស​ភ្ញៀវ ​ដែល​ជា​ជន​បរទេស​។

ក្នុង​១ឆ្នាំៗ ​សហ​គមន៍​អេកូ​ទេសច​រណ៍​ជីផាត ​បាន​ទាក់​ទាញ​ភ្ញៀវ​រាប់​ពាន់​នាក់​ឱ្យចូល​ទៅ​លេង​កម្សាន្ដ ​ហើយ​​ការ​កម្សាន្ដ​ទាំង​អស់​ធ្វើ​ឡើង​ជា​លក្ខណៈ​ស្ងប់​ស្ងាត់ ​ជាការ​កម្សាន្ដ​ជាមួយ​ធម្មជាតិ​ពិតៗ ​ដោយ​មិនមាន​ការកែ​ច្នៃ។ ជាង​នេះ​ទៅទៀត ​ភ្ញៀវ​ទេសចរ​ ក៏​អាច​ស្វែង​យល់​អំពី​ការ​រស់​នៅ​របស់​បង​ប្អូន​ក្នុង​សហគ​មន៍​ផង​ដែរ។

លោក​ អ៊ន សុវណ្ណ ​ដែលជា​ប្រធាន​សហគមន៍​អេកូ​ទេស​ចរណ៍​ជីផាតឱ្យដឹង​ថា​៖«សហគមន៍​យើង​បាន​បង្កើត​ឡើង​តាំង​តែ​ពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ ​ប៉ុន្តែ​ពេលនោះ​មិន​សូវជា​មាន​ភ្ញៀវ​ក្នុង​ស្រុក​ប៉ុន្មាន​ទេ។ ភ្ញៀវ​ភាគ​ច្រើន​ជាភ្ញៀវ​បរទេស ​ព្រោះ​ជន​ជាតិ​បរទេស ​គេ​ចូល​ចិត្ត​ដើរ​បែប​ស្ងប់​ស្ងាត់»។

លោក​ថា ​១ ឆ្នាំ ​ទៅ​ ២ ឆ្នាំ ​បន្ទាប់​ពី​បង្កើត​សហ​គមន៍​នេះ​ហើយ ​ទើប​ចាប់ផ្ដើម​​មាន​ភ្ញៀវ​ខ្មែរ​ចូលទៅ​លេង​កម្សាន្ដ​ជាបន្ត​បន្ទាប់។​ ទោះជា​យ៉ាង​នេះ​ក្ដី ​រាល់​ចំណូល​ដែល​បាន​មក​ពី​ការចូល​ទៅ​កម្សាន្ដ​របស់​ភ្ញៀវ ​មិន​ថា ​ក្នុង​ស្រុក ​ឬ​ក្រៅ​ស្រុក​ សុទ្ធតែ​បាន​រួម​ចំណែក​ដ៏ធំ​ក្នុង​ការ​កសាង​ជីវភាព​មូល​ដ្ឋានរបស់​ប្រជា​ជន​ក្នុង​សហ​គមន៍។

ប្រធាន​សហ​គមន៍​រូបនេះ​បញ្ជាក់​ថា​៖ «ក្នុង ​១ ឆ្នាំ ​យើង​ទទួលបាន​ភ្ញៀវ ចន្លោះពី ​៣ ២០០នាក់ ​ទៅ ​៣ ៥០០នាក់ ​ហើយ​ភ្ញៀវ​ស្ទើរតែ​ទាំងអស់​បានទទួល​នូវ​សេវាកម្ម​របស់​យើង ​ដូចជា ​សេវាកម្ម​មគ្គុទ្ទេសក៍ ​សេវាកម្ម​ចុងភៅ​ព្រៃ ​ចុងភៅ​ភូមិ​ សេវាកម្ម​បង្រៀន​ធ្វើ​ម្ហូបអាហារ ​សេវាកម្ម​ជួល​កង់ម៉ូតូ ​ទូក ​កាយ៉ាក ​ឡាន ​ជាពិសេស ​យើង​មាន​សេវាកម្ម​ស្នាក់នៅ​ ដោយ​យើង​មាន​ជម្រើស​ឱ្យ​គាត់​ច្រើន​ទៀត»។

បើ​តាម​លោក ​អ៊ន សុវណ្ណ ​ប្រជាជន​ជាង​៦០០គ្រួសារ ​កំពុង​រស់នៅ​ក្នុង​សហគមន៍ ​ហើយ​ក៏​កំពុង​ទទួលផល​ពី​វិស័យ​ទេសចរណ៍ ​ដែល​សហ​គមន៍​មួយ​នេះ​បាន​ផ្ដល់​ឱ្យ​ពួក​គេ។

លោក​បញ្ជាក់​ថា ​នៅ​តំបន់​របស់​លោក ​មាន​លក្ខណ​ពិសេស​ជាច្រើន ​ដូចជា ​ជាបណ្ដុំ​នៃ​ធនធាន​ធម្មជាតិ ​និង​ជីវចម្រុះ​ មាន​តំបន់​សក្តានុ​ពល​ទេសច​រណ៍ ​ជិត​២០​កន្លែង​ខុសៗ​គ្នា ​និង​មាន​ការរៀបចំ​កញ្ចប់​ទេសច​រណ៍​ជាមួយ​នឹង​តម្លៃ​សមរម្យ​ផង​ដែរ។ អ្វី​ដែល​កាន់តែ​ធ្វើឱ្យ​ភ្ញៀវ​ចូល​ចិត្ត​ទៀត​នោះ ​គឺ​ការ​រៀប​ចំ​ឱ្យ​មាន​ជា​ដំណើរ​កម្សាន្ដ ​ជិះកង់​ចូល​ក្នុង​សហ​គមន៍​ ទស្សនា​ពី​ការ​រស់​នៅ​របស់​ប្រជា​ជន ​ព្រម​ទាំង​ការ​ប្រកប​របរ​កសិ​កម្ម​ជាដើ​ម។

ក្នុង​ចំនួន​ប្រជា​ជន​ទាំង​ជាង​៦០០គ្រួសារ​ គឺ​មាន​ជាង​ពាក់​កណ្ដាល​ទៅ​ហើយ ​ដែល​បាន​ទទួល​ផល​ពី​វិស័យ​ទេស​ចរណ៍​ដោយ​ផ្ទាល់ ​ខណៈ​ពាក់​កណ្ដាល​ទៀត​ជា​អ្នក​ទទួល​ផល​ដោយ​ប្រយោល​។

បើ​ទោះជា​ភ្ញៀវ​បាន​ថយ​ចុះ​កាលពី​ឆ្នាំ២០២០ ​ដោយ​សារតែ​ជំងឺ​កូវីដ ១៩ ​ក្ដី​ ក៏​បច្ចុប្បន្ន ​លោក​បាន​កត់សម្គាល់​ឃើញ​ភ្ញៀវ​ចាស់ៗ ​ក៏​បានវិល​ត្រឡប់​ទៅ​លេង​កម្សាន្ដ​ជាថ្មី​ផង​ដែរ​។ ម្យ៉ាង​ទៀត ​បន្ទាប់ពី​ផ្ទុះ​ជំងឺ​កូវីដ​មក ​ប្រជាជន​ក្នុង​ស្រុក​ក៏ហាក់​បង្វែរ​គោលដៅ​​ទេសច​រណ៍​មក​តាម​តំបន់​សហ​គមន៍ ​វិញ។

ប្រធាន​សហ​គមន៍​រូប​នេះ ​បន្ត​លើក​ទឹក​ចិត្ត​ឱ្យ​ភ្ញៀវ​ក្នុង​ស្រុក ​ចូល​ទៅ​កម្សាន្ដ ​តាម​តំបន់​សហ​គមន៍ ​ឱ្យបាន​កាន់តែ​ច្រើន​ ព្រោះ​វា​បាន​ជួយ​បង្កើត​ការងារ​ដល់​ប្រជាជន​មូលដ្ឋា​ន ​កែប្រែ​ជីវភាព​ពួកគេ​ឱ្យ​រីក​ចម្រើន​ដូច​តំបន់​លោក ​និង​ថែរក្សា​ធន​ធាន​ធម្ម​ជាតិ​ឱ្យ​បាន​គង់​វង្ស​។

ជា​ចុងក្រោយ ​លោក​ អ៊ន សុវណ្ណ ​បានលើក​ជា​សំណូមពរ​ទៅ​ដល់​ភ្ញៀវ​ទេសចរ ​សូម​ឱ្យ​ចូលមក​ ដោយ​ទទួល​យក​សេវា​កម្ម​ដែល​សហ​គមន៍​មាន​ផ្ដល់​ជូន ​ដើម្បី​ជា​ការបន្ត​ជួយ​ទ្រទ្រង់​ជីវភាព​បងប្អូន​ប្រជាជន ​ជាង​៦០០​គ្រួសារ​បន្ត​ទៀត៕