
ភ្ញៀវទេសចរនៅជើងឯកកាលពីថ្ងៃទី ៣០ មករា ឆ្នាំ ២០២៣។ ហេង ជីវ័ន
ភ្នំពេញ: អំឡុងពេលបិទខ្ទប់នៃវិបត្ដិរោគរាតត្បាតសកល មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក មិនខុសពីទីស្មសានដ៏ស្ងាត់ជ្រងំ ដោយរបងខ្លោងទ្វារធ្លាប់តែចំហរង់ចាំភ្ញៀវចេញចូលរាប់រយនាក់ក្នុង ១ ថ្ងៃៗ ប្រែជាបិទជិតឈឹង លែងមានវត្ដមានភ្ញៀវប្រែទៅជាទីឋានគួរឱ្យព្រឺឆ្អឹងខ្នង។
នៅពេលរាជរដ្ឋាភិបាលប្រកាសបើកប្រទេសទទួលភ្ញៀវទេសចរ និងដំណើរការអាជីវកម្មសេវាទេសចរណ៍ឡើងវិញកាលពីចុងឆ្នាំ ២០២១ មជ្ឈមណ្ឌលជាទីកន្លែងដែលបនខ្មែរក្រហមយកប្រជាពលរដ្ឋមកវាយសម្លាប់ បានបើកទ្វារទទួលភ្ញៀវឡើងវិញជាមួយវត្ដមានភ្ញៀវត្រឹម ១២ នាក់ ឬ ៣ នាក់ក្នុង ១ ថ្ងៃ។
លោកស្រី រស់ សុភារ៉ាវី ប្រធានមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកបានឱ្យដឹងថា៖ «ពេលរាជរដ្ឋាភិបាលប្រកាសបើកប្រទេស មជ្ឈមណ្ឌលយើងបើកទ្វារទទួលភ្ញៀវឡើងវិញ ប៉ុន្មាននាក់ក៏យើងទទួលដែរ ហើយខ្ញុំគិតថា ភ្ញៀវដែលមកនេះមិនមែនជាភ្ញៀវមកពីក្រៅប្រទេសទេ ជាភ្ញៀវបរទេសក្នុងស្រុក»។
លោកស្រី សុភារ៉ាវី បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ខណៈកំពុងអង្គុយនៅក្បែរបញ្ជរលក់សំបុត្រថា៖ «យើងខ្វាយខ្វល់ណាស់ តែយើងមើលឃើញចំនួនភ្ញៀវកើនឡើងរហូតបន្ដិចម្ដងៗ។ នៅឆ្នាំ ២០២២ យើងចាប់ផ្ដើមទទួលភ្ញៀវរហូតដល់ ១០០ នាក់។ ពេលនោះ យើងរំភើបខ្លាំងមែនទែន ពីព្រោះបើយើងប្រៀបធៀបមុនកូវីដ យើងមានភ្ញៀវច្រើនពី ៣០០ ទៅ ៦០០ នាក់ក្នុង ១ ថ្ងៃ»។
ជាមួយការវិលត្រឡប់របស់បុគ្គលិកផ្នែកលក់សំបុត្រ អ្នកបញ្ចាំងវីដេអូ អ្នកអនាម័យ និងសន្ដិសុខបន្ថែមមកជាបន្ដបន្ទាប់ លោកស្រី បាននិយាយដោយសង្ឃឹមថា ឆ្នាំ ២០២៣ នេះ មជ្ឈមណ្ឌលនឹងទទួលភ្ញៀវប្រហាក់ប្រហែលមុនកូវីដ ១៩ ដោយសារអំឡុងដើមឆ្នាំ ២០២៣ នេះ ខណៈថ្ងៃខ្លះ មជ្ឈមណ្ឌលអាចទទួលភ្ញៀវ ២០០ ដល់ ៣០០ នាក់ក្នុង ១ថ្ងៃ។
បើទោះបីជាមិនទាន់អាចប្រៀបជាមួយវេលាមុនកូវីដ ឆ្នាំ ២០២២ កន្លងទៅនេះ មជ្ឈមណ្ឌល ដែលមានជនរងគ្រោះត្រូវបានសម្លាប់ប្រមាណ ២ ម៉ឺននាក់ ទទួលភ្ញៀវបរទេស ៤៥ ៥៤៧ នាក់ ភ្ញៀវជាតិ ២១ ២៩៤ នាក់ ខណៈឆ្នាំ ២០១៩ មុនកូវីដ មជ្ឈមណ្ឌលទទួលភ្ញៀវបរទេសជាង ២០ ម៉ឺននាក់ និងភ្ញៀវជាតិជាង ៥ ម៉ឺននាក់។
លោកស្រីប្រធានមជ្ឈមណ្ឌល ឱ្យដឹងថា អំឡុងឆ្នាំ ២០២០ ជាពិសេសប៉ុន្មានខែមុនពិភពលោកបានបិទជើងហោះហើរ មជ្ឈមណ្ឌលទទួលភ្ញៀវបរទេសជិត ៥ ម៉ឺននាក់ និងភ្ញៀវជាតិជាង ១ម៉ឺននាក់ ខណៈឆ្នាំ ២០២១ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្ដរជាតិធ្លាក់មកត្រឹមជាង ១ ពាន់នាក់ និង ៥៤១ នាក់ប៉ុណ្ណោះ។ លោកស្រី សុភារ៉ាវី ឱ្យដឹងថា៖ «លុយសល់ពីឆ្នាំមុនៗ យើងមកចំណាយទប់អំឡុងពេលកូវីដ ១៩ ដែលគ្មានភ្ញៀវសោះសូម្បីតែម្នាក់ រយៈពេលប្រមាណ ២ ឆ្នាំ»។
យ៉ាងណាមិញលោកស្រី បានរក្សាទុកបុគ្គលិកចាំបាច់ប្រមាណ ៥ នាក់សម្រាប់ប្រចាំការ ដូចជា ការថែទាំបរិវេណមជ្ឈមណ្ឌល និងសន្ដិសុខ។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក គឺជាការវិនិយោគសម្បទានពីសាលារាជធានីភ្នំពេញ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាលារាជធានីភ្នំពេញ។ លោកស្រី សុភារ៉ាវីនិយាយថា៖ «អំឡុងពេលដ៏លំបាកនេះ យើងមិនបានសុំជំនួយពីរដ្ឋទេ ដោយសារយើងគិតថា ពេលនោះ រាជរដ្ឋាភិបាលក៏ត្រូវការថវិកាច្រើនសម្រាប់ធ្វើការងារផ្សេងៗ ដូចជា ការទិញវ៉ាក់សាំង សម្ភារពេទ្យ និងយុទ្ធនាការសព្វបែបយ៉ាង»។
ខណៈពេលគ្មានភ្ញៀវទេសចរ មជ្ឈមណ្ឌលមិនមានកិច្ចការធំៗត្រូវបំពេញទេ ដូចជា ការអភិរក្សធាតុ ក៏ត្រូវបានធ្វើរួចរាល់តាំងពីឆ្នាំ ២០១៦ រួមទាំងការកសាងបន្ទប់ទឹកថ្មី និងរូបសំណាក «ស្ត្រីកំពុងអង្គុយឱបកូន» នេះគឺដើម្បីរំឭកឡើងវិញនូវសច្ចធម៌ប្រវត្តិសាស្ត្រនៃជីវិតរស់នៅរបស់ប្រជាពលរដ្ឋទូទៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ចន្លោះឆ្នាំ ១៩៧៥-១៩៧៩ ដែលត្រូវបានព្រាត់ប្រាស់ក្រុមគ្រួសារ។ អ្វីដែលមជ្ឈមណ្ឌលត្រូវធ្វើនោះ គឺការថែទាំសម្អាតស្មៅតាមរណ្ដៅ បោសសម្អាតស្លឹកឈើ។
យ៉ាងណាមិញ មជ្ឈមណ្ឌលបន្ដចំណាយប្រាក់បង់ថ្លៃ ប.ស.ស ដល់បុគ្គលិកទាំងកំពុងបំពេញការងារ និងបុគ្គលិកត្រូវបានព្យួរការងារដើម្បីឱ្យពួកគេបានទទួលអត្ថប្រយោជន៍សេវាសុខភាព។

ភ្ញៀវទេសចរនៅជើងឯកកាលពីថ្ងៃទី ៣០ មករា ឆ្នាំ ២០២៣។ហេង ជីវ័ន
កញ្ញា Chalotte និងកញ្ញា Julia ដែលមកកាន់កម្ពុជាជាលើកដំបូង បានសរសេរនៅលើសៀវភៅបញ្ចេញមតិក្រោយបញ្ចប់ដំណើរទស្សនាក្នុងបរិវេណមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជាមួយការស្ដាប់រឿងរ៉ាវពីប្រព័ន្ធសោតទស្សន៍រួច ដោយបង្ហាញការហួសចិត្ដនឹងរបបប្រល័យពូជសាសន៍នេះ។
ដោយមិនបាននិយាយរៀបរាប់ប្រាប់ភ្នំពេញប៉ុស្ដិ៍ដោយផ្ទាល់ កញ្ញា Chalotte ដែលមកពីប្រទេសបារាំង បានសរសេរមតិរបស់ខ្លួន កាលពីថ្ងៃទី ៣០ មករា ឆ្នាំ ២០២៣ ថា៖ «តើរឿងរ៉ាវបែបនេះអាចកើតឡើងដោយស្នាដៃមនុស្សតែម្នាក់បានយ៉ាងដូចម្ដេច? សូមឱ្យប្រជាជនកម្ពុជា ដែលបាត់បង់មនុស្សជាទីស្រឡាញ់មានសន្ដិភាព។ យើងសង្ឃឹមថា រឿងដ៏សែនជូរចត់នឹងមិនកើតឡើងជាថ្មីឡើយ»។
ជាមួយការបង្ហាញឈ្មោះផ្ទាល់ខ្លួន Lilian មកពីអាល្លឺម៉ង់ បានសរសេរថា៖ «សោកនាដកម្មដ៏គួរឱ្យរន្ធត់ ដែលមនុស្សគ្រប់រូបមិនចង់ឱ្យជួបប្រទះ។ សូមឱ្យព្រលឹងជនរងគ្រោះទាំងអស់ទៅកាន់សុគតិភព ហើយអ្នករស់រានមានជីវិតដែលចងចាំនូវរឿងរ៉ាវដ៏ជូរចត់នេះ សូមឱ្យជាសះស្បើយ។ គ្មាននរណាទទួលយកភាពសោកសៅនេះបានឡើយ»។
ពេលធ្វើដំណើរមកដល់មុខខ្លោងទ្វារ ភ្ញៀវទេសចរបរទេសម្នាក់ ត្រូវទិញសំបុត្រតម្លៃ ៣ ដុល្លារ ហើយអាចប្រើប្រាស់សោតទស្សន៍ស្ដាប់ការរៀបរាប់រឿងរ៉ាវនៅក្នុងបរិវេណមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក រហូតដល់ ១៥ ភាសា រួមទាំងខ្មែរ ក្នុងតម្លៃបន្ថែម ៣ ដុល្លារទៀត។
លោកស្រី សុភារ៉ាវី បានឱ្យដឹងថា៖ «ភ្ញៀវអាចមានជម្រើស ដោយយកសេវាកម្មសោតទស្សន៍ស្ដាប់ដំណើររឿងក៏បាន មិនយកក៏បាន។ អូឌីយ៉ូនេះមានរហូតដល់ ១៥ ភាសា។ អ៊ីចឹង ភ្ញៀវមកដល់មជ្ឈមណ្ឌលមិនបារម្ភរឿងអត់មគ្គុទេសក៍ណែនាំទេ ហើយចេះ ឬមិនចេះអង់គ្លេសក៏មិនបារម្ភដែរ។ ការស្ដាប់ដំណើររៀបរាប់នៅទីនេះ មានរយៈប្រមាណជាង ១ ម៉ោងអាស្រ័យទៅតាមភាសា»។ ភាសាទាំង ១៥ រួមមាន ខ្មែរ អង់គ្លេស អាល្លឺម៉ង់ ហូឡង់ អេស្ប៉ាញ អ៊ីតាលី ស៊ុយអែត រុស្ស៊ី បារាំង ជប៉ុន កូរ៉េ ថៃ វៀតណាម ម៉ាឡេស៊ី និងចិន។
លោក អ៊ុំ ចាន់ដារ៉ូ ជាមគ្គុទេសក៍ទេសចរណ៍ ដែលកំពុងនាំភ្ញៀវជាច្រើននាក់ទស្សនាមជ្ឈមណ្ឌល និងនិយាយដំណើររឿងទៅតាមទីកន្លែងនីមួយៗ បាននិយាយថា បច្ចុប្បន្ននេះ មិនទាន់មានចំនួនភ្ញៀវច្រើនដូចមុនកូវីដ តែចំនួនភ្ញៀវក៏បានបន្ដកើនឡើងដែរ។
មគ្គុទេសក៍និយាយភាសាអង់គ្លេសរូបនេះ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខ្ញុំចាប់ផ្ដើមទទួលភ្ញៀវនៅក្រុមហ៊ុនវិញ ពីខែមិថុនា ឆ្នាំ ២០២២។ តាំងពីបើកទ្វារក្រុមហ៊ុនវិញ ខ្ញុំបានទទួលភ្ញៀវជាប់រហូតដែរ ដោយ ១ ខែបាន ១ ឬពីរក្រុមចន្លោះពី ៨ ទៅ ១០ នាក់ ដែលមកកម្សាន្ដប្រហែល ១ សប្ដាហ៍នៅស្រុកខ្មែរ»។
លោកបន្ដថា៖ «ខ្ញុំបានទៅទទួលភ្ញៀវរហូតដល់ក្រុងហូជីមិញ ប្រទេសវៀតណាម មកភ្នំពេញរយៈពេល ២ ថ្ងៃ រួចបន្ដទៅបាត់ដំបង ១ ថ្ងៃ សៀមរាប ៣ ថ្ងៃ និងបញ្ចប់នៅប៉ោយប៉ែត មុនពេលបន្ដដំណើរចេញទៅថៃ»។
កត្ដាមួយដែលនាំឱ្យភ្ញៀវឆាប់មកលេងកម្ពុជា លោកស្រី សុភារ៉ាវី និយាយថា វាដោយសារតែកម្ពុជាបានធ្វើបុណ្យ ដែលអនុញ្ញាតឱ្យនាវាទេសចរណ៍ WESTER DAM បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ប្រមាណ ៣ ០០០ នាក់ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។
ប្រធានមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក អាយុជាង ៦០ ឆ្នាំរូបនេះ អះអាងថា៖ «ខ្ញុំមានមិត្ដភក្ដិម្នាក់នៅអាមេរិក ដែលគាត់និយាយថា មានបរទេសខ្លះនិយាយថា ពួកគេនឹងមកលេងកម្ពុជាដោយមានការបើកជើងហោះហើរឡើងវិញ ដោយសារពួកគេបានឃើញកម្ពុជាយើងចេះជួយប្រជាជនគេអំឡុងពេលគ្មានប្រទេសណាហ៊ានទទួល»។
ប្រធានមជ្ឈមណ្ឌលដដែលឱ្យដឹងថា បច្ចុប្បន្នមជ្ឈមណ្ឌល មានបុគ្គលចូលបម្រើការងារប្រហាក់ប្រហែលមុនកូវីដចំនួន ២៥ នាក់ បានបន្ដថា៖ «ខ្ញុំក៏ចាប់អារម្មណ៍ឃើញថា ពេលបើកប្រទេសដំណើរការភ្លាមៗ ខ្ញុំសង្កេតឃើញភ្ញៀវបរទេសវ័យចំណាស់មកជាគូៗច្រើនជាងរាល់ៗឆ្នាំ»។
ក្រៅពីភ្ញៀវបរទេស មជ្ឈមណ្ឌលក៏ទទួលភ្ញៀវជាតិ ជាពិសេស យុវវ័យ ដែលត្រូវបានលើកទឹកចិត្ដឱ្យមកទស្សនា និងស្វែងយល់អំពីប្រវត្ដិសាស្ដ្រប្រទេសរបស់ខ្លួន ដោយមិនត្រូវបានគិតប្រាក់ឡើយ។
លោកស្រី សុភារ៉ាវី បានបន្ដថា៖ «ខ្ញុំស្វាគមន៍ជានិច្ចចំពោះភ្ញៀវដើម្បីបង្ហាញពួកគេឱ្យដឹងអំពីប្រវត្ដិសាស្ដ្រជូរចត់របស់ពលរដ្ឋអាយុស្របាល ៥០ និង ៦០ ឆ្នាំ។ កន្លងមក យើងទទួលភ្ញៀវដែលដឹកនាំដោយសាលាក្ដីខ្មែរក្រហម សិស្សានុសិស្សតាមសាលារដ្ឋ និងឯកជន។ ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយបានដឹងការពិតអំពីខ្មែរក្រហម និងបញ្ចៀសកុំឱ្យសោកនាដកម្មនេះកើតឡើងជាថ្មីទៀត»។
ដោយរស់រានមានជីវិតពីរបបវាលពិឃាត និងឆ្លងកាត់សម័យកាលដ៏លំបាកនៃជំងឺកូវីដ ១៩ ដើមបណ្ដឹងរដ្ឋប្បវេណីម្នាក់ក្នុងតុលាការខ្មែរ លោក ស៊ុំ រិទ្ធី បានចាប់របរលក់សៀវភៅជីវប្រវត្ដិខ្លួនឯង ដែលឆ្លងកាត់បទពិសោធន៍ជាប់ឃុំឃាំង និងរងទុក្ខទារុណរយៈពេល ២ ឆ្នាំនៅក្នុងគុកនៃខេត្ដសៀមរាបពីឆ្នាំ ១៩៧៧ រហូតដល់ថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩។
បុរសសក់សម្បុរស អាយុ ៦៩ ឆ្នាំ អង្គុយលើតុដែលរំលេចពីគំនូរយុវជនម្នាក់ស្ថិតក្នុងសភាពស្គមស្គាំង បានអះអាងថា រូបភាពដ៏សែនវេទនារបស់យុវជនក្នុងគំនូរនេះ គឺជារូបលោក។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «មុនកូវីដ ខ្ញុំលក់សៀវភៅដែលខ្ញុំសរសេរខ្លួនឯងជាភាសាខ្មែរ និងជួលគេបកប្រែជាភាសាអង់គ្លេស នៅសៀមរាប ដោយជួលផ្ទះគេនៅ។ ប៉ុន្ដែអំឡុងពេលកូវីដ ១៩ រាតត្បាត ខ្ញុំបានត្រឡប់មកផ្ទះនៅភ្នំពេញវិញ។ ក្រោយពេលមានភ្ញៀវមកលេងជើងឯកនេះ ខ្ញុំក៏មកលក់សៀវភៅនៅទីនេះ។ ប៉ុន្ដែទោះបីជាមានភ្ញៀវច្រើនយ៉ាងណាក៏ដោយ ក៏ការលក់សៀវភៅនេះ មិនសូវដាច់ទេ ដោយសារភ្ញៀវភាគច្រើនទៅហួសមកហួស»៕