សហគមន៍​ទេសចរណ៍​ធម្មជាតិ​ស្ទឹងភេ គឺជា ឈ្មោះ​គោលដៅ​ទេសចរណ៍​មួយ​កន្លែង​ដែល​ស្ថិតនៅ​ក្នុង​ស្រុក​ជុំគិរី ខេត្ត​កំពត។ សហគមន៍​នេះ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ២០២០ ដែល​មក​ទល់​ពេល​នេះ គឺ​មាន​អាយុ​កាលជាង ២ឆ្នាំហើយ។

ក្នុងការ​បង្កើត​ឡើង​ដំបូង សហគមន៍​មួយ​នេះ​ទទួល​បាន​ការ​ចូលរួម​ពី​សមាជិក​ដែល​ជា​ប្រជាជន​ក្នុង​តំបន់​ចំនួន ១៥ គ្រួសារ ហើយ​ដែល​ប្រជាជន​ទាំង ១៥ គ្រួសារ​នេះ គឺជា​អ្នក​ទទួល​ផល​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល។

លោក ជឿន ប៊ុនឡាយ ដែល​ជា​អ្នក​តំណាង​សហគមន៍​បាន​ឱ្យ​ដឹង​ថា សហគមន៍​ទេសចរណ៍​ធម្មជាតិ ស្ទឹងភេ ផ្ដោត​លើ​ការ​ផ្ដល់​សេវាកម្ម​ម្ហូបអាហារ និង​ផ្ដល់​ទស្សនីយភាព​បែប​ធម្មជាតិ​ជូន​ភ្ញៀវ​ទេសចរ។

យ៉ាងណាមិញ រាប់ចាប់​តាំង​ពី​បង្កើត​នូវ​គោលដៅ​ទេសចរណ៍​បែប​សហគមន៍​នេះ​មក លោក ជឿន ប៊ុនឡាយ បាន​សង្កេត​ឃើញ​ពី​ការ​ប្រែប្រួល​ជា​លំដាប់​នៃ​ជីវភាព​របស់​ប្រជាជន​ក្នុង​សហគមន៍។ ការ​ប្រែប្រួល​ដែល​អ្នក​តំណាង​សហគមន៍​បានលើក​ឡើង​នេះ គឺ​សំដៅ​លើ​ការ​ប្រែប្រួល​ទៅ​រក​ភាព​ល្អ​ប្រសើរ​ជាងមុន តាម​រយៈការ​ទទួល​ផល​ប្រយោជន៍​ពី​សហគមន៍​ទេសចរណ៍។

លោក ជឿន ប៊ុនឡាយ ថ្លែងថា៖ «បន្ទាប់ពី​បង្កើត​ឡើង​នូវ​សហគមន៍​ទេសចរណ៍​នេះ​ហើយ ខ្ញុំ​សង្កេត​ឃើញ​ថា តាំង​ពី​ចុងឆ្នាំ ២០២០​មក ប្រជាពលរដ្ឋ​ដែល​គាត់រស់​នៅ​ក្នុង​ភូមិ​ដែល​មាន​ការ​លក់​ដូរ​តាម​ដងផ្លូវ ចុះ​ពី​ផ្លូវ​ជាតិ​លេខ ៤១ រហូតមក​ដល់​ស្ទឹងភេ គឺ​ពួកគាត់​អាច​រកចំណូល​បាន​ច្រើន​ជាង​មុន​មួយ​កម្រិត​ទៀត ដោយសារ​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវនេះ​ច្រើន​មក​កាន់​សហគមន៍​ស្ទឹងភេ ក្នុង​មួយ​ថ្ងៃៗ ជាពិសេស គឺ​ថ្ងៃឈប់​សម្រាក​ពី​ការងារ និង​ថ្ងៃបុណ្យជាតិ​តែម្ដង»។

លោក ជឿន ប៊ុនឡាយ បន្តថា៖ «បើ​គិត​ជា​ចំនួន​ភ្ញៀវ​ជា​មធ្យម ក្នុង​មួយ​ថ្ងៃ​មា​នភ្ញៀវ ២៥នាក់ ដែល​បាន​ចូលមក​លេង​កម្សាន្ដ​តំបន់​យើង ហើយ​ភាគច្រើន​ជា​អ្នក​នៅ​ក្នុង​តំបន់​ជិតៗ​នេះ»។

ភ្ញៀវទេសសចរមកកម្សាន្ត​លេង​នៅ​សហគមន៍​ទេសចរណ៍​ធម្មជាតិ​ស្ទឹងភេ។ រូបថត សហគមន៍

បើតាម​ការ​បញ្ជាក់​របស់​លោក ជឿន ប៊ុនឡាយ ចំនួន​ភ្ញៀវ​ជា​មធ្យម​នេះ​ល្មម​អាច​ទ្រទ្រង់​សហគមន៍​បាន ជាពិសេស អាច​ធ្វើ​ឱ្យ​ចរន្ដ​សេដ្ឋកិច្ច​ប្រជាសហគមន៍​ដើរបាន។

ចំណែក​ឯ​ចំណូល​ជា​ប្រចាំ​វិញ លោក​បាន​ឱ្យ​ដឹង​ថា៖ «សហគមន៍​យើង​អាច​រក​ចំណូល​បាន​ចន្លោះពី​ ១​លាន​២​សែន​រៀល ទៅ ២លានរៀន​ក្នុង​មួយ​ខែ បន្ទាប់​ពី​ធ្វើការ​ចាត់ចែង​ទូទាត់​ថ្លៃ​ចំណាយ​លើ​ឈ្នួល​បុគ្គលិក អីវ៉ាន់ និង​សម្ភារ​ប្រើប្រាស់​គ្រឿង​ទេស​ផ្សេងៗ​ហើយ»។

បច្ចុប្បន្ននេះ​ប្រជាជន​ប្រមាណ ១០​នាក់​នៅ​ក្នុង​ភូមិនេះ​ដែល​គាត់​មក​ប្រចាំ​ការ​នៅ​ក្នុង​សហគមន៍ ក្រៅពី​នោះ ប្រជាជន​ច្រើន​តែ​ប្រកប​មុខរបរ កសិកម្ម និង​ធ្វើការ​ជា​កម្មករ​ឧស្សាហកម្ម​រោងចក្រ​ជាដើម។

ចំណែក​ឯ​ប្រជាជន​ផ្សេងទៀត គឺជា​អ្នក​ដែល​ទទួល​ផល​ដោយ​ប្រយោល​តាម​រយៈ ការ​ដាំដុះ ចិញ្ចឹមសត្វ សម្រាប់​ផ្គត់ផ្គង់​ចូល​ទៅ​ក្នុង​សហគមន៍​ទេសចរណ៍​ស្ទឹងភេ ដែល​ប្រភព​ខាងលើ​បាន​អះអាង​ថា ខ្លួន​ទិញ​ក្នុង​តម្លៃ​សមរម្យ​មួយ។

សម្រាប់​គម្រោង​បន្ត​ទៅ​មុខ​ទៀត លោក​បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា លោក​គ្រោង​ធ្វើ​ផ្ទះ​លម្ហែ​នៅ​តាម​មាត់​ទឹក​សម្រាប់​ទទួល​ភ្ញៀវ​ដែល​មាន​បំណង​ចង់​មក​សម្រាក​លម្ហែកាយ ជាពិសេស បំផុត​នោះ គឺ​សហគមន៍​យើង​ខ្ញុំ​ផ្តោត​ទៅ​លើ​សេវាកម្ម​ម្ហូបអារហារ​អំពី​តម្លៃ​សមរម្យ គុណភាព អនាម័យ និង រសជាតិ​ឈ្ងុយ​ឆ្ងាញ់​មិ​នប៉ះពាល់​សុខភាព។

ជាចុងក្រោយ អ្នក​តំណាង​សហគមន៍​រូបនេះ​បាន​ប្ដេជ្ញា​ថា៖ «សហគមន៍​យើង​ខ្ញុំ នឹង​ស្វែងរក​ការ​ច្នៃប្រឌិត​ថ្មីៗ​តាម​បែប​ធម្មជាតិ​និង​ធ្វើ​តាមផែន​ការ​ជា​បន្តបន្ទាប់​រហូត ដើម្បី​ធ្វើឱ្យ​សហគមន៍​ទេសចរណ៍​មួយ​នេះ​កាន់តែ​មាន​ភាព​រីកចម្រើន... កាលណា​ស្ទឹងភេ មាន​ភាព​រីក​ចម្រើន ប្រជាជន​នៅ​ក្នុង​តំបន់នេះ ក៏​ពួកគាត់​មាន​ភាព​រីកចម្រើន ដោយ​ងាយស្រួល​រកស៊ី​លក់ដូរ​ប្រចាំ​ថ្ងៃដែរ»៕