
លោក នុត ហេង អ្នកតំណាងសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់អន្លង់ស្វាយ។ រូបថត កែវ បុស្បា
កំពង់ឆ្នាំងៈ ប្រជាសហគមន៍ដែលអាស្រ័យផលពីទេសចរណ៍ធម្មជាតិ អំពាវនាវឱ្យអ្នកទេសចរក្នុងស្រុក ទៅកម្សាន្ដនៅសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់អន្លង់ស្វាយ។សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់អន្លង់ស្វាយ មានទីតាំងស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ផងដែរ។ សហគមន៍នេះមានចម្ងាយប្រមាណជា ៦០ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង។
សហគមន៍ទេសចរណ៍ធម្មជាតិអន្លង់ស្វាយឱ្យដឹងថា សព្វថ្ងៃនេះចំណូលដែលបានមកពីទេសចរគឺជាចំណូលមួយផ្នែកតូចរបស់ប្រជាសហគមន៍ប៉ុណ្ណោះ ដោយសារតែតំបន់នេះមិនទាន់មានភ្ញៀវច្រើនទៅកម្សាន្តនៅឡើយ។
លោក នុត ហេង អ្នកតំណាងសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់អន្លង់ស្វាយបានឱ្យដឹងថា ក្នុង១ខែ សហគមន៍ទទួលបានភ្ញៀវចូលទស្សនាជាមធ្យម ២០០នាក់ រីឯក្នុងឱកាសបុណ្យទាន សហគមន៍អាចទទួលភ្ញៀវបាន ៣០០នាក់ក្នុង១ថ្ងៃ។
លោក នុត ហេង បានបន្តថា៖ « យើងក៏មិនសូវរកបានច្រើនដែរ ដោយសារតែភ្ញៀវគាត់មកមិនទៀងទាត់...ពេលខ្លះអត់ភ្ញៀវទៅប្រជាជនយើងក៏គាត់ អត់បានទៅលក់ម្ហូបអាហារ តែដល់ពេលភ្ញៀវសម្រុកមក ទៅជាមិនមានម្ហូបអាហារបរិភោគវិញ អ៊ីចឹងទៅយើងនៅខ្វះចន្លោះត្រង់នេះ»។
ដោយសារតែភាពមិនទៀងទាត់នៃចំណូលនេះ សហគមន៍អាចរកបានជាមធ្យមក្នុង១ខែ ៧០ម៉ឺន ទៅ៨០ម៉ឺនរៀល ដែលចំណូលនេះនឹងកាត់ចូលទៅជាប្រាក់សន្សំសម្រាប់ជួសជុលផ្លូវចូលទៅកាន់ សហគមន៍ឱ្យកាន់តែប្រសើរ ដើម្បីអាចទទួលបានភ្ញៀវបន្ថែម។
លោក នុត ហេង បានសំណូមពរឱ្យប្រជាជនក្នុងស្រុកជួយគាំទ្ររាល់ផលិតផលដែល ចេញពីសហគមន៍ ដើម្បីជួយបង្កើនជីវភាពពលរដ្ឋនិងសំខាន់បំផុតគឺធ្វើឱ្យពួកគេមានជម្រើសការងារ ច្រើន ដែលមិនពឹងផ្អែកខ្លាំងពេកលើធនធានធម្មជាតិ។
លោក នុត ហេង ថ្លែងថា ប្រជាជននៅក្នុងសហគមន៍សរុបមានប្រមាណជា ៧០០គ្រួសារ ហើយ៧០ភាគរយនៃប្រជាជនគឺពឹងផ្អែកលើអនុផលធនធានធម្មជាតិ ដែលមាននៅ ក្នុងតំបន់នេះស្រាប់។ធនធានធម្មជាតិចម្បងដែលប្រជាជនភាគច្រើនអាស្រ័យគឺឫស្សីព្រៃ ដែលជាធនធានអំណោយផលពី ធម្មជាតិ។ បើរាប់ជាផ្ទៃដីសរុបក្នុងសហគមន៍ ផ្ទៃដីដែលមានឫស្សីព្រៃដុះគឺមានរហូតទៅដល់ ៥០% ទៅហើយ ដែលជាទម្លាប់ គឺប្រជាជននាំគ្នាកាប់យកឫស្សីព្រៃទាំងនោះទៅលក់ឱ្យសិប្បកម្មកែច្នៃ។
តាំងពីដើមមកប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ទឹកធ្លាក់អន្លង់ស្វាយ តែងចូលព្រៃកាប់ឫស្សីព្រៃទៅលក់ឱ្យឈ្មួញដែលគេមកទិញដល់ក្នុងសហគមន៍។ ក្រៅពីនោះ គឺប្រជាជនយកឫស្សីព្រៃទៅធ្វើជារបង រនាបផ្ទះ និងរបស់ប្រើប្រាស់ជាដើម។ មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងធ្លាប់បានណែរនាំពីរបៀបកាប់ឫស្សីតាមលក្ខណៈបច្ចេកទេស ដើម្បីធានានិរន្តរភាពបរិស្ថាននិងប្រភពចំណូលរបស់ប្រជាសហគមន៍ផង។
ប្រភពពីសមាជិកគណៈកម្មការសហគមន៍អន្លង់ស្វាយបញ្ជាក់ថា សហគមន៍ពលរដ្ឋបានចាត់ចែងសមាជិកជាក្រុមខុសៗគ្នាដោយចែកវេនគ្នាឱ្យទៅរកឫស្សីព្រៃ លក់ទៅឱ្យសហគមន៍ហើយសហគមន៍យកលក់បន្ត ដើម្បីរកចំណូលឱ្យសមាជិកនីមួយៗ។
ប្រជាសហគមន៍ម្នាក់ទៀតឈ្មោះ ប៉ុក ញៀន ឱ្យដឹងថា ក្រៅពីទទួលភ្ញៀវទេសចរនិងកាប់ឫស្សីពលរដ្ឋនៅម្ដុំទឹកធ្លាក់អន្លង់ស្វាយប្រកបរបរមួយចំនួនទៀត រួមមានឡើងត្នោតយកទឹករម្ងាស់ជាស្ករនិងលក់ទឹកត្នោត ធ្វើស្រែ ដកផ្សិតជាដើម ដែលរបរទាំងអស់នេះក៏ជាសក្តានុពលដើម្បីទាក់ទាញភ្ញៀវផងដែរ។
អ្នកតំណាងសហគមន៍ លោក នុត ហេង មានបំណងចង់ពង្រីកវិសាលភាពតំបន់ទេសចរណ៍បន្ថែម ទៀតដូចតំបន់ផ្សេងៗទៀត។លោកស្នើឱ្យអាជ្ញាធរថ្នាក់លើកសាងផ្លូវចូលសហគមន៍អន្លង់ស្វាយឱ្យបានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរ។
សហគមន៍ទេសចរណ៍អន្លង់ស្វាយបង្កើតឡើងតាំងពីឆ្នាំ២០០២ ដែលមានប្រជាជនចំនួន៤ភូមិចូលរួម ប៉ុន្តែសហគមន៍ពុំសូវជាបានទទួលភ្ញៀវទេសចរច្រើនប៉ុន្មាននោះទេ។ មិនទទួលបានភ្ញៀវច្រើន ព្រោះផ្លូវធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ក្នុងសហគមន៍នៅតែមានបញ្ហាលំបាក ដូច្នេះប្រភេទភ្ញៀវដែលទៅកម្សាន្ដនៅទីនោះក៏មាន ភាគច្រើនជាយុវជនដែលចូលចិត្តការលម្ហែបែបបោះតង់នោះឯង៕