កែបៈ ក្រសួងបរិស្ថាន បានធ្វើការផ្សព្វផ្សាយពីសម្រស់តំបន់ឆ្នេរសមុទ្របែបធម្មជាតិដ៏ស្រស់ស្អាតនៃកោះទន្សាយ ដោយអ្នកទេសចរអាចធ្វើដំណើរត្រឹមតែ ៣០ នាទី ពីចំណតទូកដើម្បីបានទៅដល់ទីនោះដោយអាចសម្រាកលម្ហែកាយ ស្ទូចត្រី និងទទួលទានគ្រឿងសមុទ្រស្រស់ៗ។
បើតាមក្រសួងបរិស្ថាន កោះទន្សាយ ជាដែនកោះដែលមានប្រជាពលរដ្ឋរស់នៅត្រឹមតែ ៧ គ្រួសារប៉ុណ្ណោះ។ អ្នកទេសចរក៏អាចទស្សនាទិដ្ឋភាពស្រស់ស្អាតនៃកោះតូច១នេះ ពីឧទ្យានជាតិកែប និងទីក្រុងកែបនៅពេលយប់បានផងដែរ។
កោះទន្សាយមានលក្ខណៈអំណោយពីធម្មជាតិ ព្រោះមានឆ្នេរខ្សាច់ស្អាត ចំនួន ២ កន្លែង ដែលមានវាលខ្សាច់សពីធម្មជាតិ ជាកន្លែងសម្រាប់ងូតទឹកសមុទ្រកម្សាន្តសប្បាយបាន ស្ទូចត្រីនៅជុំវិញកោះ មើលផ្កាថ្ម និងបរិភោគគ្រឿងសមុទ្រស្រស់ៗ តាមរយៈការកម្ម៉ង់ពីសហគមន៍ជាមុន។
កោះទន្សាយ ហាក់នៅមិនឆ្ងាយពីផែចំណតទូកនៃខេត្តកែបប៉ុន្មានទេ ដោយអ្នកទេសចរគ្រាន់តែធ្វើដំណើរប្រមាណ ៣០ នាទី ពីចំណតទូក ហើយពេលទៅដល់អ្នកទេសចរនឹងបានឃើញធ្នេរខ្សាច់ វែងអមជាមួយដើមដូងជាជួរៗ «ឈររង់ចាំស្វាគមន៍ពួកយើងទៅសម្រាកលម្ហែទីនេះ»៕