
ទិដ្ឋភាពបឹងកាឆាងដែលស្ថិតក្នុងភូមិបឹងកាឆាង ឃុំបាក់ខ្លង ខេត្តកោះកុង។ រូបថត សហការី
កោះកុងៈ បឹងកាឆាងជាសហគមន៍មួយស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងភូមិបឹងកាឆាង ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា។ សហគមន៍នេះមានផ្ទៃដីសរុបចំនួន ៧២៨ ហិកតា សម្បូរទៅដោយសក្តានុពលទេសចរណ៍ ដោយមានព្រៃកោងកាងដុះជាជួរៗ ជាមួយនឹងដៃព្រែក រំលេចចេញជាទេសភាពដ៏ស្រស់ត្រកាលគួរជាទីគយគន់ក្រៃលែង។
ទោះបីជាសម្បូរទៅដោយសក្តានុពលទេសចរណ៍យ៉ាងណាក្តី ក៏សហគមន៍ទាំងមូល មិនទាន់មានលទ្ធភាពអាចបង្កើនជីវភាពរបស់ខ្លួន ពីវិស័យមួយនេះបាននៅឡើយទេ ដោយសារសក្តានុពលទាំងនោះមិនទាន់ត្រូវបានកែច្នៃទៅជាទិសដៅទេសចរណ៍ពេញលេញ និងម្យ៉ាងដោយសារកង្វះដៃគូអភិវឌ្ឍន៍។
លោក ឡន រិទ្ធ ប្រធានសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង បានឱ្យដឹងថា៖ «នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង របស់យើង មានសក្ដានុពលទេសចរណ៍ជាច្រើនដូចជា ព្រៃកោងកាងដុះជាជួរៗ មានដៃព្រែក កន្លែងស្ទូចត្រី រាវខ្យង រាវងាវ ហើយយើងមានឆ្នេរខ្សាច់រហូតដល់ ៦ គីឡូម៉ែត្រជាងឯណោះ»។
សម្រាប់សកម្មភាពទេសចរណ៍បច្ចុប្បន្ននេះ សហគមន៍អាចទទួលបានភ្ញៀវទេសចរមកទស្សនាតាមរយៈកិច្ចការទស្សនកិច្ចប៉ុណ្ណោះ ពោលគឺមិនទាន់មានទេសចរដែលមកកម្សាន្តជាលក្ខណៈឯកជននៅឡើយទេ ដោយសារសហគមន៍មិនទាន់មានលទ្ធភាពរៀបចំកន្លែងដែលសមស្របនៅឡើយ។ លោក ឡន រិទ្ធ បន្តថា៖ «ដូច្នេះហើយ ខ្ញុំចង់សំណូមពរស្វែងរកដៃគូដើម្បីអភិវឌ្ឍតំបន់ទេសចរណ៍របស់យើង បើយើងមានទេសចរ វាជាផ្នែក ១ ជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋរបស់យើងថែម ១ កម្រិតទៀត»។
ជាមួយគ្នានេះដែរ លោក ឡន រិទ្ធ បានឱ្យដឹងថា សហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង មានប្រជាពលរដ្ឋរស់នៅចំនួន ១៤៩ គ្រួសារ ដោយភាគច្រើនបានពឹងផ្អែកទៅលើមុខរបរមួយចំនួនដូចជាមុខរបរនេសាទ ការកែច្នៃបង្គាក្រៀម ការចិញ្ចឹមត្រីស្ពុង ការចិញ្ចឹមក្ដាម កម្មកររោងចក្រ ហើយក្នុងនោះក៏មានមន្ត្រីរាជការប្រមាណ៣ភាគរយផងដែរ។
លោក ឡន រិទ្ធ បញ្ជាក់ថា៖ «សព្វថ្ងៃនេះ ប្រជាសហគមន៍យើងពឹងផ្អែកខ្លាំងបំផុតទៅលើការនេសាទត្រី នៅខាងក្រៅ និងក្នុងព្រែក បកក្ដាម បកបង្គា និងពលរដ្ឋមួយចំនួនទៀត គាត់ធ្វើការរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ដោយក្នុងសហគមន៍នេះមានយុវជនក៏ដូចជាស្ត្រីដែលមានគ្រួសាររួចចំនួន ៣៧ គ្រួសារ ដែលគាត់ធ្វើការរោងចក្រ»។
បច្ចុប្បន្ន សហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាងមានសាលារៀនចំនួន ១ ខ្នង ដែលបង្រៀនពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ លុះពេលចូលវិទ្យាល័យសិស្សានុសិស្សត្រូវបន្តទៅរៀននៅវិទ្យាល័យបាក់ខ្លង ខណៈមន្ទីរពេទ្យគឺមិនទាន់មាននៅឡើយទេ។
ក្រៅពីលើនេះ លោក ឡន រិទ្ធ ក៏បានថ្លែងឱ្យដឹងពីសកម្មភាពសំខាន់ៗមួយចំនួនគឺការពង្រឹងការការពារអភិរក្សធនធានធម្មជាតិនៅលើផ្ទៃដី ៧២៨ ហិកតារបស់សហគមន៍ផងដែរ។
លោកបញ្ជាក់ថា៖ «ក្នុងសកម្មភាពសំខាន់ៗទាំងនោះមានដូចជា សកម្មភាពសន្សំប្រាក់រួមគ្នាដែលសព្វថ្ងៃនេះមានទុនក្បែរ ៥០០ លានរៀលទៅហើយ នៅក្នុងនោះទៀតមានសកម្មភាពសាកអាគុយសម្រាប់ប្រជាពលរដ្ឋក្នុងភូមិដែលជាជំនួយពីគម្រោង ADB សកម្មភាពគម្រោងតភ្ជាប់ទឹកស្អាត និងរបរចិញ្ចឹមក្ដាមថ្មជាសហគមន៍ ឬហៅថាស្រែក្តាម»។
សម្រាប់សកម្មភាពចិញ្ចឹមក្ដាមថ្ម គឺជាសកម្មភាពចម្បងមួយសម្រាប់សហគមន៍ ប៉ុន្តែដោយសារការរង់ចាំធ្វើទំនប់តាមគម្រោងទើបរបរសំខាន់មួយនេះត្រូវបានផ្អាកក្នុងរយៈពេលខ្លី។
ប្រធានសហគមន៍រូបនេះបានបញ្ជាក់ថា៖ «ដោយសារថវិកាគម្រោងជិតទម្លាក់មកដែរ ទើបយើងរង់ចាំជីកទំនប់ទប់ទឹកឱ្យបានវិញយើងមានទ្វារទឹក យើងមានអីទៅអ៊ីចឹងទឹកដែលល្អយើងទុក ទឹកមិនល្អយើងបង្ហូរចោលតែម្ដង ចំពោះរាល់ថ្ងៃទឹកវាសេរីពេក បើយើងដាក់ក្ដាមទៅវាមិនជាខាតអីទេ ប៉ុន្តែវាចំណេញតិចខ្លាំងពេក»។
ដោយឡែកសម្រាប់ សកម្មភាពសន្សំប្រាក់លោកឡន រិទ្ធ បានឱ្យដឹងថា វាជាការសន្សំដោយស្ម័គ្រចិត្តរបស់ប្រជាសហគមន៍ពោលគឺទៅតាមលទ្ធភាពហើយក្នុង ១ ឆ្នាំសហគមន៍នឹងចែកភាគលាភ ឬការប្រាក់ត្រឡប់ទៅប្រជាសហគមន៍វិញ ក្នុងរង្វង់ ០,៧ ភាគរយ។
លោក ឡន រិទ្ធ ឱ្យដឹងថា៖ «យើងបានប្រយោជន៍ច្រើនណាស់ពីការសន្សំប្រាក់នេះកាលណាយើងមានក្រុមសន្សំនេះវាជួយឱ្យសហគមន៍របស់យើងមានភាពរឹងមាំដោយសារយើងមានចំណូលគ្រប់គ្រាន់ដើម្បីពង្រីកមុខរបរជូនដល់ពួកគាត់ម្យ៉ាងវាជួយពង្រឹងសាមគ្គីភាពជួយគ្នាម្នាក់ម្ដង»។
មិនតែប៉ុណ្ណោះប្រាក់សន្សំនេះ ក៏ជួយដល់សហគមន៍ក្នុងការល្បាតព្រៃ ជួយអ្នកក្រីក្រ ជួយអ្នកសម្រាកនៅមន្ទីរពេទ្យ អ្នករងរបួសស្នាម និងពិធីបុណ្យសពផងដែរ៕