កោះកុងៈ សហគមន៍​អេកូ​ទេសចរណ៍​​ជី​ផាត គឺជា​ឋានសួគ៌​ធម្មជាតិ​ក្នុង​ក្តី​ស្រមៃ​របស់​ភ្ញៀវទេសចរ​ដែល​និយម​ធ្វើដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ និង​ភាពស្ងប់ស្ងាត់​។ ស្ថិតនៅ​ចំ​កណ្ដាល​ព្រៃស្រោង​នៃ​តំបន់​ជួរ​ភ្នំក្រវាញ ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ខេត្តកោះកុង​សម្រស់​របស់​សហគមន៍​អេកូ​ទេសចរណ៍​មួយ​នេះ​បាន​អន្ទង​ចិត្ត​ទេសចរ​ពី​គ្រប់ទិសទី​បាន​រាប់ពាន់នាក់​ក្នុង ​១​ ឆ្នាំៗ​។​

​សហគមន៍​ជី​ផាត មាន​សក្តានុពល​ទេសចរណ៍​ច្រើនសន្ធឹក​សន្ធាប់​ដោយ​ភ្ញៀវទេសចរ អាច​កម្សាន្ត​ជាមួយ​ការ​ជិះ​កង់​ឡើង​ភ្នំ ដើរ​ថ្មើរជើង ចូល​ព្រៃ​បោះតង់ ជិះ​កា​យ៉ាក់​កម្សាន្ដ​តាម​មាត់​ព្រែក ចូល​ល្អាង​ភ្នំ និង​ងូតទឹក​ជ្រោះ​ជាដើម​។ លើសពីនេះ​ដើម្បី​ទទួល​ស្វាគមន៍​ទេសចរ​នា​ដើមរដូវ​វស្សា​នេះ សហគមន៍​ថែមទាំង​បាន​ត្រាយផ្លូវ​ដើរ​កម្សាន្ត​ក្នុងព្រៃ​ថ្មី​ទៀតផង​។​

​លោក អ៊​ន សុវណ្ណ ប្រធាន​សហ​គម​ន៍​អេកូ​ទេសចរណ៍​ជី​ផាត​ឱ្យដឹងថា​៖ «​សហគមន៍​បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ យើង​ត្រៀម​ដូចជា​សម្ភារ​សម្រាប់​ជួល យើង​នៅតែ​ត្រៀម​សម្រាប់​ខែវស្សា​នេះ សេវាកម្ម​ស្នាក់នៅ​របស់​យើង​ក៏​មានការ​ពង្រឹង​ពិសេស​បញ្ហា​សុវត្ថិភាព បន្ទប់​ស្នាក់​។ សម្រាប់​សហគមន៍​ផ្ទាល់​ក៏​ពង្រឹងសមត្ថភាព​សហគម​ន៍​បន្ថែម​ដូចជា មគ្គុទ្ទេសក៍​ទេសចរ ចុងភៅ ហើយ​យើង​ក៏មាន​ត្រៀម​សម្ភារ​សម្រាប់​ផ្សង​ព្រេង​ដូចជា កង់​ឡើង​ភ្នំ កា​យ៉ាក់ និង​ទូក​ជាដើម​»​។​

​លោក​ឱ្យដឹងទៀតថា​៖ «​លើសពីនេះ​យើង​ក៏បាន​ត្រួស​ត្រាយផ្លូវ​រួចរាល់​ហើយ​សម្រាប់​ឆ្នាំ​ ២០២៣​ នេះ ទោះបី​រដូវ​​វស្សា​ក្តី បើ​ទេសចរ​ចង់​មកលេង​គឺអាច​មក​បាន យើង​មាន​ផ្លូវ​ដើរ​កម្សាន្ត​ក្នុងព្រៃ​ថ្មី​ដែល​ទើប​ត្រួសត្រាយ​ហើយ​»​។

​ទាក់ទិន​ទៅនឹង​ចំនួន​ភ្ញៀវទេសចរ​ដែល​ទៅ​ទស្សនា​កម្សាន្ត​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​ក្នុង​ឆ្នាំ ​២០២៣ លោក អ៊​ន សុវណ្ណ បានឱ្យដឹងថា ជា​មធ្យម​ក្នុង​ ១ ​ខែ សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ទទួលភ្ញៀវ​ទេសចរ ចន្លោះ​ពី ​១៥០ ​នាក់ ទៅ​ ២០០​ នាក់​។​

​យ៉ាងណាក្ដី​សម្រាប់​ដើមរដូវ​វស្សា​នេះ លោក​ អ៊​ន សុវណ្ណ បាន​បញ្ជាក់ថា​៖ «​ដើម​​រដូវវស្សា​នេះ​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​តំបន់​អេកូ​ទេសចរណ៍​ជី​ផាត​របស់​យើង​មាន​ចំនួន​ថយចុះ​បន្តិច បានន័យថា​រដូវប្រាំង​គឺ​គ្រាន់បើ​ជាង ចន្លោះ​ខែ ​១ និង​ខែ​ ២ ភ្ញៀវទេសចរ​បុក​មក​លេង​ខ្លាំង ទាំង​ភ្ញៀវ​បរទេស​និង​ភ្ញៀវ​ជាតិ​»​។​

​ចំពោះ​ចំណូល​របស់​ប្រជាកសិករ​នៅ​តំបន់​នោះ​វិញ លោក អ៊​ន សុវណ្ណ បានឱ្យដឹង​ដែរ​ថា​៖ «​សម្រាប់​ប្រជាកសិករ បច្ចុប្បន្ននេះ​ឃើញថា​ពួកគាត់​កាក់កប​គ្រាន់បើ ឥឡូវនេះ​មាន​ទុរេន សាវម៉ាវ មង្ឃុត ផ្លែ​ប័​រ ចំណែកឯ​ផ្លែឈើ​ក្នុងព្រៃ​ដូចជា​ផ្ញៀវ​អីហ្នឹង គឺ​កសិករ​យើង​កំពុងតែ​ប្រមូល​ទិន្នផល​លក់​ជូន​ភ្ញៀវទេសចរ​មកលេង​ផ្ទាល់ និង​មាន​កសិករ​ខ្លះ​មាន​ទាំង​ម៉ូ​យមក​ទិញ​ទៀតផង​។ និយាយ​រួម​កសិផល​ក្នុង​សហគមន៍​មានការ​កើនឡើង ហើយ​តម្រូវការ​ទីផ្សារ​ក៏​ល្អ​ផងដែរ​»​។​

​លោក​បន្តថា សម្រាប់​រដូវ​កាល​នេះ ប្រជាកសិករ​ក្នុង​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ក៏បាន​ចាប់ផ្ដើម​ដាក់​ដាំ​បន្លែបង្ការ​ចម្រុះ ដូចជា ពោត សណ្ដែក ត្រសក់ ស្ពៃ បន្លែ ជាពិសេស​ស្រូវ និង​ដំណាំ​តាម​រដូវ​កាល​មួយចំនួនទៀត​។​

​ជាមួយគ្នានេះ​លោក អ៊​ន សុវណ្ណ ក៏បាន​សំណូមពរ​ទៅដល់​ភ្ញៀវទេសចរ​សូម​ចូលមក​ដោយ​ទទួលយក​សេវាកម្ម​ដែល​សហគមន៍​មាន​ផ្ដល់ជូន​ដើម្បី​ជាការ​​បន្ត​ជួយ​ទ្រទ្រង់​ជីវភាព​ប្រជា​សហគមន៍​។​

​លោក​បញ្ជាក់ថា ការ​ទៅ​ដើរ​កម្សាន្ដ​តាមបែប​សហគមន៍​បាន​កាន់តែច្រើន​កាន់តែ​ល្អ ព្រោះ​វា​បាន​ជួយ​បង្កើត​ការងារ​ដល់​ប្រជាជន​មូលដ្ឋាន និង​ចូលរួម​កែប្រែ​ជីវភាព​ពួកគេ​ឱ្យ​រីកចម្រើន​ក្នុង​តំបន់ និង​ថែមទាំង​បានរួម​ចំណែក​ការ​​ពារ​ធនធានធម្មជាតិ​ទៀតផង​។​

​ដោយឡែក​លោក សុខ ចាន់​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង បានឱ្យដឹង​ដែរ​ថា សម្រាប់​ស្រុក​ជី​ផាត​ទាំងមូល បើ​គិត​ត្រឹម​រយៈពេល​ ៥ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៣ ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​ជាង ​១​ ម៉ឺន​នាក់ និង​ភ្ញៀវ​បរទេស​ជិត ​៤០០ នាក់​។​

​លោក​បាន​បញ្ជាក់ថា​៖ «​យើង​ទទួល​បាន​ភ្ញៀវ​ជាតិ​សរុប ១២ ៧០៤​ នាក់ កើនឡើង ៧ ៣៩៥​ នាក់ ស្មើនឹង​ ១៣៩ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២​។ ចំណែក​ភ្ញៀវ​បរទេស​យើង​ទទួលបាន ​៣៩២ ​នាក់ កើនឡើង​ ២៩៨​ នាក់ ស្មើនឹង​ ៣១៧ ​ភាគរយ ធៀប​រយៈ​​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២»​។​

​បន្ថែម​ពីលើ​នេះ លោក​ក៏បាន​ឱ្យដឹង​ដែរ​ថា ភ្ញៀវទេសចរ​ជាតិ និង​អន្តជាតិ​ដែល​មក​ស្នាក់នៅ និង​កម្សាន្ត​តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​នៅ​ខេត្ត​កោះកុង​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២៣ សរុប​មាន​ចំនួន ១២១ ៤៩៨​ នាក់ កើនឡើង ១៧ ៥២១​ នាក់​ស្មើនឹង ១៧ ​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២២»​។​

​ក្រៅពីនេះ លោក​បានឱ្យដឹងថា ក្នុង​រដូវវស្សា​នេះ មន្ទីរ​ទេសចរណ៍​ខេត្ត​ក៏បាន​ផ្សព្វផ្សាយ​ដល់​អាជីវករ​ដែល​បម្រើ​ដល់​វិស័យ​ទេសចរណ៍​យកចិត្តទុកដាក់​ចំពោះ​ភ្ញៀវ​ដូចជា​បដិសណ្ឋារកិច្ច សុវត្ថិភាព​ម្ហូប​អាហារ ទីតាំង​មាន​អនាម័យ មាន​តារាង​តម្លៃ​ឱ្យបាន​ច្បាស់លាស់ ហើយ​មន្ទីរ​ក៏បាន​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​តាមរយៈ​បណ្តាញ​សង្គម និង​ការចូល​ពិ​ព័រ​ណ៍​ផ្សេងៗ​ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ​ដែល​មក​កម្សាន្ត​ក្នុង​ខេត្តកោះកុង​។​

​គួរ​ជម្រាប​ថា សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត បាន​បង្កើតឡើង​តាំងតែ​ពី​ឆ្នាំ​ ២០០៧ មក​ម្ល៉េះនិង​មាន​ប្រជាជន​ជាង​ ៦០០​ គ្រួសារ ដែល​កំពុង​រស់នៅក្នុង​សហគមន៍​។​

​ក្នុងចំណោម​ប្រជាជន​ទាំង​ជាង​ ៦០០​ គ្រួសារ​ គឺមាន​ជាង​ពាក់កណ្ដាល​ទៅហើយ ដែល​បាន​ទទួលផល​ពី​វិស័យ​ទេសចរណ៍​ដោយផ្ទាល់​ឬ​កំពុង​ទទួលផល​ពី​វិស័យ​ទេសចរណ៍​ដែល​សហគមន៍​មួយ​នេះ​បាន​ផ្ដល់ឱ្យ ខណៈ​ប្រជាជន​ពាក់កណ្ដាល​ទៀត​ជា​អ្នកទទួលផល​ដោយ​ប្រយោល​តួយ៉ាង​ដូចជា​កសិករ​ជាដើម​៕