ព្រះវិហារៈ សហគមន៍​ចំនួន​បី​នៅ​ភ្នំត្បែង​ក្នុង​ខេត្ត​ព្រះវិហារ បាន​និង​កំពុង​តែ​ធ្វើការ​វាយ​តម្លៃ​ទីតាំង​ជាបឋម ដើម្បី​សាងសង់​ផ្លូវ​លំ​ថ្មី​មួយ​ខ្សែ​នៅ​លើ​កំពូល​ភ្នំត្បែង ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ ដោយ​មាន​ការ​គាំទ្រ​ពី​គម្រោង USAID ព្រៃឡង់​បៃតង។

ផ្លូវ​លំ​នឹង​តភ្ជាប់​សហគមន៍​តំបន់​ការពារ​ធម្មជាតិ ចាក់អង្រែ តាំងយូ និង​ដាតាវឹក ដែល​សមាជិក​សហគមន៍​បាន​ធ្វើការ​សិក្សា​ទីតាំង​ដោយ​ប្រើជំនាញ និង​ចំណេះដឹង​ដែល​ទទួល​បាន​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​រយៈពេល​ច្រើន​សប្តាហ៍​ស្តីពី​ការ​អភិវឌ្ឍ​ផ្លូវ​លំ ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​ខេត្ត​សៀមរាប ដោយ​មាន​ការ​គាំទ្រ​ពី​ធនាគារ​ពិភពលោក ក្រោម​គម្រោង និរន្តរភាព​តំបន់​ទេសភាព និង ទេសចរណ៍​ធម្មជាតិ​កម្ពុជា (CSLEP) និង​រៀបចំ​ដោយ​ក្រសួង​បរិស្ថាន។ នេះ​បើ​យោង​តាម​គម្រោង USAID ព្រៃឡង់បៃតង។

ប្រវែង​សរុប​នៃ​ផ្លូវលំ​ដែល​សិក្សា​ថ្មីនេះ​មាន ២០,២៣​គីឡូម៉ែត្រ ដែល​ចាប់ផ្តើម​ពី​ចំណុច​ឡើង​ភ្នំត្បែង តាម​ជណ្តើរ​ឈើ​ដែល​ទើប​សាងសង់​ថ្មី​នៅ​សហគមន៍​ចាក់អង្រែ។ នៅ​លើ​កំពូល​ភ្នំ ផ្លូវលំ​នេះ នឹង​ត្រូវ​ធ្វើកាត់​តាម​លំនាំ​ធម្មជាតិ​នៃ​ភ្នំ និង​ជ្រលង​ភ្នំ ដែល​មាន​នៅ​លើ​ភ្នំត្បែង។ កន្លែងសម្រាក និង​ចំណុច​ចាប់​អារម្មណ៍​ជាច្រើន នឹង​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ផ្លូវ​លំ​ថ្មីនេះ សម្រាប់​អ្នក​ឡើងភ្នំ។ នៅ​តាម​ផ្លូវ​លំនេះ​ នឹង​មាន​ទឹកហូរ ​ទឹកធ្លាក់ ដើមឈើ​ដែល​មាន​អាយុ​កាល​រាប់រយ​ឆ្នាំ ជម្រក​សត្វព្រៃ​និង​បក្សី ទិដ្ឋភាព​ថ្ងៃរះ និង​ថ្ងៃលិច វត្ត​អារាម និង​ទី​សក្ការបូជា។ បន្ថែមពីនេះ ចំណុច​កណ្តាល​នៃ​ផ្លូវលំ គឺជា​កន្លែង​បោះ​ជំរំ​នៅ​សហគមន៍​តាំងយូ ដែល​ភ្ញៀវទេសចរ​អាច​ចំណាយពេល​គេង​មួយ​យប់​នៅ​ទីនេះ ដែលរៀបចំ​ដោយ​សហគមន៍ ហើយ​វា​មាន​ទីតាំង​ស្ថិត​នៅ​លើ​ច្រាំង​នៃភ្នំ។

ផ្លូវថ្មីនេះ​នឹង​បញ្ចប់​នៅ​ត្រឹម​សហគមន៍​ដាតាវឹក ដែល​ភ្ញៀវ​ទេសចរ នឹង​ចុះ​ពី​ភ្នំត្បែង តាម​រយៈជណ្តើរ​ឈើ​មួយ​ផ្សេង​ទៀត។ ផ្លូវនេះ ក៏​អាចងាយស្រួល​សម្រាប់​ការ​ជិះកង់​លើភ្នំ ហើយ​កង់​ក៏​មាន​សម្រាប់​ជួល​នៅ​លើ​កំពូល​ភ្នំត្បែង​នេះ។

គម្រោង USAID ព្រៃឡង់​បៃតង បាន​លើក​ឡើង​ថា ការ​ធ្វើ​ផ្លូវ​លំ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ធម្មជាតិ និងនិរន្តរភាព​របស់វា។ ផ្លូវ​លំ​ដែល​ត្រូវ​បាន​អភិវឌ្ឍ និង​ថែទាំ​បាន​ល្អ បង្កើន​បទពិសោធន៍​របស់​អ្នក​ទេសចរ និង​អាច​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន។ នៅ​ពេល​ដែល​អ្នក​ទស្សនា​ស្វែង​រក​បទ​ពិសោធន៍​ដែល​ផ្សារ​ភ្ជាប់​ពួកគេ​ជាមួយ​នឹង​ធម្មជាតិ ផ្លូវលំ​អាច​បំពេញ​គោល​បំណង​របស់​អ្នកទស្សនា​បាន​ច្រើន និង​អាច​បង្កើន​ការ​ទស្សនា​ទៅ​កាន់​សហគមន៍​អេកូទេសចរណ៍​ទាំង​នោះ។

នៅពេល​ដែល​ការ​ពិនិត្យ និង​វាយ​តម្លៃ​បរិស្ថាន សម្រាប់​ផ្លូវ​លំ​ថ្មី​នៅ​លើ​ភ្នំត្បែង​នេះ​ត្រូវ​បាន​បញ្ចប់ សមាជិក​សហគមន៍​នឹង​ដាក់​សំណើទៅ​អាជ្ញាធរឃុំ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) និង អង្គការ​ស្បៀង​និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) ដើម្បី​ការ​គាំទ្រ​ហិរញ្ញវត្ថុ៕