ភ្នំពេញៈ កម្ពុជា-ស្វ៊ីស បានពិភាក្សាគ្នាពីការជំរុញអភិវឌ្ឍន៍ធនធានមនុស្សក្នុងដំណាក់កាលទី២ (ឆ្នាំ ២០២៤-២០២៨ ទៅលើផ្នែកបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីពង្រឹងគុណភាពសេវាកម្មផ្នែកនេះឱ្យស្របតាមស្តង់ដាជាតិនិងអាស៊ានក្នុងគោលបំណងប្រែក្លាយកម្ពុជាទៅជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក។
កិច្ចពិភាក្សាគ្នានេះត្រូវបានលើកឡើងនៅក្នុងជំនួបរវាងលោកសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងលោកម៉ាខាស ប៊ឺលី (Markus Buerli) នាយកផ្នែកសហប្រតិបត្តិការនៃទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការ(SDC) កាលពីថ្ងៃទី១០ខែមករាឆ្នាំ២០២៤។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា កិច្ចជំនួបនេះដើម្បីពិភាក្សាអំពីកាលានុវត្តភាពសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍តាមរយៈគម្រោងអភិវឌ្ឍន៍ជំនាញ(SDP) អនុវត្តដោយអង្គការស្វ៊ីសខន់ថាក់និងគម្រោងបង្កើតឱកាសការងារសមរម្យដល់យុវជន (DEY) អនុវត្តដោយអង្គការអន្តរជាតិខាងការងារ(ILO)។គម្រោងទាំងនេះសំដៅចូលរួមលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជាការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ស្របតាមស្តង់ដាជាតិនិងអាស៊ានជាពិសេសចូលរួមចំណែកយ៉ាងសកម្មដល់យុទ្ធសាស្ត្របណ្តុះបណ្តាលបច្ចេកទេសនិងវិជា្ជជីវៈដល់យុវជនចំនួន១,៥លាននាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧។
ប្រភពដដែលបានបញ្ជាក់ថា៖ «តាមរយៈជំនួបនេះភាគីទាំង២បានសម្តែងការប្ដេជ្ញាចិត្តក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍បន្ថែមទៀតជាពិសេសលើការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍និងការគ្រប់គ្រងគោលដៅទេសចរណ៍ឱ្យមានភាពទាក់ទាញប្រកបដោយភាពប្រកួតប្រជែងខ្ពស់»។
ជាមួយគ្នានេះភាគីទាំង២ក៏បានពិភាក្សាគ្នាបន្ថែមក្នុងការជំរុញអភិវឌ្ឍធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈដោយបន្តអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី២ឆ្នាំ២០២៤-២០២៨ ការរៀបចំយន្តការបណ្ដុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ស្របតាមគុណវុឌ្ឍិជាតិកម្ពុជា រៀបចំប្រព័ន្ធធ្វើតេស្តសមត្ថភាពអ្នកជំនាញតាមអនឡាញនិងគាំទ្រកម្មវិធីគ្រប់គ្រងគោលដៅទេសចរណ៍សម្រាប់រមណីយដ្ឋានទេសចរណ៍សំខាន់ៗនៅកម្ពុជាផងដែរ។
នាឱកាសនោះលោក សុខ សូកេន បានបង្ហាញពីគំនិតផ្តួចផ្តើមយុទ្ធសាស្ត្ររួមរបស់ក្រសួងទេសចរណ៍ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើកការប្រកួតប្រជែងចីរភាពនិងបរិយាបន្ន។
លោកបានបញ្ជាក់ថា៖ «យុទ្ធសាស្ត្រទាំងនោះដោយផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ហៅកាត់ថា“បង្កើន៥-Build”ព្រមទាំងមានសមាសធាតុគាំទ្រចំនួន៣ហៅកាត់ថា«អភិវឌ្ឍ៣-3Ds»ដោយក្នុងនោះកត្តាធនធានមនុស្សគឺជាអាទិភាពគន្លឹះដែលគម្រោងរបស់ទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការបានចូលរួមចំណែកយ៉ាងសកម្មនាពេលកន្លងមក»។
ចំណែកលោក ម៉ាខាស ប៊ឺលី បានបង្ហាញពីកិច្ចគាំទ្ររបស់រដ្ឋាភិបាលស្វ៊ីសតាមរយៈកម្មវិធីសហប្រតិបត្តិការស្វ៊ីសសម្រាប់តំបន់ឆ្នាំ២០២២-២០២៥ដែលនឹងផ្តោតការយកចិត្តទុកដាក់គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាលើការចូលរួមចំណែករបស់ប្រជាជនក្នុងអភិបាលកិច្ចល្អកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្នតាមរយៈការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនិងការប្រែប្រួលអាកាសធាតុនិងការគ្រប់គ្រងធនធានធម្មជាតិ។
លោកសុខ សូកេន ក៏បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការដែលបានគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជាហូកា(HoKa) ដល់យុវជនក្រីក្រងាយរងគ្រោះចំនួនប្រមាណជាង៤ពាន់នាក់នៅតាមខេត្តគោលដៅគម្រោងចំនួន១០ខេត្តនិងគាំទ្រចំពោះការពង្រីកខេត្តសម្រាប់បណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជានៅគោលដៅថ្មីចំនួន២រួមមានខេត្តកោះកុងនិងខេត្តកំពង់ឆ្នាំងចាប់ពីឆ្នាំ២០២៤តទៅ។
គួរជម្រាបថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជាហូកាស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍និងអង្គការស្វ៊ីសខន់ថាក់ដើម្បីជំរុញការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចដល់យុវជនងាយរងគ្រោះបុគ្គលិកជំនាញទាបអ្នកគ្រប់គ្រងនិងម្ចាស់អាជីវកម្មទេសចរណ៍ក្នុងខេត្តគោលដៅ។
លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ធ្លាប់បានប្រាប់ថាជាទូទៅនៅពេលដែលសិក្ខាកាមបានឆ្លងកាត់វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចហូកាពួកគេបានផ្តល់សេវាកម្មល្អប្រសើរនិងសិក្ខាកាមខ្លះទទួលបានប្រាក់ខែខ្ពស់ជាងមុន៕