ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារអបអរសាទរ ប្រាសាទអង្គរវត្ត ដែលបានជាប់ចំណាត់ថ្នាក់លេខ១ ជាទីតាំងល្អផ្តាច់គេសម្រាប់មើលថ្ងៃរះ នៅអាស៊ីអាគ្នេយ៍ និងពិភពលោក។ នេះបើតាមតេឡេក្រាម លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ។
លោកសរសេរថា៖«អបអរសាទរ «ប្រាសាទអង្គរវត្ត» ជាប់ជាទីតាំងដ៏ល្អបំផុតចំណាត់ថ្នាក់លេខ១ សម្រាប់មើលថ្ងៃរះ នៅអាសុីអាគ្នេយ៍ និងពិភពលោក»។
ប្រភពដដែលបានឱ្យដឹងថា ភាពល្បីល្បាញនៃប្រាសាទអង្គរវត្ត ត្រូវបានគេហទំព័រ Mornings.co.uk ប្រមូលទិន្នន័យស្វែងរកពាក្យគន្លឹះ «ថ្ងៃរះ» នៅប្រទេសប្រមាណ ៧២ នៅជុំវិញពិភពលោក ដែលក្នុងនោះប្រាសាទអង្គរវត្តរបស់កម្ពុជា បានជាប់ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ និងចាត់ទុកថាជាកន្លែងដែលល្អបំផុតសម្រាប់ការមើលថ្ងៃរះ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍ថ្ងៃរះនៅចំកណ្តាលប្រាសាទអង្គរវត្ត ឬហៅថា ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត តែងកើតឡើងចំនួន២ដង ក្នុងមួយឆ្នាំ ដោយលើកទី១ នៅក្នុងខែមីនា និងលើកទី២ក្នុងខែកញ្ញា មានការចូលរួមទស្សនា និងផ្តិតយករូបភាពដ៏អស្ចារ្យនៃព្រឹត្តិការណ៍នោះពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះករ៕