ភ្នំពេញៈក្នុងជំនួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នាទីក្រុងប៉ារីស ប្រទេសបារាំងតំណាងក្រុមហ៊ុន ACCOR Groupលោកស្រីMaud BAILLY បានបង្ហាញសុទិដ្ឋិនិយមថាវិស័យទេសចរណ៍នៅកម្ពុជា ឆ្នាំ២០២៤នេះ នឹងរីកចម្រើន និងមានភាពល្អប្រសើរ។
ក្នុងឱកាសនោះ លោកស្រី Maud BAILLY នាយកប្រតិបត្តិ Sofitel, MGalleryនិងEmblems តំណាងឱ្យក្រុមហ៊ុន ACCOR Group បានលើកឡើងពីវឌ្ឍនភាពនៃអាជីវកម្មរបស់ក្រុមហ៊ុន ACCOR Group នៅក្នុងប្រទេសកម្ពុជាក្នុងស្ថានភាព និងដំណើរវិវឌ្ឍន៍ល្អប្រសើរ។
តាមរយៈខ្លឹមសារ ជំនួបនេះ លោកស្រីបានបង្ហាញសុទិដ្ឋិនិយមថា៖ «វិស័យទេសចរណ៍នៅកម្ពុជាឆ្នាំ២០២៤នេះ នឹងរីកចម្រើន និងមានភាពល្អប្រសើរ»។
ក្រុមហ៊ុន ACCOR Group បាននិងកំពុងវិនិយោគក្នុងវិស័យសណ្ឋាគារ បែបទំនើប និងមធ្យម និងបែប Boutique Hotel ផ្សេងៗទៀត ដែលជាការលើកស្ទួយរូបភាព និងកិត្យានុភាពនៃប្រទេសកម្ពុជា។
លោកស្រីបានលើកឡើងថា៖ «តាមរយៈសណ្ឋាគារសូហ្វីតែល ដែលមានប្រតិបត្តិការអាជីវកម្មនៅជុំវិញពិភពលោក បានចូលរួមផ្សព្វផ្សាយនូវវប្បធម៌ និងភាពល្អឥតខ្ចោះនៃតំបន់រមណីយដ្ឋានអង្គរ ដើម្បីជំរុញឱ្យអ្នកទេសចរ មកទស្សនាខេត្តសៀមរាប នៅឆ្នាំ២០២៤ ឱ្យកាន់តែច្រើនថែមទៀត»។
នាឱកាសនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីពិសេស «ទស្សនាសៀមរាបឆ្នាំ២០២៤» ដែលនឹងជួយលើកស្ទួយវិស័យទេសចរណ៍ឱ្យមានសម្ទុះឡើងវិញ និងវិវឌ្ឍទៅរកស្ថានភាពមុនវិបត្តិកូវីដ១៩ និងបានបង្កើតការងារដល់ប្រជាពលរដ្ឋ និងជាការចូលរួមចំណែក
ដល់កំណើនសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ក្រុមហ៊ុន ACCOR Group ឱ្យ ពង្រីកការវិនិយោគបន្ថែមទៅលើវិស័យសណ្ឋាគារ និងវិស័យផ្សេងៗទៀត ក្នុងពេលដែលស្ថានភាពនៃវិស័យទេសចរណ៍បន្តងើបឡើងវិញ។
ដោយឡែកកាលពីថ្ងៃទី១៤ ខែមករា លោក ហ៊ុន ម៉ានី គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានចូលរួមជាសក្ខីភាពនៃពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាលើ «គម្រោងការបកប្រែ និងបោះពុម្ពផ្សាយស្នាដៃសៀវភៅខ្មែរ-ចិន» នៅខេត្តសៀមរាប។
នៅថ្ងៃដដែលនោះ ដែរលោក ហ៊ុន ម៉ានី បានជួបពិភាក្សាការងារជាមួយលោកលី ស៊ូឡី សមាជិកការិយាល័យនយោបាយលេខានៃលេខាធិការដ្ឋាននិងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនផងដែរ។
ក្នុងជំនួបទ្វេភាគីនោះ លោក ហ៊ុន ម៉ានី បានស្វាគមន៍វត្តមានរបស់ប្រតិភូជាន់ខ្ពស់របស់ចិនមកកាន់ទឹកដីអង្គរ និងចូលរួមពិធីបើក «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ឆ្នាំ២០២៤» ដ៏មានអត្ថន័យដែលបានប្រព្រឹត្តទៅកាលពីរាត្រីថ្ងៃទី១៣ ខែមករា។ នេះបើតាមការលើកឡើងរបស់លោកហ៊ុន ម៉ានី លើហ្វេសប៊ុករបស់លោក។
លោកបានបញ្ជាក់ថា៖ «ជំហររបស់គណបក្សប្រជាជនកម្ពុជា ដោយមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានបក្ស និងការបន្តកិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាល ជាមួយភាគីចិន ដែលទំនាក់ទំនងនេះត្រូវបានប្រសិទ្ធនាមថាជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ»។
លោក ហ៊ុន ម៉ានី បានបន្តថា ៖ «តាមរយៈកិច្ចសហប្រតិបត្តិការនេះ ប្រទេសទាំង២ទទួលបានផលប្រយោជន៍រៀងៗខ្លួនសម្រាប់ជាតិនិងប្រជាជននិងបានពង្រឹងមិត្តភាពកាន់តែស្អិតល្មួតលើគ្រប់វិស័យ ជាពិសេសការផ្លាស់ប្តូរលើវិស័យ វប្បធម៌ ទេសចរណ៍ អប់រំ និងកីឡា និងវិស័យផ្សេងទៀត ដែលជាការចូលរួមចំណែកពង្រីកវិសាលភាពនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់»។
សូមបញ្ជាក់ដែរថា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤»ត្រូវបានប្រកាសបើកជាផ្លូវការ នាយប់ថ្ងៃទី១៣ ខែមករា នាខេត្តសៀមរាប ក្រោមអធិបតីភាពលោក ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកលី ស៊ូឡី សមាជិកការិយាល័យនយោបាយនិងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន៕