ភ្នំពេញៈ អាជ្ញាធរជាតិអប្សរាបានសាងសង់ស្ពានផ្លូវកង់ស្របតាមស្ពានប្រាសាទតាកែវប្រវែងសរុបជាង ២៣ គីឡូម៉ែត្រ ដែលជាផលិតផលថ្មី ដើម្បីសម្រួលដល់ការជិះកង់ របស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែងាយស្រួល ជាពិសេស ដើម្បីធ្វើយ៉ាងណាឱ្យពួកគេចំណាយពេលក្នុងការស្នាក់នៅ និងកម្សាន្តនៅខេត្តសៀមរាបបានយូរ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤ ថា ការសាងសង់ស្ពានសម្រាប់ផ្លូវកង់នេះជាផែនការអភិវឌ្ឍន៍របស់អាជ្ញាធរជាតិអប្សារា ក្នុងគោលបំណង ជំរុញវិស័យទេសចរណ៍ ដោយអនុញ្ញាតភ្ញៀវទេសចរដែលមកលេងកម្សាន្តតនៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះ ជិះកង់កម្សាន្តមើលប្រសាទ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ ខណៈបច្ចុប្បន្នេះ ការជិះកង់គឺជាជំនោរមួយរបស់ភ្ញៀវទេសចរ ព្រោះបានទាំងសុខភាពផង និងកម្សាន្តផង។
លោក ឡុង កុសល បានថ្លែងថា៖«ការសាងសង់ផ្លូវកង់នេះ មិនធ្វើឱ្យប៉ះពាល់ដល់សំណង់ប្រាសាទទេ ប៉ុន្តែវាជាមធ្យោ បាយថ្មីមួយទៀត ធ្វើយ៉ាងណាពន្យារពេលឱ្យគាត់ (ភ្ញៀវទេសចរ)ស្នាក់នៅបានយូរ។ បើគាត់ចូលតែមើលប្រាសាទ មើលរួចត្រឡប់ទៅវិញប៉ុន្តែបើយើងមានវិធីសាស្ត្រឱ្យមានការធ្វើដំណើរតាមកង់ អាចពន្យារពេលការស្នាក់នៅរបស់គាត់បានច្រើន ជាពិសេសផ្តល់បទពិសោធន៍នៃការទស្សនាឱ្យបានច្រើនដែរ»។
លោក សុខ សូសិលា អនុប្រធាននាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា តាមរយៈហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៦ ខែមករា បានលើកឡើងថា អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមសង់ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរនៅឆ្នាំ២០២០ ដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលនិយមជិះកង់កម្សាន្ត។ ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរប្រវែងសរុបជាង ២៣គីឡូម៉ែត្រហើយក្នុងនោះក៏មានឆ្លងស្ទឹងចំនួន៤ទីតាំងផងដែរ។
ស្ពានផ្លូវកង់ប្រាសាទតាកែវ គឺជាទីតាំង១ក្នុងចំណោម៤ទីតាំង ដែលអាជ្ញាធរជាតិអប្សរា សាងសង់សម្រួលដល់អ្នកជិះកង់ ដោយចង់បែងចែកឱ្យដាច់រវាងផ្លូវឬស្ពានធ្វើដំណើរទូទៅ និងផ្លូវកង់។ ស្ពាននេះមានទទឹង២,៥ម៉ែត្រ និងបណ្ដោយ៦៥ម៉ែត្រ។ ចំណែកស្ពានកង់៣ទីតាំងទៀត រួមមាន ស្ពានអង្គរ ស្ពានក្រាំងក្រូច និងស្ពាននាគព័ន្ធ។ ក្រៅពីនេះ ក៏មានស្ពានខ្នាតតូចឆ្លងកាត់២ទីតាំងទៀត ដូចជាកសិន្ធុយសោធរ និងអតីតទ្វារទឹកនាគព័ន្ធ។
បើតាមលោក សុខ សូសិលា គោលបំណងសំខាន់នៃការបង្កើតផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ គឺការចង់បែងចែកឱ្យដាច់ពីគ្នារវាងផ្លូវ ចរាចរណ៍ធម្មតា និងផ្លូវកង់ ដើម្បីលើកកម្ពស់កីឡាជិះកង់ ការកាត់បន្ថយគ្រោះថ្នាក់នៅលើដងផ្លូវរវាងអ្នកជិះយានយន្ត និងអ្នកជិះកង់ ពិសេសកាត់បន្ថយផ្សែងយានយន្តដែលប៉ះពាល់ដល់ថ្មប្រាសាទ។
ចំពោះរចនាប័ទ្មនៃការសង់ស្ពានកង់នេះ លោក សុខ សូសិលា បញ្ជាក់ថា បានជ្រើសរើសការរៀបចំបែបសាមញ្ញស្រដៀងនឹងធម្មជាតិជុំវិញ ដោយមិនបង្កើតអ្វីដែលថ្មីលេចធ្លោពេកទេ គឺស្របតាមគោលគំនិតរបស់ថ្នាក់ដឹកនាំថា ការអភិរក្សដើរស្របនឹងការអភិវឌ្ឍ។
ជាមួយគ្នានេះ មន្ត្រីអាជ្ញាធរជាតិអប្សរា ក៏បានសំណូមពរឱ្យភ្ញៀវទេសចរ ចូលរួមលើកតម្កើងការជិះកង់ ឱ្យបានកាន់តែច្រើននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងបំណងដើម្បីសុខភាព ប្ដូរបរិយាកាសថ្មី ព្រោះថាការជិះកង់ធ្វើឱ្យយើងមានពេលគ្រប់គ្រាន់សម្រាប់ការទស្សនា ឬសិក្សាពីធម្មជាតិនៅជុំវិញ ពិសេសលុបបំបាត់ផ្សែងពុលដែលបង្កគ្រោះថ្នាក់ដល់ការអភិរក្សប្រាសាទ៕