​ក្រុងហាណូយ: នៅក្នុង​ភូមិតូច​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម អ្នកស្រី ដាង ធី​ហាវ (Dang ThiHoa) បាន​ចងបាច់​ធូប​ស្ងួត​ថ្មីៗ ត្រៀម​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ស្របពេល​ដែល​​​ភ្ញៀវ​ទេសចរ​កំពុង​តម្រង់​ជួរ​ចូល​រង់ចាំ​ថតរូប​។​

​គ្រួសារ​របស់ អ្នកស្រី ធីហាវ​បី​ជំនាន់នៅតែ​បន្ដ​ការ​ផលិត​ធូប​សម្រាប់​ត្រៀម​លក់​ក្នុង​រដូវ​​​ពិធីបុណ្យ​ចូលឆ្នាំថ្មី ដែល​ត្រូវបាន​គេ​ស្គាល់​ថា Tetនៅ​វៀតណាម​។​

​ប៉ុន្តែ អ្នកស្រី ធីហាវ​និង​គ្រួសារ​ជាច្រើន​ផ្សេងទៀត​ដែល​រស់នៅ និង​ធ្វើការ​នៅក្នុង «​ភូមិ​ធូប​» នៃ​ខេត្ត QuangPhuCauឥឡូវនេះ​ក៏បាន​ធ្វើ​ធូប​ពណ៌​លឿង ខៀវ និង​បៃតង ដើម្បី​ទាក់ទាញ​អ្នកទស្សនា​ចង់​ថតរូប​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម អ៊ីនស្ដាក្រាម។​

​នៅ​អារាម​មួយ​ក្នុងភូមិ ធូប​ចម្រុះ​ពណ៌​រាប់រយ​បាច់​ត្រូវបាន​យកទៅ​ហាលថ្ងៃ​​ ដោយ​តម្រៀប​ចេញ​ជា​ទម្រង់​ផែនទី​ប្រទេស​វៀតណាម​ដ៏​ធំ​នៅលើ​ដី​។​

​អ្នកស្រី ធីហាវ​អាយុ ៤៥​ ឆ្នាំ​ ដែល​បានធ្វើ​ធូប​អស់​រយៈពេល ៣ ទសវត្សរ៍​មកហើយ​បាន​និយាយថា​៖ «​ភូមិ​របស់​យើង​បាន​ក្លាយជាគោលដៅ​សម្រាប់​ភ្ញៀវទេសចរ​​។​​អ្នកភូមិ​រកប្រាក់​បាន​ច្រើន​ពី​ភ្ញៀវ​ទេសចរ​មកលេង និង​ថតរូប​សែ​ល​ហ្វី​»។​

ភូមិធូបវៀតណាមត្រៀមស្វាគមន៍បុណ្យចូលឆ្នាំថ្មី Tet និងភ្ញៀវទេសចរ​។

​ដោយ​គ្រាន់តែ​ចំណាយ ៥​ ម៉ឺនដុង (៨ ពាន់​រៀល​) អ្នកទេសចរ​អាច​ចូល​ថតរូប​តាមចិត្ត​ជាមួយ​បាច់​ធូប​លាតសន្ធឹង​​ដូច​ផ្កា​រីក​លើដី ហើយ​​​ពួកគេ​គ្រាន់​ចំណាយ​ត្រឹមតែ ២ ពាន់​រៀល​ ក៏​អាច​ទិញ​ធូប​បាន​មួយថង់​មាន​ ២០ ​ដើម​។​

​នៅផ្ទះ​ក្បែរ​នោះ ជណ្ដើរ​ដែក​មួយ​ត្រូវបាន​សាងសង់ឡើង ដើម្បី​​ឱ្យ​អ្នក​ថតរូប​ឡើងទៅ​ចាប់​ប្លង់​តម្រង់​កាមេរ៉ា​រូបភាព​​ពីលើ​ចុះមក​ក្រោម​។​

​លោក ង្វៀង ហ៊ូឡុង ​បាន​ប្រាប់ AFP ថា លោក​មានការ​មមាញឹក​ខ្លាំង ដោយមាន​ការកុម្ម៉ង់​ទិញ​នៅ​ពីមុខ​បុណ្យ Tet នៅពេលដែល​ពួក​អ្នក​គោរពបូជា​ជួបជុំគ្នា​នៅ​ព្រះវិហារ ត្រូវ​ការអុជ​ធូប ឬ​ដុត​​​លើ​អាសនៈ​ដូនតា​នៅផ្ទះ​។​

​ប៉ុន្តែ​សូម្បីតែ​នៅក្នុង​រដូវ​កាល​ដ៏​មមាញឹក​បំផុត​នៃ​រោង​សិប្បកម្ម​របស់លោក​​ក៏ដោយ ក៏លោក​ ហ៊ូឡុង ​ធានា​អះអាងថា នៅតែមាន​អ្នកមើលការខុសត្រូវ​ភ្ញៀវ​ទេសចរ​​មកលេង​ជានិច្ច​។​

​លោក ហ៊ូឡុង​អាយុ ៥៨​ ឆ្នាំ​បាន​ប្រាប់ AFP ថា​៖ «​ខ្ញុំ​ចាត់​ឱ្យ​មនុស្ស​មួយ​ឬ​ពីរ​នាក់​ដើម្បី​ជួយ​​ភ្ញៀវ​ស្វែងរក​មុំ​ដ៏​ល្អ​បំផុត​សម្រាប់​រូបថត និង​ដើម្បី​ធ្វើឱ្យ​ប្រាកដថា​ពួកគេ​មិន​ធ្វើឱ្យ​ខូច​បន្ទះ​ឈើ​ស្ងួត​សម្រាប់ធ្វើ​ជើងធូប​»​។​

​ភ្ញៀវទេសចរ​ហាក់​មាន​ការសរសើរ​សាទរ​នឹង​ទស្សនីយភាព​ភូមិ​ធូប​ដ៏​ស្រស់ត្រកាល​មួយ​នេះ​នៅ​វៀតណាម​។​

ភូមិធូបវៀតណាមត្រៀមស្វាគមន៍បុណ្យចូលឆ្នាំថ្មី Tet និងភ្ញៀវទេសចរ​។AFP

​កញ្ញា​ ខេតធើរីន ការ៉ូមកពី​ប្រទេស​ហ្វីលីពីន​បាន​និយាយថា​៖ «​កន្លែង​នេះ​គឺ​ស្អាត​ណាស់ មាន​ពណ៌​ច្រើន ហើយ​វា​ពិតជា​កន្លែង​ស័ក្តិសម​សម្រាប់ អ៊ីនស្ដាក្រាម​»​។​

ខេត្ដ Quang PhuCau នៅ​ជាយក្រុង​ហាណូយ ស្ថិតក្នុង​ចំណោម​ភូមិ​ជាច្រើន​នៅ​ទូទាំងប្រទេស​វៀតណាម ដែល​ពាក់ព័ន្ធ​នឹង​ការជួញដូរ​ធូប​បុរាណ ដោយមាន​គ្រួសារ​ជាច្រើន​រស់នៅ​តាមផ្លូវ​តូចៗ​បន្ដ​ប្រកប​អាជីព​ផលិត​ធូប​លក់​​។​

​ការងារ​របស់​ពួកគេ​ផ្ដើម​ពី​​​ការកាប់​មែកឫ​ស្សី ដើម្បី​យកទៅដាក់​ក្នុង​ម៉ាស៊ីនពុះ​ ជ្រលក់​បន្ទះ​ស្តើងៗ​ដាក់​ក្នុង​ធុង​ទឹក​ថ្នាំ​ពណ៌​ចម្រុះ មុនពេល​ចាប់​ជាបាច់​ដូច​ផ្កា​រីក​ស្គុះ​ស្គាយ​​​ដើម្បីឱ្យ​ខ្យល់​ស្ងួត​។​

​អ្នកស្រី ធីហាវ​ បាន​និយាយថា​៖ «​ខ្ញុំ​មាន​មោទនភាព​ចំពោះ​សិប្បកម្ម​ប្រពៃណី​របស់​គ្រួសារ​យើង​​ហើយក៏​មាន​អារម្មណ៍​សប្បាយរីករាយ​ផងដែរ នៅពេលដែល​ភូមិ​របស់​យើង​កាន់តែ​ល្បី​​​។​ខ្ញុំ​ក៏​រកបាន​ប្រាក់​ច្រើន​ដែរ​»៕

ភូមិធូបវៀតណាមត្រៀមស្វាគមន៍បុណ្យចូលឆ្នាំថ្មី Tet និងភ្ញៀវទេសចរ​។AFP