ទីក្រុងមីឡេនដ៍ៈ ដោយសារការ​​ត្អូញត្អែរញយ​​ដង​ហើយនៅមិនស្តាប់​នោះ ទើប​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋានមួយ​ នាំ​គ្នា​​ប្តឹង​សាលា​​ក្រុង​ ​រហូតដល់មាន​​​​ចំណាត់ការភ្លាមៗ។ ​
 
ជារឿយៗ គេ​​មិនត្រឹម​តែចង់​​មានជីវភាព​​​ស្តុក​ស្តម្ភ​​ល្អ និង​រស់​នៅជិតតំបន់​ជាទីក្រុង​ ដែល​មាន​ភាព​រស់រវើក​គួរឱ្យ​រស់នៅ​នោះ​ទេ ថែម​ទាំង​​ចង់បាន​ការទទួល​ទាន​ដំណេក​យ៉ាងលុងលក់ថែម​ទៀតផង​​។

ជីវិត​អ្នក​រស់នៅទីក្រុង ​ក្រោយ​ពី​បាន​ស្វែងរកឃើញទី​ឋាន​ដែលមាន​ភាពសុខស្រួលហើយ ស្រាប់តែ​នាពេលរាត្រី​ ក៏​ឮ​សំឡេង​អ៊ូរ​អរ​ខាង​ក្រៅបង្អួចនៅ​ល្វើយៗនោះ គឺ​មានអ្នកខ្លះ​មាន​ចិត្តស្រឡាញ់​សន្តិភាព និងសំងំគេង។ តែអ្នក​ខ្លះទៀតមិនអាច​នៅស្ងៀមបានទេ។​

ជាក់ស្តែង​ដូចករណីនៅក្នុងតំបន់ Porta Venezia នៃទីក្រុង Milan ដែលមាន​សេវាកម្ម​បម្រើ​​អាហារ​នៅពេលយប់ជ្រៅនោះ កំពុងប្រឈម​នឹងការហាមឃាត់​បណ្តោះអាសន្ន​ ដោយសារតែមាន​ការត្អូញត្អែរពីអ្នកភូមិផង​។

ដោយឡែក​តំបន់​​សង្កាត់នេះ គឺជាទីប្រជុំជន​នៃក្រុម​សហគមន៍​ LGBTQ+ ដ៏ពេញនិយម និងជាទី​កន្លែងកម្សាន្ត​ដ៏មមាញឹក១ នាពេលរាត្រីនៅ​ក្នុង​ទីក្រុង Milan ​ប្រទេស​អ៊ីតាលី។

ទោះបីជាយ៉ាងណាក៏ដោយ អាជីវកម្មនានា​ដូចជា ហាង ឬតូបលក់ទំនិញ​ បារ៍ និងសូម្បីតែគ្រឿង​ម៉ាស៊ីនបំពាក់​លក់គ្រឿង​ភេសជ្ជៈ​ផ្សេងៗ ក៏​ត្រូវ​បាន​បង្ខំ​ឱ្យបិទ​ ឬហាមប្រាម​ នៅ​​ចន្លោះ​ម៉ោង​ពាក់កណ្តាលអធ្រាត្រដល់ម៉ោង ៦ ព្រឹក សម្រាប់​​ថ្ងៃនៃ​សប្តាហ៍ និងនៅចាប់​ពី​ម៉ោង ១ និង​ ៣០​ នាទី​ អាធ្រាត្រដល់ម៉ោង ៦ ព្រឹក នៅថ្ងៃសុក្រ និងសៅរ៍។ 

ការហាមប្រាម​បាន​​កើតឡើង បន្ទាប់ពីគណៈកម្មាធិការអ្នកស្រុក Lazzaretto បានជំរុញឱ្យមានំណាត់ការ​ពី​អាជ្ញធរ ហើយ​អ្នកស្រុកខ្លះ​ថែមទាំង​បានប្តឹងសាលាក្រុង​ទៀត​ផង ជុំវិញ​រឿង​​មានសំឡេង​រំខាន​ដល់​ពួកគេនៅពេលយប់។

ការហាមឃាត់នេះ ត្រូវបានកំណត់តាំង​ថ្ងៃអាទិត្យទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣​ កន្លងមក។ រឹតតែតឹងរ៉ឹងចំពោះអ្នកលក់ដូរតាមដងផ្លូវ ដោយ​ពួកគេប្រាប់ថា ពួកគេមិនអាចលក់ដូរ​ក្នុងរយៈពេល ១២ ម៉ោងបាន​ទេ គឺ​ចាប់ពីម៉ោង ៦ ល្ងាចមក​នោះ​។ មិនមែនជាលើកទីមួយទេ ដែលទីក្រុង​ Milan បានដាក់បម្រាមបែបនេះ​នៅ​ពេលយប់។

ដូចជា​ករណី​នៅខែកក្កដា ឆ្នាំ ២០២២ និងខែមិថុនា ឆ្នាំ២០២៣  ជុំវិញ​រឿងលក់​ភេសជ្ជៈនានា​នៅ​ម៉ោងយប់ជ្រៅ ដែល​ត្រូវ​បានហាមឃាត់នៅកណ្តាលទីក្រុង ដើម្បីកាត់បន្ថយការបន្លឺសំឡេងរំខាននៅពេលយប់​។

គួររំឮកដែរ​ថា ការលក់គ្រឿងស្រវឹង ត្រូវបានហាមឃាត់ផងដែរ​ចាប់ពីម៉ោង៧ យប់ ដល់ម៉ោង៧ ព្រឹក តាំង​ខែឧសភា ឆ្នាំ២០២០  បើទោះបីជា កាលនៅ​ស្ថិតនៅក្នុង​ការព្រួយ​បារម្ភ​លើ​ការរឹតត្បិតជំងឺ​កូវីដ១៩ ក៏ដោយ។

លោក Guiesseppe Sala អភិបាលក្រុង Milan ថ្លែងប្រាប់សារព័ត៌មាន ​Ansa ៖«​មើល​ទៅគំនិតចង់​បាន​ទីក្រុង ដែល​មានសេវាកម្ម ២៤ ម៉ោងនោះ លែងមាន​ទៀត​ហើយ! »។​

លោក Marco Granelli ក្រុមប្រឹក្សាសន្តិសុខនៃ​ក្រុង Milan ប្រាប់ La Repubblica ថា៖«ក៏ប៉ុន្តែ ខណៈដែលអ្នកស្រុកបង្ហាញ​ពី​អារម្មណ៍ពិតដោយសារមាន​សំឡេងរំខាន ​នៅពេលយប់​យ៉ាងនេះ​ក្តី សូមកុំឱ្យក្លាយជារឿងដែលរារាំង​ដល់​អ្នកដំណើរពី​ចម្ងាយ​ ដែល​ចង់​មកលេង​ទីក្រុង​ដ៏រុង​រឿង​នេះអ៊ី!»។​

លោកបន្តថា៖«យើងមិនចង់ដាក់ពិន័យលើការសប្បាយ ឬការ​ធ្វើអាជីវកម្មនានានោះទេ។ ទោះជា​យ៉ាង​នេះ​ក្តី យើងត្រូវតែអនុញ្ញាតឱ្យប្រជាពលរដ្ឋសម្រាកបានស្រួល ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​ក៏ទទួលបានកន្លែងសាធារណៈប្រកបដោយគុណភាព និង​សុវត្ថិភាពដែរ»៕