ស្ទឹងត្រែង : ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ទន្លេ​មេគង្គ​នៃ​ប្រទេស​កម្ពុជា​តំបន់​រ៉ា​ម​សារ​ស្ទឹង​ត្រែង​ដែល​មាន​ទំហំ​​ ១៤៦០​ហិក​តា ជា​ប្រភព​ធន​ធាន​ជីវ​ចម្រុះ​ផង និង​ជា​ជំរំ​គោល​ដៅ​អេកូ​ទេស​ចរណ៍​ផង​ដែរ​។​

​នៅ​ពេល​ទឹក​ទន្លេ​មេគង្គ​ស្រក​ចុះ​ក្នុង​រដូ​វប្រាំង ផ្ទៃ​ទឹក​រំលេច​ពណ៌​ត្បួ​ង​មរកត ​កោះ​ខ្សាច់​បាន​ផុស​ឡើង ​បង្កើត​ជា​ទីឋាន​បោះ​ជំរំដ៏​ស្ងប់​ស្ងាត់​ក្រោម​លម្ហ​មេឃ​ដ៏​ធំ​ល្វឹង​ល្វើយ​។ភ្ញៀវ​ទេសចរ​បោះ​តង់​សម្រាក​គយ​គន់​ហ្វូង​តារា​នា​ពេល​រាត្រី​។ 

​ពេល​ចរន្ដ​ទឹក​ទន្លេ​មេគង្គ​លើ​ហូរ​ពុះ​ជ្រែក​កោះ​ខ្សាច់ ​និង​ដើម​ឈើ​ខ្ពស់ៗ​ផុស​ត្រដែត​លើ​ផ្ទៃ​ទឹក ​ការ​ជិះទូក​កាយៈ​ក្លាយ​ជា​ជំនិះ​ដ៏​ស័ក្ដិ​សម​សម្រាប់​ការ​ជិះ​គយ​គន់​ឫ​ស​ឈើ ​និង​ហ្វូង​បក្សី​។ ឫស​ឈើ​ច្រូង​ច្រាង​ រំលេច​​ភាព​ទាក់​ទាញ​ដ៏​អស្ចារ្យ និង​ជា​មន្ដ​អន្ទង​ចិ​ត្ដ​ភ្ញៀវ​ទេសចរ​។​

​លោក គឹ​ម ពលៈ ជា​ភ្ញៀវ​ទេសចរ​និង​ជា​អតីត​ប្រធាន​ក្រុម​មគ្គុទ្ទេសក៍​ទេស​ចរណ៍​ដែល​ប្ដូ​រ​ទៅ​បម្រើ​ការ​ក្នុង​វិស័យ​ធានា​រ៉ាប់​រង​បាន​និយាយ​ថា​៖«​ខ្ញុំ​ពេញ​ចិត្ដ​ខ្លាំង​ចំពោះ​ជី​វចម្រុះ​ក្នុង​ទឹក​និង​លើ​ទឹក​ជា​ពិសេស​បង​ប្អូន​ក្នុង​សហ​គមន៍​។ ពួក​គាត់​ប្រកាន់​ខ្ជាប់​ប្រពៃណី​ទំនៀម​ទម្លាប់​នេសាទ​បាន​ល្អ​ណាស់​។អ្វី​ដែល​ខ្ញុំ​ចង​ចាំ​បំផុត​នោះ​គឺ​រាត្រី​ងងឹត​ជា​មួយ​ហ្វូង​ផ្កាយ​កាឡាក់​ស៊ី​នៅ​ពេល​យប់​ស្ងាត់​»​។ 

​លោក ​ពលៈ ដែល​ធ្លាប់​នាំ​ភ្ញៀវ​ទេសចរ​ និង​ធ្វើ​ដំណើរ​កម្សាន្ដ​ឯកជន​ជាច្រើ​នលើក​ច្រើន​សា​ទៅ​កាន់​តំបន់​រា់ម​សារ​ទន្លេ​មេ​គង្គ​លើ​បាន​រៀប​រាប់​ថា តំបន់​រ៉ា​ម​សារ​ស្ទឹង​ត្រែង​ស្ថិតនៅ​ខ្សែ​កណ្ដាល​នៃ​ទន្លេ​មេគង្គ​ភាគ​ខាង​ជើង​ខេត្ត​ស្ទឹង​ត្រែង​។ 

​រ៉ា​ម​សារ​ស្ទឹង​ត្រែង​ ជា​តំបន់​មាន​សក្តានុ​ពល​ទេស​ចរណ៍  ដោយ​សារ​សម្បូរ​កោះ​ ដូច​ជា​កោះ​ហាន ​កោះ​ថ្មកំបោរ កោះ​សារ​ឃូន​ កោះ​ទន្សាយ និង​កោះ​ពូថៅ​តំបន់​ទាំង​នេះ ភាគ​ច្រើន​សម្បូរ​ភ្ញៀវ​ចាប់​អារម្មណ៍​។
 
​អតីត​មគ្គុ​ទ្ទេសក៍​បាន​ឱ្យដឹង​ថា នា​ពេល​បច្ចុប្បន្ន ក្រៅពី​សក្តានុ​ពល​របស់​តំបន់ ​ទីតាំង​នោះ​ក៏​ជាទី​ជម្រក​សម្រាប់​សត្វ​ទឹក​ប្រភេទ​កម្រៗ​ និង​មច្ឆាជិត​ផុត​ពូជ​ ដូច​ជា ត្រី​រាជ និង​ផ្សោត​ក្បាល​ត្រឡោក​ផង​ដែរ​។​

​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ជី​វ​ចម្រុះ​ រួម​ទាំង​ជីវភាព​នៃ​បង​ប្អូន​សហ​គមន៍ ពួកគេ​បាន​ចំណូល​បន្ថែម​ពី​វិស័យ​ទេស​ចរណ៍ពីលើ​ប្រាក់​ចំណូល​នៃ​ការ​នេសាទ​បែប​គ្រួសារ​។អ្វី​ដែល​ជា​ចំណុច​គួរ​ចាប់​អារម្មណ៍​នោះ​គឺ​ការ​គាំពារ​ថែទាំ ​និង​ការ​អភិ​រក្ស​នៃ​តំបន់​រ៉ា​ម​សារស្ទឹង​ត្រែង​ដ៏​ល្អ​ឯក​នេះ​តែ​ម្ដង​»​។ 

​លោក​បាន​បន្ដ​ថា នៅ​កម្ពុ​ជា​មាន​តំបន់​រ៉ា​ម​សារ​៥កន្លែង ​រួមមាន​ តំបន់​រ៉ា​ម​សារ​បឹង​ទន្លេ​ឆ្មារ​ តំបន់​រ៉ា​ម​សារ​កោះ​កាពិ ​តំបន់​រ៉ា​ម​សារ​ស្ទឹង​ត្រែង ​តំបន់​រ៉ា​ម​សារ​ស្ទឹង​សែន និង​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​។ 

​ជា​មួយ​ចំណេះ​ដឹង​មគ្គុ​ទ្ទេសក៍ លោក​ ពលៈ​ បាន​បន្ដ​ថា តំបន់​រ៉ា​ម​សារ​ស្ទឹង​ត្រែង ជា​តំបន់​រ៉ា​ម​សារ​ដែល​ខុសពី​តំបន់​រ៉ា​ម​សារ​ផ្សេង​ទៀត​នៅ​កម្ពុជា​ នោះ​គឺ​តំបន់​ព្រៃ​លិច​ទឹក​ដែល​មាន​កម្ពស់​រាប់​សិប​ម៉ែត្រ ​ដែល​អ្នក​ទេសចរ​អាច​ទស្ស​នា​ឫ​ស​ឈើ​ដ៏​ចម្លែកៗ​ខ្ពស់ៗ​នា​រដូវ​ទឹក​ស្រក​។​

​លោក​បាន​និយាយ​ថា​៖ «​អ្វីដែល​ពិសេស​នោះ​គឺ​ភាព​ខុសគ្នា​រវាង​រដូវ​ទឹក​ឡើង​ចន្លោះ​ខែ៥​ ទៅ​ខែ១០​ និង​រដូវ​ទឹក​ស្រក​ចន្លោះ​ខែ​១១ ​ទៅ​ខែ៤ ដែល​ចំណុច​ទាំង​២​នេះ បាន​ទាក់​ទាញ​អារម្មណ៍​ទេស​ចរ​បែប​ធម្មជាតិ​មក​លេង ​និង​មក​លេង​ទៀត​ដើម្បី​ស្វែង​យល់​អំពី​តំបន់​រ៉ា​ម​សារ​នៃ​ទន្លេ​មេគង្គ​លើ​នេះ​»​។ 

​បើ​និយាយ​ពី​ការ​ណែ​នាំ​រដូវ ​គឺ​រដូវ​ទឹក​ស្រក​ អ្នក​ទេសចរ​អាច​ឃើញ​ឫ​ស​ឈើ​ខ្ពស់ៗ ​ទឹក​ទន្លេ​ខៀវ​ស្រងាត់​ ជា​មួយ​ល្បាយ​មាស​លាយ​ឡំ​ជា​មួយ​គ្រាប់​ខ្សាច់​ដ៏​ចែង​ចាំង​។​

ការបោះតង់នៅតំបន់តំបន់រ៉ាមសារខេត្តស្ទឹងត្រែងកន្លងទៅPost Staff

​ជុំវិញ​ការ​អំពាវ​នាវ​ឱ្យ​មាន​និរន្តរ​ភាព​ទេស​ចរណ៍​នេះ ​លោក ​អ៊​ន់ ប៉ោ​សឿន ជា​ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ដ​ស្ទឹង​ត្រែង ​បាន​លើក​កម្ពស់​សក្តានុ​ពល​ទេស​ចរណ៍​ខេត្ត​ស្ទឹង​ត្រែង​។​

​ពី​រមណីយ​ដ្ឋាន​អូរ​ឫស្សី​កណ្តាល ​ដល់​តំបន់​រ៉ា​ម​សារ ​ភ្នំ​ជម្រក​សត្វ ​ក៏ដូចជា ​តំបន់​ដង​ទន្លេ​សេ​កុង លោក​ ប៉ោ​សឿន ​ចង់​ឱ្យ​ទេស​ចរណ៍​ធម្ម​ជាតិ​រីក​ចម្រើន ស្រប​តាម​ការ​អភិ​រក្ស​។ 

​លោក​បាន​លើក​យក​សហ​គមន៍​អេកូ​ទេស​ចរណ៍​សម្រស់​កោះ​ហាន និង​សហ​គមន៍​អេកូ​ទេសច​រណ៍​បុរី​អូរ​ស្វាយ​ជា​ឧទាហ​រណ៍​សំខាន់​សម្រាប់​ចក្ខុ​វិស័យ​អេកូ​ទេស​ចរណ៍​។ 

​លោក​បាន​ឱ្យដឹង​ថា​៖«​ចំពោះ​តំបន់​រ៉ា​ម​សារ​ទន្លេមេ​គង្គ​លើ​នេះ​មាន​កន្លែង​កម្សាន្ដ​២​សំខាន់ៗ​ ដូច​ជា​ សហ​គមន៍​អេកូ​ទេស​ចរណ៍​សម្រស់​កោះ​ហាន​និង​សហ​គមន៍​អេកូ​ទេស​ចរណ៍​បុរី​អូរ​ស្វាយ​»​។ 

​ភាព​ស្អាត​ប្លែក ​និង​លេច​ធ្លោ​ដែល​មាន​តែ​នៅ​តំបន់​រ៉ា​ម​សា​រទន្លេ​មេគង្គ ​ជា​ពិសេស​ប៉ែក​ខាង​លើ​នៃ​ខេត្ដ​ស្ទឹង​ត្រែង​នោះ​គឺ​វត្ដ​មាន​ដើម​រំជែកដែល​រំលេច​ឫស​ច្រូង​ច្រាង​រេ​ទៅ​តាម​លំហូរ​ទឹក​នៃ​ខ្យល់​មូសុង​។​

​លោក​ ប៉ោ​សឿន ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖«​វា​ថ្មី​ប្លែក​ខុសពី​តំបន់​ផ្សេងៗ​ដោយ​សារ​យើង​មាន​ដើម​អ​ញ្ចាញ​បញ្ចេញ​ឫស​ស្ញេញ​ស្ញាញ​ដែល​ភ្ញៀវ​ទេស​ចរ គាត់​ចង់​ឃើញ​ចង់​ស្គាល់​ដើម​ឈើ​ព្រៃ​លិច​ទឹក​»​។​

​សហ​គមន៍​អេកូ​ទេស​ចរណ៍​ទាំង​នេះ​ទទួល​បាន​ផល​ប្រយោ​ជន៍​ពី​វិស័យ​ទេសច​រណ៍ ​ដូច​ជា សេវាកម្ម​ដឹក​ជញ្ជូន ម្ហូប​អាហារ​ នាំ​ភ្ញៀវ​ដើរ​កម្សាន្ដ ​បោះ​តង់ ផ្ទះ​ស្នាក់ និង​ផលិត​ផល​វត្ថុ​អនុស្សា​វរីយ៍ (​ភូមិ​១ ផលិត​ផល​១​)​។ 

​ប៉ុន្ដែ​ចំពោះ​កាត​ព្វ​កិច្ច​របស់​សហ​គមន៍ ពួកគេ​កំពុ​ងតែ​ដើរ​ឆ្ពោះ​ទៅ​កាន់​សហ​គមន៍​អេកូ​ទេស​ចរណ៍​គំរូ​ស្ដង់​ដា ដោយ​បច្ចុប្បន្ន​ពួក​គេ​ត្រូវ​គោ​រព​តាម​គោល​ការណ៍​សេវា​កម្ម​ល្អ តម្លៃ​សម​រម្យ និង​ការពារ​បរិ​ស្ថាន​។

​លោក ​ប៉ោ​សឿន បាន​លើក​ឡើង​ថា​៖«​មន្ទីរ​ទេស​ចរណ៍​បាន​ធ្វើ​ការ​បណ្ដុះ​បណ្ដាល​ដ​ល់​សហ​គមន៍​អេកូ​ទេស​ចរណ៍​ទាំង​នោះ​នូវ​ស្ដង់​ដា​បដិ​សណ្ឋារ​កិច្ច​ប្រណីត ​និង​ការ​ចូល​រួមចំណែក​គ្រប់​គ្រង​កាក​សំណល់​ អភិរក្ស​ជន​ជាតិ​ធម្មជាតិ​ក្នុង​តំបន់​របស់​ពួក​គាត់​។ អ្វីដែល​ចាំ​បាច់​នោះ គឺ​ការ​កំណត់​ស្ដង់​ដា​តម្លៃ​រួម ដែល​ត្រូវ​បាន​ធ្វើឡើង​ជា​មួយ​សហ​គម​ន៍​ផ្ទាល់​»​។ 

​នៅ​ពេល​ដែល​ខេត្ដ​ស្ទឹង​ត្រែង​ងើប​ចេញពី​ជំងឺ​រាត​ត្បាត​កូ​វីដ១៩​ បញ្ហា​ប្រឈម​គឺ​ស្ថិត​នៅ​ក្នុង​ការ​ចាប់​យក​លំហូរ​ភ្ញៀវ​ទេស​ចរ​ឡើង​វិញ​។ សមា​ជិក​សហ​គមន៍​ដូចជា​លោក​ ពូ សៃ និង​សាន ​ម៉ៅ មើលឃើញ​ពី​សក្តានុ​ពល​នៃ​ឆ្នេរ​ទន្លេ​ និង​ឫស​ឈើ​ដែល​សម្បូរ​ទៅ​ដោយ​ជីវ​ចម្រុះ​។​

​ពួកគេ​ខិត​ខំ​រួមគ្នា​ឆ្ពោះ​ទៅរក​ការ​លើក​កម្ពស់​អេកូ​ទេស​ចរណ៍​ក្នុង​តំបន់​ ជា​ទំនោរ​សម្រាប់​ផ្គាប់​ចិ​ត្ដ​ភ្ញៀ​វទេសចរ​ និង​ផ្ដល់​ផល​ប្រ​យោជន៍​ដល់​ប្រជា​ជន​ក្នុង​តំបន់​ដូច​គ្នា​។​

​លោក ​ពូ សៃ សមា​ជិក​គណៈ​កម្ម​ការ​សហ​គមន៍​អេកូ​ទេស​ចរណ៍​សម្រស់​កោះ​ហាន ​បាន​ឱ្យដឹង​ថា ​ចាប់​ពី​ខែវិច្ឆិកា​មក​ ភ្ញៀវ​ដែល​និយម​លេង​ឆ្នេរ​ខ្សាច់​ទន្លេ ​ទស្សនា​ឫស​ឈើ ហែល​ទឹក ​និង​ទស្សនា​បក្សី​លើ​ដង​ទន្លេ​មេគង្គ​ចាប់​ផ្ដើម​មក​ជា​ក្រុមៗ​បន្ដ​បន្ទាប់​។

​លោក​បាន​ឱ្យ​ដឹង​ថា សហ​គមន៍​ផ្ដល់​សេវា​កម្ម​ទូក​កម្សាន្ដ ​ដែល​មាន​ប្រភេទ​ទូក​តូច​តម្លៃ​ចាប់​ពី៧​ម៉ឺន​រៀល​រហូត​ដល់​១៥​ម៉ឺន​រៀល​សម្រាប់​មនុស្ស​ ៦នាក់​ចុះ​ក្រោម ​និង​ទូក​ធំ​សម្រាប់​មនុស្ស​ក្រោម​១០​នាក់​ តម្លៃ​ចាប់​ពី ​៨ម៉ឺន​រៀល​ទៅ​ដល់​១៥ម៉ឺន​រៀល ​អា​ស្រ័យ​ទៅ​តាម​គោល​ដៅ​។ 

​ក្រៅ​ពីនេះ ​សហ​គមន៍​ផ្ដល់​សេវាកម្ម​ម្ហូប​អាហារ​ ដែល​អាស្រ័យ​ទៅ​តាម​ការ​កុម្ម៉ង់​ទុក​មុន​ ទូក​កាយ៉ាក់តម្លៃ​ពី៥ ទៅ ១០​ដុល្លារ ​និង​ផ្ទះ​ស្នាក់ ​ដែល​ភ្ញៀវ​ទេសចរ​ទទួល​បាន​ប​ទ​ពិសោធន៍​ស្នាក់​នៅ​ជា​មួយ​ផ្ទះ​ម្ចាស់​ក្នុង​សហ​គមន៍​ផ្ទាល់​ជា​មួយ​តម្លៃ​៣​ដុល្លារ​សម្រាប់​មនុស្ស​ម្នាក់​។

​លោក​ សៃ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ពេល​វេលា​ដែល​សម្បូរ​ភ្ញៀវ​បំផុត គឺ​នៅ​ខែ​កុម្ភៈ ​រហូត​ដល់​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។ ភ្ញៀវ​ទេសចរ​ជាតិ​ជា​ទូទៅ​ពេញនិ​យម​ក្នុងការ​កម្សាន្ដ​រយៈ​ពេល​ខ្លី​ដោយ​ការ​ទទួល​ទាន​អាហារ ​ទស្សនា​ឫស​ឈើ ​ងូត​ទឹក​ ជា​ពិសេស​ថត​រូប​ ខណៈ​ភ្ញៀវ​តិច​តួច​ទៀត​បោះ​តង់​ និង​ទទួល​បទ​ពិសោធ​ន៍ជា​មួយ​សហ​គមន៍​»​។ 

​យ៉ាង​ណា​មិញ​ លោក​ សាន​ ម៉ៅ សមា​ជិក​គណៈ​កម្ម​ការ​សហ​គមន៍​អេកូ​ទេស​ចរណ៍​បុរី​អូរ​ស្វាយ ​បាន​ឱ្យដឹង​ថា ស្ថាន​ភាព​សហ​គមន៍​ហាក់​បាន​ដើរ​ថយ​ក្រោយ​ក្នុងការ​ស្រវា​ចាប់​ភ្ញៀវ​ទេស​ចរ​ដែល​កំពុង​តែ​កម្រើក​ឡើង​វិញ​ក្រោយ​វិបត្ដិ​កូ​វីដ​។ 

​លោក​បាន​និយាយ​ថា កន្លង​មក​សហ​គមន៍​ស្ទើរ​តែ​ទទួល​បាន​ភ្ញៀវ៥​០ភាគរ​យ​ដែល​មក​កាន់​តំបន់​អេកូ​ទេសច​រណ៍​ទាំង​នេះ​។ ប៉ុន្ដែ​ចំនួន​ភ្ញៀវ​ធា្ល​ប់​តែ​ពេញ​និយម​ការក​ម្សាន្ដ​នៅ​បុរី​អូរ​ស្វាយ​បាន​ធ្លាក់​ស្ទើរតែ​មកនៅ​ក្រោម​១០ភាគ​រយ​។ 

​នេះ​ជា​ហេតុ​ដែល​ធ្វើឱ្យ​សមា​ជិក​ជាច្រើ​ន​ក្នុង​ចំណោម​សមា​ជិក​សរុ​ប៤៦​នាក់ ដែល​ផ្ដល់​សេវា​កម្ម​ម្ហូប​អាហារ​ ផ្ទះ​ស្នាក់ ​និង​ទូក​កម្សាន្ដ​ ហាក់​លែង​ចាប់​អារ​ម្មណ៍​កិច្ច​ការ​សហ​គម​ន៍ និង​ងាក​ទៅ​ចាប់​របរ​គោល​ផ្សេងៗ​ទៀត​។

​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​បច្ចុប្បន្ន​ដោយ​សារ​មិន​សូវ​មាន​ភ្ញៀវ​ ស​មាជិក​ខ្លះ​ផ្ដោត​ចម្បង​លើ​ការងារ ​ឬ​អាជីព​ផ្សេង ​ដោយ​មិន​សូវ​ខ្វល់​ខ្វាយ​ពី​សហ​គមន៍ ​រួមទាំង​ការ​ប្រជុំ ​ការ​បណ្ដុះប​ណ្ដាល និង​ពង្រឹង​សេវាក​ម្ម​ជាដើម​»​។ 

​សហ​គមន៍​អេកូ​ទេសច​រណ៍​បុរី​អូរ​ស្វាយ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​៣០​គីឡូ​ម៉ែត្រ​ពី​សហ​គមន៍​អេកូ​ទេស​ចរណ៍​សម្រស់​កោះ​ហាន ​ក៏បាន​ផ្ដល់​សេវា​កម្ម​ម្ហូប​អាហារ​ ទូក​កម្សាន្ដ​តម្លៃ​ពី៤​ម៉ឺន​រៀល​ទៅ២០​ម៉ឺន​រៀល​អា​ស្រ័យ​លើ​ទីតាំង ​និង​ផ្ទះ​ស្នាក់​តម្លៃ​៤ដុ​ល្លារ​ម្នាក់ដែល​មាន​បន្ទប់​ដាច់​ពី​ម្ចាស់​ផ្ទះ​។ 

​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ចំពោះ​មុខ​ លោក​ ម៉ៅ បាន​សំណូម​ពរ​ថា ​ជា​ដំបូ​ង លោក​ចង់ឱ្យ​មាន​ការ​ព​ង្រី​ង​សមត្ថ​ភាព​សហ​គមន៍​ឡើង​វិញ ​ស្នើ​ឱ្យ​មន្ទីរ​និង​ស្ថា​ប័ន​ពាក់​ព័ន្ធ​ជួយ​ផ្សព្វ​ផ្សាយ​ពី​សក្ដានុ​ពល និង​អត្ថ​ប្រយោជន៍​ពី​ទេស​ចរណ៍​ក្នុង​ចំណោម​ប្រជា​សហ​គមន៍ ក៏ដូច​ជាស្នើ​បន្ដ​បង្កើន​វគ្គ​បណ្ដុះ​បណ្ដាល​ផ្សេងៗ​ទៀត​។ 

​លោក ​ប៉ោ​សឿន បាន​ទទួល​ស្គាល់​ថា ភ្ញៀវ​ទេស​ចរ​នៅ​មាន​ចំនួន​តិច​តួច​បើ​ធៀប​ជា​មួយ​បណ្ដា​ខេត្ដ​មួយ​ចំនួន ជា​ពិសេស​ទាក់​ទង​នឹង​ចំនួន​ភ្ញៀវ​មក​លេង​តំបន់​ទេសច​រណ៍​ខេត្ដ​ស្ទឹង​ត្រែង​តែ​ជាង​៧​ពាន់​នាក់ប៉ុណ្ណោះ​ អំឡុង​ពេល​បុណ្យ​ឆ្លង​ឆ្នាំ​៣​ថ្ងៃ​​ចាប់ពី​ថ្ងៃទី​២៩ ដល់​​៣១ ​ខែធ្នូ​កន្លង​ទៅ​។​

​យ៉ាង​ណា​មិញ ​លោក​មើល​ឃើញ​ពី​ការ​កើន​ឡើង​៣០​ភាគ​រយ​ បើ​ធៀប​ជាមួយ​ឆ្នាំមុន ​ខណៈ​ស្ទឹង​ត្រែង​ជា​ខេត្ដ​នៅ​ឆ្ងាយ ​មិន​សូវ​សម្បូរ​រមណីយ​ដ្ឋាន​ ដោយ​ពឹង​ផ្អែក​លើ​ផលិត​ផល​ទេស​ចរណ៍​ធម្ម​ជាតិ​ និង​វប្ប​ធម៌​ ដែល​មិន​មាន​រមណីយ​ដ្ឋាន​កែ​ច្នៃ​។ 

​លោក ​ពលៈ ​បាន​ឱ្យ​ដឹង​ថា​៖ «​ខ្ញុំ​សូម​ណែនាំ​បងប្អូន​ចំណាយ​ពេល​វេលា​ជាមួ​យ​គ្រួសារ​ ឬ​មិត្ត​ភក្ដិ​មកលេ​ង​ទីនោះ ព្រោះ​វា​ជាទី​ឋាន​បែប​ធម្ម​ជាតិ​នៃ​ជី​វ​ចម្រុះ​ ក៏ដូច​ជា​បង្កើន​ការ​ងារ​និង​ចំណូល​ដល់​បង​ប្អូន​នៅ​សហ​គមន៍​នេះ​តែ​ម្ដង​»​។ 

​យ៉ាង​ណាមិ​ញ ​លោក​ ពលៈ បានស្នើ​​ឱ្យ​មាន​ការ​កំណត់​តំបន់​បោះ​តង់​សម្រាប់​ភ្ញៀវ​ទេសចរ​បែប​ធម្មជាតិ​លើ​ដែន​កោះ​រ៉ា​ម​សារ​និង​កំណត់​តម្លៃ​ទូក​ ក៏​ដូចជា ​សេវា​កម្ម​ផ្សេងៗ​ឱ្យបាន​ត្រឹម​ត្រូវ​ចៀស​វាង​ការ​យក​តម្លៃ​ហួស​ស្មាន​ ដែល​នេះ​ជា​បញ្ហា​របស់​ភ្ញៀវ​ទេស​ចរ​ធម្ម​ជាតិ​។​

​ជា​ចុង​ក្រោយ ​អតីត​មគ្គុ​ទ្ទេសក៍​រូប​នេះ​បាន​ស្នើរ​សុំ​ដល់​ក្រសួង​ទេស​ចរណ៍​ផ្សព្វ​ផ្សាយ​តំបន់​រ៉ា​ម​សារ​ទាំង​ ៥  ឱ្យ​បាន​ទូលំ​ទូលាយ​៕