ភ្នំពេញៈ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីណែនាំសាជាថ្មីដល់មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្ត ត្រូវអនុវត្តឱ្យបានត្រឹមត្រូវនូវក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ដោយត្រូវស្លៀកពាក់ឯកសណ្ឋាន ពាក់អត្តលេខ និងពាក់អាជ្ញាប័ណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ ឱ្យបានត្រឹមត្រូវ ក្នុងពេលបំពេញភារកិច្ច ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្មប្រកបដោយភាពទុកចិត្ត និងកក់ក្ដៅសម្រាប់ទេសចរជាតិ និងអន្តរជាតិ ក្រោយពីវិស័យទេសចរណ៍កម្ពុជាបាននិងកំពុងស្ថិតក្នុងដំណាក់កាលងើបឡើងវិញពីវិបត្តិជំងឺកូវីដ១៩។
សេចក្ដីណែនាំបញ្ជាក់ថា៖ «ត្រូវប្រតិបត្តិឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ដោយមិនដើរតួនាទីជាការីទេសចរណ៍ ឬភ្នាក់ងារទេសចរណ៍ និងត្រូវការពារប្រយោជន៍ជាតិនិងប្រយោជន៍ទេសចរ និងចូលរួមចំណែកនៅក្នុងការថែរក្សានិងគ្រប់គ្រងធនធានធម្មជាតិ លម្អបៃតង ការពារនិងអភិរក្សមរតកវប្បធម៌ ការពារសម្បត្តិវប្បធម៌ សិល្បៈ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរក្នុងរាល់សកម្មភាពទេសចរណ៍របស់ខ្លួន»។
ប្រភពដដែលនេះបានឱ្យដឹងថា មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តត្រូវផ្ដល់ដល់អ្នកទេសចរនូវព័ត៌មានពិត ច្បាស់លាស់ និងទទួលខុសត្រូវ ដើម្បីថែទាំទ្រព្យសម្បត្តិ ការពារសន្តិសុខ និងសុវត្ថិភាពដល់ទេសចរក្នុងពេលដែលទេសចរស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ហើយត្រូវប្តឹង ឬរាយការណ៍ជាបន្ទាន់ទៅនគរបាលទេសចរណ៍ អាជ្ញាធរមានសមត្ថកិច្ច ឬសមត្ថកិច្ច ទេសចរណ៍ ដែលនៅជិតបំផុត ក្នុងករណីដឹងឬមានការសង្ស័យថាមានការប្រព្រឹត្តបទល្មើស ការជួញដូរ វត្ថុបុរាណ និងបទល្មើសបេតិកភណ្ឌ ការជួញដូរកុមារ ការធ្វើអាជីវកម្មផ្លូវភេទ ការផ្សព្វផ្សាយរូបភាព និងសម្ភារអាសអាភាស ឬប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌផ្សេងទៀត។ មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តមិនត្រូវទាមទាររកកម្រៃ ឬផលប្រយោជន៍ពីអ្នកលក់ ឬពីអ្នកផ្តល់សេវាកម្មទេសចរណ៍ផ្សេងៗ និងមិនត្រូវធ្វើសកម្មភាពដែលប៉ះពាល់ជាអវិជ្ជមានដល់គោលនយោបាយជាតិលើវិស័យទេសចរណ៍។
សេចក្ដីណែនាំនេះបានឱ្យដឹងថា៖ «ការប្រតិបត្តិទាំងឡាយណា ដែលខុសឆ្គងតាមក្រមប្រតិបត្តិវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ អាចនឹងក្លាយជាកម្មវត្ថុនៃការព្រមាន ការពិន័យអន្តរការណ៍ជាប្រាក់ ឬករណីធ្ងន់ធ្ងរ អាចឈានដល់ការព្យួរជាបណ្តោះអាសន្ន ឬដកហូតអាជ្ញាប័ណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងបណ្ណអនុញ្ញាតអ្នកបកប្រែភាសាបន្ត»។
លោក ខៀវ ធី ប្រធានសមគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ បានប្រាប់ឱ្យដឹងនៅថ្ងៃទី៩ ខែមករាថា សេចក្តីណែនាំរបស់ក្រសួងទេសចរណ៍មិនមានអ្វីថ្មីនោះទេ ព្រោះកន្លងមកក្រសួងក៏ធ្លាប់បានចេញជាច្បាប់ និងការណែនាំបែបនេះ រួចហើយដែរ។ ការដែលក្រសួងទេសចរណ៍ចេញសេចក្តីណែនាំនេះ ដើម្បីជាការក្រើនរំលឹកដល់មគ្គុទ្ទេសក៍ទេសចរណ៍ អនុវត្តឱ្យបានត្រឹមត្រូវ។
លោក ខៀវ ធី បានថ្លែងថា ៖ «ខ្ញុំមើលឃើញថា មគ្គុទ្ទេសក៍ទេសចរណ៍របស់យើង គឺគាត់គោរពជំនាញរបស់គាត់។ ជាទូទៅនៅពេលដែលចប់មួយក្រុម តែងតែទទួលបាន Feedback ពីភ្ញៀវវិញ ហើយនៅពេលដែលយើងទទួលបានគឺ Excellent Feedback ទាំងអស់ ហើយបើភាពអវិជ្ជមាន គឺប្រមាណជា ១% ហើយពេលខ្លះស្ទើរតែគ្មានថែមទៀត»។
បើតាម លោក ខៀវ ធី មគ្គុទ្ទេសទេសក៍ទេសចរណ៍នៅក្នុងតំបន់អង្គរ គឺតែងតែពង្រឹង និងយកចិត្តទុកដាក់លើជំនាញជីវៈរបស់ខ្លួន ដើម្បីផ្តល់នូវការជឿទុកចិត្តពីភ្ញៀវ ប៉ុន្តែបើពួកគាត់មិនអនុវត្តឱ្យបានល្អស្របតាមការណែនាំរបស់ក្រសួងទេសចរណ៍ទេ ពួកគាត់នឹងមិនមានភ្ញៀវឡើយ។
ចំណែក លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) បានលើកឡើងថា ការណែនាំរបស់ក្រសួងទេសចរណ៍នេះជាការល្អ តែលោកក៏បានស្នើឱ្យក្រសួងអនុវត្តចំពោះការណែនាំនេះផងដែរ។លោកបានថ្លែងថា ៖ «វាជាការល្អចំពោះការចេញសេចក្តីណែនាំនេះ តែសូមអនុវត្តផង កុំចេញហើយមិនអនុវត្ត និងចេញឱ្យតែល្អមើលនោះ»៕