សៀមរាបៈ ផ្ទះ​តង់​ចំនួន ១០​ផ្ទះ ត្រូវ​បាន​ចាប់​ផ្តើម​សាងសង់ តាម​រចនាបទ​ខ្មែរ ជា​ជំហាន​ដំបូង​នៅ​ថ្ងៃចន្ទ ទី២ ខែ​ធ្នូនេះ​ នៅ​ក្នុង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ ​ព្រៃធំ​អន្លង់​ធំ ស្ថិត​នៅលើ​ខ្នង​ភ្នំ​គូលែន នៃ​ឧទ្យានជាតិ​ព្រះជ័យវរ្ម័ន នរោត្តម​«ភ្នំគូលែន» ដើម្បី​ពង្រឹង​ការ​អភិរក្ស​ព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ ជាមួយ​សក្តានុពល​លំហែ​បៃតង។

ផ្ទះតង់​ទាំងនេះ​ត្រូវ​បាន​ផ្តល់ឱ្យ ដោយ​ក្រសួង​បរិស្ថាន​តាម​រយៈគម្រោង​និរន្តភាព​តំបន់​ទេសភាព និង​ទេសចរណ៍​ធម្មជាតិ​កម្ពុជា (CSLEP) ដែល​ដឹកនាំ​អនុវត្ត​ដោយ​ក្រសួង​បរិស្ថាន​និង​ក្រសួង​អភិវឌ្ឍជនបទ ក្រោម​ហិរញ្ញប្បទាន ធនាគារ​ពិភពលោក មូលនិធិ​បរិស្ថាន​សកល​និង​រាជរដ្ឋាភិបាល​កម្ពុជា។

ក្រសួង​បរិស្ថាន​បញ្ជាក់​ថា៖​«តង់​ស្នាក់​សម្រាប់​ទេសចរណ៍ សាងសង់​ឡើង​តាម​រចនាបទខ្មែរ និង​មាន​លក្ខណៈ​ទំនើប មាន​អនាម័យ សោភ័ណភាព​ស្អាត ការ​លំហែ​កម្សាន្ត ប្រកប​ដោយ​សុខុដុមរមនា​ជាមួយ​ធម្មជាតិ​សម្រាប់​ឱ្យ​ភ្ញៀវជាតិ ឬ​អន្តរជាតិ ដែល​មក​កម្សាន្ត​បោះតង់ និង​ដើរ​ទស្សនា​ជុំវិញ​ព្រៃ​សហគមន៍ តំបន់​ទីទួល​បុរាណ ប្រាសាទ​បុរាណ កន្លែង​វប្បធម៌ ប្រវត្តិសាស្រ្ត និង​តំបន់​ទេសភាព​ធម្មជាតិ​ផ្សេងទៀត​លើ​ខ្នង​ភ្នំគូលែន»។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ដែនដី ដៃគូ​សហការ និង​ប្រ​ជា​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍ តំបន់​ការពារ​ធម្មជាតិ​ព្រៃធំ​អន្លង់ធំ​ នា​ថ្ងៃទី​៣០ ខែ​វិច្ឆិកា​កន្លងមក។

លោក​រដ្ឋមន្រ្តី​បាន​លើក​ឡើងថា សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ដើរ​តួនាទី​សំខាន់​ក្នុង​កិច្ច​ការងារ​ការពារ និង​អភិរក្ស​ព្រៃឈើ​សហគមន៍ ។

លើស​ពីនោះ វា​ក៏​ជា​កន្លែង​ដែល​សហគមន៍​ត្រូវ​ធ្វើ​ជា​ម្ចាស់ សម្រាប់​ការ​អភិវឌ្ឍ​គោលដៅ​លំហែ​បៃតង ដែល​ត្រូវ​ស្វាគមន៍ ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​តាម​រយៈការ​បោះតង់​សម្រាក​និង​ទស្សនា​ទេសភាព​ធម្មជាតិ ទីតាំង​វប្បធម៌ ប្រវត្តិ​សាស្រ្ត សាសនា ជាដើម នៅក្នុងព្រៃសហគមន៍ទៀតផង។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«សហគមន៍តំបន់ការពារធម្មជាតិ នៅលើខ្នងភ្នំគូលែន ជាតំបន់ដែលមាន​ព្រៃ​ឈើ​ក្រាស់ មាន​ទេសភាពស្រស់ស្អាត ហើយអាចឱ្យភ្ញៀវទេសចររបោះតង់សម្រាកក្បែរមាត់ទឹក និង​ទស្សនា​ប្រាសាទ​នានា​ក្នុង​ព្រៃជាច្រើនទៀតផង»។

សហគមន៍​តំបន់ការពារធម្មជាតិ​នេះ ត្រូវបាន​​បង្កើតឡើង​នៅ​ឆ្នាំ​២០០១ ដែលមាន ​​​ផ្ទៃដី​ប្រហែលជា៣៦៥​ហិកតា ស្ថិត​នៅក្នុងភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យាបានឱ្យដឹងថា គិតត្រឹម ឆ្នាំ២០២៤ សហមន៍តំបន់ការពារធម្មជាតិ សរុប​មានចំនួន ១៩៣សហគមន៍ ត្រូវបានបង្កើតឡើង ដែលមានសមាជិកសរុបចំនួន ៧៣ ១៤៩គ្រួសារ និង គ្រប​ដណ្តប់​លើ​ផ្ទៃដីព្រៃជាង ៣៣ម៉ឺនហិកតា ស្ថិតក្នុងខេត្តចំនួន១៥។

លោកបន្តថា ក្នុងនោះ សហគមន៍ជាង៥០ មានសត្តានុពល ដែលអាចរៀបចំជាតំបន់ទេសចរណ៍ធម្មជាតិ។ ប៉ុន្តែ​នា​ពេល​​​បច្ចុប្បន្ននេះ មានសហគមន៍ ប្រមាណជា៣០ហសគមន៍កំពុងតែដំណើរការ បង្កើត​ចំណូល​ពីទេស​ចរណ៍​ធម្ម​ជាតិ។​

លោក​ ញ៉ន ម៉ុច សមាជិកសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ សង្ឃឹម​ថា​ជីវភាព​របស់​ប្រជាស​ហគ​មន៍​លើ​ខ្ន​ង​ភ្នំ និងប្រសើរឡើង នៅពេលមានសមិទ្ធផលថ្មី​ ដូច​ជា​កន្លែងបោះតង់ និង​ផ្ទះតង់​សម្រាប់​ទេសចរ​អាច​មក​ស្នាក់ លំហែកម្សាន្ត។

លោកបានឱ្យដឹងថា នាពេល​បច្ចុប្បន្ននេះ ភ្ញៀវទេសចរជាច្រើនកំពុងតែចាប់អារម្មណ៍តំបន់នេះ ហើយ​ការ​គាំទ្រ​របស់​ក្រសួងបរិស្ថាន ​​និង​ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រជាសហគមន៍បន្ថែមទៀត ដែលពីមុនធ្លាប់ពឹងលើធនធាន​ព្រៃ​ឈើ ហើយ​បាន​​ងាក​មកពង្រឹងមុខរបរសេវាកម្មទេសចរណ៍វិញ។

លោកបាននិយាយថា៖«ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍ បានខិតខំរួមគ្នា​ទប់ស្កាត់​ការកាប់បំ​ផ្លាញ​ព្រៃ​ឈើ និង​បានចូលរួមដាំដាំឈើឡើងវិញ ដើម្បីបង្កើនគម្របព្រៃឈើផងដែរ»។

ក្រសួងបរិស្ថាន បាននិងកំពុងអភិវឌ្ឍគោលដៅលំហែបៃតង នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ស្របតាម​គោល​នយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា។ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បាន​កំពុងធ្វើឱ្យ​សហគមន៍​មាន​ចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដោយផ្តល់ចំណេះដឹង ជំនាញ និង​មុខរ​បរ​ថ្មី។ ក្នុងនោះរួមមាន ការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង និង​សម្រាប់​លក់នៅលើទីផ្សារផងដែរ ព្រមទាំងជួយរៀបចំបង្កើតជាអេកូទេសចរណ៍ នៅក្នុងតំបន់សហគមន៍។

ទាក់ទងទៅនឹងវិស័យទេសចរណ៍ធម្មជាតិ ក្នុងខេត្តសៀមរាបនេះផងដែរ លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត​បាន​ផ្តល់ជូននូវដំណោះស្រាយមួយចំនួននៅសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ក្នុងស្រុកប្រាសាទបាគង បន្ទាប់​ពី​បានចុះទៅពិនិត្យ​ស្ថានភាព​ និងទស្សនាតំបន់ទេសចរណ៍ធម្មជាតិនេះ នាថ្ងៃទី១ ធ្នូនេះ។

យោងតាមបណ្តាញសង្គមផ្លូវការរបស់ប្រមុខរដ្ឋាភិបាលបានឱ្យដឹងថា បន្ទាប់ពីបានទស្សនកិច្ច​ និង​ជួបសំណេះ​សំ​ណាល​ផ្ទាល់ជាមួយសហគមន៍​ ជាពិសេស អ្នកប្រកបរបរជាអ្នកបើកបរកាណូត​ និងអុំទូកបម្រើសេវាជូនអ្នកទេសចរ​លោកនាយករដ្ឋមន្រ្តីទទួលបាននូវសំណូមពរ​មួយចំនួន​។

ក្នុងនោះ ប្រមុខរដ្ឋាភិបាលបាន ផ្តល់​ជា​ដំណោះ​ស្រាយ​មួយ​ចំនួនដូចជា កសាងផ្លូវកៅស៊ូ ៨គីឡូម៉ែត្រ​ លើផ្លូវក្រាលគ្រួសក្រហម ​ដែលមានស្រាប់ ដើម្បី​ផ្តល់ភាពងាយ​ស្រួលក្នុង​កា​រ​​ធ្វើដំណើរ​ និងកាត់បន្ថយការហុយ។

លោកនាយករដ្ឋមន្រ្តីក៏បានសម្រេច កសាងបញ្ជរ​លក់សំបុត្រថ្មី​របស់​សហ​គម​ន៍ ដែលនឹងជួយឱ្យសហគមន៍មិនចាំបាច់ជួលដី ដើម្បីលក់សំបុត្រដូចពេលបច្ចុប្បន្ន ហើយនិង​ផ្តល់បន្ថែម​នូវធុង​សំរាម​ក្នុង​ស​ហ​គមន៍ ដើម្បីថែរក្សាអនាម័យ និងបរិស្ថាន នៅក្នុងតំបន់ផងដែរ៕