![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/20243/24_3_2024_ak.jpg)
ទិដ្ឋភាពនៅប្រាសាទអង្គរកាលពីរាត្រីថ្ងៃទី២២ មីនា ។ ហេង ជីវ័ន
សៀមរាបៈ បាតុភូតសមរាត្រីនៅប្រាសាទអង្គរវត្ដបានទទួលភ្ញៀវទេសចរក្នុងចំនួនដ៏ច្រើនរហូតដល់លើស ១ ម៉ឺននាក់ក្នុង ១ ថ្ងៃ នៃព្រឹត្ដិការណ៍ថ្ងៃទី ២១ និងទី ២២ ខែមីនា ឆ្នាំ ២០២៤។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ព្រឹត្ដិការណ៍សមរាត្រីនេះទទួលភ្ញៀវជាតិ និងអន្ដរជាតិច្រើនយ៉ាងច្រើនកកកុញជាពិសេសក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២១ និងថ្ងៃទី ២២ ខែមីនា ចំនួនភ្ញៀវទេសចរក្នុង ១ ថ្ងៃកើនលើស ១ ម៉ឺននាក់។
លោកបានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «យោងតាមតួលេខដែលខ្ញុំទទួលបានម្សិលមិញមានចំនួនជាង ១ ម៉ឺននាក់ហើយសម្រាប់ថ្ងៃទី ២២ នេះចំនួនភ្ញៀវមានប្រមាណជិត ១២ ០០០ នាក់។ ចំពោះភ្ញៀវបរទេសសម្រាប់ថ្ងៃនេះមានចំនួនជាង ២ ៦០០ នាក់»។
នៅព្រឹកព្រលឹមថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤ ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានប្រមូលផ្តុំគ្នានៅខ្លោងទ្វារប្រវត្តិសាស្ត្រស្ពានហាលដោយរង់ចាំយ៉ាងអន្ទះសាបើកនៅម៉ោង ៥ ព្រឹក ដើម្បីទស្សនាទិដ្ឋភាពឋានសួគ៌នៃបាតុភូតថ្ងៃរះសមរាត្រីនៅប្រាសាទអង្គរវត្ត។
ពេលដែលឆ្មាំអង្គរបើកច្រកចូលភ្ញៀវទេសចរបានសម្រុកចូលទៅកាន់គោលដៅមុខកំពូលប្រាសាទជាទីកន្លែងផ្ដិតយករូបភាពដ៏អស្ចារ្យសម្រាប់បង្ហោះលើបណ្ដាញសង្គម។
ពន្លឺរះពណ៌លឿងទុំចាប់ផ្ដើមជះលើផ្ទៃមេឃពីក្រោយកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ខណៈដែលភ្ញៀវទេសចរចម្រុះជាតិសាសន៍មកពីជុំវិញពិភពលោករង់ចាំដោយចិត្ដអន្ទះសាក្នុងការផ្ដិតយករូបភាពសមរាត្រីនេះ។
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/20243/25_3_2024_434109377_844093811093794_8093572260910021408_n.jpg)
បរិយាកាសពោរពេញទៅដោយអារម្មណ៍រំភើបញាប់ញ័របានចាប់ផ្ដើមនៅពេលដែលរង្វង់ពងមាន់ក្រហមបានចាប់ផ្ដើមផុសឡើងដែលបង្កើតបានជាទស្សនីយភាពដ៏ស្រស់ត្រកាល។
ភ្ញៀវទេសចរអ៊ីតាលីមកលេងប្រទេសកម្ពុជា ជាលើកដំបូងជាមួយសមាជិកគ្រួសារទាំង ៣ ទៀត លោក Mark ដែលប្រាប់តែឈ្មោះផ្ទាល់ខ្លួនបានសម្តែងការភ្ញាក់ផ្អើលពេលឃើញមនុស្សយ៉ាងច្រើនដែលប្រមូលផ្តុំគ្នាដើម្បីមើលថ្ងៃរះនៅប្រាសាទ។
លោក Mark ដែលថតរូប Selfie ជាមួយបងប្រុសរបស់លោករួចបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «ពិតជាមានមនុស្សច្រើនមែនប៉ុន្តែខ្ញុំចូលចិត្ត ពិតជាអស្ចារ្យណាស់ពីព្រោះមនុស្សច្រើនមិនខុសពីកម្មវិធីប្រគុំតន្ត្រីខ្នាតយក្សមួយទៅហើយ ពិតជារីករាយមែន»។
ទេសចរជនជាតិអ៊ីតាលីដែលចំណាយពេល ៧ ថ្ងៃ នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងខេត្តសៀមរាប និងទីក្រុងភ្នំពេញបាននិយាយថា ពួកគេបានមកប្រាសាទដើម្បីមើលថ្ងៃរះនេះនៅម៉ោង ៥:៤០។
លោក Joost Jansen មកពីប្រទេសហូឡង់ បានសម្តែងក្តីរំភើបរបស់លោកដោយប្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ដែលនិយាយភាសាអង់គ្លេស បន្ទាប់ពីបានឃើញបាតុភូតសមរាត្រីនៅថ្ងៃទី ២១ ខែមីនា។លោកបាននិយាយថា៖ «វាពិតជាអស្ចារ្យណាស់ហើយវាពិតជាស្រស់ស្អាតដែលបានឃើញទិដ្ឋភាពបែបនេះ»។
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/20243/25_3_2024_434216891_844093747760467_4795599524321847088_n.jpg)
លោក ធីម សិរីវុទ្ធ ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានលំហូរភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់។
ជើងហោះហើរសរុបចំនួន ២៣ ជើងត្រូវបានកត់ត្រាដែលក្នុងនោះមានជើងហោះហើរអន្តរជាតិចំនួន ២០ ជើង និងជើងហោះហើរក្នុងស្រុកចំនួន ៣ ជើង ជាមួយនឹងចំនួនអ្នកដំណើរសរុបចំនួន ២ ៧៩ នាក់។
លោកបានបង្ហាញតួលេខថា៖ «ក្នុងចំណោមនោះមានបុគ្គលចំនួន ៣ ៧០១ នាក់ បានទិញសំបុត្រចូលទស្សនាអង្គរដោយមានចំនួន ២ ០៩៨ នាក់ ជ្រើសរើសដំណើររយៈពេល ១ ថ្ងៃ ១ ៥៧២ នាក់ ជ្រើសរើសបណ្ណចូលទស្សនារយៈពេល ៣ ថ្ងៃ និង ៣១ នាក់ ជ្រើសរើសបណ្ណចូលទស្សនារយៈពេល ១ សប្តាហ៍»៕