ភ្នំពេញ: Gardens by the Bay ជាឧទ្យានដ៏ល្បីល្បាញក្នុងប្រទេសសិង្ហបុរី បានក្លាយជាទីតាំងពិព័រណ៍រស់រវើកនៃបេតិកភណ្ឌ និងសាកវប្បកម្មកម្ពុជា ក្រោមប្រធានបទ «ផ្កាអ័រគីដេនៃអង្គរវត្ត»។
ភាពទាក់ទាញបំផុតនៃពិព័រណ៍នេះប្រាង្គប្រាសាទអង្គរវត្តចម្លងកម្ពស់ ៣,៥ ម៉ែត្រ ដែលហ៊ុំព័ទ្ធដោយដើមត្នោត ជាដើមឈើតំណាងជាតិកម្ពុជា និងផ្កាផ្កាកេសរកូល ឬអ័រគីដេចម្រុះពណ៌ជាច្រើន។
ភ្ញៀវទេសចរក៏អាចទស្សនាទិដ្ឋភាពខ្លោងទ្វារចូលប្រាសាទអង្គរធំ ដែលមានទេវតា (ព្រះ) បើកផ្លូវដើរ ខណៈរូបចម្លាក់ចម្លងតំណាងឱ្យស្ថាបត្យកម្ម និងវប្បធម៌ខ្មែរបុរាណ ហ៊ុំព័ទ្ធដោយផ្កាកេសរកូលពណ៌ស និងលម្អងពណ៌ លឿង និងពណ៌ទឹកក្រូច បង្កើតភាពចម្រុះ ខុសពីផ្កាកេសរកូលប្រពៃណីពណ៌ស្វាយ។
ទស្សនីយភាពវប្បធម៌ជួបធម្មជាតិដ៏គួរឱ្យចាប់អារម្មណ៍នេះបានបើកនៅថ្ងៃទី ១៧ ខែឧសភា ដែលជាកិច្ចសហការរវាងស្ថានទូតកម្ពុជាប្រចាំប្រទេស សិង្ហបុរី និង Gardens by the Bay គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ និង ក្រសួងវប្បធម៌ សហគមន៍ និងយុវជនរបស់ប្រទេសសិង្ហបុរី ក៏ដូចជា ក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារនៃប្រទេសសិង្ហបុរី។
យោងតាមហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដកស្រង់សម្ដីលោក សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំសិង្ហបុរី បានថ្លែងថា៖ «ព្រឹត្តិការណ៍ដ៏មានសារ:សំខាន់នេះ រៀបចំក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីប្រទេសកម្ពុជា និងបង្ហាញប្រទេសកម្ពុជាឱ្យភ្ញៀវទេសចរអន្តរជាតិកាន់តែស្គាល់ ក៏ដូចជាជំរុញភាពរឹងមាំនៃទំនាក់ទំនងរវាងប្រទេស កម្ពុជា-សិង្ហបុរី និងទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ»។
លោកបានឱ្យដឹងថា ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា និងសួនកម្សាន្ត Gardens by the Bay របស់សិង្ហបុរី គឺជាកន្លែងពីរក្នុងចំណោមកន្លែងដែលមានអ្នកទស្សនាច្រើនបំផុតនៅអាស៊ីអាគ្នេយ៍ ដោយប្រាសាទអង្គរវត្តជាប់លេខ១ ហើយ Gardens by the Bay ជាប់លេខ ២។
ក្រសួងវប្បធម៌ បានបន្ដថា លោក សុខ ខឿន បានថ្លែងថា ការតាំងពិព័រណ៍នេះនឹងទាក់ទាញភ្ញៀវទេសចរនៅ Gardens by the Bay ហើយក៏នឹងមានភ្ញៀវទេសចរជាច្រើនទៀតនឹងមកទស្សនាប្រាសាទអង្គរវត្តពិតរបស់កម្ពុជា។
ពិព័រណ៍នេះបើកពីថ្ងៃទី ១៧ ឧសភា រហូតដល់ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៤ បង្ហាញពីសួនផ្កាកេសរកូលកម្ពុជាជាង ៥០ ប្រភេទ រួមទាំងផ្កាអ័រគីដេកម្រ និងVandachostylis។
ផ្កា Dendrobium Adastra ស្រដៀងនឹង «ទឹកធ្លាក់ផ្កា» គឺជាចំណុចលេចធ្លោមួយទៀត ដែលបង្ហាញពីជីវចម្រុះដ៏សម្បូរបែបនៃប្រទេសកម្ពុជា។
ផ្កាកេសរកូលដែលដាក់តាំងបង្ហាញនៅ «អ័រគីដេនៃអង្គរវត្ត» រួមមានប្រភេទដែលមានដើមកំណើតក្នុងប្រទេសកម្ពុជា ឬកូនកាត់ដែលអាចតាមដានពូជពង្សពីប្រទេសកម្ពុជា។
យោងតាម Gardens by the Bay’s Media Room បានឱ្យដឹងថា៖ «តាំងពីសម័យអាណាចក្រខ្មែរបុរាណមក ផ្កាអ័រគីដេបានក្លាយជានិមិត្ដរូបរបស់កម្ពុជាតាមសម័យ ក៏ដូចជាទាក់ទាញពិភពខាងក្រៅ»។
ផ្កាកេសរកូលក៏ត្រូវបានទទួលស្គាល់ជានិមិត្តសញ្ញានៃភាពថ្លៃថ្នូរ និងជាសញ្ញាសម្គាល់នៃជំនឿសាសនា ហើយត្រូវបានគេកត់ត្រានៅក្នុងចម្លាក់ពាសពេញទីក្រុងបុរាណអង្គរ។
ថ្វីត្បិតតែមានប្រភេទផ្កាកេសរកូលយ៉ាងសម្បូរបែបក៏ដោយ ក៏គេគិតថា មានតែជាងពាក់កណ្តាលនៃ ៥០០ ប្រភេទនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះដែលត្រូវបានកត់ត្រាទុក។
ការតាំងពិព័រណ៌នេះរួមមានការចម្លងចម្លាក់ថ្មចំនួនប្រាំ ដែលបង្ហាញពីទិដ្ឋភាពពីស្ថាបត្យកម្មខ្មែរសំខាន់ៗ ពីសិប្បករអង្គរ បង្ហាញពីជីវិតប្រចាំថ្ងៃ និងទេវៈរបស់កម្ពុជាក្នុងសម័យអាណាចក្រខ្មែរ។
យោងតាមហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំសិង្ហបុរី បានឱ្យដឹងថា ពិព័រណ៍នេះ មានការដាក់បង្ហាញកូនប្រាសាទអង្គរវត្តចម្លងមួយ រូប និងផ្ទាំងចម្លាក់មួយចំនួនទៀតតំណាងឱ្យស្ថាបត្យកម្ម និងវប្បធម៌ខ្មែរ ព្រមទាំងរូបសត្វព្រៃនៅកម្ពុជា រួមមានដំរីអាស៊ី និងគោព្រៃ ហើយតុបតែងលម្អដោយផ្កាកេសរកូលខ្មែរច្រើនប្រភេទ។
នាយកប្រតិបត្តិក្រុមហ៊ុន Gardens by the Bay លោក Felix Loh បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូជាមួយអគ្គរាជទូតកម្ពុជា។
លោកត្រូវបានស្រង់សម្ដីដោយ Media Room បាននិយាយថា៖ «ប្រាសាទអង្គរវត្តជាកន្លែងទាក់ទាញមួយក្នុងចំណោមតំបន់ទេសចរណ៍ដែលមានអ្នកទស្សនាច្រើនបំផុតនៅអាស៊ី ហើយយើងមានកិត្តិយសដែលបានចាប់ដៃគូជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរីដើម្បីបង្កើតឡើងវិញនូវទីតាំងដ៏អស្ចារ្យនេះនៅ Gardens by the Bay។ ទន្ទឹមនឹងនោះ យើងក៏បានណែនាំភ្ញៀវទេសចរឱ្យស្គាល់មរតកផ្កាកេសរកូលដ៏សម្បូរបែបរបស់កម្ពុជា»។
ក្នុងពិធីបើកសម្ពោធនោះ ក៏មានការសម្ដែងរបាំមុនីមេខឡា និងឧបករណ៍ភ្លេងខ្មែរ «ខ្សែមួយ» ឬឯកតន្ត្រី ទាំងពេលព្រឹកក្នុងពិធីសម្ពោធ និងនៅពេលរសៀលផងដែរ៕