ក្រុងបូកគោ៖ ឧទ្យានជាតិ​ព្រះមុនីវង្ស «បូកគោ» អតីត​រីសត​វិស្សមកាល​រដូវ​ក្ដៅ​របស់​អាណានិគម​និយម​បារាំង និង​ជា​ព្រះរាជ​ដំណាក់​របស់​ព្រះ​មហាក្សត្រ គឺ​ជា​គោលដៅ​ទេសចរណ៍​ពេញនិយម​របស់​ភ្ញៀវ​ទេសចរ​មក​ផ្លាស់​ប្ដូរ​បរិយាកាស​ ៣ រដូវ​ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ។ ​

លោក ពុយ គា ប្រធាន​ក្លឹប​អ្ន​កកាសែត​កម្ពុជា (CCJ) បាន​លើកឡើង​ពី​ចំណុច​ពិសេស​នេះ​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​មក​ពី​ប្រមាណ ៣០ ស្ថាប័ន ដែល​បាន​ចូលរួម​ក្នុងការ «ផ្សព្វផ្សាយ​ទ្រង់ទ្រាយ​ធំ​ពី​សក្ដានុពល នៃ​ការអភិវឌ្ឍ​ក្រុង​បូកគោ» ដែល​រៀបចំ​ឡើង​​រយៈពេល​​ ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២៤។

លោក​បាន​ថ្លែង​ថា៖ «​ធម្មតា​ក្នុង​មួយ​ឆ្នាំ​ មាន​តែ​ពីរ​រដូវ​នោះទេ គឺ​ក្ដៅ និង​ត្រជាក់ ឬរដូវ​ប្រាំង និង​រដូវ​វស្សា​។ ដោយ​ឡែក​នៅ​លើ​ភ្នំ​បូកគោ​នេះ មួយ​ថ្ងៃ​អាច​មាន​ ៣ រដូវ​តែម្ដង​ ដោយ​វា​អាច​ប្រែ​ប្រួល​ពី​ក្ដៅ​ទៅ​ត្រជាក់ និង​ភ្លៀង ឬ​ចុះ​អ័ព្វ​។ នេះ​ជា​លក្ខណៈ​ពិសេស​របស់​ក្រុង​បូកគោ​»។

លោក គា បាន​រៀបចំ​ដំណើរ​កម្សាន្ត​របស់​អ្នក​សារព័ត៌មាន ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​កាន់​ប្រទេស​កម្ពុជា ជាពិសេស​ទៅ​កាន់​ភ្នំ​បូកគោ ក្នុង​រដូវកាល​នេះ ដើម្បី​បង្ហាញ​ពី​អាកាសធាតុ និង​ទេសភាព​ដ៏​ស្រស់ត្រកាល​របស់​វា។

លោក ពុយ គា បាន​និយាយ​ថា គ្រប់​គ្នា​បំពាក់​ម៉ាស៊ីន​ត្រជាក់​នៅក្នុង​ផ្ទះ ហើយ​នៅ​ពេល​ក្ដៅ ពួកគេ​ប្រាកដ​ជា​ចូល​បន្ទប់​។ ប៉ុន្ដែ​នៅពេល​ពួកគេ​ទទួល​បាន​អាកាសធាតុ​ត្រជាក់​នៅ​វាល​លំហ​បែប​នេះ វា​កាន់តែ​អស្ចារ្យ​ ពីព្រោះ​នរណា​ក៏​ចង់​ស្រូប​យក​ខ្យល់​អាកាស​ល្អ​បរិសុទ្ធ​។ 

ភ្ញៀវ​ដែល​ស្នាក់​នៅលើ​ភ្នំ​បូកគោ​នឹង​យល់​ឃើញ​ថា ម៉ាស៊ីនត្រជាក់​គឺ​មិនចាំបាច់​ទេ ព្រោះ​សីតុណ្ហភាព​ពេលយប់​ជាធម្មតា​ធ្លាក់​ចុះក្រោម ២០ អង្សារ​សេ។​

រូបសំណាក​លោក​យាយម៉ៅ​លើ​កំពូល​ភ្នំបូកគោ ដែល​ភ្ញៀវ​ទេសចរ​កម្រ​រំលង​ចូលបុណ្យ​ស្រន់​សុំ​សេចក្តី​សុខសប្បាយ។ រូបថត ហុង រស្មី

ភាព​ត្រជាក់​ធម្មជាតិ​នេះ​ផ្តល់នូវ​បរិយាកាស​សុខ​ស្រួល និង​ស្រស់ស្រាយ ធានា​បាន​នូវ​ផាសុកភាព​​ដោយ​មិនចាំបាច់​ត្រូវការ​ភាព​ត្រជាក់​សិប្បនិម្មិត​ឡើយ​។​

ខ្យល់​ភ្នំ​ត្រជាក់ គួបផ្សំ​នឹង​បរិយាកាស​ដ៏​ស្ងប់ស្ងាត់ បង្កើត​កន្លែង​សម្រាក​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​ស្វែងរក​ការ​គេច​ចេញ​ពី​ភាព​ស្អុះ​ស្អាប់​។​

ស្ថិតនៅ​រយៈ​កម្ពស់​ជាង​១ពាន់​ម៉ែត្រ​លើ​នីវ៉ូ​ទឹក​សមុទ្រ ឧទ្យានជាតិ​ព្រះ​មុនីវង្ស​ «បូកគោ» ផ្ដល់​នូវ​ខ្យល់​អាកាស​ត្រជាក់ ដែល​ជំនួយ​ដល់​សុខភាព​សួត​ និង​កាត់​បន្ថយភាព​ស្មុគស្មាញ​។

ប្រធាន​ក្លិបអ្នកកាសែត​កម្ពុជា​ លោក ពុយ គា បាន​បន្ដថា តំបន់​ទេសចរណ៍​ដែល​មាន​អាកាសធាតុ​​បី​រដូវ​ក្នុង​មួយ​ថ្ងៃ គឺ​នៅ​ភូមិភាគ​ឦសាន​នៃ​​​ទឹកដី​ខេត្តមណ្ឌលគិរី​ ឧទ្យាន​ជាតិ​គីរីរម្យ​ក្នុង​ខេត្តកំ​ពង់ស្ពឺ និង​ទីក្រុង​បូកគោ ​ក្រៅពី​តំបន់​ព្រៃភ្នំ ជា​ទេសចរណ៍​បែប​ផ្សង​ព្រេង។ 

ភ្នំ​បូកគោ ជា​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស ដែល​គេ​ស្គាល់​ជាទូទៅ​ថា​ឧទ្យាន​ជាតិ​បូកគោ តាម​ព្រះរាជក្រឹត្យ​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា​ឆ្នាំ ១៩៩៣​ ស្ថិត​នៅ​លើ​ជួរ​ភ្នំ​ដំរី និង​មាន​ផ្ទៃក្រលា​ចំនួន ១៤០ ០០០ ហិកតា សន្ធឹង​ដល់​ខេត្តកំពង់ស្ពឺ​និង​ខេត្ត​ព្រះសីហនុ​។ 

ថ្មយក្ស​នៅ​លើ​ភ្នំ​បូកគោ​។ រូបថត ហុង រស្មី

ដោយសម្បូរ​​រុក្ខជាតិ​ប្លែកៗ និង​ជា​ដែន​ជម្រក​ធម្មជាតិ​របស់​សត្វព្រៃ ​និង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ ​ឧទ្យាន​ជាតិ​បូកគោ ត្រូវបាន​ចាត់​ចូល​ក្នុង​បញ្ជី​ឧទ្យាន​បេតិកភណ្ឌ​អាស៊ាន​មួយ​ក្នុង ឧទ្យាន​បេតិកភណ្ឌ​អាស៊ាន​ពីរ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​នៅក្នុង​ឆ្នាំ ២០០៤​។​

យោងតាម​លោក ធឿន ប៊ុនថាន ប្រធាន​ផ្នែក​លក់​នៃ​រមណីយដ្ឋាន សុខាឋានសួគ៌​ បាន​ឱ្យដឹងថា​ នៅ​ឆ្នាំ​ ២០០៨ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រគល់​ឧទ្យានជាតិ​នេះ​​ឱ្យ​​ក្រុមហ៊ុន​សុខាអូតែល វិនិយោគ​រយៈពេល ​៩៩​ឆ្នាំ ដើម្បី​អភិវឌ្ឍ​ជា​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​ទាក់ទាញ​សំខាន់​មួយ។ 

ក្រុមហ៊ុន​សុខាអូតែល បានចាប់ផ្តើម​ដំណើរការ​សាងសង់​ពង្រីក​ផ្លូវ​ពី​ជើងភ្នំ​ឡើងទៅ​លើ​កំពូលភ្នំ​ប្រវែង​ ​​៣៣ ​គីឡូម៉ែត្រ «មហា​រុក្ខ​វិថីគីរី​តេជោ» និង​កសាង​សណ្ឋាគារ​នាពេល​ដំណាល​គ្នា​ លើ​កំពូលភ្នំ​ដែល​មាន​សណ្ឋាន​​ជា​ផ្កា​យី​ហុប ព្រមទាំង​សាងសង់​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្គត់ផ្គង់ ទឹក អគ្គិសនី និង​ប្រព័ន្ធ​ផ្លូវ​ខ្វាត់ខ្វែង​ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​។ 

លោក​ ប៊ុនថាន បាន​និយាយ​ថា​៖ «​លើស​ពី​នេះ​ទៀត ក្រុមហ៊ុន សុខាអូតែល ក៏បាន​ដំណើរ​ការជួស​ជុស​ឡើងវិញ ​និង​ថែទាំ​សំណង់​ចាស់ៗ​ដែល​បន្សល់​ពី​សម័យ អាណានិគម​បារាំង និង​សង្គមរាស្ត្រ​និយម មានដូចជា អាគារ​សាលាក្រុង និង​អាគារ​កាស៊ីណូ​ចាស់​ជាដើម​»។​

ភ្ញៀវទេសចរ​ថត​រូប​កម្សាន្ត​នៅ​ក្នុង​សំណង់​អគារ​សម័យ​សង្គម​រាស្ត្រនិយម។ រូបថត ហុង រស្មី

បន្ទាប់​ពី​បញ្ចប់​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ និង​សំណង់​សណ្ឋាគារ រមណីយដ្ឋាន​ឋានសួគ៌​បូកគោ ត្រូវ​បើកសម្ពោធ ជា​ផ្លូវការ​នៅ​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០១២ ក្រោម​អធិបតីភាព​លោក​ ហ៊ុន សែន ដែល​លោក​ជា​នាយក​រដ្ឋមន្ត្រី​នា​ពេល​នោះ។ បច្ចប្បន្ន លោក ហ៊ុន សែន ជា​ប្រធាន​ព្រឹទ្ធសភា។

សព្វថ្ងៃនេះ​បូកគោ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​ រួមមាន ទេសចរណ៍​ធម្មជាតិ ទេសចរណ៍​វប្បធម៌ ទេសចរណ៍​បែប​ជំនឿ​ ទេសចរណ៍​ច្នៃ​ប្រឌិត និង​កសិ-ទេសចរណ៍។

ថ្មមុខ​​យក្ស ឬ​អ្នកថែរក្សា​ព្រៃ​ ទឹកជ្រោះពពកវិល វាលស្រែ ៥០០ តំបន់​ថ្ម​ប្រាសាទ ក្លោងទ្វារ​មេឃ​ ល្អាង​សមាធិ ព្រះ​រាជ​ដំណាក់​ស្លាខ្មៅ ព្រះវិហារ​កាតូលិក និង​ជាពិសេស​រូបសំណាក​ព្រះពុទ្ធ​កម្ពស់ ១០៨ ម៉ែត្រ​​ដែល​បាន​និង​កំពុង​ត្រូវ​បាន​​សាងសង់ ​ស្ថិត​នៅក្នុង​បញ្ជី​ទស្សនា​របស់​ភ្ញៀវ​ទេសចរ៕